ប្រវត្តិហេតុទី២ ៣២:១-៣៣
៣២ ក្រោយពីស្ដេចហេសេគាបានសម្រេចកិច្ចការទាំងនេះយ៉ាងស្មោះត្រង់+ សានហេរីបជាស្ដេចស្រុកអាស៊ីរីបានចូលមកឈ្លានពានស្រុកយូដា។ គាត់បានឡោមព័ទ្ធបណ្ដាក្រុងដ៏រឹងមាំ ក្នុងបំណងទម្លាយកំពែងក្រុងដើម្បីដណ្ដើមយកក្រុងទាំងនោះ។+
២ ពេលដែលហេសេគាឃើញថាសានហេរីបបានមក ដោយមានបំណងច្បាំងនឹងក្រុងយេរូសាឡិមដូច្នេះ
៣ គាត់ក៏បានប្រឹក្សាជាមួយនឹងពួកអ្នកគ្រប់គ្រងនិងទាហានពូកែអង់អាចរបស់គាត់។ ក្នុងការប្រឹក្សានោះ ហេសេគាសម្រេចចិត្តបិទប្រភពទឹកដែលនៅខាងក្រៅក្រុង+ ហើយពួកអ្នកទាំងនោះបានគាំទ្រគាត់។
៤ ក្រោយមក បណ្ដាជនជាច្រើនបានប្រមូលគ្នាមកដើម្បីបិទប្រភពទឹកទាំងអស់ដែលហូរកាត់ស្រុក។ ពួកគេនិយាយថា៖ «យើងមិនឲ្យពួកស្ដេចស្រុកអាស៊ីរីមានទឹកប្រើទេ»។
៥ បន្ថែមទៅទៀត គាត់បានតាំងចិត្តសង់កំពែងដែលបាក់បែកឡើងវិញ ហើយសង់ប៉មពីលើកំពែងនោះ ថែមទាំងសង់កំពែងខាងក្រៅមួយជាន់ទៀត។ គាត់ក៏បានឲ្យគេជួសជុលមិឡូ*+នៅក្រុងដាវីឌឡើងវិញដែរ ហើយគាត់ឲ្យគេធ្វើខែលនិងលំពែងជាច្រើនថែមទៀត។
៦ គាត់បានតែងតាំងពួកមេទាហានខ្លះឲ្យត្រួតលើបណ្ដាជន ហើយឲ្យពួកគេមកជួបជុំគ្នានៅទីលានសាធារណៈនៅក្បែរទ្វារក្រុង។ ស្ដេចបានលើកទឹកចិត្តពួកគេថា៖
៧ «ចូរមានចិត្តក្លាហានហើយរឹងមាំឡើង។ ចូរកុំភ័យតក់ស្លុតឬខ្លាចស្ដេចស្រុកអាស៊ីរី+និងកងទ័ពដ៏ច្រើនរបស់គាត់ឡើយ ព្រោះខាងយើងមានគ្នាច្រើនជាងខាងគាត់ទៅទៀត។+
៨ នៅខាងគាត់មានតែកម្លាំងមនុស្សប៉ុណ្ណោះ តែនៅខាងយើងមានព្រះយេហូវ៉ាជាព្រះរបស់យើង លោកនឹងជួយច្បាំងជំនួសយើង»។+ ក្រោយពីបណ្ដាជនឮពាក្យលើកទឹកចិត្តរបស់ហេសេគាជាស្ដេចស្រុកយូដា ពួកគេក៏មានចិត្តក្លាហានឡើង។+
៩ នៅពេលនោះ សានហេរីបជាស្ដេចស្រុកអាស៊ីរីនិងទាហានដ៏ខ្លាំងពូកែទាំងអស់របស់គាត់កំពុងនៅក្រុងឡាគីស។+ ដំណាលគ្នានោះ គាត់ក៏បានចាត់ពួកអ្នកបម្រើរបស់គាត់ ឲ្យទៅជួបហេសេគាជាស្ដេចស្រុកយូដានិងបណ្ដាជនយូដាទាំងអស់នៅក្នុងក្រុងយេរូសាឡិម។+ ពួកគេបាននាំពាក្យគាត់ថា៖
១០ «សានហេរីបជាស្ដេចស្រុកអាស៊ីរីបានមានប្រសាសន៍ថា៖ ‹តើអ្នករាល់គ្នាអាងលើអ្វី បានជាចង់បន្តនៅក្នុងក្រុងយេរូសាឡិមទៀត កាលដែលមានការឡោមព័ទ្ធ?+
១១ ហេសេគាបាននិយាយថា៖ «ព្រះយេហូវ៉ាជាព្រះរបស់យើងច្បាស់ជាជួយសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរី»។ ចូរកុំជឿពាក្យបញ្ឆោតនេះឲ្យសោះ ព្រោះគាត់នឹងនាំឲ្យអ្នករាល់គ្នាស្លាប់ដោយការអត់ឃ្លានជាមិនខាន។+
១២ គឺហេសេគានោះហើយ ដែលបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋ+និងទីបូជានានា+នៃព្រះរបស់អ្នករាល់គ្នា មែនទេ? គឺគាត់នោះហើយដែលបាននិយាយទៅកាន់បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមថា៖ «អ្នករាល់គ្នាគួរក្រាបគោរពនៅចំពោះទីបូជាតែមួយប៉ុណ្ណោះ ហើយអ្នករាល់គ្នាគួរដុតគ្រឿងបូជា*នៅលើទីនេះវិញ» មែនទេ?+
