ពិភពលោកដ៏ច្របូកច្របល់
៤ | ការពារសេចក្ដីសង្ឃឹមរបស់អ្នក
ហេតុអ្វីនេះសំខាន់?
ការខ្វល់ខ្វាយអំពីភាពច្របូកច្របល់នៃពិភពលោក អាចប៉ះពាល់ដល់មនុស្សទាំងផ្លូវកាយនិងផ្លូវចិត្ត។ មនុស្សជាច្រើនដែលធ្លាប់រងគ្រោះដោយសារបញ្ហាទាំងនោះ មិនគិតថានឹងមានស្ថានភាពល្អប្រសើរជាងទេ។ តើពួកគេមានប្រតិកម្មយ៉ាងណា?
-
មនុស្សខ្លះមិនចង់គិតអ្វីសោះអំពីថ្ងៃអនាគត។
-
អ្នកខ្លះបំបាត់ទុក្ខកង្វល់របស់ពួកគេដោយផឹកស្រាឬប្រើគ្រឿងញៀន។
-
មនុស្សខ្លះគិតថាគឺល្អជាងបើពួកគេស្លាប់។ ពួកគេសួរថា «តើរស់នៅមានន័យអ្វី?»។
អ្វីដែលអ្នកត្រូវដឹង
-
បញ្ហាខ្លះដែលអ្នកកំពុងប្រឈមមុខនឹងមិនមានជារៀងរហូតទេ ហើយនឹងអាចទៅជាល្អប្រសើរជាង។
-
ទោះបីជាស្ថានភាពរបស់អ្នកមិនមានការផ្លាស់ប្ដូរក៏ដោយ តែមានអ្វីមួយចំនួនដែលអ្នកអាចធ្វើដើម្បីជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហា។
-
គម្ពីរសន្យាអំពីដំណោះស្រាយដ៏ពិតប្រាកដសម្រាប់បញ្ហាទាំងអស់របស់មនុស្សជាតិ។
អ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះ
គម្ពីរចែងថា៖ «កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ ទុក្ខលំបាកនៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។—ម៉ាថាយ ៦:៣៤
គិតសម្រាប់តែមួយថ្ងៃៗ។ សូមកុំឲ្យកង្វល់អំពីថ្ងៃស្អែករារាំងអ្នកមិនឲ្យបំពេញភារកិច្ចរបស់អ្នកនៅថ្ងៃនេះឡើយ។
ការព្រួយបារម្ភអំពីរឿងមិនល្អដែលប្រហែលជានឹងកើតឡើង មិនគ្រាន់តែធ្វើឲ្យអ្នកតានតឹងចិត្តប៉ុណ្ណោះទេ តែក៏ធ្វើឲ្យសេចក្ដីសង្ឃឹមរបស់អ្នកសម្រាប់ថ្ងៃអនាគតចុះខ្សោយផងដែរ។
គម្ពីរសន្យាអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យ
អ្នកតែងចម្រៀងសរសើរព្រះម្នាក់បានអធិដ្ឋានទៅព្រះថា៖ «ប្រសាសន៍របស់លោកជាចង្កៀងបំភ្លឺជើងខ្ញុំនិងជាពន្លឺបំភ្លឺផ្លូវខ្ញុំ»។ (ចម្រៀងសរសើរព្រះ ១១៩:១០៥) សូមពិចារណាអំពីរបៀបដែលគម្ពីរដែលជាបណ្ដាំរបស់ព្រះប្រៀបដូចជាចង្កៀង៖
នៅពេលយប់ងងឹត ចង្កៀងជួយយើងឲ្យធ្វើការសម្រេចចិត្តអំពីកន្លែងណាដែលយើងត្រូវដើរទៅ។ ដូចគ្នាដែរ គម្ពីរពោរពេញទៅដោយការណែនាំដែលប្រកបដោយប្រាជ្ញា ដែលអាចណែនាំយើងនៅពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកណាមួយ។
ពន្លឺអាចជួយបំភ្លឺផ្លូវរបស់យើង ដូច្នេះយើងអាចមើលឃើញអ្វីដែលនៅឆ្ងាយបាន។ តាមរបៀបស្រដៀងគ្នាដែរ គម្ពីរអាចជួយយើងឲ្យដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។