ចូរជៀសចេញពីការ«ត្អូញត្អែរ»
ចូរជៀសចេញពីការ«ត្អូញត្អែរ»
«ចូរធ្វើគ្រប់ការទាំងអស់ ដោយឥតត្អូញត្អែរ»។—ភីលីព ២:១៤
១, ២. តើសាវ័កប៉ុលបានជូនឱវាទអ្វីដល់បងប្អូនគ្រីស្ទាននៅទីក្រុងភីលីពនិងកូរិនថូស? តើហេតុអ្វី?
សាវ័កប៉ុលបានសរសើរបងប្អូនក្នុងក្រុមជំនុំគ្រីស្ទាននៅទីក្រុងភីលីពយ៉ាងច្រើន តាមរយៈសំបុត្ររបស់គាត់ដែលព្រះបានបណ្ដាលឲ្យសរសេរនៅសតវត្សរ៍ទីមួយ។ ប៉ុលបានសរសើរបងប្អូនគ្រីស្ទានគ្នីគ្នានៅទីក្រុងនោះ ដោយសារពួកគាត់មានចិត្តឧស្សាហ៍និងទូលាយផង។ ប៉ុលបានបញ្ជាក់ដែរថា គាត់ត្រេកអរណាស់ដោយដឹងអំពីការល្អដែលពួកគាត់បានប្រព្រឹត្ត។ ទោះជាយ៉ាងនោះក៏ដោយ ប៉ុលបានរំលឹកពួកគាត់ឲ្យ«ធ្វើគ្រប់ការទាំងអស់ ដោយឥតត្អូញត្អែរ»។ (ភីលីព ២:១៤) ហេតុអ្វីបានជាសាវ័កប៉ុលបានទូន្មានរំលឹកពួកគាត់អំពីចំណុចនេះ?
២ ប៉ុលដឹងថាការត្អូញត្អែរអាចនាំឲ្យមានបញ្ហា។ ពីរបីឆ្នាំមុននោះ គាត់បានរំលឹកបងប្អូននៅទីក្រុងកូរិនថូសថា ការត្អូញត្អែរអាចបង្កគ្រោះថ្នាក់។ ប៉ុលបានលើកចំណុចថា ប្រជាជនអ៊ីស្រាអែលបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ម្ដងហើយម្ដងទៀតពេលពួកគេនៅទីរហោស្ថាន។ តើពួកគេធ្វើឲ្យទ្រង់ខ្ញាល់ដោយដូចម្ដេច? គឺដោយប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដោយថ្វាយបង្គំរូបព្រះ ដោយធ្វើអំពើអសីលធម៌ខាងកាម ដោយល្បងព្រះយេហូវ៉ា ហើយដោយត្អូញត្អែរ។ ប៉ុលបានលើកទឹកចិត្តបងប្អូននៅទីក្រុងកូរិនថូសឲ្យទាញយកមេរៀនពីគំរូទាំងនោះ។ គាត់បានសរសេរថា «កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ»។—កូរិនថូសទី១ ១០:៦-១១
៣. សព្វថ្ងៃនេះ ហេតុអ្វីយើងគួរចាប់អារម្មណ៍ទៅលើការត្អូញត្អែរ?
៣ យើងដែលជាអ្នកបម្រើព្រះយេហូវ៉ានៅសម័យនេះក៏មានចិត្តគំនិតស្រដៀងនឹងបងប្អូននៅទីក្រុងភីលីពដែរ។ យើងឧស្សាហ៍ខ្នះខ្នែងធ្វើការល្អ ហើយក៏ស្រឡាញ់គ្នាទៅវិញទៅមក។ (យ៉ូហាន ១៣:) ក៏ប៉ុន្តែ ដោយសារការត្អូញត្អែរបានបង្កបញ្ហាធ្ងន់ធ្ងរក្នុងចំណោមរាស្ត្រព្រះនៅសម័យបុរាណនោះ មានហេតុត្រឹមត្រូវឲ្យយើងអនុវត្តឱវាទថា «ចូរធ្វើគ្រប់ការទាំងអស់ ដោយឥតត្អូញត្អែរ»។ មុនបង្អស់ យើងនឹងពិចារណាគំរូផ្សេងៗក្នុងព្រះគម្ពីរស្តីអំពីអ្នកដែលបានត្អូញត្អែរ។ រួចមក យើងនឹងពិភាក្សាអ្វីដែលយើងអាចធ្វើ ដើម្បីការពារកុំឲ្យការត្អូញត្អែរបង្កបញ្ហាសព្វថ្ងៃនេះ។ ៣៤, ៣៥
ពួកជំនុំអាក្រក់រទូរទាំទាស់នឹងព្រះយេហូវ៉ា
៤. តើជនជាតិអ៊ីស្រាអែលបានត្អូញត្អែរយ៉ាងណានៅទីរហោស្ថាន?
