លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​សាសនា​ជា​វិធី​មួយ​ដែល​គេ​ប្រើ​ដើម្បី​រក​លុយ​ឬ?

តើ​សាសនា​ជា​វិធី​មួយ​ដែល​គេ​ប្រើ​ដើម្បី​រក​លុយ​ឬ?

 តើ​អ្នក​កត់​សម្គាល់​ទេ​ថា សាសនា​ជា​ច្រើន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រក​លុយ​ជា​ជាង​ផ្ដល់​ការ​ណែនាំ​ពី​ព្រះ? ពួក​គេ​ប្រើ​សាសនា​ដើម្បី​ធ្វើ​អាជីវកម្ម លក់​ដូរ និង​ធ្វើ​មុខ​ជំនួញ។ មេ​ដឹក​នាំ​សាសនា​ជា​ច្រើន​មាន​ប្រាក់​ខែ​ខ្ពស់​និង​មាន​ជីវិត​ហ៊ឺហា​សម្បូរ​សប្បាយ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ​៖

  •   តាម​ការ​ស្រាវ​ជ្រាវ​បាន​ឃើញ​ថា ជាង​១៣​ឆ្នាំ​មេ​ដឹក​នាំ​សាសនា​កាតូលិក​ម្នាក់​បាន​យក​ថវិកា​វិហារ ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​យន្ត​ហោះ​ឯកជន​អស់​១៥០​ដង និង​ប្រហែល​អស់​២០០​ដង​ទៅ​លើ​ការ​ជួល​ឡាន​ឯកជន​ដ៏​ទំនើប។ បន្ថែម​ទៅ​ទៀត គាត់​ចំណាយ​ជាង​បួន​លាន​ដុល្លា​ដើម្បី​កែ​លម្អ​ផ្ទះ​របស់​គាត់​ដែល​វិហារ​ជួល​ឲ្យ។

  •   មេ​ដឹក​នាំ​សាសនា​ម្នាក់​ដែល​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក តែង​តែ​រៀប​ចំ​ពិធី​បុណ្យ​សាសនា​ដែល​មាន​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់។ នៅ​ក្នុង​វិហារ​ដ៏​ធំ​របស់​គាត់​មាន​លក់​ទំនិញ​ផ្សេង​ៗ​ដូច​ជា​ប្រេង​ស័ក្ដិ​សិទ្ធិ កន្សែង និង​អាវ​យឺត​ដែល​មាន​រូប​គាត់។ អ្នក​ចូល​រួម​ពិធី​នោះ​ភាគ​ច្រើន​ជា​អ្នក​ក្រ តែ​គាត់​វិញ​ជា​អ្នក​មាន​ដ៏​មហា​សាល។

  •   នៅ​ប្រទេស​ចិន មាន​ភ្នំ​ដ៏​ពិសិដ្ឋ​បួន​នៃ​សាសនា​ព្រះ​ពុទ្ធ។ ភ្នំ​ពីរ​ក្នុង​ចំណោម​នោះ បាន​ត្រូវ​គេ​ដាក់​បញ្ចូល​ជា​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម។ វិហារ​ដ៏​ល្បី​ល្បាញ​មួយ​ដែល​គេ​ហៅ​ថា​វិហារ​សៅ​លីង ក៏​មាន​គម្រោង​ពាណិជ្ជកម្ម​ជា​ច្រើន​ដែរ ហើយ​អ្នក​ដែល​គ្រប់​គ្រង​គឺ​ជា​សង្ឃ។

  •   មុខ​ជំនួញ​ខាង​សាសនា​បាន​រីក​ដុះ​ដាល​នៅ​សហរដ្ឋ​អាម៉េរិក។ យោង​ទៅ​តាម​របាយការណ៍​មួយ មុខ​ជំនួញ​ទាំង​នោះ​យក​ទំនៀម​ទម្លាប់​សាសនា​កែ​ច្នៃ​ទៅ​ជា​ពិធី​ពិសិដ្ឋ ហើយ​ផ្ដល់​សេវាកម្ម​ផ្សេង​ៗ​ខាង​សាសនា​ដល់​អតិថិជន​របស់​ពួក​គេ។

 តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​គេ​ប្រើ​សាសនា​ជា​វិធី​ដើម្បី​រក​លុយ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ទាញ​ប្រយោជន៍​ពី​សាសនា?

តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​យក​សាសនា​ជា​របរ​រក​ស៊ី?

