អេសាយ ៥:១-៣០
៥ ខ្ញុំសូមច្រៀងជូនអ្នកជាទីស្រឡាញ់របស់ខ្ញុំគឺចម្រៀងមួយអំពីអ្នកជាទីស្រឡាញ់របស់ខ្ញុំនិងអំពីចម្ការទំពាំងបាយជូររបស់គាត់។+
អ្នកជាទីស្រឡាញ់របស់ខ្ញុំមានចម្ការទំពាំងបាយជូរមួយនៅជើងភ្នំដែលមានជីជាតិ។
២ គាត់កាប់គាស់ដី ហើយប្រមូលយកថ្មចេញ។
រួចគាត់ដាំដើមទំពាំងបាយជូរល្អពូជក្រហមហើយសង់ប៉មនៅកណ្ដាលចម្ការទំពាំងបាយជូរថែមទាំងធ្វើកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រាទៀតផង។+
គាត់សង្ឃឹមថានឹងបានផ្លែល្អតែចម្ការនោះបែរជាបង្កើតសុទ្ធតែផ្លែទំពាំងបាយជូរព្រៃវិញ។+
៣ «ឥឡូវនេះ ឱអ្នកក្រុងយេរូសាឡិមនិងអ្នកស្រុកយូដាអើយ!
សូមជួយវិនិច្ឆ័យរវាងខ្ញុំនិងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។+
៤ ខ្ញុំបានខំអស់ពីសមត្ថភាពហើយ តើខ្ញុំគួរធ្វើអ្វីទៀតទៅ?+
ខ្ញុំសង្ឃឹមថាចម្ការនេះនឹងបង្កើតផ្លែល្អតែហេតុអ្វីវាបែរជាបង្កើតផ្លែទំពាំងបាយជូរព្រៃទៅវិញ?
៥ ខ្ញុំសូមប្រាប់អំពីអ្វីដែលខ្ញុំនឹងធ្វើ ចំពោះចម្ការទំពាំងបាយជូររបស់ខ្ញុំគឺខ្ញុំនឹងកាប់របង*ចម្ការចេញ ហើយដុតបំផ្លាញចោល។+
ខ្ញុំនឹងរំលំរបងថ្មចម្ការនេះ ហើយឲ្យគេចូលជាន់ឈ្លី។
៦ ខ្ញុំនឹងធ្វើឲ្យចម្ការនេះដូចជាចម្ការដែលគេបោះបង់ចោល+គ្មាននរណាលួសឬជ្រួយដីទៀតឡើយ។
ចម្ការនេះនឹងដុះសុទ្ធតែគុម្ពបន្លានិងស្មៅចង្រៃ+ហើយខ្ញុំនឹងបង្គាប់ពពកកុំឲ្យធ្លាក់ភ្លៀងទៅលើចម្ការនេះទៀត។+
៧ ព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌គឺជាពូជពង្សអ៊ីស្រាអែល។+
អ្នកស្រុកយូដាធ្លាប់ជាដំណាំដែលលោកពេញចិត្ត។
លោកសង្ឃឹមថាមានយុត្តិធម៌+ តែមើល! មានសុទ្ធតែអយុត្តិធម៌លោកសង្ឃឹមថាមានសេចក្ដីសុចរិតតែមើល! មានសុទ្ធតែសម្រែកនៃការឈឺចាប់វិញ»។+
៨ វេទនាហើយ! អស់អ្នកដែលយកផ្ទះមួយហើយមួយទៀត+និងអស់អ្នកដែលយកដីស្រែមួយហើយមួយទៀត+រហូតដល់អស់គ្មានសល់ ហើយមានតែពួកគេប៉ុណ្ណោះរស់នៅក្នុងស្រុក!
៩ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍មកខ្ញុំថាពិតមែនតែមានផ្ទះធំស្អាតៗជាច្រើនតែផ្ទះទាំងនោះនឹងទៅជាកន្លែងដ៏គួរឲ្យខ្លាចហើយនឹងគ្មានអ្នកណានៅទេ។+
១០ ដីចម្ការទំពាំងបាយជូរបួនហិចតានឹងបង្កើតផលបានតែមួយបាត*ប៉ុណ្ណោះឯគ្រាប់ពូជមួយហូម៉ើរ*នឹងបង្កើតផលបានតែមួយអេហ្វា*វិញ។+
១១ វេទនាហើយ! អស់អ្នកដែលក្រោកឡើងផឹកស្រាតាំងពីព្រលឹម+ហើយផឹកទល់ព្រលប់រហូតដល់ស្រវឹងជោកជាំ!