៤ ពាក្យភាសាហេព្រើរដែលមានន័យថា ‹ត្អូញត្អែរ រអ៊ូរទាំ ឬគ្រហឹម›ត្រូវប្រើក្នុងព្រះគម្ពីរក្នុងកំណត់ហេតុស្តីអំពីគ្រា៤០ឆ្នាំ ដែលជនជាតិអ៊ីស្រាអែលនៅទីរហោស្ថាន។ ជួនកាល ពួកគេមិនស្កប់ចិត្តនឹងកាលៈទេសៈរបស់ពួកគេ ហើយបានបង្ហាញពីអារម្មណ៍មិនស្កប់ចិត្តនោះដោយត្អូញត្អែរ។ ជាឧទាហរណ៍ គ្រាន់តែប៉ុន្មានសប្ដាហ៍ក្រោយពីជនជាតិអ៊ីស្រាអែលត្រូវរំដោះចេញពីស្រុកអេស៊ីបដែលបានបង្ខំឲ្យពួកគេធ្វើជាខ្ញុំបម្រើនោះ «ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ត្អូញត្អែរនឹងម៉ូសេ ហើយនឹងអើរ៉ុន»។ ពួកអ៊ីស្រាអែលបានត្អូញត្អែរអំពីម្ហូបអាហារ ដោយរអ៊ូថា៖ «ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ»។—និក្ខមនំ ១៦:១-៣
៥. តាមការពិត តើជនជាតិអ៊ីស្រាអែលបានត្អូញត្អែរទាស់ប្រឆាំងអ្នកណា?
៥ តាមការពិត ព្រះយេហូវ៉ាបានទំនុកបម្រុងជនជាតិអ៊ីស្រាអែលឲ្យមានអ្វីៗដែលពួកគេត្រូវការនៅទីរហោស្ថាន ដោយបង្ហាញសេចក្ដីស្រឡាញ់ផ្គត់ផ្គង់ទាំងអាហារទាំងទឹកផង។ ពួកគេមិនដែលជិតស្លាប់ដោយអត់ឃ្លាននោះទេ។ ក៏ប៉ុន្តែដោយសារពួកគេមិនស្កប់ចិត្តនោះ ជនជាតិអ៊ីស្រាអែលបាននិយាយពន្លើសពីស្ថានភាពរបស់ខ្លួនហើយបានត្អូញត្អែរ។ ពិតមែនថាពួកគេបានត្អូញត្អែរអំពីម៉ូសេនិងអើរ៉ុន ក៏ប៉ុន្តែព្រះយេហូវ៉ាចាត់ទុកនោះជាការត្អូញត្អែរចំពោះទ្រង់វិញ។ ម៉ូសេបានប្រាប់ពួកសាសន៍អ៊ីស្រាអែលថា៖ «ទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ? នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ»។—និក្ខមនំ ១៦:៤-៨
៦, ៧. ដូចបញ្ជាក់នៅជនគណនា ១៤:១-៣ តើចិត្តគំនិតរបស់ជនជាតិអ៊ីស្រាអែលបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច?
