ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ១:១-២៣

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • ពរ​ពី​ព្រះ (​៣​-​៧)

  • ការ​ប្រមូល​អ្វី​ៗ​ទាំង​អស់​នៅ​ក្នុង​គ្រិស្ត (​៨​-​១៤)

    • «​របៀប​ចាត់​ចែង​មួយ​»​នៅ​គ្រា​កំណត់ (​១០)

    • បោះ​ត្រា​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ជា​«​ការ​បញ្ចាំ​ចិត្ត​»​ (​១៣, ១៤)

  • ប៉ូល​អរគុណ​ព្រះ​ដែល​គ្រិស្ត​សាសនិក​នៅ​អេភេសូរ​មាន​ជំនឿ និង​អធិដ្ឋាន​ឲ្យ​ពួក​គេ (​១៥​-​២៣)

 ពី​ខ្ញុំ ប៉ូល សាវ័ក*របស់​គ្រិស្ត​យេស៊ូ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ជូន​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ​យ៉ាង​ស្មោះ​ត្រង់​នៅ​ក្រុង​អេភេសូរ​៖+ ២  សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៣  សូម​សរសើរ​ព្រះ ជា​បិតា​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង ព្រោះ​ព្រះ​បាន​ឲ្យ​ពរ​សព្វ​បែប​យ៉ាង​មក​យើង​នៅ​ស្ថាន​សួគ៌​តាម​រយៈ​ឫទ្ធានុភាពរបស់​លោក ដោយ​សារ​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត+ ៤  ដូច​លោក​បាន​ជ្រើស​រើស​យើង​មុន​កំណើត​ពិភព​លោក​ឲ្យ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត ដើម្បី​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក ហើយ​ឲ្យ​យើង​បរិសុទ្ធ និង​ឥត​ស្នាម​ប្រឡាក់+នៅ​ចំពោះ​មុខ​លោក។ ៥  ព្រោះ​លោក​បាន​ជ្រើស​រើស​យើង​ទុក​ជា​មុន+ ដើម្បី​ឲ្យ​យើង​ទៅ​ជា​កូន​របស់​លោក+តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត តាម​ដែល​លោក​ពេញ​ចិត្ត និង​តាមបំណង​ប្រាថ្នា​របស់​លោក+ ៦  ដើម្បី​ឲ្យ​លោក​ទទួល​សេចក្ដី​សរសើរ​ដោយសារ​ភាព​រុង​រឿង​នៃ​គុណ​ដ៏​វិសេស​លើស​លប់+ដែល​លោក​មាន​ចំពោះ​យើង តាម​រយៈ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។+ ៧  បុត្រ​លោក​បាន​រំដោះ​យើង​ដោយ​បង់​ថ្លៃ​លោះ​តាម​រយៈ​ឈាម​របស់​ខ្លួន+ ពោល​គឺ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង+ ដោយសារ​ភាព​បរិបូរ​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ ៨  ព្រះ​បាន​ធ្វើ​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​មាន​ជា​បរិបូរ​លើ​យើង ព្រម​ទាំង​ឲ្យ​យើង​មាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​គ្រប់​យ៉ាង ៩  ដោយ​ធ្វើ​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+អំពី​បំណង​ប្រាថ្នា​របស់​លោក។ អាថ៌​កំបាំង​នោះ​គឺ​អំពី​អ្វី​ដែល​លោក​ពេញ​ចិត្ត​ធ្វើ តាម​ការ​តាំង​ចិត្ត​របស់​លោក ១០  ដើម្បី​រៀបចំ​របៀប​ចាត់​ចែង​មួយ​នៅ​ពេល​ដែល​គ្រា​កំណត់​បាន​មក​ដល់​ទី​បញ្ចប់ ពោល​គឺ​ដើម្បី​បង្រួប​បង្រួម​អ្វី​ៗ​ទាំង​អស់​ក្នុង​គ្រិស្ត គឺ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​និង​អ្វី​ៗ​នៅ​ផែនដី។+ គឺ​ក្នុង​គ្រិស្តហើយ ដែល​អ្វី​ៗ​ទាំង​អស់​នឹង​ត្រូវ​បង្រួប​បង្រួម។ ១១  យើង​បាន​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​មត៌ក​រួម​គ្នា​ជា​មួយ​នឹង​លោក+ ដោយ​សារ​យើង​បាន​ត្រូវ​ជ្រើស​រើស​ទុក​ជា​មុន​ស្រប​តាម​គោល​បំណង​របស់​ព្រះ​ដែល​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ប្រាថ្នា​របស់​លោក ១២  ដើម្បី​ឲ្យ​យើង​ដែល​បាន​សង្ឃឹម​លើ​គ្រិស្ត​មុន​គេ ធ្វើ​ឲ្យ​សិរី​រុង​រឿង​របស់​ព្រះ​បាន​ទទួល​ការ​សរសើរ​តម្កើង។ ១៣  ប៉ុន្តែ អ្នក​រាល់​គ្នា​ក៏​បាន​សង្ឃឹម​លើ​លោក​ដែរ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ឮ​បណ្ដាំ​អំពី​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា។ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ ព្រះ​បាន​បិទ​ត្រា​មួយ​លើ​អ្នក​រាល់​គ្នា+តាម​រយៈ​គ្រិស្ត ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ព្រះ​បាន​សន្យា​ឲ្យ។ ១៤  ការ​បោះ​ត្រា​នោះ​ជា​ការ​បញ្ចាំ​ចិត្ត*ដែល​បញ្ជាក់​ថា​យើង​នឹង​ទទួល​មត៌ក។+ ព្រះ​ធ្វើ​ដូច្នេះ​ដើម្បី​រំដោះ​រាស្ដ្រ​របស់​លោក​ដោយ​ថ្លៃ​លោះ+ ដើម្បី​ឲ្យ​សិរី​រុង​រឿង​របស់​លោក​បាន​ត្រូវ​សរសើរ​តម្កើង។ ១៥  ហេតុ​នេះ តាំង​ពី​ខ្ញុំ​បាន​ឮ​ថា​អ្នក​រាល់​គ្នា​មាន​ជំនឿ​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​ថា​អ្នក​រាល់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់ ១៦  ខ្ញុំ​ក៏​ថ្លែង​អំណរ​គុណ​ឥត​ឈប់​ដោយ​សារ​អ្នក​រាល់​គ្នា។ ខ្ញុំ​នៅ​តែ​អធិដ្ឋាន​អំពី​អ្នក​រាល់គ្នា​ជា​និច្ច ១៧  ដើម្បី​ឲ្យ​ព្រះ​ជា​បិតា​ដែល​ប្រកប​ទៅ​ដោយ​សិរី​រុង​រឿង គឺ​ព្រះ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ឲ្យ​អ្នក​រាល់​គ្នា​យល់​អ្វី​ៗ​តាម​ដែល​លោក​បើក​បង្ហាញ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក។+ ១៨  លោក​បើក​ចិត្ត​អ្នក​រាល់​គ្នា​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មើល​ឃើញ ហើយ​ស្គាល់​សេចក្ដី​សង្ឃឹម​ដែល​លោក​បាន​ឲ្យ​អ្នក​រាល់​គ្នា និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រព្យ​វិសេស​ក្រៃ​លែង​ដែល​លោក​បាន​សន្យា​ឲ្យ​ដល់​ពួកអ្នក​បរិសុទ្ធ+ ១៩  ហើយ​ឲ្យ​ស្គាល់​ឫទ្ធានុភាព​ខ្លាំង​មហិមា​ដែល​លោក​បាន​បង្ហាញ​ចំពោះ​យើង​ដែល​ជា​អ្នក​ជឿ។+ នោះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​របៀប​ដែល​លោក​ប្រើ​ឫទ្ធានុភាព​ខ្លាំង​ក្លា​របស់​លោក ២០  ក្នុង​ករណី​របស់​គ្រិស្ត ពេល​ដែល​លោក​ប្រោស​គ្រិស្ត​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​លោក+នៅ​ស្ថាន​សួគ៌ ២១  គឺ​លើក​តម្កើង​គ្រិស្ត​ឲ្យ​ខ្ពង់​ខ្ពស់​ជាង​គ្រប់​រដ្ឋាភិបាល អំណាច ឫទ្ធានុភាព ការ​គ្រប់​គ្រង និង​នាម​ទាំង​អស់+ មិន​គ្រាន់​តែ​នៅ​បច្ចុប្បន្ន​នេះ*ប៉ុណ្ណោះ​ទេ តែ​នៅ​អនាគត​ដែរ។ ២២  ព្រះ​ក៏​បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​ក្រោម​បាត​ជើង​របស់​គ្រិស្ត+ ហើយ​បាន​តែង​តាំង​លោក​ជា​ប្រមុខ​នៃ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ក្រុម​ជំនុំ+ ២៣  ដែល​ជា​រូប​កាយ​របស់​លោក+ និង​ដែល​ពេញ​ទៅ​ដោយ​អ្វី​ៗ​អំពី​លោក។ គ្រិស្ត​ជា​អ្នក​ដែល​បំពេញ​អ្វី​ៗ​ទាំង​អស់។

កំណត់សម្គាល់

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​
ឬ​«​ការ​ធានា​»​
ឬ​«​របៀប​របប​ពិភព​លោក​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​