១២ ពួកគេមានពិណនិងឧបករណ៍ភ្លេងមានខ្សែស្គរដៃ ខ្លុយ និងស្រាក្នុងពិធីជប់លៀងរបស់ពួកគេប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់នឹងកិច្ចការរបស់ព្រះយេហូវ៉ាទេហើយក៏មិនអើពើនឹងស្នាដៃរបស់លោកដែរ។
១៣ ដូច្នេះ រាស្ត្ររបស់ខ្ញុំនឹងត្រូវនិរទេស ព្រោះពួកគេគ្មានចំណេះអំពីខ្ញុំទេ។+
ឯពួកបុរសដែលមានកិត្តិយសនឹងត្រូវអត់ឃ្លាន+ហើយបណ្ដាជនទាំងឡាយនឹងរងទុក្ខដោយសារស្រេកទឹក។
១៤ ដូច្នេះ ផ្នូរ*បានពង្រីកខ្លួនវាយ៉ាងធំទូលាយហើយហាមាត់ធំគ្មានដែនកំណត់+រួចពួកអ្នកដែលបានកើតក្នុងវង្សត្រកូលខ្ពង់ខ្ពស់ ព្រមទាំងក្រុមមនុស្សអ៊ូអរ និងពួកអ្នកជប់លៀងសប្បាយឥតបើគិតពួកគេនឹងធ្លាក់ទៅក្នុងផ្នូរនោះជាមិនខាន។
១៥ មនុស្សជាតិនឹងត្រូវអាប់ឱន ពួកគេនឹងត្រូវបន្ទាបចុះហើយមនុស្សក្រអឺតក្រទមនឹងត្រូវបាក់មុខ។
១៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងត្រូវលើកតម្កើងតាមរយៈយុត្តិធម៌របស់លោកព្រះពិតដែលជាព្រះដ៏បរិសុទ្ធ+នឹងបង្ហាញភាពបរិសុទ្ធរបស់លោកតាមរយៈសេចក្ដីសុចរិត។+
១៧ កូនចៀមនឹងស៊ីស្មៅដោយសេរីដូចជានៅវាលស្មៅរបស់វាឯជនបរទេសនឹងមានអាហារបរិភោគនៅទីស្ងាត់ជ្រងំជាកន្លែងដែលសត្វធំធាត់ធ្លាប់រស់នៅ។
១៨ អស់អ្នកដែលកុហកនឹងវេទនាហើយ!
ពួកគេនៅជាប់ទោសកំហុសនិងអំពើខុសឆ្គងរបស់ខ្លួនដូចជាសត្វដែលអូសរទេះ។
១៩ ពួកគេចំអកឲ្យព្រះថា៖ «សូមឲ្យលោកប្រញាប់សម្រេចកិច្ចការរបស់លោកទៅហើយបង្ហើយកិច្ចការរបស់លោកយ៉ាងឆាប់ចុះ ដើម្បីយើងអាចឃើញផង។
សូមឲ្យបំណងប្រាថ្នា*របស់ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលបានសម្រេចដើម្បីយើងអាចស្គាល់ដែរ!»។+
២០ វេទនាហើយ! អស់អ្នកដែលចាត់ទុកសេចក្ដីល្អថាអាក្រក់និងសេចក្ដីអាក្រក់ថាល្អវិញ។+
វេទនាហើយ! អស់អ្នកដែលយកភាពងងឹតជាពន្លឺនិងយកពន្លឺជាភាពងងឹតវិញ។
វេទនាហើយ! អស់អ្នកដែលយកសេចក្ដីជូរល្វីងជាផ្អែមនិងយកសេចក្ដីផ្អែមជាជូរល្វីងវិញ។
២១ វេទនាហើយ! អស់អ្នកដែលគិតថាខ្លួនមានប្រាជ្ញាហើយគិតថាខ្លួនចេះពិចារណា!+
២២ វេទនាហើយ! អស់អ្នកដែលពូកែផឹកស្រានិងអ្នកដែលពូកែលាយគ្រឿងស្រវឹង។+