៦ មិនយូរក្រោយនោះ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមត្អូញត្អែរម្ដងទៀត។ ម៉ូសេបានចាត់បុរសឈ្លប១២នាក់ឲ្យទៅមើលស្រុកសន្យា។ បុរស១០នាក់បានត្រឡប់មកវិញដោយប្រាប់រឿងអាក្រក់អំពីស្រុកនោះ។ តើមានលទ្ធផលយ៉ាងណា? «ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល . . . រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា៖ ‹ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ[ស្រុកកាណាន] ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ? ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី?›»។—ជនគណនា ១៤:១-៣
៧ នោះបង្ហាញថា ជនជាតិអ៊ីស្រាអែលមានចិត្តគំនិតខុសគ្នាឆ្ងាយណាស់ពីគំនិតដើមរបស់ពួកគេ។ នៅដើមដំបូង ជនជាតិអ៊ីស្រាអែលបានច្រៀងសរសើរព្រះយេហូវ៉ា មកពីពួកគេមានចិត្តកតញ្ញូដោយសារទ្រង់បានរំដោះពួកគេចេញពីស្រុកអេស៊ីប ហើយបានសង្គ្រោះពួកគេដោយនាំឆ្លងកាត់សមុទ្រក្រហម។ (និក្ខមនំ ១៥:១-២១) ក៏ប៉ុន្តែ ពេលដែលពួកគេជួបប្រទះការពិបាកខ្លះៗនៅទីរហោស្ថានហើយមានចិត្តខ្លាចនឹងសាសន៍កាណាននោះ ការដឹងគុណរបស់ពួកគេបានប្រែក្លាយទៅជាការមិនស្កប់ចិត្តទៅវិញ។ ជាជាងអរព្រះគុណព្រះដោយសារពួកគេមានសេរីភាព ជនជាតិអ៊ីស្រាអែលបានរិះគន់ ទម្លាក់កំហុសទៅលើទ្រង់ ដោយយល់ខុសថាទ្រង់នាំឲ្យពួកគេលំបាក។ ដូច្នេះ ការត្អូញត្អែរបញ្ជាក់ថា ពួកគេគ្មានចិត្តកតញ្ញូនឹងអ្វីដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់នោះ។ នេះជាមូលហេតុទ្រង់មានបន្ទូលថា៖ «តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ដែលគេរទូរទាំទាស់នឹងអញនេះដល់កាលណាទៀត?»។—ជនគណនា ១៤:២៧; ២១:៥
ការត្អូញត្អែរនៅសតវត្សរ៍ទីមួយ
៨, ៩. សូមឲ្យឧទាហរណ៍អំពីការត្អូញត្អែរក្នុងបទគម្ពីរភាសាក្រិច។
៨ ឧទាហរណ៍យើងទើបតែបានពិចារណា គឺអំពីក្រុមមនុស្សដែលបានត្អូញត្អែរឮៗដើម្បីបញ្ជាក់នូវការមិនស្កប់ចិត្ត។ ក៏ប៉ុន្តែ នៅពេលព្រះយេស៊ូគ្រីស្ទមានវត្តមាននៅទីក្រុងយេរូសាឡិមសម្រាប់បុណ្យបារាំនៅឆ្នាំ៣២គ.ស. មានការ«ខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន»។ (យ៉ូហាន ៧:១២, ១៣, ៣២, កំណែជាអក្សរទ្រេត) ពួកគេបានខ្សឹបខ្សៀវអំពីទ្រង់ដោយមានខ្លះថា ទ្រង់ជាបុរសល្អ ខ្លះទៀតថាទ្រង់មិនមែនបុរសល្អទេ។
៩ នៅគ្រាមួយទៀត ព្រះយេស៊ូនិងសិស្សរបស់ទ្រង់ជាភ្ញៀវក្នុងផ្ទះរបស់អ្នកយកពន្ធម្នាក់ឈ្មោះលេវីឬម៉ាថាយ។ «ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់[ឬ«ត្អូញត្អែរដាក់»]ពួកសិស្សទ្រង់ថា៖ ‹ហេតុអ្វីបានជាបរិភោគជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ?›»។ (លូកា ៥:២៧-៣០; ព.ថ.) ក្រោយមកទៀត នៅស្រុកកាលីឡេ «ពួកសាសន៍យូដា គេឌុកដាន់[ឬ«ត្អូញត្អែរដាក់»][ព្រះយេស៊ូ] ពីព្រោះទ្រង់មានបន្ទូលថា៖ ‹ខ្ញុំជានំប៉័ង ដែលចុះពីស្ថានសួគ៌មក›»។ សូម្បីតែសិស្សខ្លះរបស់ព្រះយេស៊ូក៏ដោយ បានទាស់ចិត្តនឹងបន្ទូលទ្រង់ហើយចាប់ផ្ដើមត្អូញត្អែរដែរ។—យ៉ូហាន ៦:៤១, ៦០, ៦១; ព.ថ.
