«ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី»
«ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី»
លោកយេស៊ូបានព្រមានអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ»។ (លូក. ១២:១) កំណត់ហេតុស្របគ្នានៃប្រសាសន៍របស់លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងផ្ដន្ទាទោស«សេចក្ដីបង្រៀន»របស់ពួកផារិស៊ី។—ម៉ាថ. ១៦:១២
ជួនកាលគម្ពីរប្រើពាក្យ«ដំបែ»ជានិមិត្តរូបនៃការខូចរលួយ។ មែនហើយ សេចក្ដីបង្រៀននិងចិត្តគំនិតរបស់ពួកផារិស៊ីបានបង្ខូចចិត្តគំនិតរបស់មនុស្សឯទៀត។ ហេតុអ្វីសេចក្ដីបង្រៀនរបស់ពួកផារិស៊ីនាំឲ្យមានគ្រោះថ្នាក់?
១ ពួកផារិស៊ីអួតថាខ្លួនសុចរិត ហើយពួកគេមើលងាយបណ្ដាជនសាមញ្ញ។
ឧទាហរណ៍មួយរបស់លោកយេស៊ូបានចែងអំពីការប្រកាន់គំនិតថាខ្លួនសុចរិត។ លោកបានមានប្រសាសន៍ថា៖ «បុរសផារិស៊ីនោះបានឈរអធិដ្ឋានក្នុងចិត្តថា៖ ‹ឱព្រះអើយ ខ្ញុំអរគុណលោកដែលខ្ញុំមិនដូចមនុស្សឯទៀត ដែលជាអ្នកគំរាមយកប្រាក់ ជាអ្នកមិនសុចរិត ជាអ្នកផិតក្បត់។ ខ្ញុំក៏អរគុណលោកដែលខ្ញុំមិនដូចអ្នកយកពន្ធម្នាក់នេះដែរ។ ខ្ញុំតមអាហារពីរដងរាល់សប្ដាហ៍ ក៏ជូនមួយភាគដប់នៃរបស់ទាំងអស់ដែលខ្ញុំទទួល›។ ប៉ុន្តែអ្នកយកពន្ធដែលកំពុងឈរពីចម្ងាយ មិនទាំងហ៊ានងើបមុខមើលទៅលើមេឃផង ក៏ចេះតែគក់ទ្រូងថា៖ ‹ឱព្រះអើយ សូមប្រោសប្រណីខ្ញុំជាអ្នកប្រព្រឹត្តអំពើខុសឆ្គងផង›»។—លូក. ១៨:១១-១៣
លោកយេស៊ូបានសរសើរចិត្តគំនិតរាបទាបរបស់អ្នកយកពន្ធ ដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បុរសនេះបានចុះទៅផ្ទះវិញដោយសឲ្យឃើញថាគាត់សុចរិតជាង[ផារិស៊ី]នោះ ពីព្រោះអស់អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើងវិញ»។ (លូក. ១៨:១៤) ទោះជាអ្នកយកពន្ធមានកេរ្ដិ៍ឈ្មោះថាជាមនុស្សមិនទៀងត្រង់ក៏ដោយ លោកយេស៊ូបានព្យាយាមជួយពួកគេដែលបានស្ដាប់លោក។ យ៉ាងហោចណាស់មានអ្នកយកពន្ធពីរនាក់ គឺម៉ាថាយនិងសាខេបានទៅជាអ្នកកាន់តាមលោក។
ចុះយ៉ាងណាបើយើងគិតថាយើងប្រសើរជាងអ្នកឯទៀតដោយសារសមត្ថភាពដែលព្រះផ្ដល់ឲ្យ ឬឯកសិទ្ធិដែលយើងមាន ឬដោយសារបរាជ័យនិងភាពទន់ខ្សោយរបស់អ្នកឯទៀតនោះ? យើងគួរបដិសេធគំនិតបែបនេះឲ្យបានឆាប់រហ័ស ពីព្រោះបទគម្ពីរចែងថា៖ «សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង មិនប្រព្រឹត្តឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត។ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត»។—១កូ. ១៣:៤-៦
យើងគួរមានចិត្តគំនិតស្រដៀងគ្នានឹងសាវ័កប៉ូល។ បន្ទាប់ពីបានរៀបរាប់ថា៖ «គ្រិស្តយេស៊ូបានចូលក្នុងពិភពលោកដើម្បីសង្គ្រោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង» ប៉ូលបានបន្ថែមថា៖ «ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំខុសធ្ងន់ជាងគេ»។—១ធី. ១:១៥
សំណួរដើម្បីរំពឹងគិត:
តើខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង ហើយសេចក្ដីសង្គ្រោះរបស់ខ្ញុំគឺអាស្រ័យទៅលើគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាឬទេ? ឬមួយខ្ញុំចាត់ទុកកិច្ចបម្រើដ៏ស្មោះត្រង់ជាយូរឆ្នាំ ឯកសិទ្ធិក្នុងអង្គការរបស់ព្រះ ឬសមត្ថភាពពីកំណើត ជាអ្វីដែលឲ្យខ្ញុំគិតថាខ្លួនខ្ញុំប្រសើរជាងអ្នកឯទៀតឬទេ?
