ចូរយកព្រះយេហូវ៉ាជាទីទុកចិត្ដរបស់អ្នក
ចូរយកព្រះយេហូវ៉ាជាទីទុកចិត្តរបស់អ្នក
«ឱព្រះអម្ចាស់យេហូវ៉ាអើយ! ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក»។—ទំនុកដំកើង ៧១:៥
១. តើដាវីឌដែលជាអ្នកគង្វាលនោះ បានប្រឈមមុខនឹងអ្វី?
បុរសនោះមានកំពស់ជិត៣ម៉ែត្រ។ គ្មានអ្វីចំឡែកទេដែលពួកទាហានសាសន៍អ៊ីស្រាអែលខ្លាចមិនហ៊ានតទល់នឹងគាត់! រាល់ព្រឹកនិងរាល់ល្ងាចអស់ជាច្រើនអាទិត្យ បុរសសាសន៍ភីលីស្ទីនម្នាក់នោះឈ្មោះកូលីយ៉ាតដែលមានមាឌធំដូចយក្សក៏ចេញមកចំអកឲ្យពលទ័ពសាសន៍អ៊ីស្រាអែល ដោយបបួលឲ្យពួកគេចាត់វីរបុរសម្នាក់មកច្បាំងនឹងគាត់តតួ។ ទីបំផុត មានម្នាក់ព្រមទៅច្បាំងនឹងគាត់មែន តែមិនមែនជាទាហានទេ គឺជាយុវជនម្នាក់វិញ។ ដាវីឌដែលជាអ្នកគង្វាលនោះ មើលទៅឃើញតូចណាស់បើប្រៀបនឹងគូប្រជែងរបស់គាត់។ ការពិត ដាវីឌប្រហែលជាមានទម្ងន់ស្រាលជាងគ្រឿងសស្ដ្រាវុធរបស់កូលីយ៉ាតទៅទៀត! យ៉ាងណាក៏ដោយ យុវជននេះបានច្បាំងតតួនឹងមនុស្សធំសម្បើមនោះ ហើយក៏បានក្លាយជាអ្នកល្បីខាងចិត្តក្លាហាន។—សាំយូអែលទី១ ១៧:១-៥១
២, ៣. (ក) ហេតុអ្វីបានជាដាវីឌហ៊ានច្បាំងតទល់នឹងកូលីយ៉ាតដោយមានទំនុកចិត្តទាំងស្រុង? (ខ) ដើម្បីយកព្រះយេហូវ៉ាជាទីទុកចិត្តរបស់យើង តើយើងនឹងពិចារណាជំហានពីរអ្វី?
២ តើអ្វីបានធ្វើឲ្យដាវីឌមានចិត្តក្លាហានដូច្នេះ? សូមពិចារណានូវបន្ទូលខ្លះដែលទំនងជាត្រូវបានសរសេរដោយដាវីឌយូរឆ្នាំក្រោយមក។ បន្ទូលនោះថា៖«ឱព្រះអម្ចាស់យេហូវ៉ាអើយ! ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក»។ (ទំនុកដំកើង ៧១:៥) ពិតណាស់ ពេលដាវីឌជាយុវជន ទ្រង់ទុកចិត្តព្រះយេហូវ៉ាទាំងស្រុង។ ទ្រង់បានតទល់នឹងកូលីយ៉ាតដោយពោលថា៖«ឯងបានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ»។ (សាំយូអែលទី១ ១៧:៤៥) កូលីយ៉ាតបានទុកចិត្តទៅលើកម្លាំងដ៏ខ្លាំងក្លានិងសស្ដ្រាវុធរបស់ខ្លួន រីឯដាវីឌវិញ ទ្រង់បានទុកចិត្តទៅលើព្រះយេហូវ៉ា។ ដោយមានព្រះអម្ចាស់មហាក្សត្រជាអ្នកគាំទ្រ ដាវីឌមិនគួរខ្លាចអ្វីសោះពីមនុស្សជាតិម្នាក់នេះទេ មិនថាអ្នកនោះធំនិងមានអាវុធច្រើនយ៉ាងណាក៏ដោយ មែនទេ?
៣ នៅពេលអ្នកអានអំពីដាវីឌ តើអ្នកប្រាថ្នាចង់មានទំនុកចិត្តច្រើន
ជាងទៅលើព្រះយេហូវ៉ាឬទេ? យើងជាច្រើននាក់ទំនងជាមានចំណង់ចិត្តដូច្នេះមែន។ ហេតុនេះ សូមពិចារណាជំហានពីរយ៉ាង ដែលអាចធ្វើដើម្បីយកព្រះយេហូវ៉ាជាទីទុកចិត្តរបស់យើង។ ទីមួយ យើងត្រូវតែយកឈ្នះទាល់តែបាននូវបញ្ហាមួយដែលរារាំងការទុកចិត្ត។ ទីពីរ យើងត្រូវតែរៀនដឹងឲ្យបានច្បាស់ថា ការទុកចិត្តលើព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ។ការឈ្នះឧបសគ្គមួយដែលរារាំងទំនុកចិត្តរបស់មនុស្ស ជាច្រើនលើព្រះយេហូវ៉ា
៤, ៥. ហេតុអ្វីបានជាមនុស្សជាច្រើនពិបាកទុកចិត្តទៅលើព្រះ?
