តើលោកអ្នកដឹងឬទេ?
ហេតុអ្វីជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ ជូនថ្លៃបណ្ដាការ?
នៅសម័យគម្ពីរ កូនកំលោះឬក្រុមគ្រួសារគាត់ជូនថ្លៃបណ្ដាការដល់ក្រុមគ្រួសារកូនក្រមុំ ពេលដែលក្រុមគ្រួសារទាំងពីរព្រមព្រៀងគ្នារៀបការ។ ថ្លៃបណ្ដាការប្រហែលជារួមមានវត្ថុមានតម្លៃ សត្វ ឬលុយ។ ជួនកាល ថ្លៃបណ្ដាការបានត្រូវបង់ជាកម្លាំងពលកម្ម ដូចជាក្នុងករណីរបស់យ៉ាកុបដែលព្រមធ្វើការឲ្យឪពុករបស់រ៉ាជែលអស់៧ឆ្នាំ ដើម្បីដោះដូរជាការរៀបការជាមួយនាង។ (ដក. ២៩:១៧, ១៨, ២០) តើអ្វីជាគោលបំណងនៃទំនៀមទម្លាប់នេះ?
បណ្ឌិតម្នាក់ខាងគម្ពីរឈ្មោះខារ៉ិល ម៉ាយយើនិយាយថា៖ «ថ្លៃបណ្ដាការអាចជួយសងដល់ក្រុមគ្រួសារខាងស្រីចំពោះការបាត់បង់ពលកម្មរបស់កូនស្រី។ ជាពិសេសនេះគឺសំខាន់សម្រាប់ក្រុមគ្រួសារ[កសិករ]»។ ថ្លៃបណ្ដាការអាចជួយឲ្យក្រុមគ្រួសារទាំងសងខាងមានចំណងមិត្តភាពកាន់តែជិតស្និទ្ធគ្នា។ ពួកគេអាចជួយគ្នាទៅវិញទៅមកពេលមានការលំបាក។ បន្ថែមទៅទៀត ថ្លៃបណ្ដាការក៏បង្ហាញថាស្ត្រីម្នាក់បានភ្ជាប់ពាក្យរួចហើយ ហើយថានាងនឹងទៅនៅក្រោមការមើលថែនិងការការពាររបស់ប្ដី មិនមែនឪពុកទៀតទេ។
ការបង់ថ្លៃបណ្ដាការ មិនមែនមានន័យថាប្រពន្ធគឺជាវត្ថុមួយដែលគេអាចទិញឬលក់ទេ។ សៀវភៅមួយចែងថា៖ «តម្រូវការនេះដែលឲ្យបង់លុយឬអ្វីផ្សេងទៀតដែលមានតម្លៃស្មើលុយដែលគេកំណត់ ដល់ក្រុមគ្រួសារកូនក្រមុំ ច្បាស់ជាធ្វើឲ្យអាពាហ៍ពិពាហ៍របស់ជនជាតិអ៊ីស្រាអែលមើលទៅដូចជាទំនិញ។ ប៉ុន្តែ តាមមើលទៅគេចាត់ទុក[ថ្លៃបណ្ដាការ]ជាសំណងដល់ក្រុមគ្រួសារនាង មិនមែនថ្លៃទិញស្ត្រីនោះទេ»។ (Ancient Israel—Its Life and Institutions)
សព្វថ្ងៃនេះ នៅប្រទេសខ្លះមនុស្សនៅតែបន្តធ្វើតាមទំនៀមទម្លាប់ជូនថ្លៃបណ្ដាការ។ ពេលឪពុកម្ដាយដែលជាគ្រិស្តសាសនិកសុំថ្លៃបណ្ដាការ ពួកគេឲ្យ‹មនុស្សទាំងអស់ឃើញថាពួកគេជាមនុស្សសមហេតុសមផល› ដោយមិនទាមទារច្រើនពេកឡើយ។ (ភី. ៤:៥; ១កូ. ១០:៣២, ៣៣) យ៉ាងនេះ ពួកគេបង្ហាញថាពួកគេមិនមែនជាមនុស្ស«ស្រឡាញ់ប្រាក់» ឬលោភលន់ទេ។ (២ធី. ៣:២) លើសពីនេះទៀត ពេលឪពុកម្ដាយដែលជាគ្រិស្តសាសនិកមិនសុំថ្លៃបណ្ដាការច្រើនពេក នោះជួយអនាគតកូនប្រសាប្រុសមិនបង្ខំចិត្តរង់ចាំរៀបការរហូតដល់គាត់មានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃបណ្ដាការដ៏ច្រើននោះ។ មួយវិញទៀត អនាគតកូនប្រសានោះក៏មិនចាំបាច់ឈប់កិច្ចបម្រើរបស់គាត់ជាអ្នកត្រួសត្រាយ ដោយសារគាត់ត្រូវធ្វើការពេញពេលដើម្បីរកលុយបង់ថ្លៃបណ្ដាការដ៏ច្រើនក្រៃលែងនោះដែរ។
ប្រទេសខ្លះមានច្បាប់ផ្សេងៗស្ដីអំពីថ្លៃបណ្ដាការ។ ក្នុងករណីនោះ ឪពុកម្ដាយដែលជាគ្រិស្តសាសនិកធ្វើតាមច្បាប់ទាំងនោះ។ ហេតុអ្វី? ពីព្រោះបណ្ដាំរបស់ព្រះតម្រូវឲ្យគ្រិស្តសាសនិក«ចុះចូលនឹងពួកអាជ្ញាធរ» ហើយធ្វើតាមច្បាប់ដែលមិនប្រឆាំងនឹងច្បាប់របស់ព្រះ។—រ៉ូម ១៣:១; សកម្ម. ៥:២៩