ដើមកំណើត ១៨:១-៣៣
១៨ លុះក្រោយមក ព្រះយេហូវ៉ា+បានលេចមកជួបអាប្រាហាំនៅត្រង់កន្លែងមួយដែលមានដើមឈើធំៗ ហៅថាម៉ាមរេ។+ ពេលនោះជាពេលថ្ងៃត្រង់ ហើយអាប្រាហាំកំពុងអង្គុយនៅច្រកចូលត្រសាល។
២ គាត់បានមើលទៅឃើញបុរសបីនាក់ពីចម្ងាយ។+ ភ្លាមនោះ គាត់បានរត់ចេញពីត្រសាលទៅជួបពួកគេ ហើយក្រាបខ្លួនដល់ដី។
៣ បន្ទាប់មក គាត់បាននិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! បើលោកពេញចិត្តនឹងខ្ញុំ សូមលោកមេត្តាឈប់សម្រាកនៅទីនេះបន្តិចសិន។
៤ សូមឲ្យគេយកទឹកមកលាងជើងជូនលោកសិន+ រួចសូមសម្រាកនៅក្រោមដើមឈើនេះ។
៥ ជាកិត្តិយសណាស់ដែលលោកបានមកលេង សូមឲ្យខ្ញុំយកនំប៉័ងមកជូនលោកពិសាដើម្បីឲ្យលោកមានកម្លាំងឡើងវិញ។ រួចសឹមលោកបន្តដំណើរទៅទៀតចុះ»។ ពួកគាត់ក៏ឆ្លើយថា៖ «បាន! សូមទៅធ្វើដូចដែលអ្នកនិយាយចុះ»។
៦ ដូច្នេះ អាប្រាហាំប្រញាប់ប្រញាល់ទៅជួបសារ៉ានៅក្នុងត្រសាល ហើយប្រាប់នាងថា៖ «សូមអូនយកម្សៅបីរង្វាល់* មកធ្វើនំប៉័ងឆាប់ឡើង!»។
៧ បន្ទាប់មក អាប្រាហាំរត់ទៅកន្លែងហ្វូងសត្វ ហើយជ្រើសរើសយកគោស្ទាវល្អមួយ រួចប្រគល់ឲ្យអ្នកបម្រើគាត់រៀបចំជាអាហារយ៉ាងប្រញាប់។
៨ ក្រោយនោះ អាប្រាហាំបានយកអាហារមកជូនភ្ញៀវ មានទាំងខ្លាញ់ទឹកដោះ* សាច់គោ និងទឹកដោះផង។ កាលដែលភ្ញៀវកំពុងពិសា គាត់ឈរក្រោមដើមឈើក្បែរនោះរង់ចាំបម្រើពួកគាត់។+
៩ ពួកគាត់បានសួរថា៖ «តើសារ៉ាប្រពន្ធអ្នកនៅឯណា?»។+ គាត់ឆ្លើយថា៖ «នាងនៅក្នុងត្រសាល»។
១០ បុរសម្នាក់ក្នុងចំណោមពួកគាត់បាននិយាយថា៖ «នៅឆ្នាំក្រោយវេលានេះ ខ្ញុំនឹងត្រឡប់មកវិញ។ ពេលនោះ សារ៉ាប្រពន្ធអ្នកនឹងមានកូនប្រុសមួយ»។+ ខណៈនោះ សារ៉ាកំពុងឈរស្ដាប់នៅមាត់ទ្វារត្រសាល ដែលនៅខាងក្រោយបុរសនោះ។
១១ អាប្រាហាំនិងសារ៉ាមានអាយុច្រើន ហើយក៏កាន់តែចាស់ណាស់ហើយ។+ ឯសារ៉ា នាងក៏ហួសអាយុមានកូនដែរ។+
១២ ឮដូច្នេះ សារ៉ានឹកអស់សំណើចក្នុងចិត្ត ហើយនិយាយថា៖ «ខ្ញុំចាស់ប៉ុណ្ណេះហើយ តើអាចមានឯកសិទ្ធិ*នោះឬ? ឯលោកម្ចាស់ខ្ញុំវិញ គាត់ក៏ចាស់ណាស់ដែរ»។+
