សម្រាប់ប្ដីប្រពន្ធ
៤ ការអភ័យទោស
តើមានន័យយ៉ាងណា?
ការអភ័យទោសមានន័យថាអ្នកមិនប្រកាន់ទោសនិងមិនគុំកួនឡើយ។ ការអភ័យទោសមិនមែនតម្រូវឲ្យអ្នកធ្វើជាមិនដឹងមិនឮដូចជាគ្មានអ្វីកើតឡើងនោះទេ។
គោលការណ៍គម្ពីរ៖ «ទោះជាអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់ក៏ដោយ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។—កូឡុស ៣:១៣
បុរសម្នាក់ឈ្មោះអេរ៉ុននិយាយថា៖ «ពេលដែលអ្នកស្រឡាញ់អ្នកណាម្នាក់ អ្នកមិនផ្ដោតអារម្មណ៍ទៅលើគុណវិបត្តិរបស់បុគ្គលនោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកមើលការខំព្យាយាមរបស់គាត់»។
ហេតុអ្វីសំខាន់?
បើអ្នកចងគំនុំ អ្នកធ្វើបាបខ្លួនអ្នកទាំងផ្លូវកាយទាំងផ្លូវចិត្ត។ អ្នកក៏ប្រហែលជាធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកប្រេះឆាដែរ។
ជូលានិយាយថា៖ «នៅពេលមួយ ប្ដីខ្ញុំបានសុំការអភ័យទោសពីខ្ញុំ ដោយសារគាត់បានធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំពិបាកអភ័យទោសឲ្យគាត់មែនទែន។ ទីបំផុតខ្ញុំនៅតែអភ័យទោសឲ្យគាត់ តែខ្ញុំស្ដាយដែលមិនបានអភ័យទោសឲ្យគាត់ឆាប់ជាងនេះ។ នេះបានបង្កើតឲ្យមានភាពតានតឹងក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់យើង»។
អ្វីដែលអ្នកអាចធ្វើ
សូមពិសោធអំពីខ្លួនអ្នក
លើកក្រោយពេលគូរបស់អ្នកធ្វើឲ្យអ្នកឈឺចិត្តដោយសារពាក្យសម្ដីឬការប្រព្រឹត្តណាមួយ សូមសួរខ្លួនអ្នកថា៖
-
‹តើខ្ញុំឆាប់តូចចិត្តឬឆាប់ខឹងឬទេ?›
-
‹តើខ្ញុំខឹងខ្លាំងដល់ម្ល៉េះបានជាខ្ញុំត្រូវការពាក្យសុំទោស ឬតើខ្ញុំអាចបំភ្លេចវាចោល?›
សូមពិភាក្សាជាមួយគូរបស់អ្នកអំពីសំណួរដូចតទៅនេះ
-
ជាធម្មតា តើយើងត្រូវការពេលយូរប៉ុណ្ណាដើម្បីអភ័យទោសឲ្យគ្នា?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីឲ្យកាន់តែឆាប់អភ័យទោសឲ្យគ្នា?
យោបល់
-
ពេលអ្នកខឹង កុំបញ្ចេញកំហឹងដាក់គូរបស់អ្នក។
-
ព្យាយាមអភ័យទោសចំពោះការប្រព្រឹត្តរបស់គូ សូមចាំថា«យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។—យ៉ាកុប ៣:២
ឃីមបឺលីនិយាយថា៖ «គឺស្រួលឲ្យអភ័យទោស ពេលខុសទាំងសងខាង តែពិបាកអភ័យទោសពេលមើលទៅដូចជាខុសតែម្ខាង។ ការព្រមទទួលពាក្យសុំទោស និងការអភ័យទោសត្រូវការចិត្តរាបទាបពិតប្រាកដ»។
គោលការណ៍គម្ពីរ៖ «ចូរឆាប់ដោះស្រាយ»។—ម៉ាថាយ ៥:២៥
បើអ្នកចងគំនុំ អ្នកធ្វើបាបខ្លួនអ្នកទាំងផ្លូវកាយទាំងផ្លូវចិត្ត។ អ្នកក៏ប្រហែលជាធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកប្រេះឆាដែរ