១០, ១១. ហេតុអ្វីបានជាជនជាតិយូដាដែលនិយាយភាសាក្រិចបានត្អូញត្អែរ? តើអ្នកចាស់ទុំអាចទាញមេរៀនអ្វីពីរបៀបពួកសាវ័កប្រព្រឹត្តចំពោះការត្អូញត្អែរនោះ?
១០ មិនយូរក្រោយបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. មានការត្អូញត្អែរដែលបណ្ដាលឲ្យមានលទ្ធផលល្អទៅវិញ។ សិស្សថ្មីជាច្រើនដែលមកពីក្រៅស្រុកអ៊ីស្រាអែល បានទទួលនូវភាពរាក់ទាក់អំពីអ្នកជឿគ្នីគ្នានៅស្រុកយូដា។ ក៏ប៉ុន្តែមានបញ្ហាមួយកើតឡើងដែលជាប់ទាក់ទងនឹងការចែករំលែកអាហារ។ កំណត់ហេតុនោះចែងថា «នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការ[ឬ«មិនសូវយកចិត្តទុកដាក់»]នឹងស្រីមេម៉ាយរបស់ពួកហេលេននោះ»។—កិច្ចការ ៦:១; ខ.ស.
១១ អ្នកដែលបានត្អូញត្អែរ មានលក្ខណៈខុសគ្នាពីជនជាតិអ៊ីសុភាសិត ២១:១៣; ព.ថ.; កិច្ចការ ៦:២-៦
ស្រាអែលនៅទីរហោស្ថាន។ ពួកហេលេនឬជនជាតិយូដាដែលនិយាយភាសាក្រិចនោះ មិនបានត្អូញត្អែរដោយសារពួកគេមិនស្កប់ចិត្តនឹងជីវភាពខ្លួននោះទេ។ ផ្ទុយទៅវិញពួកគាត់បានចង្អុលបញ្ជាក់ទៅលើការមិនយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ស្ត្រីមេម៉ាយខ្លះៗ។ ម្យ៉ាងទៀត អ្នកត្អូញត្អែរទាំងនេះមិនបានបង្ករឿងហេតុ ហើយទាស់ប្រឆាំងព្រះយេហូវ៉ាឡើយ។ ពួកគេបាននិយាយជាមួយនឹងពួកសាវ័ក ហើយពួកសាវ័កបានចាត់វិធានការយ៉ាងឆាប់រហ័ស ដោយសារការត្អូញត្អែរនោះមានមូលដ្ឋានត្រឹមត្រូវ។ ពួកសាវ័កជាគំរូល្អណាស់សម្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រីស្ទានពិតសព្វថ្ងៃនេះ! អ្នកគង្វាលដែលផ្ដល់ជំនួយខាងវិញ្ញាណនេះ ប្រុងប្រយ័ត្នកុំឲ្យខ្លួន«ចុកត្រចៀកមិនស្ដាប់ពាក្យអំពាវនាវ[ឬ«ការត្អូញត្អែរ»]របស់មនុស្សទាល់ក្រ»។—ចូរប្រុងប្រយ័ត្ន នឹងការត្អូញត្អែរដែលមានឥទ្ធិពលពង្រេចពង្រឹល
១២, ១៣. (ក) សូមឲ្យឧទាហរណ៍អំពីឥទ្ធិពលនៃការត្អូញត្អែរ។ (ខ) តើអ្វីអាចបណ្ដាលឲ្យអ្នកណាម្នាក់ចាប់ផ្ដើមត្អូញត្អែរ?