៤ តើអ្វីដែលរារាំងមនុស្សមិនឲ្យយកព្រះជាទីទុកចិត្តនោះ? មនុស្សច្រើនណាស់យល់ច្រឡំអំពីមូលហេតុដែលអំពើអាក្រក់កើតឡើង។ ពួកគេជាច្រើនត្រូវបង្រៀនថា ព្រះបណ្ដាលឲ្យមនុស្សរងការឈឺចាប់។ នៅពេលកើតហេតុគួរឲ្យខ្លោចផ្សានោះ ពួកបព្វជិតប្រហែលជានិយាយថា ព្រះ«យក»ជនរងគ្រោះឲ្យទៅនៅជាមួយទ្រង់នៅស្ថានសួគ៌។ ម្យ៉ាងទៀត អ្នកដឹកនាំសាសនាបង្រៀនថា រឿងខ្លោចផ្សានិងអំពើអាក្រក់ទាំងអស់ដែលកើតឡើងក្នុងលោកីយ៍នេះ សុទ្ធតែជារឿងដែលព្រះបានកំណត់ទុកជាមុនតាំងពីយូរមកហើយ។ ព្រះមួយអង្គដែលហាក់ដូចជាគ្មានចិត្តមេត្ដាដូច្នេះ គឺពិបាកទុកចិត្តណាស់។ សាតាំងជាអ្នកបង្អាប់ដល់គំនិតរបស់អ្នកមិនជឿ ដោយចង់តែធ្វើឲ្យមនុស្សជឿទៅលើរឿងបែបនេះ ដែលជា«សេចក្ដីបង្រៀនរបស់ពួកអារក្ស»។—ធីម៉ូថេទី១ ៤:១; កូរិនថូសទី២ ៤:៤
៥ សាតាំងចង់ឲ្យមនុស្សលែងទុកចិត្តទៅលើព្រះយេហូវ៉ា។ ជាសត្រូវរបស់ព្រះវាមិនចង់ឲ្យយើងដឹងនូវមូលហេតុពិតប្រាកដដែលមនុស្សរងការឈឺចាប់នោះទេ។ ហើយបើយើងបានរៀនពីព្រះគម្ពីររួចហើយអំពីមូលហេតុដែលមានការឈឺចាប់នោះ វាចង់ឲ្យយើងភ្លេចនូវសេចក្ដីបង្រៀននោះវិញ។ ដូច្នេះ ម្ដងម្កាល ជាការល្អបើយើងមើលសាឡើងវិញនូវមូលហេតុបីយ៉ាងដែលបណ្ដាលឲ្យមានការឈឺចាប់ក្នុងលោកីយ៍។ បើធ្វើដូច្នេះ យើងអាចធ្វើឲ្យចិត្តយើងមានទំនុកចិត្តថា ការលំបាកដែលយើងជួបក្នុងជីវិតមិនមែនមកពីព្រះយេហូវ៉ាទេ។—ភីលីព ១:៩, ១០
៦. ពេត្រុសទី១ ៥:៨ បញ្ជាក់ពីហេតុធំមួយដែលមនុស្សជាតិឈឺចាប់ តើហេតុនោះជាអ្វី?
៦ មូលហេតុមួយដែលមនុស្សរងការឈឺចាប់ គឺដោយសារសាតាំងចង់ធ្វើឲ្យរាស្ត្រស្មោះត្រង់របស់ព្រះយេហូវ៉ាលែងមានចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះទ្រង់។ វាបានព្យាយាមធ្វើឲ្យយ៉ូបលែងមានចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះ។ នៅពេលនោះសាតាំងបានបរាជ័យ តែវាមិនឈប់ព្យាយាមទេ។ ដោយសារវាជាព្រះរបស់លោកីយ៍នេះ វារកវិធីដើម្បី«ត្របាក់លេប»អ្នកបំរើរបស់ព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៨) នេះក៏រួមបញ្ចូលយើងម្នាក់ៗដែរ! សាតាំងចង់បញ្ឈប់យើងពីការបំរើព្រះយេហូវ៉ា។ ហេតុនេះវាញុះញង់ឲ្យមនុស្សបៀតបៀនយើង។ ទោះជាការបៀតបៀននេះបណ្ដាលឲ្យឈឺចាប់ក៏ដោយ តែមានហេតុល្អដែលយើងគួរស៊ូទ្រាំ។ បើស៊ូទ្រាំ យើងជួយបង្ហាញថា សាតាំងជាអ្នកភូតភរ ហើយយើងធ្វើឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យរីករាយ។ (យ៉ូប ២:៤; សុភាសិត ២៧:១១) ពេលព្រះយេហូវ៉ាពង្រឹងកម្លាំងរបស់យើងដើម្បីស៊ូទ្រាំនឹងការបៀតបៀន នេះធ្វើឲ្យយើងមានទំនុកចិត្តរឹតតែច្រើនទៅលើទ្រង់។—ទំនុកដំកើង ៩:៩, ១០
៧. តើកាឡាទី ៦:៧ ជួយយើងយល់នូវមូលហេតុអ្វីទៀតដែលបណ្ដាលឲ្យមានការឈឺចាប់?
