អត្ថបទអំពីក្របទស្សនាវដ្ដី | តើការអានគម្ពីរមានប្រយោជន៍អ្វី?
ហេតុអ្វីគួរអានគម្ពីរ?
ជូវីប្រាប់ថា៖ «ខ្ញុំគិតថាគម្ពីរពិបាកយល់ណាស់»។
ឃ្វីនីនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាគម្ពីរមិនគួរឲ្យចាប់អារម្មណ៍ទេ»។
អេសេគាលរៀបរាប់ថា៖ «ពេលខ្ញុំឃើញកម្រាស់គម្ពីរ នោះខ្ញុំលែងចង់អានតែម្ដង»។
តើលោកអ្នកធ្លាប់ចង់អានគម្ពីរឬទេ? ប៉ុន្ដែ លោកអ្នកប្រហែលជាលែងចង់អានគម្ពីរ ដោយសារមានទស្សនៈដូចបានរៀបរាប់ខាងលើ មែនទេ? ចំពោះមនុស្សភាគច្រើន ការអានគម្ពីរគឺពិបាកសម្រាប់ពួកគេ។ ចុះបើលោកអ្នកដឹងថាគម្ពីរអាចជួយលោកអ្នកឲ្យមានសុភមង្គលនិងមានការស្កប់ចិត្ដក្នុងជីវិត? ចុះយ៉ាងណាវិញបើលោកអ្នកដឹងថាមានវិធីផ្សេងៗដែលធ្វើឲ្យការអានគម្ពីរទៅជាអ្វីដែលគួរឲ្យចាប់អារម្មណ៍? ដូច្នេះ តើលោកអ្នកចង់អានអ្វីដែលបានចែងក្នុងគម្ពីរឬទេ?
ឥឡូវសូមពិចារណាពាក្យសម្ដីរបស់មនុស្សខ្លះដែលបានទទួលប្រយោជន៍ជាច្រើន ក្រោយពីពួកគេបានចាប់ផ្ដើមអានគម្ពីរ។
អេសេគាលដែលមានអាយុ២០ឆ្នាំប្លាយនិយាយថា៖ «ពេលមុន ជីវិតខ្ញុំប្រៀបដូចជាអ្នកបើកបរដែលគ្មានគោលដៅ។ ប៉ុន្ដែ ក្រោយពីបានអានគម្ពីរ ជីវិតខ្ញុំមានន័យខ្លឹមសារ។ គម្ពីរមានឱវាទល្អៗដែលខ្ញុំអាចយកមកប្រើរាល់ថ្ងៃ»។
ហ្វ្រីដាដែលមានអាយុជាង២០ឆ្នាំពន្យល់ថា៖ «ខ្ញុំធ្លាប់ជាមនុស្សឆាប់ខឹង។ ប៉ុន្ដែ ដោយសារខ្ញុំបានអានគម្ពីរ ខ្ញុំបានរៀនចេះគ្រប់គ្រងអារម្មណ៍ខ្ញុំ។ ដូច្នេះ ខ្ញុំទៅជាមនុស្សដែលគេស្រួលប្រស្រ័យទាក់ទងជាង។ ជាលទ្ធផល ឥឡូវខ្ញុំមានមិត្ដភក្ដិច្រើនជាងមុន»។
ស្ដ្រីម្នាក់អាយុ៥០ឆ្នាំប្លាយឈ្មោះយូនឺស បានរៀបរាប់អំពីគម្ពីរថា៖ «គម្ពីរជួយខ្ញុំឲ្យទៅជាមនុស្សល្អជាង ដោយកែប្រែទម្លាប់មិនសូវល្អរបស់ខ្ញុំ»។
អ្នកទាំងនេះនិងមនុស្សរាប់លាននាក់ទៀតបានដឹងថា ការអានគម្ពីរអាចជួយអ្នកអានឲ្យមានសុភមង្គលច្រើនជាងក្នុងជីវិត។ (អេសាយ ៤៨:១៧, ១៨) បន្ថែមទៅទៀត គម្ពីរអាចជួយលោកអ្នក (១) ធ្វើការសម្រេចចិត្ដល្អ (២) រកឃើញមិត្ដភក្ដិពិត (៣) សម្រាលការតានតឹងចិត្ដ និង(៤) រៀនសេចក្ដីពិតអំពីព្រះ ហើយនេះជាអ្វីដ៏អស្ចារ្យបំផុត។ ឱវាទក្នុងគម្ពីរគឺមកពីព្រះ ដូច្នេះបើលោកអ្នកធ្វើតាមឱវាទពីគម្ពីរ នោះលោកអ្នកនឹងមិនខកចិត្ដឡើយ។ ព្រះមិនដែលផ្ដល់ឱវាទអាក្រក់ទេ។
អ្វីដែលសំខាន់នោះគឺចាប់ផ្ដើមអានគម្ពីរ។ តើមានយោបល់អ្វីខ្លះដែលអាចធ្វើឲ្យលោកអ្នកស្រួលចាប់ផ្ដើមអានគម្ពីរ និងមានអំណរក្នុងការអាន?