១២ គំរូភាគច្រើនដែលយើងបានពិចារណាក្នុងព្រះគម្ពីរបញ្ជាក់ថា ការត្អូញត្អែរធ្លាប់បង្ករឿងហេតុធ្ងន់ធ្ងរក្នុងចំណោមរាស្ត្រព្រះនៅអតីតកាល។ ហេតុនេះហើយ យកល្អយើងគិតឲ្យបានដិតដល់អំពីរបៀបដែលការត្អូញត្អែរអាចមានឥទ្ធិពលពង្រេចពង្រឹលនៅសព្វថ្ងៃនេះដែរ។ ឧទាហរណ៍មួយប្រហែលជាអាចជួយឲ្យយើងយល់ពីឥទ្ធិពលនោះ។ ប្រភេទដែកជាច្រើនមានលក្ខណៈធ្វើឲ្យកើតមានច្រែះ។ បើមិនចាត់វិធានការថែទាំដែកនោះភ្លាមៗពេលទើបតែកើតមានច្រែះ វានឹងស៊ីដែកនោះរហូតដល់ពុកផុយខូចអស់ទៅ លែងប្រើបានទៀត។ តើឧទាហរណ៍នេះជាប់ទាក់ទងនឹងការត្អូញត្អែរយ៉ាងដូចម្ដេច?
១៣ ដូចជាដែកមានលក្ខណៈដែលធ្វើឲ្យកើតមានច្រែះស៊ីបំផ្លាញនោះ មនុស្សឥតគ្រប់លក្ខណ៍មានលក្ខណៈធ្វើឲ្យកើតមានចិត្តចង់ត្អូញត្អែរ។ យើងគួរប្រុងប្រយ័ត្នជានិច្ច ដើម្បីឆាប់ទទួលស្គាល់ថាតើយើងចាប់ផ្ដើមមានលក្ខណៈនោះឬទេ? ដូចជាតិទឹកឬជាតិអំបិលធ្វើឲ្យដែកឆាប់កើតមានច្រែះ នោះការលំបាកធ្វើឲ្យយើងឆាប់កើតមានចិត្តចង់ត្អូញត្អែរ។ ការតានតឹងចិត្តអាចធ្វើឲ្យយើងចាត់ទុកបញ្ហាតូចតាចជាបញ្ហាធំពិបាកទ្រាំទៅវិញ។ កាលដែលស្ថានភាពនៅជាន់ក្រោយបង្អស់នេះកាន់តែអាប់ឱនទៅៗ នោះរឿងហេតុដែលអាចបណ្ដាលឲ្យយើងត្អូញត្អែរ ទំនងជានឹងមានកាន់តែច្រើនឡើងៗ។ (ធីម៉ូថេទី២ ៣:១-៥) ប្រហែលជាអ្នកបម្រើព្រះយេហូវ៉ាម្នាក់ ចាប់ផ្ដើមត្អូញត្អែរទាស់នឹងអ្នកជឿគ្នីគ្នាម្នាក់ទៀត។ ប្រហែលជាដើមហេតុនៃការត្អូញត្អែរនោះជារឿងតូចតាច ដូចជាឯកសិទ្ធិ ចំណុចខ្សោយ ឬសមត្ថភាពរបស់អ្នកជឿម្នាក់ទៀតនោះ។
១៤, ១៥. ហេតុអ្វីយើងមិនត្រូវបណ្ដោយឲ្យខ្លួនត្អូញត្អែរនោះ?
១៤ មិនថាជាបញ្ហាអ្វីក៏ដោយដែលធ្វើឲ្យយើងមិនសប្បាយចិត្តនោះ ប្រសិនបើយើងមិនទប់ចិត្ត ហើយបែរជាបណ្ដោយឲ្យខ្លួនត្អូញត្អែរវិញ នោះអាចបណ្ដាលឲ្យយើងទៅជាមនុស្សមិនចេះស្កប់ចិត្តនឹងកាលៈទេសៈខ្លួន ហើយមានទម្លាប់ត្អូញត្អែរជានិច្ច។ ការត្អូញត្អែរអាចបំផ្លាញភាពខាងវិញ្ញាណរបស់យើងទាំងស្រុង។ នៅពេលជនជាតិអ៊ីស្រាអែលបានត្អូញត្អែរអំពីជីវិតរបស់ពួកគេនៅទីរហោស្ថាន ពួកគេរហូតដល់បានរិះគន់ទម្លាក់កំហុសទៅលើព្រះយេហូវ៉ា។ (និក្ខមនំ ១៦:៨) កុំឲ្យយើងធ្វើដូច្នេះសោះឡើយ!
