សុភាសិត ១៦:១-៣៣
១៦ មនុស្សគិតគូរនៅក្នុងចិត្តតែព្រះយេហូវ៉ាជួយគាត់ឲ្យចេះតបឆ្លើយយ៉ាងត្រឹមត្រូវ។+
២ មនុស្សស្មានថាអស់ទាំងផ្លូវរបស់ខ្លួនសុទ្ធតែត្រឹមត្រូវ*+ប៉ុន្តែ ព្រះយេហូវ៉ាពិនិត្យមើលបំណងចិត្តរបស់គេវិញ។+
៣ ទោះជាអ្នកធ្វើអ្វីក៏ដោយ ចូរទុកចិត្តព្រះយេហូវ៉ា+នោះគម្រោងការរបស់អ្នកនឹងបានជោគជ័យ។
៤ ព្រះយេហូវ៉ាធ្វើឲ្យអ្វីៗទាំងអស់ស្របទៅតាមគោលបំណងរបស់លោកសូម្បីតែមនុស្សទុច្ចរិត ក៏លោកធ្វើឲ្យពួកគេសាបសូន្យទៅនៅថ្ងៃនៃសេចក្ដីហិនវិនាសដែរ។+
៥ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សដែលមានអំណួត*+លោកនឹងដាក់ទោសពួកគេជាមិនខាន។
៦ កំហុសនឹងត្រូវអភ័យទោសឲ្យ ដោយសារសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់+ហើយការកោតខ្លាចព្រះយេហូវ៉ានាំមនុស្សឲ្យវៀរចាកអំពើអាក្រក់។+
៧ ពេលដែលអ្នកណាម្នាក់តែងតែធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្តសូម្បីតែសត្រូវរបស់អ្នកនោះ ក៏លោកបណ្ដាលឲ្យមានសន្តិភាពជាមួយនឹងអ្នកនោះដែរ។+
៨ បើមានទ្រព្យតិច តែសុចរិត+នោះប្រសើរជាងមានទ្រព្យច្រើន* តែគ្មានយុត្តិធម៌។+
៩ មនុស្សប្រហែលជាគិតយ៉ាងហ្មត់ចត់អំពីផ្លូវដែលខ្លួនត្រូវដើរតែព្រះយេហូវ៉ាជាអ្នកដែលជួយណែនាំជំហានរបស់គេ។+
១០ ស្ដេចគួរសម្រេចក្ដីតាមការដឹកនាំរបស់ព្រះ+ស្ដេចមិនត្រូវវិនិច្ឆ័យក្ដីដោយអយុត្តិធម៌ឡើយ។+
១១ ជញ្ជីងនិងប្រដាប់ថ្លឹងត្រឹមត្រូវមកពីព្រះយេហូវ៉ាកូនជញ្ជីងទាំងអស់ដែលនៅក្នុងថង់ សុទ្ធតែមកពីលោក។+
១២ ស្ដេចនានាស្អប់ការប្រព្រឹត្តទុច្ចរិត+ព្រោះបល្ល័ង្ករបស់ពួកគេនៅគង់វង្សបានដោយសារសេចក្ដីសុចរិត។+
១៣ ពួកស្ដេចពេញចិត្តសម្ដីសុចរិតពួកគេស្រឡាញ់អ្នកដែលនិយាយស្មោះត្រង់។+
១៤ កំហឹងរបស់ស្ដេចប្រៀបដូចជាទូតដែលនាំសេចក្ដីស្លាប់មក+តែមនុស្សមានប្រាជ្ញាធ្វើឲ្យកំហឹងរបស់ស្ដេចរសាយទៅ។*+
១៥ បើស្ដេចពេញចិត្តអ្នកណា អ្នកនោះនឹងមានសេចក្ដីសុខហើយការពេញចិត្តពីស្ដេច ប្រៀបដូចជាភ្លៀងនៅរដូវស្លឹកឈើលាស់។+
១៦ ការរកបានប្រាជ្ញា នោះប្រសើរជាងការរកបានមាសទៅទៀត!+
ការរកបានការយល់ដឹង ក៏ប្រសើរជាងការរកបានប្រាក់ដែរ។+
១៧ ផ្លូវរបស់មនុស្សទៀងត្រង់នៅឆ្ងាយពីអំពើអាក្រក់។
អ្នកណារក្សាផ្លូវរបស់ខ្លួន អ្នកនោះការពារជីវិត។*+
១៨ អំណួតនាំឲ្យវិនាសហើយភាពក្រអឺតក្រទមនាំឲ្យដួលចុះ។+
១៩ ការមានចិត្តរាបទាបជាមួយនឹងមនុស្សដែលមានចិត្តសុភាព+នោះប្រសើរជាងការចែកជ័យភណ្ឌជាមួយនឹងមនុស្សក្រអឺតក្រអោង។
២០ អ្នកណាដែលបង្ហាញការយល់ធ្លុះជ្រៅក្នុងរឿងណាមួយ អ្នកនោះនឹងទទួលបានជោគជ័យ។*
អ្នកដែលទុកចិត្តព្រះយេហូវ៉ា មានសុភមង្គលហើយ!
