តើអ្នកដឹងអ្វីខ្លះអំពីអាបធ្មប់?
តើអ្នកដឹងអ្វីខ្លះអំពីអាបធ្មប់?
អាបធ្មប់! តើពាក្យនេះធ្វើឲ្យអ្នកនឹកគិតដល់អ្វីខ្លះ?
ចំពោះមនុស្សជាច្រើននាក់ នេះជាអបីយជំនឿឬក៏រឿងព្រេង មិនមែនជារឿងដែលគួរនឹងចាត់ទុកជារឿងពិតប្រាកដទេ។ ចំពោះពួកគេ អាបធ្មប់គឺជាអ្វីដែលប្រឌិតឡើងតាមការគិតស្មានប៉ុណ្ណោះ ដូចជារឿងអំពីពួកគ្រូអាបដែលស្លៀកពាក់អាវវែងគ្របក្បាល និងដាក់ស្លាបប្រជៀវក្នុងថ្លាងដែកមួយដែលមានពពុះរហូត ដែលធ្វើឲ្យមនុស្សទៅជាកង្កែប និងហោះហើរកាត់មេឃពេលយប់ អង្គុយលើដងអំបោសហើយគេកំពុងតែសើចយ៉ាងសាហាវ។
ចំពោះអ្នកឯទៀត អាបធ្មប់មិនមែនជារឿងលេងសើចទេ។ អ្នកស្រាវជ្រាវខ្លះថា ច្រើនជាងពាក់កណ្ដាលចំនួនមនុស្សក្នុងពិភពលោកមានជំនឿថា គ្រូអាបធ្មប់គឺមានពិតប្រាកដ ហើយក៏អាចមានឥទ្ធិពលទៅលើជីវិតរបស់អ្នកដទៃ។ មនុស្សរាប់លាននាក់ជឿថា អាបធ្មប់គឺអាក្រក់ ប្រកបដោយគ្រោះថ្នាក់ ហើយគួរខ្លាចណាស់។ ជាឧទាហរណ៍ សៀវភៅមួយអំពីសាសនាអាហ្វ្រិកមានចែងថា៖ «ជំនឿទៅលើមុខនាទីនិងគ្រោះថ្នាក់នៃមន្តអាគម អាបធ្មប់គឺពាក់ព័ន្ធជាប់ជិតស្និទ្ធក្នុងជីវភាពអាហ្វ្រិក។ . . . គ្រូអាបធ្មប់គឺជាមនុស្សដែលត្រូវស្អប់ជាងគេនៅក្នុងសហគមន៍របស់គេ។ រហូតមកដល់សព្វថ្ងៃនេះ នៅពេលខ្លះនិងនៅកន្លែងខ្លះ ពួកគ្រូអាបធ្មប់ត្រូវបានមនុស្សឯទៀតវាយសម្លាប់ចោល»។
ក៏ប៉ុន្តែ នៅបស្ចិមប្រទេស អាបធ្មប់បានទទួលនូវការគោរពជាថ្មីវិញ។ សៀវភៅ ទូរទស្សន៍ និងកុនបានជួយជាច្រើនក្នុងការកាត់បន្ថយការខ្លាចចំពោះអាបធ្មប់។ អ្នកវិភាគគ្រឿងកំសាន្តម្នាក់ឈ្មោះ ដាវិដ ដេវិស បានទស្សនាឃើញថា៖ «ក្នុងមួយរំពេចនោះ គ្រូអាបបានប្រែទៅជាក្មេងជាងហើយស្អាតជាង ច្បាស់ជាស្អាតជាងមែន។ ទីក្រុងហូលីវូតគឺពូកែខាងការទទួលស្គាល់និន្នាការ។ . . . ដោយមានការបង្ហាញទៅជាគ្រូអាបគឺស្អាតជាងហើយគួរឲ្យស្រឡាញ់ជាង នោះគេអាចទាក់ទាញចិត្តឲ្យមានទស្សនិកជនច្រើនជាង រួមបញ្ចូលពួកស្ត្រីនិងក្មេងៗ»។ ទីក្រុងហូលីវូតចេះបំរែបំរួលនិន្នាការណាឲ្យទៅជាផ្លូវទទួលចំណេញ។