១៣ តើអ្នករាល់គ្នាមិនបានដឹងថាខ្ញុំនិងបុព្វបុរសរបស់ខ្ញុំ បានធ្វើយ៉ាងណាចំពោះបណ្ដាជននៅក្នុងស្រុកទាំងប៉ុន្មានទេឬ?+ តើបណ្ដាព្រះនៃប្រជាជាតិទាំងនោះអាចជួយសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ខ្ញុំបានឬ?+
១៤ ក្នុងចំណោមបណ្ដាព្រះនៃប្រជាជាតិទាំងនោះ តើមានព្រះមួយណាដែលអាចសង្គ្រោះប្រជាជាតិរបស់ពួកគេកុំឲ្យបុព្វបុរសរបស់ខ្ញុំបំផ្លាញចោលបានទៅ? បើដូច្នេះ តើព្រះរបស់អ្នករាល់គ្នាអាចសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃខ្ញុំម្ដេចនឹងបាន?+
១៥ ម្ល៉ោះហើយ ចូរកុំឲ្យហេសេគាបញ្ឆោតអ្នករាល់គ្នាឲ្យសោះ!+ ចូរកុំជឿគាត់ជាដាច់ខាត បើព្រះនៃប្រជាជាតិនានា មិនអាចសង្គ្រោះរាស្ត្រគេពីកណ្ដាប់ដៃរបស់ខ្ញុំនិងបុព្វបុរសខ្ញុំបានទៅហើយ ចុះទម្រាំតែព្រះរបស់អ្នករាល់គ្នា តើអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំម្ដេចនឹងបានទៅ?›»។+
១៦ ពួកអ្នកបម្រើរបស់សានហេរីបថែមទាំងនិយាយប្រមាថមើលងាយព្រះយេហូវ៉ាជាព្រះពិត និងចំអកឲ្យហេសេគាជាអ្នកបម្រើរបស់លោកទៀតផង។
១៧ បន្ថែមទៀត សានហេរីបបានសរសេរសំបុត្រ+ប្រមាថមើលងាយព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល+ថា៖ «បើបណ្ដាព្រះនៃប្រជាជាតិនានាមិនអាចជួយសង្គ្រោះប្រជារាស្ត្រពួកគេពីកណ្ដាប់ដៃខ្ញុំបានផង+ នោះព្រះរបស់ហេសេគាច្បាស់ជាមិនអាចសង្គ្រោះរាស្ត្ររបស់ខ្លួនពីកណ្ដាប់ដៃខ្ញុំបានឡើយ»។
១៨ ពួកអ្នកបម្រើសានហេរីប បានស្រែកប្រកាសយ៉ាងខ្លាំងៗជាភាសាយូដា ទៅកាន់បណ្ដាជននៅក្រុងយេរូសាឡិមដែលកំពុងឈរនៅលើកំពែង ដើម្បីបំភ័យពួកគេឲ្យស្រយុតចិត្ត ក្នុងបំណងដណ្ដើមយកក្រុងនោះ។+
១៩ ពួកគេបាននិយាយប្រមាថមើលងាយព្រះនៃក្រុងយេរូសាឡិម ដូចពួកគេប្រមាថដល់បណ្ដាព្រះនៃប្រជាជាតិនានា ដែលសុទ្ធតែជាស្នាដៃរបស់មនុស្ស។
២០ ក្រោយពីឮដូច្នោះ ស្ដេចហេសេគានិងអេសាយ+ជាកូនអាម៉ុសជាអ្នកប្រកាសទំនាយ បានអធិដ្ឋានឥតឈប់អំពីរឿងនេះ ហើយស្រែកសុំជំនួយពីព្រះនៃស្ថានសួគ៌។+
២១ បន្ទាប់មក ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យទៅប្រហារពួកទាហានខ្លាំងពូកែ+របស់ស្ដេចស្រុកអាស៊ីរីទាំងអស់ ទាំងមេទ័ព ទាំងមេកង។ ការនេះនាំឲ្យស្ដេចនោះត្រឡប់ទៅស្រុករបស់ខ្លួនវិញដោយអាម៉ាស់មុខ។ ក្រោយមក មានថ្ងៃមួយគាត់បានចូលទៅវិហារនៃព្រះរបស់គាត់ ពេលនោះកូនប្រុសខ្លះរបស់គាត់បានសម្លាប់គាត់ចោលទៅ។+
២២ យ៉ាងនេះ ព្រះយេហូវ៉ាបានជួយសង្គ្រោះហេសេគានិងអ្នកក្រុងយេរូសាឡិមពីកណ្ដាប់ដៃសានហេរីបជាស្ដេចស្រុកអាស៊ីរីនិងពីសត្រូវឯទៀត។ ជាលទ្ធផល ពួកគេមានសេចក្ដីសុខសាន្តត្រាណនៅគ្រប់ទិសទី។
