អ្វីដែលខុសនិងអ្វីដែលត្រូវ៖ អ្នកត្រូវតែធ្វើការសម្រេចចិត្ត
ការណែនាំដែលយើងធ្វើតាមស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់យើង។ ព្រះយេហូវ៉ាដឹងអំពីរឿងនេះ។ នេះជាមូលហេតុដែលលោកចង់ឲ្យយើងរស់នៅស្របតាមខ្នាតតម្រារបស់លោក។
ព្រះយេហូវ៉ាចង់ឲ្យយើងមានជីវិតសប្បាយនិងមានសេចក្ដីសុខសាន្ត។
«ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ខ្ញុំជាអ្នកបង្រៀនអ្នករាល់គ្នាឲ្យទទួលប្រយោជន៍ និងជាអ្នកណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវដែលគួរដើរ។ បើអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមបញ្ញត្តិខ្ញុំ នោះសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងបានដូចជាទន្លេ ហើយសេចក្ដីសុចរិតរបស់អ្នករាល់គ្នានឹងដូចជារលកសមុទ្រដែរ»។—អេសាយ ៤៨:១៧, ១៨
ក្នុងនាមជាអ្នកបង្កើតរបស់យើង ព្រះដឹងអំពីរបៀបរស់នៅដ៏ល្អបំផុត។ លោកអញ្ជើញយើងឲ្យធ្វើតាមការណែនាំរបស់លោក ដើម្បីឲ្យយើងទទួលប្រយោជន៍។ ពេលយើងធ្វើតាមការបង្គាប់របស់ព្រះ នោះយើងមិនចាំបាច់បារម្ភថាការសម្រេចចិត្តរបស់យើងគឺល្អឬយ៉ាងណាទេ។ យើងនឹងតែងតែធ្វើការសម្រេចចិត្តល្អបំផុតដែលនាំឲ្យយើងមានសេចក្ដីសុខនិងសុភមង្គល។
ព្រះយេហូវ៉ាមិនសុំឲ្យយើងធ្វើអ្វីដែលយើងមិនអាចធ្វើនោះទេ។
«បញ្ញត្តិទាំងនេះដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ មិនមែនពិបាកពេក ហើយក៏មិននៅឆ្ងាយពីអ្នករាល់គ្នាដែរ»។—ការបំភ្លឺច្បាប់ ៣០:១១
ព្រះយេហូវ៉ាសន្យាថាលោកនឹងជួយអស់អ្នកដែលសម្រេចចិត្តរស់នៅស្របតាមខ្នាតតម្រារបស់លោក។
«ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នក ខ្ញុំនឹងស្រវាចាប់ដៃស្ដាំរបស់អ្នក ខ្ញុំនឹងនិយាយមកអ្នកថា៖ ‹កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក›»។—អេសាយ ៤១:១៣
យើងអាចរស់នៅស្របតាមខ្នាតតម្រារបស់ព្រះដោយសារលោកនឹងជួយយើង។ លោកអាចជួយយើងតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក ដែលផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តនិងសេចក្ដីសង្ឃឹម។
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកឃើញថា ការរស់នៅស្របតាមខ្នាតតម្រាដែលមាននៅក្នុងគម្ពីរ បានធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ សូមអញ្ជើញរៀនថែមទៀតអំពីឱវាទល្អៗដែលមាននៅក្នុងគម្ពីរ។ អ្នកអាចចាប់ផ្ដើមដោយពិចារណាសៀវភៅស្ដើងដែលមានមូលដ្ឋានលើគម្ពីរសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដោយឥតគិតថ្លៃនៅគេហទំព័រjw.org។ សៀវភៅស្ដើងនោះមានមេរៀនដូចតទៅ៖
-
មានសៀវភៅពិសេសមួយដែលអាចជួយអ្នកបាន!
-
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
-
តើអ្នកអាចទុកចិត្តគម្ពីរឬទេ?
ពេលអ្នកពិនិត្យមើលគម្ពីរដែលជាបណ្ដាំរបស់ព្រះ អ្នកនឹងឃើញថាគម្ពីរមិនចេះហួសសម័យទេ ហើយគម្ពីរ«រមែងទុកចិត្តបាននៅពេលឥឡូវនិងជារៀងរហូត»។ (ចម្រៀងសរសើរព្រះ ១១១:៨) ការធ្វើតាមការណែនាំនៅក្នុងគម្ពីរស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវគឺជារបៀបរស់នៅដ៏ល្អបំផុត។ ប៉ុន្តែព្រះមិនបង្ខំយើងឲ្យធ្វើតាមការណែនាំទាំងនោះទេ។ (ការបំភ្លឺច្បាប់ ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥) នេះជាការសម្រេចចិត្តដែលយើងម្នាក់ៗត្រូវធ្វើ។