៧ មូលហេតុទីពីរដែលយើងឈឺចាប់ ត្រូវបកស្រាយតាមរយៈគោលការណ៍មួយថា៖«ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ (កាឡាទី ៦:៧) ជួនកាលមនុស្សព្រោះ ដោយធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ ហើយគេក៏ច្រូតបានការឈឺចាប់ខ្លះៗមកវិញ។ ប្រហែលជាពួកគេសម្រេចចិត្តបើកបរយ៉ាងធ្វេសប្រហែសមិនប្រុងប្រយ័ត្ន រួចមកមានគ្រោះថ្នាក់។ មនុស្សជាច្រើនសម្រេចចិត្តជក់បារី រួចមកកើតជំងឺបេះដូងឬមហារីកសួត។ អ្នកដែលសម្រេចចិត្តធ្វើអំពើអសីលធម៌អាចទទួលការឈឺចាប់ដោយសារខ្លួនបង្ខូចនូវចំណងមេត្រីក្នុងក្រុមគ្រួសារ ឬលែងឲ្យតម្លៃខ្លួនទៀត ឆ្លងជំងឺកាមរោគ និងមានផ្ទៃពោះដែលមិនចង់បានជាដើម។ មនុស្សប្រហែលជាចង់បន្ទោសព្រះចំពោះការឈឺចាប់បែបនេះ ប៉ុន្តែ ការពិត ពួកគេរងគ្រោះដោយសារការសម្រេចចិត្តមិនល្អរបស់ខ្លួន។—សុភាសិត ១៩:៣
៨. យោងទៅតាមសាស្ដា ៩:១១ ហេតុអ្វីបានជាមនុស្សរងការឈឺចាប់?
៨ មូលហេតុទីបីដែលមនុស្សរងការឈឺចាប់ ត្រូវបកស្រាយនៅសាស្ដា ៩:១១ ថា៖«យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំប៉័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្ដិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ[ឬ«គ្រានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុននោះ», ព.ថ.]»។ ជួនកាល មនុស្សម្នាក់អាចនៅតំបន់កើតហេតុដោយចៃដន្យ។ មិនថាយើងមានកម្លាំងប៉ុនណាឬទន់ខ្សោយប៉ុនណាក៏ដោយ យើងអាចជួបនឹងការឈឺចាប់ឬសេចក្ដីស្លាប់នៅពេលណាមួយ ដោយមិនដឹងទុកជាមុន។ ជា ឧទាហរណ៍ នៅសម័យព្រះយេស៊ូ ទ្រង់រៀបរាប់អំពីប៉មមួយនៅទីក្រុងយេរូសាឡិមដែលបានរលំកិនសម្លាប់មនុស្ស១៨នាក់។ ព្រះយេស៊ូបានបញ្ជាក់ថា នេះមិនមែនដោយសារព្រះដាក់ទោសពួកគេចំពោះបាបដែលបានធ្វើពីមុននោះទេ។ (លូកា ១៣:៤) គឺមិនមែនទេ! ការឈឺចាប់បែបនេះមិនមកពីព្រះយេហូវ៉ាទេ។
៩. ស្តីអំពីការឈឺចាប់ តើមនុស្សមិនយល់អ្វី?
៩ ការយល់ដឹងពីមូលហេតុខ្លះៗដែលមនុស្សរងការឈឺចាប់ គឺសំខាន់ណាស់។ ក៏ប៉ុន្តែ រឿងនេះមានផ្នែកមួយទៀតដែលមនុស្សជាច្រើនពិបាកយល់។ មូលហេតុនោះគឺ: ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សរងការឈឺចាប់?
ហេតុអ្វីបានជាព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សរងការឈឺចាប់?
១០, ១១. (ក) យោងទៅតាមរ៉ូម ៨:១៩-២២ តើអ្វីបានកើតឡើងដល់«ជីវិតទាំងឡាយ»? (ខ) តើយើងអាចវែកញែកយ៉ាងដូចម្ដេចដើម្បីឲ្យយល់ថា អ្នកណាជាអ្នកធ្វើឲ្យជីវិតទាំងឡាយចុះចូលនឹងសេចក្ដីឥតប្រយោជន៍?