 ព្រះ​មិន​ពេញ​ចិត្ត​ទេ​ដែល​គេ​យក​សាសនា​មក​ធ្វើ​ជា​របរ​រក​ស៊ី។ គម្ពីរ​បង្ហាញ​ថា នៅ​អតីតកាល​ព្រះ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ពួក​សង្ឃ​ដែល​អះអាង​ថា​ពួក​គេ​ជា​អ្នក​តំណាង​លោក តែ​បែរ​ជា​បង្រៀន​«​ដោយ​យក​កម្រៃ​»​ទៅ​វិញ។ (​មីកា ៣:១១​) ព្រះ​បាន​ផ្ដន្ទា​ទោស​អ្នក​ជំនួញ​ដ៏​លោភ​លន់​ដែល​បាន​យក​កន្លែង​គោរព​ប្រណិប័តន៍​លោក​ទៅ​ធ្វើ​ជា​«​សម្បុក​ចោរ​»។—យេរេមា ៧:១១

 លោក​យេស៊ូ​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្អប់​មនុស្ស​ដែល​យក​សាសនា​ធ្វើ​ជា​មុខ​ជំនួញ។ នា​សម័យ​លោក​យេស៊ូ នៅ​ក្រុង​យេរូសាឡិម​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ធ្វើ​មុខ​ជំនួញ​ក្នុង​វិហារ​របស់​ព្រះ​តែ​ម្ដង។ ពួក​គេ​បាន​ចំណេញ​ប្រាក់​ជា​ច្រើន​ដែល​មក​ពី​ការ​កេង​ប្រវ័ញ្ច​មនុស្ស​ដែល​មក​គោរព​ប្រណិប័តន៍​ព្រះ​ដោយ​ចិត្ត​ស្មោះ។ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ក្លាហាន ដោយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​វិហារ​ព្រះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖​«​ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!​»។—យ៉ូហាន ២:១៤​-​១៦

 ម្យ៉ាង​វិញ​ទៀត លោក​យេស៊ូ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​បំពេញ​កិច្ច​បម្រើ​ដែរ។ (​យ៉ូហាន ៨:២៨, ២៩​) ពេល​លោក​បង្រៀន​អំពី​ព្រះ លោក​មិន​ដែល​ទារ​ប្រាក់​ពី​បណ្ដា​ជន​ទេ។ ពេល​លោក​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ ដូច​ជា​ធ្វើ​ឲ្យ​មាន​អាហារ​ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​មនុស្ស ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ លោក​មិន​តម្រូវ​ឲ្យ​ពួក​គេ​បង់​ប្រាក់​ឲ្យ​លោក​ឡើយ។ លោក​យេស៊ូ​មិន​ដែល​ប្រើ​កិច្ច​បម្រើ​របស់​លោក​ដើម្បី​បាន​ប្រាក់​ច្រើន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទេ។ តាម​ពិត សូម្បី​តែ​ផ្ទះ​ផ្ទាល់​ខ្លួន​ក៏​លោក​មិន​មាន​ផង។—លូកា ៩:៥៨

តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​សម័យ​ដើម មិន​យក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ធ្វើ​ជា​មុខ​ជំនួញ?

 លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​មិន​ត្រូវ​ទាញ​យក​ប្រយោជន៍​ពី​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ជំនឿ​សាសនា​សោះ​ឡើយ។ លោក​បាន​ប្រាប់​ថា​៖​«​អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​»។ (​ម៉ាថាយ ១០:៨​) ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​ដែល​ក្រោយ​មក​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រិស្ត​សាសនិក បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ​៖

  •   សាវ័ក​ពេត្រុស​បាន​រួម​ដំណើរ​ជា​មួយ​នឹង​លោក​យេស៊ូ ក្នុង​អំឡុង​ពេល​លោក​បំពេញ​កិច្ច​បម្រើ។ នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន គាត់​បាន​ស្នើ​ផ្ដល់​ប្រាក់​ឲ្យ​ពេត្រុស​ដើម្បី​គាត់​អាច​ទទួល​អំណាច​និង​ឫទ្ធានុភាព​ពី​ព្រះ។ ពេត្រុស​បាន​បដិសេធ​នឹង​សំណើ​របស់​គាត់​ភ្លាម​ៗ ហើយ​កែ​តម្រង់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖​«​ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ពីព្រោះ​អ្នក​គិត​ស្មាន​ថា​អាច​យក​ប្រាក់​មក​ដើម្បី​ទទួល​អំណោយ​ទាន​ពី​ព្រះ​»។—សកម្មភាព ៨:១៨​-​២០