អ្នកខ្លះនិយាយថាអាបធ្មប់បានទៅជាចលនាសាសនាមួយដែលកំពុងតែលូតលាស់លឿនជាងគេនៅសហរដ្ឋអាមេរិក។ ទូទាំងប្រទេសរីកចំរើន មនុស្សកាន់តែច្រើនដែលត្រូវជំរុញទឹកចិត្តដោយចលនាខាងសិទ្ធិស្ត្រី និងដោយព្រោះគេស្រងាកចិត្តយ៉ាងខ្លាំងនឹងសាសនាចំបងៗ នោះគេស្វែងរកសេចក្ដីពេញចិត្តខាងវិញ្ញាណតាមរយៈអាបធ្មប់ប្រភេទផ្សេងៗ។ តាមការពិត ប្រភេទនៃអាបធ្មប់គឺមានច្រើនដល់ម្ល៉េះដែលមនុស្សក៏មិនយល់ព្រមនឹងពាក្យ«គ្រូអាបធ្មប់»ទៀតទេ។ ក៏ប៉ុន្តែ អ្នកដែលអះអាងថាខ្លួនជាគ្រូអាបធ្មប់ច្រើនតែប្រកាសថាខ្លួនកាន់សាសនាវិកា ដែលត្រូវបកស្រាយក្នុងវចនានុក្រមមួយជា«ពាហិរសាសនាថ្វាយបង្គំធម្មជាតិ ដែលមានដើមកំណើតនៅទ្វីបអឺរ៉ុបខាងលិចមុនគ្រីស្ទសាសនា ហើយកំពុងតែពិសោធការនិយមឡើងវិញក្នុងកំឡុងសតវត្សទី២០»។ * ជាលទ្ធផល មនុស្សជាច្រើននាក់ក៏ប្រកាសថាខ្លួនជាពាហិរជនឬក៏ពាហិរជនសម័យថ្មី។
ទូទាំងប្រវត្ដិសាស្ត្រ គ្រូអាបធ្មប់បានត្រូវស្អប់ បៀតបៀន ដាក់ទារុណកម្ម សូម្បីតែត្រូវសម្លាប់យ៉ាងឃោរឃៅទៀតផង។ អ៊ីចឹងហើយដែលអ្នកសម័យនេះជាអ្នកប្រកបមុខវិជ្ជាអាបធ្មប់ យកចិត្តទុកដាក់ខំបង្កើតកិត្ដិស័ព្ទល្អ។ ក្នុងការស្រាវជ្រាវមួយ គ្រូអាបធ្មប់ជាច្រើននាក់ត្រូវសួរអំពីសារណាដែលពួកគេចង់ឲ្យសាធារណជនដឹងឮជាងគេ។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះម៉ាកូ អាដលឺ បានសង្ខេបចម្លើយរបស់ពួកគេថា៖ «យើងមិនមែនមនុស្សអាក្រក់ទេ។ យើងមិនថ្វាយបង្គំអារក្សទេ។ យើងមិនធ្វើទុក្ខឬក៏ប្រលោមចិត្តមនុស្សទេ។ យើងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ទេ។ យើងគឺមនុស្សធម្មតាដូចអ្នកដែរ។ យើងមានគ្រួសារ ការងារ សេចក្ដីសង្ឃឹម និងមនោគតិ។ យើងមិនមែនជានិកាយដែលខុសគេទេ។ យើងមិនមែនប្លែកទេ។ . . . អ្នកមិនចាំបាច់ខ្លាចយើងទេ។ . . . ខុសពីអ្វីដែលអ្នកគិតទៅហើយនោះ យើងគឺស្រដៀងគ្នានឹងអ្នក»។
សារនេះត្រូវគេព្រមទទួលកាន់តែច្រើន។ ក៏ប៉ុន្តែ តើនេះមានន័យថាគ្មានហេតុឲ្យខ្វល់ខ្វាយអំពីអាបធ្មប់ទេឬ? ចូរឲ្យយើងពិចារណាសំនួរនេះក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
^ ពាក្យអង់គ្លេស«អាបធ្មប់»មកពីពាក្យអង់គ្លេសសម័យដើម «វិកេ»និង«វិកា» ដែលសំដៅទៅអ្នកប្រកបមុខវិជ្ជានេះជាប្រុសនិងស្រី។