លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បងហុលដាបានសម្រេចគោលដៅគាត់

បងហុលដាបានសម្រេចគោលដៅគាត់

បើ​អ្នក​បាន​ទៅ​លេង​កោះ​សាងអិបាសរ​ដែល​ជា​កោះ​តូច​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុន្មាន​ឆ្នាំ​មុន អ្នក​ប្រហែល​ជា​បាន​ឃើញ​បង​ស្រី​បី​នាក់​របស់​យើង​នៅ​តាម​ឆ្នេរ។ អ្នក​កោះ​នោះ​ភាគ​ច្រើន​ស្គាល់​ពួក​គេ ដោយ​ព្រោះ​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ គឺ​ពួក​គេ​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​គម្ពីរ។ ប៉ុន្តែ​នៅ​តាម​ឆ្នេរ​នោះ ពួក​គេ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។

កោះ​សាងអិបាសរ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូណេស៊ី

ដំបូង​ពួក​គេ​ដើរ​ចូល​ទៅ​ក្នុង​សមុទ្រ ហើយ​រើស​ថ្ម​ធ្ងន់​ៗ រួច​យក​មក​ឆ្នេរ។ ថ្ម​ខ្លះ​មាន​ទំហំ​ធំ​ប៉ិន​គ្រាប់​បាល់។ បន្ទាប់​មក ស្ត្រី​ទាំង​នោះ​អង្គុយ​នៅ​លើ​ជើងម៉ា​ឈើ ហើយ​យក​ញញួរ​មក​ដំ​ថ្ម​ទាំង​នោះ​ឲ្យ​បែក​ទៅ​ជា​ថ្ម​តូច​ៗ​ជាង​ពង​មាន់។ បន្ទាប់​ពី​នោះ ពួក​គេ​ដាក់​ក្នុង​ធុង​ជ័រ ហើយ​យក​ឡើង​តាម​ជណ្ដើរ​ទៅ​កន្លែង​ដែល​ពួក​គេ​រស់​នៅ។ ក្រោយ​មក ពួក​គេ​ដាក់​ថ្ម​នៅ​ក្នុង​ថង់​ធំ​ៗ​ដែល​អាច​ដាក់​នៅ​លើ​ឡាន​ដឹក​ដី ហើយ​ប្រើ​ដើម្បី​ធ្វើ​ផ្លូវ។

បង​ហុលដា​កំពុង​ប្រមូល​ថ្ម​នៅ​តាម​ឆ្នេរ

បង​ស្រី​ម្នាក់​ក្នុង​ចំណោម​បង​ស្រី​ទាំង​នោះ​គឺ​បង​ហុលដា។ ស្ថានភាព​របស់​គាត់​អនុញ្ញាត​ឲ្យ​គាត់​ចំណាយ​ពេល​ច្រើន​ជាង​បង​ស្រី​ឯ​ទៀត​ដែល​ធ្វើ​កិច្ច​ការ​នោះ។ តាម​ធម្មតា គាត់​ប្រើ​លុយ​ទាំង​អស់​ដែល​គាត់​រក​បាន​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ ឥឡូវ​គាត់​ធ្វើ​ការ​ដោយ​មាន​គោល​ដៅ​ថែម​ទៀត។ គាត់​ចង់​បាន​ថេបប្លេត​មួយ​ដើម្បី​គាត់​អាច​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ។ បង​ហុលដា​ដឹង​ថា​វីដេអូ​និង​អ្វី​ផ្សេង​ទៀត​ដែល​មាន​ក្នុង​កម្ម​វិធី​នោះ​នឹង​ជួយ​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត ហើយ​កាន់​តែ​យល់​ពី​គម្ពីរ។

តាម​ធម្មតា បង​ហុលដា​ធ្វើ​ការ​ដោយ​ដំ​បំបែក​ថ្ម​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​គាត់ ប៉ុន្តែ​អស់​មួយ​រយៈ​ពេល គាត់​បាន​ធ្វើ​ការ​ពីរ​ម៉ោង​ថែម​ទៀត​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​សម្រេច​គោល​ដៅ​របស់​គាត់។ នៅ​ទី​បំផុត គាត់​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​ថេបប្លេត។

បង​ហុលដា​កាន់​ថេបប្លេត​របស់​គាត់

បង​ហុលដា​និយាយ​ថា​៖ ​«​ទោះ​ជា​កិច្ច​ការ​បំបែក​ថ្ម​ធ្វើ​ឲ្យ​ខ្ញុំ​អស់​កម្លាំង​និង​ឈឺ​ខ្លួន​ក្ដី ខ្ញុំ​ស្រាប់​តែ​ភ្លេច​ឈឺ​ចុក​ចាប់​ទាំង​អស់​ភ្លាម​ៗ​ពេល​ខ្ញុំ​អាច​ប្រើ​ថេបប្លេត​ថ្មី ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​រៀប​ចំ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ស្រួល​ជាង​»។ គាត់​ក៏​និយាយ​ថា​ថេបប្លេត​នោះ​បាន​ជួយ​គាត់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​រោគ​រាត​ត្បាត ពេល​សកម្មភាព​ទាំង​អស់​នៃ​ក្រុម​ជំនុំ​ធ្វើ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​ចូល​រួម​ត្រេក​អរ​ជា​មួយ​បង​ហុលដា​ដែល​គាត់​បាន​សម្រេច​គោល​ដៅ​របស់​គាត់។