១៥ ដែកដែលមានលក្ខណៈនាំឲ្យកើតមានច្រែះនោះ អាចត្រូវការពារឲ្យប្រើប្រាស់យូរជាង ដោយលាបថ្នាំដែលបង្ការច្រែះ ហើយដោយសម្អាតកន្លែងមួយៗដែលចាប់ផ្ដើមមានច្រែះស៊ីនោះ។ ស្រដៀងគ្នាដែរ បើយើងកត់សម្គាល់ថាយើងចាប់ផ្ដើមមានចិត្តចង់ត្អូញត្អែរនោះ យើងអាចទប់ចិត្តបានបើអធិស្ឋានហើយខំព្យាយាម។ តើត្រូវព្យាយាមយ៉ាងដូចម្ដេច?
ចូរមានទស្សនៈដូចព្រះយេហូវ៉ា
១៦. តើយើងអាចយកឈ្នះភាពទន់ទោរទៅរកការត្អូញត្អែរយ៉ាងដូចម្ដេច?
១៦ ការត្អូញត្អែរធ្វើឲ្យយើងគិតតែអំពីកាលៈទេសៈនិងបញ្ហារបស់ខ្លួនតែប៉ុណ្ណោះ ហើយមិនគិតអំពីពរដែលយើងមានដោយសារយើងជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ។ បើយើងចង់យកឈ្នះភាពទន់ទោរទៅរកការត្អូញត្អែរ យើងត្រូវតែគិតអំពីពរទាំងនេះជានិច្ច។ ជាឧទាហរណ៍ យើងម្នាក់ៗមានកិត្ដិយសតំណាងព្រះនាមយេហូវ៉ា។ (អេសាយ ៤៣:១០) យើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយទ្រង់ ហើយយើងអាចអធិស្ឋានដល់«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»នៅពេលណាក៏បាន។ (ទំនុកដំកើង ៦៥:២; យ៉ាកុប ៤:៨) ជីវិតរបស់យើងមានគោលបំណងដែលមានប្រយោជន៍ ដោយសារយើងយល់អំពីរឿងចំណោទទាក់ទងនឹងសិទ្ធិគ្រប់គ្រងសកលលោក ហើយយើងក៏ចាំថាយើងមានឯកសិទ្ធិរក្សាចិត្តស្មោះគ្រប់លក្ខណ៍នឹងព្រះ។ (សុភាសិត ២៧:១១) យើងអាចចូលរួមជាទៀងទាត់ក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទផ្ដល់លទ្ធភាពឲ្យយើងមានមនសិការជ្រះថ្លា។ (យ៉ូហាន ៣:១៦) យើងមានពរទាំងនេះ ទោះជាត្រូវស៊ូទ្រាំបញ្ហាអ្វីក៏ដោយ។
១៧. ទោះបើយើងមានហេតុត្រឹមត្រូវក្នុងការត្អូញត្អែរ ហេតុអ្វីយើងត្រូវព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ា?
១៧ យើងត្រូវព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ា មិនមែនប្រកាន់តាមទស្សនៈយើងទេ។ ដាវីឌបានតែងទំនុកដំកើងថា៖ «ឱព្រះយេហូវ៉ាអើយ! សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់»។ (ទំនុកដំកើង ២៥:៤) ប្រសិនបើមានហេតុត្រឹមត្រូវឲ្យយើងត្អូញត្អែរនោះ ព្រះយេហូវ៉ាក៏បានកត់សម្គាល់ហេតុទាំងនោះដែរ។ ទ្រង់អាចដោះស្រាយបញ្ហានោះភ្លាមៗបាន។ បើទ្រង់អាចដោះស្រាយបាន ហេតុអ្វីជួនកាលទ្រង់ឲ្យការលំបាកនោះបន្តវិញ? ហេតុមួយ ប្រហែលជាទ្រង់ចង់ជួយឲ្យយើងបណ្ដុះនូវគុណសម្បត្ដិដូចជាចិត្តអត់ធ្មត់ ចេះស៊ូទ្រាំ ជំនឿ និងចេះអត់ធន់។—យ៉ាកុប ១:២-៤
១៨, ១៩. សូមឲ្យឧទាហរណ៍អំពីលទ្ធផលល្អដែលអាចមាន បើយើងស៊ូទ្រាំបញ្ហាបន្ដិចបន្តួចដោយមិនត្អូញត្អែរ។
១៨ ប្រសិនបើយើងស៊ូទ្រាំនឹងបញ្ហាបន្ដិចបន្តួចដោយមិនត្អូញត្អែរ នោះមិនត្រឹមតែជួយឲ្យយើងមានគុណសម្បត្ដិកាន់តែប្រសើរឡើងៗប៉ុណ្ណោះទេ តែក៏ប្រហែលមានឥទ្ធិពលល្អលើចិត្តរបស់អ្នកដែលសង្កេតមើលយើងដែរ។ នៅឆ្នាំ២០០៣ ស្មរបន្ទាល់ព្រះយេហូវ៉ាមួយក្រុមបានជិះឡានក្រុងពីប្រទេសអាឡឺម៉ង់ទៅប្រទេសហុងគ្រី ដើម្បីចូលរួមមហាសន្និបាត។ អ្នកបើកបរមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ ហើយគាត់មិនសូវសប្បាយចិត្តដោយត្រូវនៅជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាអស់១០ថ្ងៃ។ ក៏ប៉ុន្តែពេលផុត១០ថ្ងៃនោះហើយ គាត់មានអារម្មណ៍ខុសគ្នាឆ្ងាយ។ តើហេតុអ្វី?