១៣ ព្រះយេហូវ៉ាបានសួរអាប្រាហាំថា៖ «ហេតុអ្វីសារ៉ាសើចហើយនិយាយថា៖ ‹ខ្ញុំចាស់ប៉ុណ្ណេះហើយ តើពិតជាអាចមានកូនមែនឬ?›។
១៤ តើមានអ្វីដែលអស្ចារ្យពេក ដែលព្រះយេហូវ៉ាធ្វើមិនបានឬ?+ នៅឆ្នាំក្រោយវេលានេះ ខ្ញុំនឹងត្រឡប់មកវិញ។ សារ៉ានឹងមានកូនប្រុសមួយ»។
១៥ ប៉ុន្តែ សារ៉ាបានប្រកែកថា៖ «ខ្ញុំមិនបានសើចទេ!»។ នាងឆ្លើយដូច្នេះ ព្រោះតែនាងភ័យខ្លាច។ លោកបានមានប្រសាសន៍ថា៖ «អ្នកពិតជាបានសើចមែន!»។
១៦ ក្រោយមក បុរសទាំងបីនាក់នោះបានក្រោកឡើងធ្វើដំណើរ ហើយមើលឆ្ពោះទៅក្រុងសូដុម។+ ពេលនោះ អាប្រាហាំបានជូនដំណើរពួកគាត់។
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «តើខ្ញុំគួរលាក់អាប្រាហាំមិនឲ្យគាត់ដឹងអំពីអ្វីដែលខ្ញុំបម្រុងនឹងធ្វើឬ?+
១៨ ព្រោះអាប្រាហាំនឹងទៅជាប្រជាជាតិដ៏ធំនិងខ្លាំងក្លា ហើយប្រជាជាតិទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈគាត់។+
១៩ ព្រោះខ្ញុំបានជ្រើសរើស*អាប្រាហាំ ដើម្បីគាត់អាចបង្គាប់ក្រុមគ្រួសារនិងកូនចៅរបស់គាត់ជំនាន់ក្រោយ ឲ្យដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើសុចរិតនិងយុត្តិធម៌។+ យ៉ាងនេះ ព្រះយេហូវ៉ានឹងសម្រេចអ្វីៗទាំងអស់ដែលលោកបានសន្យាជាមួយនឹងអាប្រាហាំ»។
២០ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «សម្រែកទាស់នឹងក្រុងសូដុមនិងក្រុងកូម៉ូរ៉ាលាន់ឮជាខ្លាំង+ ហើយអំពើខុសឆ្គងរបស់ពួកគេក៏ធ្ងន់ធ្ងរណាស់ដែរ។+
២១ ខ្ញុំនឹងចុះទៅមើលដើម្បីឲ្យដឹងថារឿងនោះពិតឬមិនពិត»។+
២២ បន្ទាប់មក បុរសទាំងនោះធ្វើដំណើរទៅក្រុងសូដុម តែព្រះយេហូវ៉ា+បន្តនៅជាមួយនឹងអាប្រាហាំ។
២៣ អាប្រាហាំបានចូលទៅជិតព្រះ ហើយសួរលោកថា៖ «តើលោកពិតជានឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សទុច្ចរិតឬ?+
២៤ ឧបមាថា នៅក្នុងក្រុងនោះមានមនុស្សសុចរិត៥០នាក់។ តើលោកនៅតែបំផ្លាញក្រុងនោះ ហើយមិនអនុគ្រោះឲ្យពួកគេដោយយល់ដល់មនុស្សសុចរិត៥០នាក់ទេឬ?
