លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រក​ផ្លូវ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល

ការ​ស្កប់​ចិត្ដ​និង​ចិត្ដ​ទូលាយ

ការ​ស្កប់​ចិត្ដ​និង​ចិត្ដ​ទូលាយ

អ្នក​ទំនង​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា​សុភមង្គល​និង​ភាព​ជោគ​ជ័យ​មក​ពី​ទ្រព្យ​សម្បត្ដិ មែន​ទេ? ដោយ​សារ​ទស្សនៈ​នេះ មនុស្ស​រាប់​លាន​នាក់​ខំ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​បាន​លុយ​ច្រើន។ ប៉ុន្ដែ តើ​លុយ​និង​វត្ថុ​ទ្រព្យ​ពិត​ជា​នាំ​ឲ្យ​មាន​សុភមង្គល​ស្ថិតស្ថេរ​ទេ? តើ​មាន​ទី​សំអាង​ណា​ខ្លះ?

យោង​ទៅ​តាម​ឯកសារ​ស្រាវ​ជ្រាវ​មួយ​រៀប​រាប់​ថា ពេល​យើង​បំពេញ​សេចក្ដី​ត្រូវ​ការ​ជា​ចាំ​បាច់​ដូច​ជា​អាហារ សម្លៀក​បំពាក់ និង​ជម្រក​ជា​ដើម នោះ​ការ​មាន​ប្រាក់​កាន់​តែ​ច្រើន​មិន​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ច្រើន​ជាង ឬ​សប្បាយ​ចិត្ដ​ជាង​នោះ​ទេ។ (​Journal of Happiness Studies​) បញ្ហា​មិន​មែន​មក​ពី​លុយ​ឡើយ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​មួយ​បាន​សរសេរ​ថា ការ​សង្វាត​រក​លុយ​តែង​នាំ​ឲ្យ​គ្មាន​សុភមង្គល។ (​Monitor on Psychology​) ពាក្យ​ទាំង​នេះ​បញ្ជាក់​អំពី​ឱវាទ​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ជិត​២.០០០​ឆ្នាំ​មុន ថា​៖ ​«​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ដោយ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នោះ អ្នក​ខ្លះ . . . បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន​»។ (​ធីម៉ូថេ​ទី១ ៦:៩, ១០​) តើ​ទុក្ខ​វេទនា​ទាំង​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ការ​ព្រួយ​បារម្ភ​និង​ការ​ដេក​មិន​លក់​ដោយ​សារ​ការ​ការពារ​ទ្រព្យ​សម្បត្ដិ។ ​«​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្ដី ប៉ុន្ដែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ​»។—សាស្តា ៥:១២

ការ​ខក​ចិត្ដ​ពេល​សុភមង្គល​មិន​កើត​ឡើង​ដូច​បំណង។ មូលហេតុ​មួយ​គឺ​ដោយ​សារ​ការ​ចង់​បាន​លុយ​គឺ​មិន​ចេះ​ស្កប់​ស្កល់​ឡើយ។ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ដ​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ដ​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ដ​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ​»។ (​សាស្តា ៥:១០​) ម្យ៉ាង​ទៀត ការ​ស្រេក​ឃ្លាន​ចង់​បាន​ទ្រព្យ​សម្បត្ដិ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​លះ​បង់​អ្វី​សំខាន់​ៗ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត ដូច​ជា​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ ឬ​ការ​បម្រើ​ព្រះ​ជា​ដើម។

ទុក្ខ​ព្រួយ​និង​ការ​តាន​តឹង​ចិត្ដ​ពេល​លុយ​ឬ​ការ​វិនិយោគ​ធ្លាក់​ចុះ​ឬ​ក្ស័យ​ធន។ ​«​កុំ​ឲ្យ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ​ឬ? ដ្បិត​ទ្រព្យ​សម្បត្ដិ​តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី​»។—សុភាសិត ២៣:៤, ៥

គុណ​សម្បត្ដិ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល

ការ​ស្កប់​ចិត្ដ។ ​«​យើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភព​លោក​ទេ ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ទៅ​ជា​មួយ​បាន​ដែរ។ ដូច្នេះ យើង​នឹង​ស្កប់​ចិត្ដ​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។ (​ធីម៉ូថេ​ទី១ ៦:៧, ៨​) មនុស្ស​ដែល​ចេះ​ស្កប់​ចិត្ដ​មិន​សូវ​ត្អូញត្អែរ ហើយ​ចិត្ដ​គំនិត​នេះ​ការពារ​ពួក​គេ​មិន​ឲ្យ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ។ មួយ​វិញ​ទៀត ដោយ​សារ​ពួក​គេ​មិន​ចង់​បាន​អ្វី​ដែល​ហួស​ពី​ធន​ធាន​របស់​ខ្លួន នោះ​ពួក​គេ​មិន​សូវ​ខ្វល់​ខ្វាយ​និង​តាន​តឹង​ចិត្ដ។

