លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​រៀន​ឲ្យ​ចេះ​ឧស្សាហ៍​ខ្នះ​ខ្នែង​គឺ​ដូច​ជា​ការ​ហាត់​ប្រាណ នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត

សម្រាប់​យុវវ័យ

១១ ភាពឧស្សាហ៍

១១ ភាពឧស្សាហ៍

តើ​មាន​ន័យ​យ៉ាង​ណា?

មនុស្ស​ឧស្សាហ៍​មិន​គេច​វេះ​ពី​កិច្ច​ការ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ខ្នះ​ខ្នែង​ធ្វើ​ការ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​និង​ជួយ​អ្នក​ឯ​ទៀត សូម្បី​តែ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ​មិន​នាំ​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ​ក្ដី។

ហេតុ​អ្វី​សំខាន់?

ជីវិត​គឺ​ពេញ​ដោយ​ការ​ទទួល​ខុស​ត្រូវ នេះ​ជា​ការ​ពិត ទោះ​ជា​យើង​មិន​ចូល​ចិត្ត​ក៏​ដោយ។ ការ​ឧស្សាហ៍​ព្យាយាម​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក ដោយ​សារ​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​ខ្នះ​ខ្នែង​នោះ​ទេ។—អ្នក​ទូន្មាន ៣:១៣

យុវជន​ម្នាក់​ឈ្មោះ​រ៉េអាន​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ថា​ពេល​យើង​ឧស្សាហ៍​ខ្នះខ្នែង យើង​នឹង​មាន​មោទនភាព​និង​ការ​ស្កប់​ចិត្ត។ អារម្មណ៍​ស្កប់​ចិត្ត​នេះ​ពិត​ជា​បង្រៀន​ខ្ញុំ​ឲ្យ​ចូល​ចិត្ត​កិច្ច​ការ។ ការ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ក៏​នឹង​ជួយ​យើង​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ផង​ដែរ​»។

គោល​ការណ៍​គម្ពីរ​៖«​អស់​ទាំង​ការ​ងារ​នឿយ​ហត់​សុទ្ធ​តែ​មាន​ប្រយោជន៍​»។—សុភាសិត ១៤:២៣

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​បណ្ដុះ​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ការ​ដោយ​ធ្វើ​តាម​យោបល់​ដូច​ត​ទៅ​នេះ។

ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ល្អ ហើយ​រីករាយ​នឹង​ការ​នោះ។ ទោះ​ជា​អ្នក​ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ កិច្ច​ការ​សាលា ឬ​បំពេញ​ការ​ងារ​ណា​ក៏​ដោយ សូម​យក​ចិត្ត​ទុក​ដាក់​និង​ប្រមូល​អារម្មណ៍​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ។ ទោះ​ជា​អ្នក​អាច​ធ្វើ​កិច្ច​ការ​បាន​ល្អ​ក្ដី សូម​រក​វិធី​ដើម្បី​បង្កើន​សមត្ថភាព ដោយ​ធ្វើ​ឲ្យ​កាន់​តែ​លឿន​ជាង​ឬ​ឲ្យ​ល្អ​ថែម​ទៀត។ ពេល​អ្នក​កាន់​តែ​ប៉ិន​ប្រសប់ អ្នក​កាន់​តែ​សប្បាយ​នឹង​ធ្វើ​កិច្ច​ការ​របស់​អ្នក។

គោល​ការណ៍​គម្ពីរ​៖«​តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​ឬ​ទេ? គាត់​នឹង​បាន​នៅ​បម្រើ​ស្ដេច មិន​មែន​នៅ​បម្រើ​មនុស្ស​ធម្មតា​ទេ​»។—សុភាសិត ២២:២៩

គិត​អំពី​ប្រយោជន៍​អ្នក​ឯ​ទៀត។ ស្ទើរ​តែ​ក្នុង​គ្រប់​ស្ថានភាព ពេល​អ្នក​បំពេញ​ភារកិច្ច​របស់​អ្នក​បាន​ល្អ នោះ​អ្នក​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ តើ​តាម​របៀប​ណា? ជា​ឧទាហរណ៍ ពេល​អ្នក​ឧស្សាហ៍​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ នោះ​អ្នក​ជួយ​សម្រាល​កិច្ច​ការ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក។

គោល​ការណ៍​គម្ពីរ​៖«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

កុំ​ធ្វើ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ជា​ជាង​គ្រាន់​តែ​ធ្វើ​ដោយ​សារ​ជា​ភារកិច្ច​ប៉ុណ្ណោះ សូម​ព្យាយាម​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ។ តាម​របៀប​នេះ អ្នក​កំពុង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន គឺ​ធ្វើ​ថែម​ទៀត​មិន​មែន​ដោយ​សារ​គេ​បង្ខំ​ទេ តែ​ដោយ​សារ​អ្នក​ចង់​ធ្វើ​ដូច្នេះ។—ម៉ាថាយ ៥:៤១

គោល​ការណ៍​គម្ពីរ​៖«​អ្នក​អាច​ធ្វើ​ការ​ល្អ​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ធ្វើ​ដោយ​បង្ខំ​ទេ​»។—ភីលេម៉ូន ១៤

មាន​តុល្យភាព។ មនុស្ស​ឧស្សាហ៍​គឺ​មិន​ខ្ជិល ហើយ​ក៏​មិន​វក់​តែ​នឹង​កិច្ច​ការ​ពេក​ដែរ។ ពួក​គេ​មាន​តុល្យភាព គឺ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ ហើយ​ក៏​សម្រាក​ផង​ដែរ។

គោល​ការណ៍​គម្ពីរ​៖«​បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។—អ្នក​ទូន្មាន ៤:៦