១៩ ក្នុងកំលុងពេលដែលពួកគេធ្វើដំណើរនោះ មានបញ្ហាខ្លះៗកើតឡើង។ ប៉ុន្តែស្មរបន្ទាល់ទាំងនោះមិនបានត្អូញត្អែរសោះឡើយ។ អ្នកបើកបរប្រាប់ថា ពួកគេជាភ្ញៀវល្អបំផុតដែលគាត់ធ្លាប់មាន! មិនត្រឹមតែប៉ុណ្ណោះ គាត់សន្យាថា លើកក្រោយពេលស្មរបន្ទាល់ព្រះយេហូវ៉ាមកផ្សព្វផ្សាយនៅផ្ទះគាត់ គាត់នឹងអញ្ជើញពួកគេចូល ហើយនឹងស្ដាប់ដោយយកចិត្តទុកដាក់។ ស្មរបន្ទាល់ដែលជាភ្ញៀវនោះបានមានឥទ្ធិពលល្អណាស់លើគាត់! ដោយសារតែបាន«ធ្វើគ្រប់ការទាំងអស់ ដោយឥតត្អូញត្អែរ»។
ការអត់ឱនទោសធ្វើឲ្យមានសាមគ្គីភាព
២០. ហេតុអ្វីយើងគួរអត់ឱនទោសគ្នា?
២០ ចុះបើយើងមានមូលហេតុត្អូញត្អែរអំពីអ្នកជឿគ្នីគ្នាម្នាក់? បើបញ្ហានោះធ្ងន់ធ្ងរ យើងគួរអនុវត្តគោលការណ៍ដែលព្រះយេស៊ូមានបន្ទូលនៅម៉ាថាយ ១៨:១៥-១៧។ ក៏ប៉ុន្តែ ដោយសារបញ្ហាភាគច្រើនជារឿងមិនសូវធ្ងន់ធ្ងរប៉ុន្មាននោះ ធម្មតាមិនមែនជាករណីដែលត្រូវប្រើគោលការណ៍ក្នុងខនោះទេ។ អ្នកអាចចាត់ទុកបញ្ហានោះជាឱកាសលត់ដំខ្លួនឲ្យចេះអត់ឱនទោស។ ប៉ុលបានសរសេរថា «[ចូរ]ទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍»។ (កូល៉ុស ៣:១៣, ១៤) តើយើងសុខចិត្តអត់ឱនទោសទេ? ព្រះយេហូវ៉ាមានហេតុត្អូញត្អែរអំពីយើងដែរ មែនទេ? ក៏ប៉ុន្តែម្ដងហើយម្ដងទៀតទ្រង់បង្ហាញសេចក្ដីមេត្ដាហើយអត់ឱនទោសយើង។
២១. តើការត្អូញត្អែរប្រហែលមានឥទ្ធិពលយ៉ាងណាលើអ្នកដែលស្ដាប់?
