លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្វែងរកជំនួយ

ចូរស្វែងរកជំនួយ

ចូរ​ស្វែង​រក​ជំនួយ

«​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន​»។—សាស្ដា ៤:១២

ពេល​យើង​មាន​ជំនួយ​ពី​អ្នក​ឯ​ទៀត យើង​អាច​យក​ឈ្នះ​សត្រូវ​បាន មិន​ថា​សត្រូវ​នោះ​ជា​អ្នក​ណា ឬ​ជា​អ្វី​ក៏​ដោយ។ ដូច្នេះ បើ​អ្នក​ចង់​ផ្ដាច់​បារី​អ្នក​គួរ​តែ​សុំ​ជំនួយ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ ឬ​ពី​អ្នក​ឯ​ទៀត​ដែល​មាន​ចិត្ត​អត់​ធ្មត់​ហើយ​ចង់​ជួយ​អ្នក​យ៉ាង​ស្មោះ។

សូម​ស្វែង​រក​ជំនួយ​ពី​អ្នក​ដែល​បាន​ផ្ដាច់​បារី​ដោយ​ជោគ​ជ័យ ព្រោះ​ពួក​គេ​មិន​គ្រាន់​តែ​យល់​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​អាច​ជួយ​អ្នក​បាន​ទៀត​ផង។ បង​ថូ​បេន​ដែល​ជា​គ្រិស្ត​សាសនិក​ម្នាក់​នៅ​ប្រទេស​ដាណឺម៉ាក​បាន​និយាយ​ថា​៖​«​ជំនួយ​ពី​អ្នក​ឯ​ទៀត​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ​»។ អាប្រាហាំ​ដែល​រស់​នៅ​ប្រទេស​ឥណ្ឌា​បាន​រៀប​រាប់​ថា​៖​«​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ពី​ក្រុម​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ បាន​ជួយ​ខ្ញុំ​ក្នុង​ការ​ផ្ដាច់​បារី​»។ ប៉ុន្តែ ជួន​កាល​ជំនួយ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។

បង​ប្រុស​ម្នាក់​ឈ្មោះ បេកវ៉ាន់ដា ដែល​«​ធ្លាប់​ជក់​បារី​អស់​រយ:ពេល​២៧​ឆ្នាំ​»​បាន​និយាយ​ថា​៖​«​ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ជក់​បារី ដោយ​សារ​ខ្ញុំ​បាន​រៀន​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​ទម្លាប់​ស្មោក​គ្រោក ហើយ​ខ្ញុំ​ក៏​ឈប់​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដែល​ខ្ញុំ​ធ្លាប់​សេព​គប់​ដែរ។ ខ្ញុំ​បាន​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​អ្នក​ជំនាញ ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។ ទី​បំផុត​នៅ​យប់​មួយ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត អង្វរ​លោក​ឲ្យ​ជួយ​ខ្ញុំ​ដើម្បី​ផ្ដាច់​បារី ជា​លទ្ធផល​ខ្ញុំ​អាច​ផ្ដាច់​បារី​បាន​»។

អ្វី​ដ៏​សំខាន់​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រៀម​ខ្លួន​សម្រាប់​ឧបសគ្គ​ដែល​អ្នក​ប្រហែល​ជា​នឹង​ជួប​ប្រទះ។ តើ​ឧបសគ្គ​ទាំង​នោះ​ជា​អ្វី? អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​រឿង​នេះ។

[ប្រអប់]

តើ​អ្នក​គួរ​ប្រើ​ថ្នាំ​ជំនួយ​ដើម្បី​ផ្ដាច់​បារី​ទេ?

មនុស្ស​ជា​ច្រើន​ប្រើ​ថ្នាំ​ជំនួយ​ដើម្បី​ផ្ដាច់​បារី​ដូច​ជា ថ្នាំ​នីកូទីន​ប្រភេទ​បិទ​លើ​ស្បែក​ជា​ដើម។ មុន​អ្នក​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ជំនួយ សូម​ពិចារណា​សំណួរ​ខាង​ក្រោម​នេះ​៖

តើ​វា​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ? ការ​ព្យាបាល​ជា​ច្រើន​បាន​បង្ហាញ​ថា វា​អាច​ជួយ​កាត់​បន្ថយ​ចំណង់​នៃ​ការ​ជក់​បាន។ ប៉ុន្តែ នៅ​តែ​មាន​ការ​ជជែក​វែក​ញែក​ខ្លះ​ស្ដី​ពី​ផល​ប៉ះ​ពាល់​ដែល​អាច​មាន​នៅ​ថ្ងៃ​អនាគត។

តើ​អាច​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ? ថ្នាំ​ខ្លះ​អាច​មាន​ផល​ប៉ះ​ពាល់​ដូច​ជា​៖ក្អួត​ចង្អោរ មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ការ​ចង់​សម្លាប់​ខ្លួន​ជា​ដើម។ សូម​ចាំ​ថា ការ​ប្រើ​ថ្នាំ​ជំនួយ​ដើម្បី​ផ្ដាច់​បារី គឺ​គ្រាន់​តែ​ជា​វិធី​ផ្សេង​ប៉ុណ្ណោះ ក្នុង​ការ​ស្រូប​យក​ជាតិ​នីកូទីន​ចូល​ក្នុង​រាង​កាយ។ ដូច្នេះ បុគ្គល​ដែល​ប្រើ​ថ្នាំ​ទាំង​នេះ​នៅ​តែ​ញៀន។

តើ​មាន​វិធី​ផ្សេង​ដើម្បី​ជួយ​ឲ្យ​ផ្ដាច់​បារី​ទេ? យោង​តាម​ការ​ស្ទង់​មតិ​មួយ ៨៨%អ្នក​ដែល​បាន​ផ្ដាច់​បារី​ដោយ​ជោគ​ជ័យ ពួក​គេ​បាន​និយាយ​ថា ពួក​គេ​អាច​ផ្ដាច់​បារី​បាន​យ៉ាង​លឿន​ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​ថ្នាំ​នោះ​ទេ។