សុភាសិត ១០:១-៣២
១០ សុភាសិតរបស់សាឡូម៉ូន។+
កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកត្រេកអរ+តែកូនដែលល្ងង់ខ្លៅ*ធ្វើឲ្យម្ដាយគ្រាំចិត្ត។
២ ទ្រព្យដែលបានមកដោយអំពើទុច្ចរិត នោះនឹងគ្មានប្រយោជន៍ទាល់តែសោះតែអំពើសុចរិតនឹងសង្គ្រោះឲ្យរួចពីស្លាប់។+
៣ ព្រះយេហូវ៉ានឹងមិនឲ្យមនុស្សសុចរិតត្រូវអត់ឃ្លានទេ។+
រីឯមនុស្សទុច្ចរិតវិញ លោកនឹងមិនឲ្យពួកគេទទួលបានអ្វីតាមដែលចិត្តពួកគេប៉ងប្រាថ្នាឡើយ។
៤ មនុស្សខ្ជិលនឹងធ្លាក់ខ្លួនក្រ+តែមនុស្សឧស្សាហ៍នឹងនាំឲ្យខ្លួនទៅជាអ្នកមាន។+
៥ កូនដែលយល់ធ្លុះជ្រៅតែងប្រមូលផលទុកនៅរដូវក្ដៅចំណែកឯកូនដែលដេកលក់ស៊ប់ក្នុងអំឡុងរដូវច្រូតប្រមូលផល កូននោះធ្វើឲ្យខ្លួនឯងអាម៉ាស់។+
៦ មនុស្សសុចរិតរមែងទទួលពរ+ប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតលាក់បាំងចិត្តដែលចង់ធ្វើអំពើឃោរឃៅ។
៧ កេរ្តិ៍ឈ្មោះរបស់មនុស្សសុចរិតនឹងធ្វើឲ្យគាត់ទទួលពរ+តែកេរ្តិ៍ឈ្មោះរបស់មនុស្សទុច្ចរិតនឹងត្រូវសាបសូន្យទៅ។+
៨ អ្នកដែលមានប្រាជ្ញានឹងទទួលយកពាក្យទូន្មាន*+តែអ្នកដែលនិយាយផ្ដេសផ្ដាសនឹងត្រូវវិនាសអន្តរាយ។+
៩ មនុស្សដែលមានចិត្តស្មោះឥតងាករេនឹងដើរដោយសុវត្ថិភាព+រីឯមនុស្សដែលមិនស្មោះត្រង់នឹងត្រូវគេចាប់បាន។+
១០ អ្នកដែលមិចភ្នែកលាក់កំណួចនាំឲ្យអ្នកឯទៀតរងទុក្ខ+ហើយអ្នកដែលនិយាយផ្ដេសផ្ដាសនឹងត្រូវវិនាសអន្តរាយ។+
១១ សម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត+ប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតលាក់បាំងបំណងចិត្តប្រព្រឹត្តអំពើឃោរឃៅវិញ។+
១២ ការស្អប់ជាហេតុបង្កឲ្យមានទំនាស់តែសេចក្ដីស្រឡាញ់គ្របបាំងអំពើរំលងទាំងអស់។+
១៣ មនុស្សដែលមានសមត្ថភាពវែកញែក ពោលពាក្យប្រកបដោយប្រាជ្ញា+ចំណែកឯមនុស្សឥតចេះគិតពិចារណា គេនឹងត្រូវរំពាត់វាយខ្នង។+
១៤ អស់អ្នកដែលមានប្រាជ្ញាប្រមូលចំណេះទុកដូចជាទ្រព្យ+តែមាត់របស់មនុស្សល្ងីល្ងើនាំឲ្យខ្លួនត្រូវអន្តរាយ។+
១៥ ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់ខ្លួនរីឯអន្តរាយរបស់មនុស្សក្រីក្រជាភាពតោកយ៉ាករបស់ខ្លួន។+
១៦ ការប្រព្រឹត្តរបស់មនុស្សសុចរិតនាំឲ្យបានជីវិតតែទង្វើរបស់មនុស្សទុច្ចរិតនាំឲ្យមានអំពើខុសឆ្គង។+
១៧ អ្នកណាដែលធ្វើតាមការប្រៀនប្រដៅ អ្នកនោះជាផ្លូវទៅកាន់ជីវិត។*
ប៉ុន្តែ អ្នកណាដែលព្រងើយកន្តើយចំពោះការកែតម្រង់ អ្នកនោះនឹងនាំអ្នកឯទៀតឲ្យវង្វេងចេញ។