២១ មិនថាយើងជួបនឹងបញ្ហាអ្វីក៏ដោយ ការត្អូញត្អែរនឹងមិនដោះស្រាយបញ្ហានោះទេ។ ពាក្យភាសាហេព្រើរដែលបកប្រែថា «ត្អូញត្អែរ»ក៏អាចមានន័យថា «គ្រហឹម»ដែរ។ យើងទំនងជាមិនមានអារម្មណ៍ស្រួលពេលដែលនៅជាមួយអ្នកណាដែលតែងត្អូញត្អែរ។ ផ្ទុយទៅវិញយើងខំជៀសឆ្ងាយពីគាត់។ ប្រសិនបើយើងគ្រហឹមឬត្អូញត្អែរនោះ អ្នកដែលស្ដាប់យើងក៏ប្រហែលជាមិនមានអារម្មណ៍ស្រួល ហើយចង់ជៀសឆ្ងាយពីយើងដែរ! បើយើងគ្រហឹម នោះប្រហែលជាធ្វើឲ្យអ្នកឯទៀតកត់សម្គាល់យើង ប៉ុន្តែច្បាស់ជាមិនធ្វើឲ្យពួកគេចង់នៅជាមួយយើងទេ។
២២. តើយុវនារីម្នាក់បានសរសេរអ្វីអំពីស្មរបន្ទាល់ព្រះយេហូវ៉ា?
២២ ការអត់ឱនទោសធ្វើឲ្យមានសាមគ្គីភាព ហើយនោះជាអ្វីដែលមានតម្លៃណាស់ចំពោះរាស្ត្រព្រះយេហូវ៉ា។ (ទំនុកដំកើង ១៣៣:១-៣) នៅប្រទេសមួយនាទ្វីបអឺរ៉ុប យុវនារីម្នាក់អាយុ១៧ឆ្នាំដែលកាន់សាសនាកាតូលិក បានសរសេរសំបុត្រទៅកាន់ការិយាល័យសាខារបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដើម្បីសរសើរពួកគាត់។ នាងបានសរសេរថា «នោះជាអង្គការតែមួយគត់ខ្ញុំស្គាល់ ដែលគ្មានការបែកខ្ញែកគ្នាដោយសារការស្អប់ ចិត្តលោភលន់ ការមិនត្រាប្រណី ការគិតតែប្រយោជន៍ខ្លួន ឬភាពមិនចុះសម្រុងគ្នា»។
២៣. តើអត្ថបទបន្ទាប់នឹងពន្យល់រឿងអ្វី?
២៣ បើយើងអបអរនឹងពរទាំងឡាយដែលយើងទទួលជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាជាព្រះពិត នោះនឹងជួយឲ្យយើងមានសាមគ្គីភាពនិងជៀសចេញពីការត្អូញត្អែរអំពីអ្នកជឿគ្នីគ្នា។ អត្ថបទបន្ទាប់នឹងពន្យល់របៀបគុណសម្បត្ដិដែលព្រះបង្រៀនឲ្យយើងមាន នឹងជួយឲ្យជៀសចេញពីការត្អូញត្អែរមួយយ៉ាងដែលមានគ្រោះថ្នាក់ជាងនេះទៅទៀត ពោលគឺការត្អូញត្អែរទាស់នឹងអង្គការព្រះយេហូវ៉ាផ្នែកផែនដី។
តើអ្នកចាំទេ?
• តើការត្អូញត្អែររួមបញ្ចូលអ្វី?
• តើឧទាហរណ៍អ្វីបញ្ជាក់ពីឥទ្ធិពលអាក្រក់នៃការត្អូញត្អែរ?
• តើអ្វីអាចជួយឲ្យយើងយកឈ្នះភាពទោរទន់ទៅរកការត្អូញត្អែរ?
• បើយើងសុខចិត្តអត់ឱនទោស តើនោះអាចជួយឲ្យយើងជៀសចេញពីការត្អូញត្អែរយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៨]
ជនជាតិអ៊ីស្រាអែលបានត្អូញត្អែរទាស់នឹងព្រះយេហូវ៉ា!
[រូបភាពនៅទំព័រ៩]
តើអ្នកព្យាយាមឲ្យមានទស្សនៈដូចព្រះយេហូវ៉ាទេ?
[រូបភាពនៅទំព័រ១០]
ការអត់ឱនទោសធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំគ្រីស្ទានពិត