ចិត្ដ​ទូលាយ។ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) មនុស្ស​ដែល​មាន​ចិត្ដ​ទូលាយ​សប្បាយ​ចិត្ដ​ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​រីក​រាយ ទោះ​ជា​ពេល​វេលា​និង​កម្លាំង​ដែល​ពួក​គេ​ប្រើ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត គឺ​តិច​តួច​ក្ដី។ ពួក​គេ​ច្រើន​តែ​ទទួល​សេចក្ដី​ស្រឡាញ់ ការ​គោរព និង​មិត្ដ​ភក្ដិ​ពិត​ប្រាកដ​ដែល​បង្ហាញ​ចិត្ដ​ទូលាយ​មក​ពួក​គេ​វិញ។ អ្វី​ទាំង​នេះ​លុយ​មិន​អាច​ទិញ​បាន​ទេ!—លូកា ៦:៣៨

ការ​ចាត់​ទុក​មនុស្ស​សំខាន់​ជាង​វត្ថុ​ទ្រព្យ។ ​«​ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់​ហើយ​មាន​សេចក្ដី​សំ​អប់​វិញ​»។ (​សុភាសិត ១៥:១៧​) តើ​ចំណុច​សំខាន់​ជា​អ្វី? ចំណង​មិត្ដភាព​ជា​មួយ​អ្នក​ឯ​ទៀត​គឺ​មាន​តម្លៃ​ជាង​វត្ថុ​ទ្រព្យ។ សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ណាស់​ដើម្បី​មាន​សុភមង្គល។ យើង​នឹង​ពិចារណា​ចំណុច​នេះ​ក្រោយ​មក។

ស្ដ្រី​ម្នាក់​ដែល​មក​ពី​ទ្វីប​អាម៉េរិក​ខាង​ត្បូង ឈ្មោះ​សាប៊ីណា បាន​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ ប្ដី​របស់​សាប៊ីណា​បាន​ចុះ​ចោល​នាង ដូច្នេះ​នាង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ខ្លួន​ឯង​និង​កូន​ស្រី​ពីរ​នាក់​របស់​នាង។ នាង​ធ្វើ​ការ​ពីរ ហើយ​រាល់​ថ្ងៃ​ត្រូវ​ងើប​ម៉ោង​បួន​ទៀប​ភ្លឺ។ ទោះ​ជា​នាង​មាន​ជីវិត​ពិបាក​និង​រវល់​យ៉ាង​នេះ​ក្ដី សាប៊ីណា​បាន​សម្រេច​ចិត្ដ​សិក្សា​គម្ពីរ។ តើ​មាន​លទ្ធផល​យ៉ាង​ណា?

នាង​មិន​ទទួល​ប្រាក់​ចំណូល​ថែម​ទៀត​ទេ ប៉ុន្ដែ​ទស្សនៈ​របស់​នាង​អំពី​ជីវិត​គឺ​ល្អ​ជាង​ពី​មុន​ឆ្ងាយ​ណាស់។ ជា​ឧទាហរណ៍ នាង​ទទួល​សុភមង្គល​ដែល​មក​ពី​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ (​ម៉ាថាយ ៥:៣​) នាង​រក​ឃើញ​មិត្ដ​ពិត​ប្រាកដ​ដែល​ជា​អ្នក​មាន​ជំនឿ​សាសនា​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត នាង​ទទួល​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ ពោល​គឺ​ការ​ចែក​រំលែក​អ្វី​ដែល​នាង​បាន​រៀន​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។

លទ្ធផល​ល្អ​ៗ​ដែល​មក​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ស្កប់​ចិត្ដ ចិត្ដ​ទូលាយ និង​ការ​ចាត់​ទុក​មនុស្ស​សំខាន់​ជាង​វត្ថុ​ទ្រព្យ បង្ហាញ​ថា​អ្វី​ទាំង​នោះ​គឺ​ជា​ការ​ប្រព្រឹត្ដ​ដ៏​ឈ្លាស​វៃ។