លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ហេតុ​អ្វី​គួរ​ប្រព្រឹត្ដ​ទៀង​ត្រង់?

តើ​ភាព​មិន​ទៀង​ត្រង់​នាំ​ឲ្យ​លោក​អ្នក​មាន​ផល​វិបាក​អ្វី​ខ្លះ?

តើ​ភាព​មិន​ទៀង​ត្រង់​នាំ​ឲ្យ​លោក​អ្នក​មាន​ផល​វិបាក​អ្វី​ខ្លះ?

​«​តែង​តែ​មាន​បញ្ហា​ខ្លះ​ដែល​អាច​ដោះ​ស្រាយ​បាន បើ​សុខ​ចិត្ដ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​បន្ដិច​បន្ដួច​»​ (​ពី​សឺមែនថឺ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​)។

តើ​លោក​អ្នក​យល់​ស្រប​នឹង​គំនិត​ខាង​លើ​នេះ​ឬ​ទេ? ដូច​សឺមែនថឺ​ដែរ នៅ​ពេល​ខ្លះ​យើង​ទាំង​អស់​គ្នា​ជួប​នឹង​ស្ថានភាព​ពិបាក។ ជា​ទូ​ទៅ​យើង​ចង់​ប្រព្រឹត្ដ​ទៀង​ត្រង់ ប៉ុន្ដែ​ស្ថានភាព​ខ្លះ​នាំ​ឲ្យ​យើង​ចង់​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ ម៉្លោះ​ហើយ ការ​ប្រព្រឹត្ដ​របស់​យើង​នៅ​ពេល​នោះ ស​ឲ្យ​ឃើញ​នូវ​ចិត្ដ​គំនិត​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​ខ្លាច​បាក់​មុខ យើង​ទំនង​ជា​ចាត់​ទុក​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ជា​វិធី​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​យក​រួច​ខ្លួន។ ប៉ុន្ដែ​ពេល​អ្នក​ឯ​ទៀត​ដឹង​ការ​ពិត ទង្វើ​មិន​ទៀង​ត្រង់​ច្រើន​តែ​នាំ​ឲ្យ​ទទួល​លទ្ធផល​អាក្រក់​ជាង។ សូម​ពិចារណា​អំពី​លទ្ធផល​ដូច​ត​ទៅ។

ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ធ្វើ​ឲ្យ​លែង​មាន​ការ​ទុក​ចិត្ដ

ចំណង​មិត្ដភាព​ផ្ដើម​ឡើង​ពី​ការ​ទុក​ចិត្ដ​គ្នា។ ពេល​មនុស្ស​ពីរ​នាក់​ទុក​ចិត្ដ​គ្នា ពួក​គេ​មាន​អារម្មណ៍​សុខ​សាន្ដ​និង​មាន​សុវត្ថិភាព។ ប៉ុន្ដែ ការ​ទុក​ចិត្ដ​មិន​អាច​មាន​ភ្លាម​ៗ​បាន​ឡើយ។ មនុស្ស​កាន់​តែ​ទុក​ចិត្ដ​គ្នា ពេល​ដែល​ពួក​គេ​ចំណាយ​ពេល​ជា​មួយ​គ្នា និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម និង​ប្រព្រឹត្ដ​ដោយ​មិន​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។ ប៉ុន្ដែ ការ​ទុក​ចិត្ដ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្លាប់​មាន​នឹង​រលាយ​បាត់ បើ​ម្នាក់​ទៀត​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​សូម្បី​តែ​ម្ដង​ក៏​ដោយ។ បន្ថែម​ទៅ​ទៀត បើ​លែង​មាន​ការ​ទុក​ចិត្ដ​គ្នា​ហើយ គឺ​ពិបាក​ឲ្យ​មាន​ការ​ទុក​ចិត្ដ​គ្នា​ឡើង​វិញ​ណាស់។

តើ​ធ្លាប់​មាន​បុគ្គល​ណា​ម្នាក់​ដែល​លោក​អ្នក​ចាត់​ទុក​ជា​មិត្ដ​ល្អ តែ​ក្រោយ​មក​បោក​បញ្ឆោត​លោក​អ្នក​ឬ​ទេ? បើ​ធ្លាប់​មែន តើ​លោក​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​នោះ? លោក​អ្នក​ទំនង​ជា​ឈឺ​ចិត្ដ​ណាស់ ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់​ទៀត​ផង។ ជា​ការ​ធម្មតា​ដែល​មាន​អារម្មណ៍​បែប​នេះ។ ដូច្នេះ នេះ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​អាច​បំផ្លាញ​ចំណង​មិត្ដភាព​ដ៏​មាន​តម្លៃ។

ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​គឺ​ប្រៀប​ដូច​ជា​ជំងឺ​ឆ្លង

នៅ​សកល​វិទ្យាល័យ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ឈ្មោះ​រ៉ូបឺត អ៊ីនណេស បាន​សិក្សា​ស្រាវ​ជ្រាវ​ឃើញ​ថា​«​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​គឺ​ប្រៀប​ដូច​ជា​ជំងឺ​ឆ្លង​មែន​»។ ហេតុ​នេះ ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​អាច​ប្រដូច​ទៅ​នឹង​មេ​រោគ។ បើ​លោក​អ្នក​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ទៀង​ត្រង់ លោក​អ្នក​នឹង​ងាយ​«​ឆ្លង​»​ឬ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ដូច​ពួក​គេ​ដែរ។

តើ​លោក​អ្នក​អាច​ការពារ​ខ្លួន​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់? គម្ពីរ​អាច​ជួយ​លោក​អ្នក​បាន។ សូម​ពិចារណា​គោល​ការណ៍​គម្ពីរ​មួយ​ចំនួន។