មេរៀនទី៦
ការបង្រៀនកូនអំពីគោលការណ៍សីលធម៌
តើអ្វីជាគោលការណ៍សីលធម៌?
មនុស្សដែលមានគោលការណ៍សីលធម៌យល់ច្បាស់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ គោលការណ៍សីលធម៌របស់ពួកគេមិនមែនជាអារម្មណ៍ដែលពួកគេមានតែមួយភ្លែតនោះទេ។ ផ្ទុយទៅវិញ មនុស្សបែបនោះមានគោលការណ៍ច្បាស់លាស់ដើម្បីដឹកនាំការប្រព្រឹត្តរបស់ពួកគេ សូម្បីតែពេលដែលអ្នកឯទៀតមិនឃើញក្ដី។
ហេតុអ្វីការមានគោលការណ៍សីលធម៌គឺសំខាន់?
កូនអាចឮអំពីទស្សនៈមិនត្រឹមត្រូវផ្សេងៗអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ពីមនុស្សដែលនៅសាលា ចម្រៀងដែលពួកគេស្តាប់ ឬភាពយន្តនិងកម្មវិធីទូរទស្សន៍ដែលពួកគេទស្សនាជាដើម។ ឥទ្ធិពលទាំងនេះអាចធ្វើឲ្យពួកគេសង្ស័យទៅលើសេចក្ដីបង្រៀនដែលពួកគេបានទទួលស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។
នេះជាបញ្ហាធំសម្រាប់កូនដែលស្ថិតក្នុងវ័យជំទង់។ សៀវភៅមួយរៀបរាប់ថា នៅគ្រានោះ ពួកគេ«ត្រូវយល់ថាមនុស្សជាច្រើននឹងបង្ខិតបង្ខំពួកគេឲ្យធ្វើអ្វីដែលផ្គាប់ចិត្តអ្នកឯទៀត ហេតុនេះពួកគេត្រូវរៀនធ្វើការសម្រេចចិត្តឲ្យសមស្របនឹងគោលការណ៍និងជម្រើសរបស់ខ្លួន ទោះជាការធ្វើដូច្នេះគឺផ្ទុយពីមិត្តភក្ដិរបស់ពួកគេក្ដី»។ (Beyond the Big Talk) ដូច្នេះ ឪពុកម្ដាយត្រូវចាប់ផ្ដើមបង្ហាត់បង្រៀនកូនមុនពួកគេមានវ័យជំទង់។
របៀបបង្រៀនកូនឲ្យមានគោលការណ៍សីលធម៌
បង្រៀនឲ្យច្បាស់លាស់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។
គោលការណ៍គម្ពីរ៖ «មនុស្សពេញវ័យដែលបានប្រើប្រាស់សមត្ថភាពយល់ដឹង ហើយហេតុនេះសមត្ថភាពនោះបានត្រូវបង្វឹកបង្ហាត់ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
-
ប្រាប់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ក្នុងស្ថានភាពប្រចាំថ្ងៃ សូមលើកឡើងអំពីភាពខុសគ្នារវាងអ្វីខុសនិងអ្វីត្រូវដូចជា៖ «នេះស្មោះត្រង់ នោះមិនស្មោះត្រង់»។ «នេះសប្បុរស នោះមិនសប្បុរស»។ ក្រោយមក កូនរបស់អ្នកនឹងស្គាល់ការប្រព្រឹត្តត្រឹមត្រូវនិងការប្រព្រឹត្តមិនត្រឹមត្រូវ ហើយដឹងអំពីអ្វីដែលគួរប្រព្រឹត្តនិងមិនគួរប្រព្រឹត្ត។
-
ពន្យល់មូលហេតុអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ជាឧទាហរណ៍ សូមសួរសំណួរដូចជា៖ ហេតុអ្វីយើងគួរស្មោះត្រង់? តើការកុហកអាចបង្ខូចចំណងមិត្តភាពយ៉ាងដូចម្ដេច? ហេតុអ្វីការលួចគឺខុស? សូមវែកញែកយ៉ាងសមហេតុផលជាមួយកូនដើម្បីជួយពួកគេឲ្យយល់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។
-