១០ វគ្គខ្លះៗក្នុងសំបុត្ររបស់សាវ័កប៉ុលទៅកាន់បងប្អូននៅទីក្រុងរ៉ូម ជួយបំភ្លឺឲ្យយល់រឿងសំខាន់នេះ។ ប៉ុលបានសរសេរថា៖«សេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ។ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា[ឬ«ដោយចង់ផ្ដល់ឲ្យសេចក្ដីសង្ឃឹមដល់», ព.ថ.] ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ។ ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ»។—រ៉ូម ៨:១៩-២២
១១ ដើម្បីយល់ចំណុចសំខាន់នៃខទាំងនេះ មុនដំបូងយើងត្រូវឆ្លើយសំនួរសំខាន់ខ្លះៗជាមុនសិន។ ជាឧទាហរណ៍ តើអ្នកណាបានធ្វើឲ្យជីវិតទាំងឡាយចុះចូលនឹងសេចក្ដីឥតប្រយោជន៍? ដូចសាវ័កប៉ុលបានមានប្រសាសន៍នោះ ព្រះបានធ្វើដូច្នេះ«ដោយចង់ផ្ដល់ឲ្យសេចក្ដីសង្ឃឹម»។ ពិតណាស់ ព្រះផ្ដល់សេចក្ដីសង្ឃឹមថា នៅទីបំផុតអ្នកស្មោះត្រង់នឹងត្រូវ«រួចពីចំណងនៃសេចក្ដីពុករលួយ»។ *
១២. តើមនុស្សបានយល់ច្រឡំយ៉ាងណា ស្តីអំពី«ជីវិតទាំងឡាយ»? ហើយតើយើងអាចសម្គាល់«ជីវិតទាំងឡាយ»បានយ៉ាងដូចម្ដេច?
១២ ប៉ុន្តែ ក្នុងវគ្គនេះ តើ«ជីវិតទាំងឡាយ»សំដៅលើអ្វី? មនុស្សខ្លះថា«ជីវិតទាំងឡាយ»សំដៅលើអ្វីៗទាំងអស់ក្នុងធម្មជាតិ រួមទាំងសត្វនិងរុក្ខជាតិផង។ ប៉ុន្តែ តើសត្វនិងរុក្ខជាតិមានសេចក្ដីសង្ឃឹមទទួល«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»បានឬទេ? អត់ទេ! (ពេត្រុសទី២ ២:១២) ដូច្នេះ «ជីវិតទាំងឡាយ»គ្រាន់តែអាចសំដៅលើមនុស្សជាតិតែប៉ុណ្ណោះ។ នេះជាជីវិតដែលទទួលអានុភាពពីបាបនិងសេចក្ដីស្លាប់ដែលមកពីការបះបោរប្រឆាំងក្នុងសួនច្បារអេដែន ហើយជីវិតនេះគឺត្រូវការនូវសេចក្ដីសង្ឃឹមមួយយ៉ាងខ្លាំងណាស់។—រ៉ូម ៥:១២
១៣. តើការបះបោរប្រឆាំងនៅក្នុងសួនច្បារអេដែនជះឥទ្ធិពលយ៉ាងណាមកលើមនុស្សជាតិ?
១៣ បើនិយាយឲ្យចំទៅ តើការបះបោរប្រឆាំងនេះបាននាំអ្វីខ្លះមកដល់មនុស្សជាតិ? ប៉ុលពន្យល់នោះដោយប្រើពាក្យតែមួយម៉ាត់ថា គឺសេចក្ដីឥតប្រយោជន៍។ ឯកសារយោងមួយបញ្ជាក់ថា ពាក្យនេះសំដៅទៅលើ«ភាពឥតប្រយោជន៍នៃរបស់មួយដែលមិនមានដំណើរការតាមបំណងអ្នកគ្រោងបង្កើតវា»។ មនុស្សជាតិត្រូវបានបង្កើតឲ្យរស់ជារៀងរហូត ឲ្យធ្វើការជាមួយគ្នាជាក្រុមគ្រួសារមួយដ៏គ្រប់ល័ក្ខណ៍ និងមានសាមគ្គីភាពក្នុងការថែរក្សាផែនដីមនោរម្យ។ ផ្ទុយទៅវិញ ពួកគេមានជីវិតដ៏ខ្លី មានការឈឺចាប់ និងធ្វើឲ្យមួមៅចិត្តផង។ ដូចយ៉ូបបាននិយាយនោះ៖«មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (យ៉ូប ១៤:១) ពិតជាឥតប្រយោជន៍មែន!
១៤, ១៥. (ក) តើមានភស្តុតាងអ្វីដែលបង្ហាញថា ទោសដែលព្រះយេហូវ៉ាបានកាត់ក្ដីដល់មនុស្សជាតិប្រកបដោយយុត្ដិធម៌? (ខ) ហេតុអ្វីបានជាប៉ុលនិយាយថា ជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ មិនមែន«ដោយស្ម័គ្រចិត្ត»ទេ?