២៣ មនុស្សជាច្រើនបាននាំយកអំណោយមកជូនព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។ ពួកគេក៏បានយករបស់របរមានតម្លៃមកជូនហេសេគាជាស្ដេចស្រុកយូដាដែរ។+ ចាប់តាំងពីពេលនោះមក ហេសេគាបានទទួលការគោរពរាប់អានពីប្រជាជាតិនានា។
២៤ លុះក្រោយមក ហេសេគាបានធ្លាក់ខ្លួនឈឺ ហៀបនឹងស្លាប់។ ពេលនោះ គាត់បានអធិដ្ឋានអង្វរព្រះយេហូវ៉ា+ ហើយលោកក៏ធ្វើតាមសេចក្ដីអធិដ្ឋានរបស់គាត់ ដោយផ្ដល់សញ្ញាសម្គាល់មួយ។+
២៥ ប៉ុន្តែ ហេសេគាមិនបានដឹងគុណព្រះដែលបានប្រព្រឹត្តល្អនឹងគាត់ទេ ព្រោះគាត់ចាប់ផ្ដើមមានអំណួត។ ហេតុនេះ ព្រះខឹងនឹងគាត់ ព្រមទាំងពួកយូដានិងអ្នកក្រុងយេរូសាឡិមផងដែរ។
២៦ ក៏ប៉ុន្តែ ហេសេគានិងអ្នកក្រុងយេរូសាឡិមបានបន្ទាបខ្លួន។+ ដូច្នេះ ព្រះយេហូវ៉ាមិនបានដាក់ទោសពួកគេនៅគ្រាដែលហេសេគាគ្រប់គ្រងទេ។+
២៧ ហេសេគាមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងទ្រព្យសម្បត្តិជាច្រើន។+ ដូច្នេះ គាត់បានធ្វើឃ្លាំងផ្សេងៗ+ដើម្បីដាក់មាសប្រាក់ ត្បូងមានតម្លៃ ប្រេងក្រអូប* ខែល និងរបស់របរមានតម្លៃឯទៀត។
២៨ គាត់បានធ្វើឃ្លាំងសម្រាប់ដាក់ស្រូវ ប្រេង និងស្រាថ្មី។ គាត់ក៏បានធ្វើក្រោលសម្រាប់ដាក់ហ្វូងសត្វផ្សេងៗ និងក្រោលសម្រាប់ដាក់ហ្វូងចៀមដែរ។
២៩ គាត់បានសង់ក្រុងផ្សេងៗ ហើយគាត់មានហ្វូងសត្វ ហ្វូងចៀម ហ្វូងគោយ៉ាងច្រើនសន្ធឹក ព្រោះព្រះបានឲ្យគាត់មានទ្រព្យសម្បត្តិច្រើនក្រៃលែង។
៣០ ហេសេគាបានទប់ប្រភពទឹក+គីហុន+ប៉ែកខាងលើ រួចបង្វែរផ្លូវទឹកឲ្យហូរចុះទៅក្រុងដាវីឌ+ប៉ែកខាងលិច។ កិច្ចការណាដែលហេសេគាធ្វើ សុទ្ធតែបានសម្រេចទាំងអស់។
៣១ នៅគ្រាមួយ ពួកអ្នកគ្រប់គ្រងនៅស្រុកបាប៊ីឡូនបានចាត់ពួកអ្នកនាំសារឲ្យទៅជួបហេសេគា ដើម្បីសួរអំពីសញ្ញាសម្គាល់+ដែលបានកើតឡើងនៅក្នុងស្រុកគាត់។+ ពេលនោះ ព្រះពិតបានទុកឲ្យគាត់សម្រេចចិត្តដោយខ្លួនឯង ដើម្បីល្បងលមើលចិត្តរបស់គាត់។+
៣២ រីឯកិច្ចការទាំងប៉ុន្មានដែលហេសេគាបានធ្វើ និងការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់គាត់+ បានត្រូវអេសាយ+ជាអ្នកប្រកាសទំនាយដែលជាកូនអាម៉ុស កត់ទុកក្នុងកំណត់ត្រាស្ដីអំពីអ្វីដែលគាត់បានឃើញក្នុងគំនិត។ កំណត់ត្រានោះមាននៅក្នុងសៀវភៅនៃបណ្ដាស្ដេចស្រុកយូដានិងស្រុកអ៊ីស្រាអែល។+
៣៣ ក្រោយមក ហេសេគាបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់ នៅជម្រាលភ្នំឡើងទៅទីបញ្ចុះសពរបស់កូនចៅដាវីឌ។+ បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមបានធ្វើពិធីបុណ្យសពដោយលើកកិត្តិយសគាត់។ រួចមក ម៉ាណាសេជាកូន ក៏បានគ្រប់គ្រងបន្ទាប់ពីគាត់។
កំណត់សម្គាល់
^ ប្រហែលជាមានន័យថា«បន្ទាយ»
^ ឬ«ដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង»
^ ឬ«ប្រេងបាលសាម»