២ ពួកផារិស៊ីចង់ឲ្យអ្នកឯទៀតស្ងើចសរសើរខ្លួនដោយបង្ហាញជាសាធារណៈនូវភាពសុចរិតរបស់ពួកគេ។ ពួកគេចង់បានមុខមាត់នឹងឋានៈធំដុំ។
ប៉ុន្តែ លោកយេស៊ូបានព្រមានថា៖ «ការប្រព្រឹត្តទាំងអស់របស់ពួកគេ គឺដើម្បីឲ្យមនុស្សមើលឃើញតែប៉ុណ្ណោះ ព្រោះប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ ដែលពួកគេពាក់ជាគ្រឿងការពារនោះ ពួកគេយកមកពង្រីកឲ្យធំ ហើយក៏ធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែង។ ពេលដែលពិសាភោជនាហារ ពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ហើយក្នុងសាលាប្រជុំ ក៏ចូលចិត្តអង្គុយនៅមុខគេ។ ពួកគេចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ថែមទាំងហៅពួកគេថារ៉ាប៊ី»។ (ម៉ាថ. ២៣:៥-៧) សូមប្រៀបធៀបចិត្តគំនិតរបស់ពួកគេជាមួយនឹងចិត្តគំនិតរបស់លោកយេស៊ូ។ ទោះជាលោកជាបុត្រដ៏ល្អឥតខ្ចោះរបស់ព្រះក៏ដោយ លោកមានចិត្តរាបទាប។ ពេលបុរសម្នាក់ហៅលោកយេស៊ូថា«ល្អ» លោកបានមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ»។ (ម៉ាក. ១០:១៨) នៅពេលមួយទៀត លោកយេស៊ូបានលាងជើងពួកអ្នកកាន់តាមលោក ហើយទុកគំរូស្តីអំពីចិត្តរាបទាបឲ្យអ្នកកាន់តាមលោក។—យ៉ូន. ១៣:១-១៥
គ្រិស្តសាសនិកពិតគួរបម្រើបងប្អូនរួមជំនឿ។ (កាឡ. ៥:១៣) ជាពិសេសក្នុងករណីរបស់ពួកអ្នកដែលចង់មានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ ជាការសមត្រឹមត្រូវដែលយើង«កំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ» ប៉ុន្តែគោលដៅនេះគួរផុសចេញពីចិត្តប្រាថ្នាចង់ជួយអ្នកឯទៀត។ «មុខងារ»នេះមិនមែនជាឋានៈធំដុំ ឬជាអំណាចទេ។ ពួកអ្នកដែលបម្រើជាអ្នកត្រួតពិនិត្យត្រូវមាន«ចិត្តរាបទាប» ដូចលោកយេស៊ូ។—១ធី. ៣:១, ៦; ម៉ាថ. ១១:២៩
សំណួរដើម្បីរំពឹងគិត:
តើខ្ញុំច្រើនតែយកចិត្តទុកដាក់នឹងអ្នកដែលបានត្រូវតែងតាំងឲ្យមើលការខុសត្រូវក្នុងក្រុមជំនុំជាងអ្នកឯទៀត ប្រហែលជាដោយសង្ឃឹមថានឹងបានមុខមាត់ ឬឯកសិទ្ធិបន្ថែមទៀតឬទេ? តើខ្ញុំច្រើនតែផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើដែលមើលទៅធ្វើឲ្យគេកត់សម្គាល់ ឬសរសើរឬ? តើខ្ញុំចង់បង្ហាញថាខ្លួនពូកែឬស្ទាត់ជំនាញនៅមុខអ្នកឯទៀតឬ?