១៤ ឥឡូវយើងគួរសួរសំនួរសំខាន់បំផុតថា: ហេតុអ្វីបានជា«ចៅក្រមនៃផែនដីទាំងមូល»ធ្វើឲ្យមនុស្សជាតិចុះចូលមានជីវិតមួយដ៏ឈឺចាប់ហើយបណ្ដាលឲ្យមួមៅចិត្តដូច្នេះ? (លោកុប្បត្តិ ១៨:២៥) តើទ្រង់បង្ហាញភាពយុត្ដិធម៌ដោយធ្វើដូច្នេះឬ? សូមនឹកចាំពីអ្វីដែលមាតាបិតាដំបូងរបស់យើងបានធ្វើ។ នៅពេលពួកគេបះបោរប្រឆាំងនឹងព្រះនោះ ពួកគេចូលគាំទ្រខាងសាតាំង ដែលបានចោទប្រកាន់ទៅលើរបៀបព្រះយេហូវ៉ាប្រើអធិបតេយ្យរបស់ទ្រង់។ តាមរយៈការប្រព្រឹត្តរបស់ឪពុកម្ដាយដំបូង ពួកគេបានគាំទ្រការអះអាងដែលថា មនុស្សនឹង ទទួលផលប្រយោជន៍ច្រើនជាងបើគេគ្រប់គ្រងខ្លួនឯងដោយមិនចាំបាច់មានព្រះយេហូវ៉ា ហើយនៅក្រោមការណែនាំរបស់ទេវតាមួយរូបដែលបានបះបោរវិញ។ នៅពេលព្រះយេហូវ៉ាកាត់ទោសជនបះបោរទាំងនេះ ទ្រង់បានផ្ដល់នូវអ្វីដែលពួកគេចង់បាន គឺទ្រង់ឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯងនៅក្រោមអានុភាពរបស់សាតាំង។ នៅក្នុងសភាពការណ៍បែបនេះ គ្មានការសម្រេចចិត្តណាផ្សេងទៀតដែលប្រកបទៅដោយយុត្ដិធម៌ខ្ពង់ខ្ពស់ជាងការធ្វើឲ្យមនុស្សចុះចូលនឹងសេចក្ដីឥតប្រយោជន៍នោះទេ តែដើម្បីជួយគេឲ្យមានសេចក្ដីសង្ឃឹមទៅថ្ងៃខាងមុខវិញ មែនទេ?
១៥ គឺច្បាស់ហើយដែលថា នេះមិនមែនដោយសារជីវិតទាំងឡាយចុះចូល«ស្ម័គ្រពីចិត្ត»នោះទេ។ តាំងពីកំណើតមក យើងនៅក្រោមអំណាចនៃអំពើបាបនិងសេចក្ដីពុករលួយ ដោយគ្មានការជ្រើសរើសទេ។ ប៉ុន្តែ ព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាឲ្យអ័ដាមនិងអេវ៉ារស់អស់អាយុ និងបង្កើតកូន។ ទោះយើងដែលជាកូនចៅរបស់ពួកគេ បានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍នៃបាបនិងសេចក្ដីស្លាប់ក៏ដោយ តែយើងមានឱកាសធ្វើអ្វីដែលអ័ដាមនិងអេវ៉ាមិនបានធ្វើនោះ។ យើងអាចស្ដាប់បង្គាប់ព្រះយេហូវ៉ានិងរៀនថា ការគ្រប់គ្រងរបស់ទ្រង់គឺសុចរិតនិងល្អបំផុត តែការគ្រប់គ្រងរបស់មនុស្សដោយមិនពឹងផ្អែកលើព្រះយេហូវ៉ា នាំឲ្យមានតែការឈឺចាប់ ការមួមៅចិត្ត និងភាពឥតប្រយោជន៍វិញ។ (យេរេមា ១០:២៣; វិវរណៈ ៤:១១) ហើយអានុភាពពីសាតាំងនាំឲ្យយើងរឹតតែមានការពិបាកទៀត។ តាមប្រវត្ដិសាស្ត្រមនុស្សបានបញ្ជាក់ឲ្យឃើញការពិតដូចនេះមែន។—សាស្ដា ៨:៩
១៦. (ក) ហេតុអ្វីយើងអាចប្រាកដថា ព្រះយេហូវ៉ាមិនមែនទទួលខុសត្រូវចំពោះការឈឺចាប់ដែលយើងឃើញសព្វថ្ងៃនេះ? (ខ) តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ដល់សេចក្ដីសង្ឃឹមអ្វីសំរាប់មនុស្សស្មោះត្រង់?