១៨ អ្នកដែលលាក់ការស្អប់ទុកក្នុងចិត្ត ជាមនុស្សកុហក+ហើយអ្នកដែលចេះតែនិយាយបង្កាច់បង្ខូច* ជាមនុស្សល្ងីល្ងើ។
១៩ អ្នកណាដែលនិយាយច្រើន គង់តែមានកំហុសជាមិនខាន។+
តែអ្នកណាដែលចេះទប់មាត់ អ្នកនោះជាមនុស្សដែលប្រព្រឹត្តដោយចេះពិចារណា។+
២០ អណ្ដាតរបស់មនុស្សសុចរិតប្រៀបដូចជាប្រាក់សុទ្ធ+រីឯការគិតគូរ*របស់មនុស្សទុច្ចរិតវិញ ឥតបានការទាល់តែសោះ។
២១ បបូរមាត់របស់មនុស្សសុចរិតជួយណែនាំមនុស្សជាច្រើន។+
តែមនុស្សល្ងង់ខ្លៅ*ស្លាប់ ព្រោះតែខ្វះការពិចារណា។+
២២ ពរពីព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ+ហើយមិននាំឲ្យឈឺចាប់ឡើយ។
២៣ មនុស្សល្ងីល្ងើចូលចិត្តប្រព្រឹត្តអំពើដែលគួរឲ្យខ្មាស ទុកដូចជាល្បែងកម្សាន្ត។
ប៉ុន្តែ មនុស្សដែលមានសមត្ថភាពវែកញែក ជាមនុស្សដែលមានប្រាជ្ញា។+
២៤ មនុស្សទុច្ចរិតខ្លាចអ្វី គង់តែជួបអ្វីនោះជាមិនខាន។
ផ្ទុយទៅវិញ មនុស្សសុចរិតនឹងទទួលបានអ្វីតាមដែលចិត្តគាត់ប៉ងប្រាថ្នា។+
២៥ ក្រោយព្យុះបក់បោក មនុស្សទុច្ចរិតនឹងលែងមានទៀត+តែមនុស្សសុចរិតប្រៀបដូចជាគ្រឹះដែលនៅជាប់ជារៀងរហូត។+
២៦ ដូចទឹកខ្មេះធ្វើឲ្យធ្មេញសង្កៀរ និងដូចផ្សែងធ្វើឲ្យភ្នែកផ្សានោះមនុស្សកម្ជិលក៏ធ្វើឲ្យចៅហ្វាយ*ក្ដៅក្រហាយយ៉ាងនោះដែរ។
២៧ ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យមានអាយុវែង+ប៉ុន្តែ មនុស្សទុច្ចរិតនឹងមានអាយុខ្លីវិញ។+
២៨ សេចក្ដីសង្ឃឹម*របស់មនុស្សសុចរិតនាំឲ្យមានអំណរ+តែសេចក្ដីសង្ឃឹមរបស់មនុស្សទុច្ចរិតនឹងមិនកើតឡើងឡើយ។+
២៩ ផ្លូវរបស់ព្រះយេហូវ៉ាជាទីពឹងជ្រកដ៏មាំមួនសម្រាប់មនុស្សដែលគ្មានកន្លែងបន្ទោស+តែជាសេចក្ដីហិនវិនាសដល់អស់អ្នកដែលធ្វើអាក្រក់។+
៣០ មនុស្សសុចរិតគ្មានថ្ងៃដួលចុះឡើយ។+
ប៉ុន្តែ មនុស្សទុច្ចរិតនឹងលែងបានរស់នៅផែនដីតទៅទៀត។+
៣១ មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញារីឯអណ្ដាតរបស់មនុស្សវៀចវេរនឹងត្រូវកាត់ចោល។
៣២ បបូរមាត់របស់មនុស្សសុចរិតដឹងថាគួរនិយាយសម្ដីបែបណាប៉ុន្តែ មាត់របស់មនុស្សទុច្ចរិតពោលតែពាក្យអាក្រក់។
កំណត់សម្គាល់
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ន័យត្រង់«បញ្ញត្តិ»
^ ឬប្រហែលជាមានន័យថា«អ្នកនោះដើរនៅលើផ្លូវទៅកាន់ជីវិត»
^ ឬ«និយាយពាក្យចចាមអារ៉ាម»
^ ន័យត្រង់«ចិត្ត»
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ឬ«អ្នកដែលចាត់គាត់ឲ្យទៅ»
^ ឬ«ការរំពឹងទុក»