ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ២:១-២២

  • ព្រះ​ធ្វើ​ឲ្យ​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ត (​១​-​១០)

  • ជញ្ជាំង​ខណ្ឌ​បាន​ត្រូវ​បំផ្លាញ (​១១​-​២២)

 ម្យ៉ាង​ទៀត ព្រះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់ ដោយ​សារ​កំហុស​និង​ការ​ខុស​ឆ្គង*របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ២  អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​តាម​មនុស្ស​ឯ​ទៀត​ក្នុង​របៀប​របប​ពិភព​លោក​នេះ+ និង​តាម​អ្នក​គ្រប់​គ្រង​លើ​អំណាច​នៃ​ខ្យល់​អាកាស+ដែល​ជា​ចិត្ត​គំនិត+ ដែល​មាន​ឥទ្ធិពល​លើ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់។ ៣  យើង​ទាំង​អស់​គ្នា​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ប៉ងប្រាថ្នានៃ​រូប​កាយ+ ដោយ​ធ្វើ​អ្វី​ៗ​តាម​បំណង​ប្រាថ្នា​របស់​រូប​កាយ និង​តាម​គំនិត​របស់​យើង+ ហើយ​ពី​កំណើត យើង​ក៏​ជា​អ្នក​ដែល​គួរ​នឹង​រង​កំហឹង​របស់​ព្រះ+ ដូច​អ្នក​ឯ​ទៀត​ដែរ។ ៤  ប៉ុន្តែ ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ+ ហើយ​ដោយ​សារ​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង+ ៥  លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​នឹង​គ្រិស្ត ទោះ​ជា​យើង​បាន​ស្លាប់​ដោយ​សារ​កំហុស​របស់​យើង​ក៏​ដោយ+ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ ៦  មួយ​វិញ​ទៀត លោក​បាន​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ជា​មួយ​គ្នា ក៏​បាន​ឲ្យ​យើង​អង្គុយ​ជា​មួយ​គ្នា​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត+ ៧  ដើម្បី​នៅ​ថ្ងៃ​ខាង​មុខ* លោក​អាច​បង្ហាញ​យើង​ឲ្យ​ឃើញ​នូវ​ភាព​បរិបូរ​ក្រៃ​លែង​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​ដែល​លោក​បង្ហាញ​ចំពោះ​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ ៨  ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​នេះ អ្នក​រាល់​គ្នា​បាន​ត្រូវ​សង្គ្រោះ​តាម​រយៈ​ជំនឿ+ ហើយ​នេះ​មិន​មែន​ដោយ​សារ​ការ​ព្យាយាម​របស់​អ្នក​រាល់​គ្នា​ទេ តែ​ជា​អំណោយ​ពី​ព្រះ។ ៩  នោះ​មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​អ្នក​ណា​ទេ+ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​មាន​ហេតុ​អួតអាង។ ១០  ព្រោះ​យើង​ជា​ស្នា​ដៃ​របស់​ព្រះ ហើយ​យើង​បាន​ត្រូវ​បង្កើត​មក+ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ+ ដើម្បី​ប្រព្រឹត្ត​ការ​ល្អ​ដែល​ព្រះ​បាន​រៀបចំ​ទុក​ជា​មុន​ឲ្យ​យើង​ធ្វើ។ ១១  ដូច្នេះ ចូរ​ចាំ​មិន​ភ្លេច​ថា អ្នក​រាល់​គ្នា​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ដទៃ តែ​ពួក​អ្នក​ដែល​បាន​ទទួល​ការ​កាត់​ចុង​ស្បែក*ពី​មនុស្ស បាន​ហៅ​អ្នក​រាល់​គ្នា​ថា​«​ពួក​អ្នក​មិន​កាត់​ចុង​ស្បែក​»។ ១២  នៅ​ពេល​នោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គ្រិស្ត​ទេ ក៏​នៅ​ដាច់​ពី​រដ្ឋ​អ៊ីស្រាអែល