សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ២:១-១៧

  • បុរស​ប្រឆាំង​ច្បាប់ (​១​-​១២)

  • ការ​ដាស់​តឿន​ឲ្យ​កាន់​ជំហរ​មាំ​មួន (​១៣​-​១៧)

 ប៉ុន្តែ បង​ប្អូន បើ​និយាយ​អំពី​វត្តមាន​នៃ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង+ និង​អំពី​ការ​ប្រមូល​យើង​មក​ឯ​លោក+ យើង​សុំ​អ្នក​រាល់​គ្នា ២  កុំ​ឲ្យ​ការ​វែក​ញែក​របស់​អ្នក​រាល់​គ្នា​ងាយ​រង្គោះ​រង្គើ ហើយ​កុំ​ឆាប់​ជ្រួល​ច្របល់​ក្នុង​ចិត្ត ដោយ​សារ​មាន​ការ​អះអាង​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា*+ជិត​មក​ដល់​ហើយ ទោះ​ជា​ការ​អះអាង​នោះ​មក​តាម​រយៈ​ទំនាយ*+ ពាក្យ​សម្ដី ឬ​សំបុត្រ​ណា​មួយ​ដែល​ហាក់​ដូច​ជា​មក​ពី​យើង​ក៏​ដោយ។ ៣  កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ឲ្យ​សោះ* ព្រោះ​ទាល់​តែ​មាន​ការ​ក្បត់​ជំនឿ+ និង​បុរស​ប្រឆាំង​ច្បាប់+ដែល​ជា​កូន​នៃ​សេចក្ដី​ហិន​វិនាស​លេច​មក​ជា​មុន​សិន ទើប​ថ្ងៃ​នោះ​មក​ដល់។+ ៤  អ្នក​នោះ​ជា​អ្នក​ប្រឆាំង ហើយ​គាត់​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អស់​អ្នក​ណា​ដែល​គេ​ហៅ​ថា​ព្រះ ឬ​ខ្ពស់​ជាង​អ្វី​ដែល​មនុស្ស​គោរព​បូជា។ ម្ល៉ោះ​ហើយ អ្នក​នោះ​អង្គុយ​ក្នុង​វិហារ​របស់​ព្រះ ដោយ​បង្ហាញ​ជា​សាធារណៈ​ថា​ខ្លួន​ជា​ព្រះ​មួយ​រូប។ ៥  អ្នក​រាល់​គ្នា​ចាំ​ទេ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ តើ​ខ្ញុំ​មិន​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ទេ​ឬ? ៦  ឥឡូវ អ្នក​រាល់​គ្នា​ដឹង​អំពី​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​បុរស​ប្រឆាំង​ច្បាប់ ដើម្បី​ឲ្យ​អ្នក​នោះ​ត្រូវ​លេច​មក​នៅ​ពេល​កំណត់​របស់​ខ្លួន។ ៧  ពិត​មែន​តែ​អាថ៌​កំបាំង​អំពី​ការ​ប្រឆាំង​ច្បាប់​នេះ​កំពុង​មាន​សកម្មភាព+ តែ​វា​នៅ​តែ​ជា​អាថ៌​កំបាំង រហូត​ដល់​លែង​មាន​អ្នក​ឃាត់​ឃាំង​ទៀត។ ៨  បន្ទាប់​មក អ្នក​ប្រឆាំង​ច្បាប់​នោះ​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ គឺ​អ្នក​ដែល​លោក​ម្ចាស់​យេស៊ូ​នឹង​បំបាត់​ចោល​ដោយ​ឫទ្ធានុភាព​ដែល​ចេញ​ពី​មាត់​លោក+ ហើយ​ធ្វើ​ឲ្យ​សាប​សូន្យ​ពេល​ដែល​លោក​មាន​វត្តមាន។+ ៩  ប៉ុន្តែ អ្នក​ប្រឆាំង​ច្បាប់​នោះ​លេច​មក​តាម​រយៈ​អំណាច​របស់​សាថាន*+ ដោយ​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន ធ្វើ​សញ្ញា​សម្គាល់​ក្លែង​ក្លាយ និង​ការ​អស្ចារ្យ​ផ្សេង​ៗ​+ ១០  ព្រម​ទាំង​ប្រើ​ការ​មិន​សុចរិត​គ្រប់​បែប​យ៉ាង+ ដើម្បី​បោក​បញ្ឆោត​ពួក​អ្នក​ដែល​កំពុង​វិនាស ទុក​ជា​ការ​សង​សឹក ពី​ព្រោះ​ពួក​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ដែល​នាំ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ ១១  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​ឥទ្ធិពល​ដែល​បោក​បញ្ឆោត​មក​បំភាន់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ជឿ​ការ​ភូត​ភរ។+ ១២  យ៉ាង​នេះ ពួក​គេ​ទាំង​អស់​នឹង​ទទួល​ការ​វិនិច្ឆ័យ​ទោស ព្រោះ​ពួក​គេ​មិន​បាន​ជឿ​សេចក្ដី​ពិត​ទេ តែ​បែរ​ជា​ពេញ​ចិត្ត​អ្វី​ដែល​មិន​សុចរិត​ទៅ​វិញ។ ១៣  ប៉ុន្តែ បង​ប្អូន​ដែល​ព្រះ​យេហូវ៉ា*ស្រឡាញ់​អើយ យើង​មាន​ភារកិច្ច​អរគុណ​ព្រះ​ដើម្បី​អ្នក​រាល់​គ្នា​ជា​និច្ច ពី​ព្រោះ​តាំង​ពី​ដំបូង​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា+ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ដោយ​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ+តាម​រយៈ​ឫទ្ធានុភាព​របស់​លោក និង​ដោយ​សារ​ជំនឿ​ដែល​អ្នក​រាល់​គ្នា​មាន​លើ​សេចក្ដី​ពិត។ ១៤  លោក​បាន​ហៅ​អ្នក​រាល់​គ្នា​ក្នុង​បំណង​នេះ តាម​រយៈ​ដំណឹង​ល្អ​ដែល​យើង​ប្រកាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សិរី​រុង​រឿង​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ១៥  ដូច្នេះ បង​ប្អូន​អើយ ចូរ​កាន់​ជំហរ​មាំ​មួន+ ហើយ​កាន់​ខ្ជាប់​តាម​ទំនៀម​ទម្លាប់​ដែលអ្នក​រាល់​គ្នា​បាន​រៀន+ ទោះ​ជា​តាម​រយៈ​ពាក្យ​សម្ដី ឬ​សំបុត្រ​របស់​យើង​ក៏​ដោយ។ ១៦  ម្យ៉ាង​ទៀត ព្រះ​ដែល​ជា​បិតា​របស់​យើង លោក​ស្រឡាញ់​យើង+ ហើយ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ​ជា​រៀង​រហូត​និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។+ យើង​អធិដ្ឋាន​សូម​ឲ្យ​ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ១៧  សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​តែង​តែ​មាន​ពាក្យ​សម្ដី​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ​ជា​និច្ច។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​បណ្ដាំ​»​
ឬ​«​កុំ​ឲ្យ​អ្នក​ណា​ល្បួង​លួង​លោម​អ្នក​រាល់​គ្នា​ឲ្យ​សោះ​»​
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