២១ មនុស្សមានប្រាជ្ញានឹងត្រូវគេហៅថាមនុស្សមានការយល់ដឹង+ហើយមនុស្សរមែងចូលចិត្តស្ដាប់តាមអ្នកដែលមានសម្ដីផ្អែម។*+
២២ អ្នកដែលមានការយល់ធ្លុះជ្រៅនឹងបានជីវិត*តែមនុស្សល្ងង់ខ្លៅ*នឹងត្រូវប្រៀនប្រដៅដោយភាពចម្កួតរបស់ខ្លួន។
២៣ មនុស្សដែលមានប្រាជ្ញាចេះជ្រើសរើសពាក្យសម្ដី+ហើយធ្វើឲ្យអ្នកឯទៀតជឿជាក់លើសម្ដីរបស់ខ្លួន។
២៤ សម្ដីពីរោះប្រៀបដូចជាទឹកឃ្មុំកំពុងស្រក់ចុះហើយមានរសជាតិផ្អែម ថែមទាំងជួយរាងកាយឲ្យមាំមួន។*+
២៥ មានផ្លូវមួយដែលមនុស្សមើលទៅហាក់ដូចជាផ្លូវត្រឹមត្រូវតែនៅទីបំផុត ផ្លូវនោះនាំទៅដល់សេចក្ដីស្លាប់។+
២៦ និយោជិតខំប្រឹងធ្វើការដោយសារការស្រេកឃ្លានព្រោះការអត់ឃ្លានជំរុញគាត់ឲ្យធ្វើការតទៅទៀត។+
២៧ មនុស្សឥតបានការគាស់កកាយរឿងអាក្រក់+សម្ដីរបស់គាត់ប្រៀបដូចជាភ្លើងឆេះកម្លោច។+
២៨ មេបង្កបញ្ហាតែងបណ្ដាលឲ្យមានទំនាស់+រីឯអ្នកបង្កាច់បង្ខូចរមែងធ្វើឲ្យមិត្តសម្លាញ់បាក់បែកគ្នា។+
២៩ មនុស្សឃោរឃៅល្បួងអ្នកជិតខាងហើយនាំគាត់ឲ្យដើរផ្លូវខុស។
៣០ គាត់មិចភ្នែក កាលដែលរៀបឧបាយកល។
គាត់ញញឹមលាក់កំណួច* ខណៈពេលដែលគាត់ព្យាយាមសម្រេចគម្រោងការអាក្រក់របស់គាត់។
៣១ សក់ស្កូវជាមកុដដ៏សែនស្អាត*+ពេលនៅលើក្បាលរបស់អ្នកដែលដើរតាមផ្លូវសុចរិត។+
៣២ មនុស្សដែលមិនរហ័សខឹង+ នោះប្រសើរជាងមនុស្សខ្លាំងពូកែចំណែកឯអ្នកដែលចេះទប់អារម្មណ៍ នោះប្រសើរជាងអ្នកដែលវាយយកបានក្រុងទាំងមូលទៅទៀត។+
៣៣ មនុស្សចាប់ឆ្នោត*នៅក្នុងថ្នក់អាវ+តែព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តចំពោះអ្វីៗទាំងអស់។+
កំណត់សម្គាល់
^ ន័យត្រង់«បរិសុទ្ធ»
^ ន័យត្រង់«មានចិត្តអួត»
^ ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
^ ឬ«រកបានប្រាក់ច្រើន»
^ ឬ«មនុស្សមានប្រាជ្ញាជៀសវាងពីកំហឹងរបស់ស្ដេច»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ន័យត្រង់«ទទួលបានផលល្អ»
^ ឬ«សម្ដីដែលទាក់ទាញចិត្ត»
^ ន័យត្រង់«ការយល់ធ្លុះជ្រៅជាអណ្ដូងនៃជីវិតដល់អស់អ្នកដែលមានការនោះ»
^ ក្នុងគម្ពីរពាក្យ«ល្ងង់ខ្លៅ»សំដៅលើអ្នកដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះដោយចេតនា
^ ន័យត្រង់«ជួយព្យាបាលឆ្អឹង»
^ ន័យត្រង់«គាត់ខាំបបូរមាត់»
^ ឬ«ដ៏រុងរឿង»
^ មើលនិយមន័យពាក្យ«ឆ្នោត»