១៦ គឺច្បាស់ហើយ មូលហេតុដែលព្រះយេហូវ៉ាធ្វើឲ្យមនុស្សជាតិចុះចូលនឹងសេចក្ដីឥតប្រយោជន៍នោះគឺជាមូលហេតុប្រកបដោយយុត្ដិធម៌។ ប៉ុន្តែ តើនេះបានន័យថាសេចក្ដីឥតប្រយោជន៍និងការឈឺចាប់ដែលយើងទាំងអស់គ្នាមានសព្វថ្ងៃនេះ មកពីព្រះយេហូវ៉ាទេ? សូមគិតអំពីចៅក្រមម្នាក់ដែលកាត់ទោសជនល្មើសដោយយុត្ដិធម៌។ ជនល្មើសនេះប្រហែលជាត្រូវរងការឈឺចាប់ខ្លាំងណាស់ ពេលគាត់ទទួលទោស ប៉ុន្តែ តើគាត់អាចបន្ទោសថាចៅក្រមគឺជាមូលហេតុដែលធ្វើឲ្យគាត់មានការឈឺចាប់ឬទេ? មិនអាចបន្ទោសចៅក្រមទាល់តែសោះ! ម្យ៉ាងទៀត ព្រះយេហូវ៉ាមិនដែលបណ្ដាលឲ្យមានអំពើអាក្រក់ទេ។ យ៉ាកុប ១:១៣ ចែងថា៖«សេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ ចូរយើងនឹកចាំដែរថា ព្រះយេហូវ៉ាបានកាត់ទោសដូច្នេះ «ដោយចង់ផ្ដល់ឲ្យសេចក្ដីសង្ឃឹម»។ ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ដោយរៀបចំឲ្យកូនចៅដ៏ស្មោះភក្ដីរបស់អ័ដាមនិងអេវ៉ាមើលឃើញនូវទីបញ្ចប់នៃសេចក្ដីឥតប្រយោជន៍ និងរីករាយជាមួយ«សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»។ រហូតដល់ពេលអនន្ត មនុស្សជាតិស្មោះភក្ដីនឹងមិនចាំបាច់ខ្វល់ខ្វាយថា ជីវិតទាំងឡាយនឹងត្រូវរងការឈឺចាប់ដោយសេចក្ដីឥតប្រយោជន៍ម្ដងទៀតឡើយ។ របៀបដែលព្រះយេហូវ៉ាដោះស្រាយបញ្ហានេះដោយយុត្ដិធម៌នោះ នឹងបង្ហាញមួយដងជាការស្រេចថា ទ្រង់មានសិទ្ធិត្រឹមត្រូវជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុត។—អេសាយ ២៥:៨
១៧. តើការពិចារណាឡើងវិញនូវមូលហេតុដែលមានការឈឺចាប់ក្នុងលោកីយ៍សព្វថ្ងៃនេះ គួរមានអានុភាពលើយើងយ៉ាងដូចម្ដេច?
១៧ នៅពេលយើងមើលសាឡើងវិញនូវមូលហេតុទាំងនេះដែលបណ្ដាលឲ្យមនុស្សរងការឈឺចាប់ តើមានទីសំអាងដើម្បីបន្ទោសព្រះយេហូវ៉ាចំពោះអំពើទុច្ចរិតឬលែងទុកចិត្តនឹងទ្រង់ឬ? ផ្ទុយទៅវិញ ការសិក្សាបែបនេះផ្ដល់មូលហេតុឲ្យយើងយល់ស្របតាមពំនោលរបស់ម៉ូសេដែលថា៖ «ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌។ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៤) ចូរយើងពង្រឹងការយល់ដឹងរបស់យើងម្ដងម្កាល ដោយរំពឹងគិតអំពីរឿងទាំងនេះ។ តាមវិធីនេះ នៅពេលយើងប្រឈមមុខនឹងការល្បងល យើងក៏អាចទប់ទល់នឹងការព្យាយាមរបស់សាតាំងដែលចង់ធ្វើឲ្យយើងសង្ស័យវិញ។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះជំហានទីពីរដែលត្រូវរៀបរាប់នៅដើមអត្ថបទនេះ? តើការទុកចិត្តទៅលើព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ?
អ្វីដែលត្រូវរួមបញ្ចូលក្នុងការទុកចិត្តលើព្រះយេហូវ៉ា
១៨, ១៩. តើបន្ទូលអ្វីក្នុងព្រះគម្ពីរលើកទឹកចិត្តយើងឲ្យទុកចិត្តលើព្រះយេហូវ៉ា? ប៉ុន្តែ ស្តីអំពីរឿងនេះ តើមនុស្សខ្លះយល់ច្រឡំយ៉ាងណា?