៣ ច្បាប់និងប្រពៃណីដែលពួកផារិស៊ីបានបង្កើត ធ្វើឲ្យបណ្ដាជនពិបាកធ្វើតាមច្បាប់របស់ម៉ូសេ។
ច្បាប់ម៉ូសេបានផ្ដល់នូវរបៀបរៀបចំជាទូទៅសម្រាប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ច្បាប់នេះមិនមានព័ត៌មានល្អិតល្អន់ឡើយ។ ជាឧទាហរណ៍ ច្បាប់នោះបានហាមមិនឲ្យធ្វើការនៅថ្ងៃឈប់សម្រាក ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថាអ្វីជាការងារ ហើយអ្វីមិនមែនជាការងារនោះទេ។ (និក្ខ. ២០:១០) ដោយសារច្បាប់នោះមិនបានបញ្ជាក់ច្បាស់លាស់ ពួកផារិស៊ីខំបន្ថែមច្បាប់ ឲ្យនិយមន័យអំពីការងារ និងបញ្ចូលប្រពៃណីរបស់ពួកគេ។ ទោះជាលោកយេស៊ូមិនធ្វើតាមច្បាប់របស់ពួកផារីស៊ីដែលពួកគេបានបង្កើតតាមអំពើចិត្តរបស់ពួកគេក៏ដោយ លោកពិតជាបានធ្វើតាមច្បាប់ម៉ូសេ។ (ម៉ាថ. ៥:១៧, ១៨; ២៣:២៣) លោកមិនគ្រាន់តែធ្វើតាមច្បាប់ដែលចែងជាអក្សរប៉ុណ្ណោះទេ លោកយល់គំនិតនិងខ្លឹមសារដែលមានមូលដ្ឋានលើច្បាប់ទាំងនោះ ហើយលោកយល់ថាត្រូវមានសេចក្ដីមេត្ដាករុណា។ លោកជាមនុស្សសមហេតុផល សូម្បីតែពេលអ្នកកាន់តាមលោកមិនបានធ្វើតាមអ្វីដែលលោកចង់ឲ្យពួកគេធ្វើក៏ដោយ។ ជាឧទាហរណ៍ ទោះជាលោកបានដាស់តឿនសាវ័កបីនាក់របស់លោកកុំឲ្យដេកលក់និងនៅចាំយាមនៅរាត្រីដែលគេចាប់លោកក៏ដោយ តែពួកគេបានដេកលក់ម្ដងហើយម្ដងទៀត។ ទោះជាយ៉ាងនេះក្ដី លោកបានពោលដោយក្ដីអាណិតអាសូរថា៖ «ចិត្តបានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។—ម៉ាក. ១៤:៣៤-៤២
សំណួរដើម្បីរំពឹងគិត:
តើខ្ញុំខំបង្កើតច្បាប់ដ៏តឹងរ៉ឹង ឬយកគំនិតរបស់ខ្ញុំធ្វើជាច្បាប់ឬទេ? តើខ្ញុំជាមនុស្សសមហេតុសមផលចំពោះអ្វីដែលខ្ញុំចង់ឲ្យអ្នកឯទៀតធ្វើឬទេ?
សូមសញ្ជឹងគិតអំពីភាពផ្ទុយគ្នារវាងសេចក្ដីបង្រៀន របស់លោកយេស៊ូនិងពួកផារីស៊ី។ តើអ្នកឃើញរបៀបដែលអ្នកអាចធ្វើឲ្យកាន់តែប្រសើរឡើងក្នុងចំណុចទាំងបីខាងលើនេះ ឬទេ? បើមែន សូមតាំងចិត្តធ្វើដូច្នេះ។
[រូបភាពនៅទំព័រ២៨]
ពួកផារិស៊ីពាក់ប្រអប់តូចៗដែលមានបទគម្ពីរ។—ម៉ាថ. ២៣:២, ៥
[រូបភាពនៅទំព័រ២៩]
មិនដូចពួកផារិស៊ីដែលក្រអឺតក្រទម អ្នកចាស់ទុំដែលមានចិត្តរាបទាបបម្រើអ្នកឯទៀត
[រូបភាពនៅទំព័រ៣០]
ដូចលោកយេស៊ូ តើអ្នកជាមនុស្សសមហេតុសមផលចំពោះអ្វីដែលអ្នកចង់ឲ្យអ្នកឯទៀតធ្វើឬទេ?