២៥ លោកច្បាស់ជាមិនបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សទុច្ចរិតទេ។ បើលោកបំផ្លាញមែន នោះលទ្ធផលរបស់មនុស្សសុចរិតនិងមនុស្សទុច្ចរិតគឺដូចគ្នា!+ លោកប្រាកដជាមិនធ្វើដូច្នោះឡើយ+ ព្រោះលោកជាចៅក្រមនៃផែនដី ហើយលោកតែងតែប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច»។+
២៦ ព្រះយេហូវ៉ាក៏មានប្រសាសន៍ថា៖ «បើខ្ញុំឃើញមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុង ខ្ញុំនឹងអនុគ្រោះឲ្យ ដោយយល់ដល់អ្នកទាំងនោះ»។
២៧ ប៉ុន្តែ អាប្រាហាំបានបន្ថែមថា៖ «ឱព្រះយេហូវ៉ាអើយ! ខ្ញុំគ្រាន់តែជាធូលីដីនិងផេះប៉ុណ្ណោះ សូមលោកមេត្តាអភ័យទោសឲ្យខ្ញុំផង ដែលខ្ញុំហ៊ានសួរបញ្ជាក់។
២៨ ចុះបើមានមនុស្សសុចរិតតែ៤៥នាក់វិញ តើលោកនឹងបំផ្លាញទីក្រុងទាំងមូលដោយសារខ្វះ៥នាក់ឬ?»។ ព្រះបានឆ្លើយថា៖ «បើខ្ញុំឃើញមានមនុស្សសុចរិត៤៥នាក់នៅក្នុងក្រុងនោះ ខ្ញុំនឹងមិនបំផ្លាញទេ»។+
២៩ អាប្រាហាំបានសួរថែមទៀតថា៖ «ចុះបើឃើញមាន៤០នាក់?»។ ព្រះបានឆ្លើយថា៖ «ខ្ញុំនឹងមិនបំផ្លាញទេ ដោយយល់ដល់៤០នាក់នោះ»។
៣០ ប៉ុន្តែ គាត់និយាយទៀតថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាកុំខឹងនឹងខ្ញុំ+ ហើយសូមលោកអនុញ្ញាតឲ្យខ្ញុំសួរតទៅទៀត។ ចុះបើក្នុងក្រុងមាន៣០នាក់?»។ ព្រះបានតបឆ្លើយថា៖ «បើខ្ញុំឃើញមានមនុស្សសុចរិត៣០នាក់នៅក្នុងក្រុង ខ្ញុំនឹងមិនបំផ្លាញទេ»។
៣១ អាប្រាហាំបានសួរបន្ថែមថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាអភ័យទោសឲ្យខ្ញុំផង ដែលខ្ញុំហ៊ានសួរបញ្ជាក់តទៅទៀត។ ចុះបើមាន២០នាក់?»។ ព្រះបានឆ្លើយតបថា៖ «ខ្ញុំនឹងមិនបំផ្លាញទេ ដោយយល់ដល់២០នាក់នោះ»។
៣២ នៅទីបំផុត គាត់បាននិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាកុំខឹងនឹងខ្ញុំ ហើយសូមលោកអនុញ្ញាតឲ្យខ្ញុំសួរតែម្ដងនេះទៀត។ ចុះបើមានតែ១០នាក់ប៉ុណ្ណោះ?»។ ព្រះឆ្លើយថា៖ «ខ្ញុំនឹងមិនបំផ្លាញទេ ដោយយល់ដល់១០នាក់នោះ»។
៣៣ លុះព្រះយេហូវ៉ាបានមានប្រសាសន៍ជាមួយនឹងអាប្រាហាំរួចរាល់ហើយ លោកក៏ចាកចេញទៅ។+ ឯអាប្រាហាំ គាត់បានត្រឡប់ទៅត្រសាលគាត់វិញ។
កំណត់សម្គាល់
^ ន័យត្រង់«សៀ»។ មួយសៀស្មើនឹង៧,៣៣លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«បឺរ»
^ ឬ«អំណរ»
^ ន័យត្រង់«ស្គាល់»