១៨ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ! ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ! នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភាសិត ៣:៥, ៦) ពាក្យនេះពីរោះស្ដាប់ និងធ្វើឲ្យយើងមានទំនុកចិត្តមែន។ ប្រាកដជាគ្មានអ្នកណាក្នុងសកលលោកនេះដែលគួរឲ្យទុកចិត្តដូចព្រះវរបិតាដ៏ជាទីស្រឡាញ់របស់ យើងនៅស្ថានសួគ៌ទេ។ យ៉ាងណាក៏ដោយ ការអានពាក្យបន្ទូលនៅសុភាសិតនោះគឺស្រួលជាងការអនុវត្តតាម។
១៩ មនុស្សជាច្រើនយល់ច្រឡំអំពីអត្ថន័យនៃការទុកចិត្តទៅលើព្រះយេហូវ៉ា។ មនុស្សខ្លះគិតថា ការទុកចិត្តនេះគ្រាន់តែជាអារម្មណ៍សប្បាយមួយដែលគួរផុសឡើងជាស្វ័យប្រវត្ដិក្នុងចិត្តយើង។ អ្នកឯទៀតហាក់បីដូចជាជឿថា ការទុកចិត្តទៅលើព្រះបានន័យថា យើងអាចសង្ឃឹមថាទ្រង់នឹងការពារយើងពីការពិបាកសព្វបែបយ៉ាង នឹងដោះស្រាយរាល់បញ្ហារបស់យើង ហើយនឹងបំបាត់ភ្លាមៗនូវគ្រប់ការលំបាកដែលយើងជួបរាល់ថ្ងៃដូចចិត្តប៉ង។ ប៉ុន្តែ គំនិតបែបនេះគ្មានទីសំអាងទេ។ ទំនុកចិត្តមិនគ្រាន់តែជាអារម្មណ៍មួយ ហើយក៏មិននាំឲ្យសង្ឃឹមលើអ្វីដែលមិនមែនជាការពិតទេ។ សំរាប់មនុស្សពេញវ័យ ការទុកចិត្តរួមបញ្ចូលការត្រិះរិះពិចារណាធ្វើការសម្រេចចិត្តដោយចេតនារម្មណ៍។
២០, ២១. តើការទុកចិត្តទៅលើព្រះយេហូវ៉ារួមបញ្ចូលអ្វី? សូមឲ្យឧទាហរណ៍។
២០ សូមកត់សម្គាល់សុភាសិត ៣:៥ ម្ដងទៀត។ ខនោះបញ្ជាក់ភាពផ្ទុយគ្នារវាងការទុកចិត្តទៅលើព្រះយេហូវ៉ា និងការពឹងផ្អែកលើការយល់ដឹងរបស់ខ្លួន ហើយបង្កប់អត្ថន័យថា យើងមិនអាចធ្វើទាំងពីរបានឡើយ។ តើនេះបានសេចក្ដីថា ទ្រង់មិនអនុញ្ញាតឲ្យយើងប្រើសមត្ថភាពឆ្លុះយល់របស់ខ្លួនឬ? អត់ទេ! ដ្បិតព្រះយេហូវ៉ាដែលបានប្រទានសមត្ថភាពទាំងនេះមកយើង តម្រូវឲ្យយើងប្រើសមត្ថភាពនេះក្នុងការបំរើទ្រង់។ ប៉ុន្តែ តើយើងពឹងផ្អែកទៅលើអ្វី? បើគំនិតរបស់យើងគឺមិនស្របទៅតាមព្រះតំរិះរបស់ព្រះយេហូវ៉ា តើយើងព្រមទទួលស្គាល់ថា ប្រាជ្ញារបស់ទ្រង់គឺខ្ពង់ខ្ពស់ជាងប្រាជ្ញាយើងឆ្ងាយណាស់ឬទេ? (អេសាយ ៥៥:៨, ៩) ការទុកចិត្តទៅលើព្រះយេហូវ៉ាបានន័យថា យើងឲ្យព្រះតំរិះរបស់ទ្រង់ដឹកនាំគំនិតរបស់យើងវិញ។
២១ ជាឧទាហរណ៍: សូមគិតអំពីកូនតូចម្នាក់អង្គុយកៅអីខាងក្រោយក្នុងឡានមួយ ហើយឪពុកម្ដាយអង្គុយខាងមុខ។ ឪពុកកំពុងតែបើកបរ។ នៅពេលមានបញ្ហាក្នុងកាលធ្វើដំណើរ ដូចជាការច្រឡំផ្លូវ ឬមានបញ្ហាអាកាសធាតុឬសភាពផ្លូវជាដើម តើកូនដែលចេះស្ដាប់បង្គាប់ហើយទុកចិត្តនោះ គាត់នឹងធ្វើអ្វីទៅ? តើកូនស្រែកប្រាប់ឪពុកពីរបៀបបើកឡាននោះឬ? តើគាត់សង្ស័យទៅលើការសម្រេចចិត្តរបស់ឪពុកម្ដាយ ឬប្រកែកពេលពួកគាត់ប្រាប់ឲ្យអង្គុយស្ងៀមឬ? អត់ទេ! ជាការធម្មតាកូនដែលទុកចិត្តលើឪពុកម្ដាយទុកឲ្យពួកគាត់ជាអ្នកដោះស្រាយរឿងបែបនេះ ទោះជាពួកគាត់ឥតគ្រប់ល័ក្ខណ៍ក៏ដោយ។ យើងមានព្រះយេហូវ៉ាជាបិតាដ៏គ្រប់ល័ក្ខណ៍មួយអង្គ។ យើងពិតជាគួរទុកចិត្តទៅលើទ្រង់ទាំងស្រុង ជាពិសេសនៅពេលប្រឈមមុខការពិបាក មែនទេ?—អេសាយ ៣០:២១
២២, ២៣. (ក) ហេតុអ្វីយើងគួរទុកចិត្តទៅលើព្រះយេហូវ៉ានៅពេលមានបញ្ហា? តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (ខ) ក្នុងអត្ថបទជាបន្ទាប់ តើយើងនឹងពិគ្រោះរឿងអ្វី?