ប្រាប់អំពីមូលហេតុដែលការមានគោលការណ៍សីលធម៌ គឺមានប្រយោជន៍។ អ្នកអាចនិយាយថា៖ «បើកូនស្មោះត្រង់ មនុស្សឯទៀតនឹងទុកចិត្តកូន» ឬ«បើកូនមានចិត្តសប្បុរស មនុស្សគ្រប់គ្នានឹងចូលចិត្តរាប់អានកូន»។
សូមធ្វើឲ្យប្រាកដថាមនុស្សឯទៀតឃើញថាក្រុមគ្រួសារទាំងមូលរស់នៅស្របតាមគោលការណ៍សីលធម៌ដូចគ្នា។
គោលការណ៍គម្ពីរ៖ «ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។—កូរិនថូសទី២ ១៣:៥
-
អ្នកនិងក្រុមគ្រួសាររបស់អ្នកគួរតែធ្វើតាមគោលការណ៍សីលធម៌ដូចគ្នា ដើម្បីឲ្យអ្នកអាចនិយាយយ៉ាងពិតត្រង់ថា៖
-
«ក្រុមគ្រួសារយើងមិនកុហកទេ»។
-
«យើងមិនវាយអ្នកឯទៀត ឬស្រែកគំហកដាក់គេទេ»។
-
«យើងមិនពោលពាក្យប្រមាថ ឬនិយាយគំរោះគំរើយដាក់អ្នកណាឡើយ»។
-
កូនរបស់អ្នកនឹងឃើញថាគោលការណ៍សីលធម៌មិនគ្រាន់តែជាច្បាប់ដែលត្រូវធ្វើតាមប៉ុណ្ណោះ តែជាអ្វីដែលបង្ហាញអំពីអត្តសញ្ញាណរបស់ក្រុមគ្រួសារ។
-
ជារឿយៗ សូមពិភាក្សាអំពីគោលការណ៍របស់ក្រុមគ្រួសារជាមួយនឹងកូនរបស់អ្នក។ អ្នកអាចបង្រៀនកូនរបស់អ្នកតាមរយៈអ្វីដែលកើតឡើងជារៀងរាល់ថ្ងៃ។ អ្នកអាចប្រៀបធៀបគោលការណ៍របស់អ្នកជាមួយនឹងគោលការណ៍ដែលគេនិយាយនៅក្នុងទូរទស្សន៍ឬនៅសាលា។ សូមសួរកូនរបស់អ្នកនូវសំណួរដូចតទៅ៖ «តើកូននឹងធ្វើយ៉ាងណា?» «តើក្រុមគ្រួសារយើងនឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច?»
ពង្រឹងការតាំងចិត្តរបស់ពួកគេឲ្យធ្វើអ្វីដែលត្រឹមត្រូវ។
គោលការណ៍គម្ពីរ៖ «កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសឡើយ»។—ពេត្រុសទី១ ៣:១៦
-
សរសើរការប្រព្រឹត្តត្រឹមត្រូវ។ ពេលណាឃើញកូនប្រព្រឹត្តត្រឹមត្រូវ សូមសរសើរគាត់ ហើយពន្យល់មូលហេតុ។ ជាឧទាហរណ៍ អ្នកអាចនិយាយថា៖ «កូនស្មោះត្រង់ ប៉ានិងម៉ាក់មានមោទនភាពចំពោះកូនណាស់»។ បើកូនរបស់អ្នកសារភាពកំហុស សូមសរសើរគាត់ដោយស្មោះចំពោះភាពស្មោះត្រង់របស់គាត់មុននឹងកែតម្រង់គាត់។
-
កែតម្រង់ការប្រព្រឹត្តមិនត្រឹមត្រូវ។ សូមជួយកូនរបស់អ្នកឲ្យចេះទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ។ កូនគួរដឹងថាអ្វីដែលពួកគេបានធ្វើគឺខុស ហើយថាការប្រព្រឹត្តរបស់ពួកគេគឺខុសគ្នាយ៉ាងណានឹងការប្រព្រឹត្តរបស់ក្រុមគ្រួសារ។ ឪពុកម្ដាយខ្លះមិនប្រាប់កូនពេលពួកគេបានធ្វើខុសនោះទេ ព្រោះឪពុកម្ដាយខ្លាចថាកូនអន់ចិត្ត ក៏ប៉ុន្តែការនិយាយជាមួយកូនអំពីការប្រព្រឹត្តមិនត្រឹមត្រូវរបស់ពួកគេនឹងជួយកូនរបស់អ្នកឲ្យមានសមត្ថភាពដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ ហើយជួយពួកគេមិនឲ្យធ្វើខុសម្ដងទៀតនៅថ្ងៃខាងមុខ។