មិត្តក្លែងក្លាយ
មិត្តក្លែងក្លាយ
អ្នកមាន«មិត្តភក្តិ»ដែលអ្នកបានស្គាល់នៅវ័យជំទង់។ គាត់ធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ និងហាក់ដូចជាជួយអ្នកឲ្យចុះសម្រុងជាមួយនឹងមិត្តស្រករគ្នា។ ពេលដែលអ្នកតានតឹងចិត្ត អ្នកអាចទៅរកគាត់ដើម្បី«បន្ធូរអារម្មណ៍»។ តាមពិត អ្នកពឹងផ្អែកលើគាត់ក្នុងស្ថានភាពជាច្រើន។
ប៉ុន្តែ ក្រោយមកអ្នកបានឃើញគុណវិបត្តិរបស់គាត់។ នៅកន្លែងខ្លះគាត់រំខានអ្នក និងទាមទារឲ្យអ្នកនៅជាមួយគាត់គ្រប់ពេលវេលា។ នៅពេលដំណាលគ្នាដែលគាត់ធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំជាង គាត់ក៏ធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយដែរ។ នៅទីបំផុត គាត់បានលួចលុយខ្លះរបស់អ្នក។
នៅពេលថ្មីៗនេះ អ្នកខំព្យាយាមផ្ដាច់ទំនាក់ទំនងជាមួយគាត់ ប៉ុន្តែគាត់មិនព្រមទេ។ គាត់បានក្លាយជាម្ចាស់របស់អ្នក ហើយអ្នកស្ដាយក្រោយដែលបានស្គាល់គាត់។
អ្នកជក់បារីជាច្រើនមានមានទំនាក់ទំនងបែបនេះជាមួយបារី។ ស្ត្រីម្នាក់ឈ្មោះអឺលីន ដែលបានជក់បារីអស់៥០ឆ្នាំ បានរៀបរាប់ថា៖«បារីអាចជួយខ្ញុំបានច្រើនជាងមនុស្សដែលនៅជុំវិញខ្ញុំទៅទៀត។ វាមិនគ្រាន់តែជាមិត្តដែលស្គាល់គ្នាយូរឆ្នាំប៉ុណ្ណោះទេ តែពេលខ្លះវាជាមិត្តតែម្នាក់គត់ដែលខ្ញុំមាន»។ ក្រោយមកបងអឺលីនបានដឹងថា បារីគឺជាមិត្តក្លែងក្លាយនិងអាចនាំឲ្យមានគ្រោះថ្នាក់ដល់គាត់។ តាមពិតពាក្យផ្ដើមខាងលើបានត្រូវសរសេររៀបរាប់អំពីគាត់។ ពេលដែលគាត់រៀនថាព្រះមិនពេញចិត្តនឹងការជក់បារី ដោយសារវាបង្ខូចរូបកាយដែលព្រះបានផ្ដល់ឲ្យ នោះគាត់បានចិត្តសម្រេចឈប់ជក់បារី។—កូរិនថូសទី២ ៧:១
បុរសម្នាក់ឈ្មោះហ្វ្រេង ក៏បានសម្រេចចិត្តឈប់ជក់បារីដើម្បីធ្វើឲ្យព្រះពេញចិត្តដែរ។ ប៉ុន្តែ ពីរថ្ងៃបន្ទាប់ពីគាត់ផ្ដាច់បារី គាត់បានវារពេញផ្ទះដើម្បីរកកន្ទុយបារីចាស់ៗដែលធ្លាក់នៅលើឥដ្ឋការ៉ូយកមកជក់។ បងហ្វ្រេងបាននិយាយថា៖«នេះជាពេលដែលខ្ញុំត្រូវធ្វើការសម្រេចចិត្ត»។ គាត់ក៏បាននិយាយទៀតថា៖«ពេលខ្ញុំឃើញខ្លួនឯងវារដើម្បីស្វែងរកកន្ទុយបារីចាស់ៗដូច្នេះ នេះធ្វើឲ្យខ្ញុំខ្ពើមរអើមខ្លួនឯងណាស់។ ចាប់ពីពេលនោះមក ខ្ញុំប្ដេជ្ញាលែងជក់បារីទៀត»។
ហេតុអ្វីបានជាពិបាកផ្ដាច់បារីម្ល៉េះ? អ្នកស្រាវជ្រាវបានរកឃើញមូលហេតុមួយចំនួនដូចជា៖ (១) ផលិតផលដែលធ្វើពីថ្នាំជក់អាចធ្វើឲ្យញៀនដូចថ្នាំញៀនខុសច្បាប់ដ៏ទៃទៀតដែរ។ (២) ជាមធ្យមជាតិនីកូទីនជ្រាបចូលខួរក្បាលក្នុងរយៈពេលត្រឹមតែ៧វិនាទីប៉ុណ្ណោះ។ (៣) ការជក់បារីបានក្លាយទៅជាទម្លាប់ និងជាផ្នែកមួយនៃសកម្មភាពក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។
ដូច្នេះ ដូចបទពិសោធន៍របស់បងហ្វ្រេងនិងបងអឺលីន អ្នកអាចផ្ដាច់បារីដែលនាំផលអាក្រក់ដល់អ្នកបាន។ បើអ្នកកំពុងជក់បារី ប៉ុន្តែចង់ផ្ដាច់វា អត្ថបទបន្តបន្ទាប់អាចជួយអ្នកឲ្យចាប់ផ្ដើមរបៀបរស់នៅថ្មី។