  •   សាវ័ក​ប៉ូល​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ គាត់​បាន​ធ្វើ​កិច្ច​ការ​យ៉ាង​នឿយ​ហត់​អស់​រាប់​ឆ្នាំ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ជា​ច្រើន តែ​គាត់​មិន​ដែល​ព្យាយាម​រក​កម្រៃ​ពី​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​ទេ។ គាត់​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​«​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ​»។ (​កូរិនថូស​ទី​២ ២:១៧​) ផ្ទុយ​ទៅ​វិញ ប៉ូល​បាន​សរសេរ​ថា​៖​«​យើង​បាន​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​មក​លើ​យើង​»។—ថែស្សាឡូនិច​ទី​១ ២:៩

 គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ទាំង​នេះ ត្រូវ​ការ​ប្រាក់​ខ្លះ​ដើម្បី​ចំណាយ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​និង​កិច្ច​ការ​សប្បុរសធម៌។ ប៉ុន្តែ ពួក​គាត់​មិន​ដែល​ទាម​ទារ​ប្រាក់​សម្រាប់​កិច្ច​បម្រើ​ដែល​ពួក​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​ឡើយ។ បណ្ដា​ជន​អាច​សម្រេច​ឲ្យ​ប្រាក់​បាន​បើ​ពួក​គេ​ចង់ ដោយ​គិត​អំពី​ការ​ណែនាំ​ដូច​ខាង​ក្រោម​៖

  •   កូរិនថូស​ទី​២ ៨:១២ ចែង​ថា​៖ ​«​ព្រោះ​ប្រសិន​បើ​មាន​ចិត្ត​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ​»។

     អត្ថន័យ​៖ បំណង​ចិត្ត​របស់​បុគ្គល​ដែល​ចង់​ឲ្យ គឺ​សំខាន់​ជាង​ទឹក​ប្រាក់​ដែល​គាត់​ឲ្យ។

  •   កូរិនថូស​ទី​២ ៩:៧ ចែង​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។

     អត្ថន័យ​៖ ព្រះ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ជូន​អ្វី​មួយ​ដល់​លោក​ដោយ​បង្ខំ​ចិត្ត​ទេ។ លោក​ពេញ​ចិត្ត​ពេល​ដែល​បុគ្គល​ម្នាក់​ជូន​លោក​ដោយ​ចិត្ត​សប្បាយ។

មិន​យូរ​ទៀត តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាសនា​ដែល​លោភ​ចង់​បាន​ប្រាក់?

 គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​មិន​ពេញ​ចិត្ត​សាសនា​ទាំង​អស់ ឬ​ការ​គោរព​ប្រណិប័តន៍​ទាំង​អស់​ទេ។ (​ម៉ាថាយ ៧:២១​-​២៣​) គម្ពីរ​មាន​ទំនាយ​មួយ​ដែល​ប្រដូច​អង្គការ​សាសនា​មិន​ពិត​ទៅ​នឹង​ស្ត្រី​ពេស្យា ដោយ​សារ​ពួក​គេ​រួម​ដៃ​ជា​មួយ​នឹង​រដ្ឋាភិបាល​ផ្សេង​ៗ​ដើម្បី​កេង​ប្រវ័ញ្ច​ប្រាក់​និង​ជញ្ជក់​យក​ប្រយោជន៍​ពី​ប្រជា​ជាតិ​នានា។ (​ការ​បើក​បង្ហាញ ១៧:១​-​៣; ១៨:៣​) ទំនាយ​នោះ​ក៏​បន្ត​ទៀត​ថា ព្រះ​នឹង​កាត់​ទោស​សាសនា​មិន​ពិត​ទាំង​អស់​នា​ពេល​ឆាប់​ៗ​នេះ។—ការ​បើក​បង្ហាញ ១៧:១៥​-​១៧; ១៨:៧

 ហេតុ​នេះ​ហើយ ព្រះ​មិន​ចង់​ឲ្យ​ទង្វើ​អាក្រក់​របស់​សាសនា​មិន​ពិត បំភាន់​មនុស្ស​ឬ​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​លោក​ឡើយ។ (​ម៉ាថាយ ២៤:១១, ១២​) លោក​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ៗ​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​រៀន​ថែម​ទៀត​អំពី​លោក​ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត ហើយ​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​សាសនា​មិន​ពិត។—កូរិនថូស​ទី​២ ៦:១៦, ១៧