ហើយ​មិន​មែន​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ទាក់​ទង​នឹង​សេចក្ដី​សន្យា​ឡើយ។+ អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​នៅ​ក្នុង​ពិភព​លោក​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​និង​ដោយ​មិន​ស្គាល់​ព្រះ​ដែរ។+ ១៣  ប៉ុន្តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ អ្នក​រាល់​គ្នា​ដែល​ធ្លាប់​នៅ​ឆ្ងាយ​បាន​ចូល​មក​ជិត​ព្រះ ដោយ​សារ​ឈាម​របស់​គ្រិស្ត។ ១៤  ព្រោះ​លោក​បាន​នាំ​ឲ្យ​យើង​មាន​សន្តិភាព+ គឺ​លោក​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ទៅ​ជា​ក្រុម​តែ​មួយ​វិញ+ ហើយ​លោក​បាន​បំផ្លាញ​ជញ្ជាំង​ដែល​ជា​ខណ្ឌ​រវាង​ក្រុម​ទាំង​ពីរ ដែល​ធ្វើ​ឲ្យ​ពួក​គេ​នៅ​ដាច់​ពី​គ្នា។+ ១៥  តាម​រយៈ​រូប​កាយ​របស់​លោក នោះ​លោក​បាន​បំបាត់​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ជា​សត្រូវ ពោល​គឺ​ច្បាប់​ដែល​ជា​បញ្ញត្ដិ​និង​ក្រឹត្យ​ផ្សេង​ៗ ដើម្បី​ឲ្យ​លោក​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ ដែល​ជា​អ្នក​កាន់​តាម​លោក ទៅ​ជា​ក្រុម​ថ្មី​តែ​មួយ*+ ហើយ​ធ្វើ​ឲ្យ​មាន​សន្តិភាព ១៦  និង​ដើម្បី​ឲ្យ​លោក​ផ្សះ​ផ្សា​ក្រុម​ទាំង​ពីរ​ជា​មួយ​នឹង​ព្រះ តាម​រយៈ​បង្គោល​ទារុណកម្ម*+ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ ពី​ព្រោះ​លោក​បាន​រម្ងាប់​ការ​ស្អប់​គ្នា+ តាម​រយៈ​លោក​ផ្ទាល់។ ១៧  លោក​បាន​មក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​សន្តិភាព​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​និង​នៅ​ជិត ១៨  ពី​ព្រោះ​តាម​រយៈ​លោក នោះ​ពួក​យើង​ដែល​ជា​ក្រុម​ទាំង​ពីរ មាន​ផ្លូវ​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌ តាម​រយៈ​ឫទ្ធានុភាព​តែ​មួយ។ ១៩  ដូច្នេះ អ្នក​រាល់​គ្នា​លែង​ជា​ជន​ចម្លែក​និង​ជា​អ្នក​ស្នាក់​នៅ​ទៀត​ហើយ+ តែ​ជា​ជន​រួម​ជាតិ+របស់​ពួក​អ្នក​បរិសុទ្ធ និង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ+ ២០  ហើយ​អ្នក​រាល់​គ្នា​បាន​ត្រូវ​សាង​សង់​លើ​គ្រឹះ​នៃ​ពួក​សាវ័ក​និង​ពួក​អ្នក​ប្រកាស​ទំនាយ+ ឯ​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​គឺ​គ្រិស្ត​យេស៊ូ​ផ្ទាល់។+ ២១  ការ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត កំពុង​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ក្លាយ​ទៅ​ជា​វិហារ​បរិសុទ្ធ​សម្រាប់​ព្រះ​យេហូវ៉ា*+ ដោយ​មាន​ផ្នែក​នី​មួយ​ៗ​ជាប់​គ្នា​យ៉ាង​មាំ។+ ២២  ដូច​គ្នា​ដែរ ពេល​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត អ្នក​រាល់​គ្នា​កំពុង​ត្រូវ​សាង​សង់​ជា​មួយ​គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​លំនៅ​សម្រាប់​ឲ្យ​ព្រះ​អាស្រ័យ​នៅ ដោយ​ឫទ្ធានុភាព​របស់​លោក។+

កំណត់សម្គាល់

សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ឬ​«​របៀប​របប​ពិភព​លោក​ខាង​មុខ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​
ន័យ​ត្រង់​«​មនុស្ស​ម្នាក់​ថ្មី​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