២៣ វេទនាហើយ! អស់អ្នកដែលលើកលែងទោសឲ្យមនុស្សអាក្រក់ដើម្បីទទួលសំណូក+ព្រមទាំងអស់អ្នកដែលមិនកាត់ក្ដីឲ្យជនសុចរិតដោយយុត្តិធម៌!+
២៤ ហេតុនេះហើយបានជាពួកគេនឹងត្រូវបំផ្លាញដូចអណ្ដាតភ្លើងឆាបឆេះចំបើង និងឆាបឆេះស្មៅក្រៀមស្វិត។
ឫសរបស់ពួកគេនឹងរលួយទៅផ្ការបស់ពួកគេក៏នឹងរសាត់ទៅដូចជាលម្អងធូលីដែរព្រោះពួកគេមិនបានធ្វើតាមច្បាប់*របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ទេហើយពួកគេបានមើលងាយបណ្ដាំរបស់ព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+
២៥ ហេតុនេះហើយបានជាព្រះយេហូវ៉ាខឹងជាខ្លាំងទាស់នឹងរាស្ត្ររបស់លោកលោកនឹងលើកដៃប្រឆាំងនឹងពួកគេ ហើយវាយប្រហារពួកគេ។+
បណ្ដាភ្នំនឹងរញ្ជួយញាប់ញ័រសាកសពរបស់ពួកគេនឹងដូចជាសំរាមនៅតាមផ្លូវ។+
ម្ល៉ោះហើយ កំហឹងរបស់លោកមិនទាន់ស្ងប់ទេហើយលោកនៅតែលើកដៃវាយប្រហារពួកគេដដែល។
២៦ លោកបានតាំងសញ្ញាមួយឡើងដល់ប្រជាជាតិមួយដែលនៅឆ្ងាយ+គឺលោកបានហួចហៅពួកគេឲ្យមកពីចុងផែនដី+ហើយមើល! ពួកគេនាំគ្នាមកយ៉ាងរហ័ស។+
២៧ គ្មានពួកគេណាម្នាក់អស់កម្លាំង ឬជំពប់ដួលទេហើយក៏គ្មានអ្នកណាម្នាក់ងោកងុយ ឬដេកលក់ដែរ។
ពួកគេរឹតបន្តឹងខ្សែក្រវាត់ខ្លួន។
ឯខ្សែស្បែកជើងរបស់ពួកគេក៏មិនបានដាច់ដែរ។
២៨ ព្រួញរបស់ពួកគេសុទ្ធតែមុតស្រួចពួកគេក៏ត្រៀមធ្នូជាស្រេចដើម្បីបាញ់។
ឯក្រចកសេះរបស់ពួកគេគឺប្រៀបដូចជាថ្មភ្លើងហើយកង់រទេះចម្បាំងរបស់ពួកគេលឿនដូចជាខ្យល់ព្យុះ។+
២៩ សម្រែករបស់ពួកគេប្រៀបដូចជាសម្រែកសត្វតោគឺពួកគេនឹងគ្រហឹមដូចតោស្ទាវ+ដែលចាប់សត្វធ្វើជាចំណីហើយគ្មាននរណាអាចសង្គ្រោះឲ្យរួចបានឡើយ។
៣០ នៅគ្រានោះ ពួកគេនឹងគ្រហឹមដាក់ចំណីហើយសម្រែកពួកគេបៀបដូចជាសូរសំឡេងសមុទ្របក់បោក។+
ពេលសម្លឹងមើលស្រុកនោះ ឃើញសុទ្ធតែភាពងងឹតនិងការឈឺចាប់ហើយសូម្បីតែពន្លឺនឹងប្រែទៅជាងងឹតដោយសារពពក។+
កំណត់សម្គាល់
^ នេះសំដៅលើរុក្ខជាតិដែលគេដាំធ្វើជារបង
^ មួយបាតស្មើនឹង២២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មួយហូម៉ើរស្មើនឹង២២០លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ មួយអេហ្វាស្មើនឹង២២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«ការសម្រេចចិត្ត ឬការណែនាំ»
^ ឬ«ការណែនាំ»