ប្រវត្តិហេតុទី២ ១៥:១-១៩

  • ការ​រៀបចំ​ឡើង​វិញ​របស់​អេសា (​១​-​១៩)

១៥  នៅ​ថ្ងៃ​មួយ ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​អាសារៀ​ជា​កូន​អូដេត ២  ឲ្យ​ទៅ​ជួប​អេសា ហើយ​និយាយ​ថា​៖ ​«​ឱ​អេសា ពួក​យូដា និង​ពួក​បេនយ៉ាមីន​អើយ! សូម​ស្ដាប់​ខ្ញុំ​ចុះ។ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដរាប​ណា​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​លោក។+ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​លោក នោះ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​លោក​ឃើញ។+ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​លោក នោះ​លោក​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។+ ៣  អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ពិត គ្មាន​ច្បាប់​របស់​លោក និង​គ្មាន​ពួក​សង្ឃ​សម្រាប់​បង្ហាត់​បង្រៀន​បណ្ដា​ជន​ទេ។+ ៤  ប៉ុន្តែ ពេល​ពួក​គេ​ជួប​ទុក្ខ​លំបាក ពួក​គេ​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ ពួក​គេ​បាន​ស្វែង​រក​លោក ហើយ​លោក​បាន​ឲ្យ​ពួក​គេ​រក​លោក​ឃើញ។+ ៥  នៅ​គ្រា​នោះ គ្មាន​អ្នក​ណា​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទេ ព្រោះ​មាន​ភាព​ចលាចល​ពេញ​ក្នុង​ស្រុក។ ៦  បណ្ដា​ជន*មួយ​បំផ្លាញ​បណ្ដា​ជន​មួយ ហើយ​ក្រុង​មួយ​បំផ្លាញ​ក្រុង​មួយ​ទៀត។ ព្រះ​បាន​បណ្ដាល​ឲ្យ​ពួក​គេ​ជួប​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មាន​ភាព​ចលាចល​បែប​នោះ។+ ៧  ប៉ុន្តែ ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​រឹង​មាំ​ឡើង ហើយ​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ចំពោះ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​មិន​ខាន​»។ ៨  ក្រោយ​ពី​អេសា​បាន​ស្ដាប់​ពាក្យ​ទាំង​នេះ​និង​ទំនាយ​របស់​អូដេត​ភ្លាម គាត់​ក៏​មាន​ចិត្ត​ក្លាហាន ហើយ​ចាត់​វិធានការ​បំផ្លាញ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​អស់ ចេញ​ពី​ទឹក​ដី​យូដា+និង​ពី​ទឹក​ដី​បេនយ៉ាមីន ព្រម​ទាំង​ពី​ក្រុង​នា​នា​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​ដែល​គាត់​បាន​ដណ្ដើម​យក​ផង។ បន្ថែម​ទៅ​ទៀត គាត់​បាន​ជួស​ជុល​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ គឺ​ទី​បូជា​ដែល​ស្ថិត​នៅ​ខាង​មុខ​សាល​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៩  អេសា​បាន​កោះ​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា ក្នុង​នោះ​មាន​ពួក​យូដា ពួក​បេនយ៉ាមីន និង​ជន​ជាតិ​ដទៃ​ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​ជន​ជាតិ​ដទៃ​ទាំង​នេះ​ធ្វើ​ដំណើរ​មក​ពី​ទឹក​ដី​អេប្រាអ៊ីម ទឹក​ដី​ម៉ាណាសេ និង​ទឹក​ដី​ស៊ីម្មាន។+ ពួក​គេ​ជា​ច្រើន​នាក់​បាន​មក​ចុះ​ចូល​នឹង​អេសា ព្រោះ​ពួក​គេ​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។ ១០  ដូច្នេះ ពួក​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម នា​ខែ​ទី​៣ ក្នុង​ឆ្នាំ​ទី​១៥​នៃ​រាជ្យ​អេសា។ ១១  នៅ​ពេល​នោះ ពួក​គេ​បាន​យក​គោ​៧០០​ក្បាល​និង​ចៀម​៧.០០០​ក្បាល ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ សត្វ​ទាំង​នោះ​ពួក​គេ​ចាប់​យក​បាន​ពេល​ឈ្នះ​ចម្បាំង។ ១២  ពួក​គេ​ក៏​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដោយ​សន្យា​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ យ៉ាង​អស់​ពី​កម្លាំង​កាយ*ចិត្ត។+ ១៣  បើ​អ្នក​ណា​ម្នាក់​មិន​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន ទោះ​ជា​អ្នក​តូច​ឬ​អ្នក​ធំ ជា​ប្រុស​ឬ​ស្រី​ក្ដី។+ ១៤  ដូច្នេះ ពួក​គេ​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ដោយ​បន្លឺ​សំឡេង ដោយ​អរ​សប្បាយ ជា​មួយ​នឹង​សំឡេង​ផ្លុំ​ត្រែ​និង​ផ្លុំ​ស្នែង។ ១៥  ពួក​យូដា​ទាំង​អស់​ពេញ​ចិត្ត​ស្បថ​យ៉ាង​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​បាន​ខំ​ព្យាយាម​ស្វែង​រក​ព្រះ​យេហូវ៉ា។ ម្ល៉ោះ​ហើយ លោក​បាន​ឲ្យ​ពួក​គេ​រក​លោក​ឃើញ។+ លោក​បន្ត​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។+ ១៦  ស្ដេច​អេសា​ក៏​បាន​ដក​ម៉ាអាកា+ជា​ជីដូន​របស់​គាត់ ចេញ​ពី​តំណែង​ជា​មាតា​ស្ដេច ដោយ​សារ​នាង​បាន​ធ្វើ​រូប​មួយ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម សម្រាប់​គោរព​បូជា​នៅ​ចំពោះ​បង្គោល​ឈើ។*+ អេសា​បាន​កាប់​បំផ្លាញ​រូប​នោះ ហើយ​កិន​កម្ទេច រួច​ដុត​នៅ​ជ្រលង​គីដ្រុន។+ ១៧  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ទី​ខ្ពស់​ពិសិដ្ឋ+ពី​ស្រុក​អ៊ីស្រាអែល​ទេ។+ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេសា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អស់​មួយ​ជីវិត។+ ១៨  បន្ថែម​ទៅ​ទៀត គាត់​បាន​យក​មាស​ប្រាក់ និង​ប្រដាប់​ប្រដា​ផ្សេង​ៗ ទៅ​ទុក​ក្នុង​វិហារ​របស់​ព្រះ​ពិត គឺ​ប្រដាប់​ប្រដា​ដែល​គាត់​និង​ឪពុក​របស់​គាត់​បាន​ញែក​ជា​បរិសុទ្ធ​សម្រាប់​ជូន​ព្រះ។+ ១៩  នៅ​គ្រា​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ រហូត​ដល់​ឆ្នាំ​ទី​៣៥​នៃ​រាជ្យ​អេសា។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ប្រជា​ជាតិ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​