២២ ប៉ុន្តែ សុភាសិត ៣:៦ បញ្ជាក់ថា ‹ត្រូវឲ្យយើងទទួលស្គាល់ព្រះយេហូវ៉ានៅគ្រប់ទាំងផ្លូវយើង› មិនគ្រាន់តែនៅពេលមានបញ្ហាទេ។ ដូច្នេះ ការសម្រេចចិត្តដែលយើងធ្វើជារៀងរាល់ថ្ងៃក្នុងជីវិត គួរបង្ហាញថាយើងទុកចិត្តទៅលើព្រះយេហូវ៉ា។ នៅពេលមានបញ្ហាកើតឡើង យើងមិនគួរអស់សង្ឃឹម តក់ស្លុត ឬទទឹងទាស់នឹងការណែនាំរបស់ព្រះយេហូវ៉ា ស្តីអំពីវិធីល្អបំផុតដើម្បីដោះស្រាយរឿងណាមួយទេ។ យើងត្រូវតែចាត់ទុកការល្បងលជាឱកាសបង្ហាញថា យើងគាំទ្រចំពោះការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងបង្ហាញថាសាតាំងគឺជាអ្នកភូតភរ ហើយឲ្យយើងមានឱកាសបណ្ដុះឲ្យមានចិត្តស្ដាប់បង្គាប់ ថែមទាំងគុណសម្បត្ដិឯទៀតដែលពេញព្រះហឫទ័យព្រះយេហូវ៉ា។—ហេព្រើរ ៥:៧, ៨
២៣ យើងអាចបង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ា មិនថាយើងប្រឈមមុខនឹងឧបសគ្គអ្វីក៏ដោយ។ យើងធ្វើដូច្នេះតាមរយៈសេចក្ដីអធិស្ឋាន និងដោយរកការណែនាំពីព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយនិងអង្គការរបស់ទ្រង់ផងដែរ។ ប៉ុន្តែ ជាពិសេស នៅពេលយើងជួបបញ្ហាលំបាកក្នុងរបបលោកីយ៍សព្វថ្ងៃ តើយើងអាចបង្ហាញថាយើងទុកចិត្តទៅលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? អត្ថបទជាបន្ទាប់នឹងពន្យល់រឿងនេះ។
[កំណត់សម្គាល់]
^ វគ្គ 11 នៅរ៉ូម ៨:២០ ព្រះគម្ពីរខ្លះបកប្រែដាក់ពាក្យថា «អ្នកនោះ»ជំនួសឲ្យពាក្យ«ព្រះ»វិញ។ ដូច្នេះ មនុស្សខ្លះឆ្ងល់ថា តើអ្នកនោះដែលបានធ្វើឲ្យជីវិតទាំងឡាយចុះចូលនឹងសេចក្ដីឥតប្រយោជន៍ជានរណាទៅ? ពួកគេបានចង្អុលបញ្ជាក់ថា នេះគឺសាតាំងឬក៏អ័ដាម។ ប៉ុន្តែទាំងពីរនាក់នេះមិនអាចធ្វើដូច្នេះ«ដោយចង់ផ្ដល់ឲ្យសេចក្ដីសង្ឃឹម»បាននោះទេ។ មានតែព្រះយេហូវ៉ាអាចធ្វើដូច្នេះបាន។ ហេតុនេះ គឺច្បាស់ជាព្រះយេហូវ៉ាទេ ដែលបានធ្វើឲ្យជីវិតទាំងឡាយចុះចូលនឹងសេចក្ដីឥតប្រយោជន៍។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើដាវីឌបង្ហាញថា ទ្រង់យកព្រះយេហូវ៉ាជាទីទុកចិត្តយ៉ាងដូចម្ដេច?
• តើការឈឺចាប់របស់មនុស្សបណ្ដាលមកពីហេតុបីយ៉ាងអ្វី? ហើយហេតុអ្វីគួរគប្បីឲ្យយើងពិនិត្យមើលចំណុចទាំងនោះសាឡើងវិញម្ដងម្កាល?
• តើព្រះយេហូវ៉ាបានកាត់ទោសដល់មនុស្សជាតិដោយដូចម្ដេច? ហើយហេតុអ្វីទោសនេះគឺយុត្ដិធម៌?
• តើការទុកចិត្តទៅលើព្រះយេហូវ៉ារួមបញ្ចូលអ្វី?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៨]
ដាវីឌបានយកព្រះយេហូវ៉ាជាទីទុកចិត្ត