លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្ដក្លាហាន

ការប្រឈមមុខនឹងទុក្ខលំបាកសព្វថ្ងៃនេះដោយចិត្ដក្លាហាន

ការ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​នេះ​ដោយ​ចិត្ត​ក្លាហាន

«ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន»។—ទំនុក. ៤៦:១

តើ​អ្នក​អាច​ឆ្លើយ​បាន​ឬ​ទេ?

តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​មិន​ឲ្យ​ទុក្ខ​លំបាក​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត?

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​មាន​ចិត្ត​ក្លាហាន?

តើ​របៀប​រៀបចំ​អ្វី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក?

១, ២​. តើ​មនុស្ស​ជា​ច្រើន​បាន​ជួប​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ? ប៉ុន្តែ​តើ​អ្នក​បម្រើ​ព្រះ​ចង់​ធ្វើ​អ្វី?

យើង​រស់​នៅ​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។ មាន​មហន្តរាយ​ធម្មជាតិ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​លើ​ផែនដី​នេះ។ ការ​រញ្ជួយ​ដី រលក​យក្ស​ស៊ូ​ណា​មី ភ្លើង​ឆេះ​ព្រៃ ទឹក​ជំនន់ ការ​ផ្ទុះ​ភ្នំ​ភ្លើង ព្យុះកំបុតត្បូង​និង​ព្យុះ​សង្ឈរា​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​អន្តរាយ។ ម្យ៉ាង​ទៀត បញ្ហា​ក្នុង​ក្រុម​គ្រួសារ​និង​បញ្ហា​ផ្ទាល់​ខ្លួន​នាំ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច ហើយ​រង​ទុក្ខ។ ជា​ការ​ពិត​ណាស់​ដែល«ពេល​វេលា​នឹង​ឱកាស»ឬ​ព្រឹត្ដិការណ៍​ដែល​យើង​មិន​ដឹង​ជា​មុន​កើត​ឡើង​ដល់​យើង។—សាស្ដ. ៩:១១

អ្នក​បម្រើ​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​ទាំង​នេះ​ដោយ​ជោគជ័យ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ចង់​ត្រៀម​លក្ខណៈ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​អាច​ជួប​ប្រទះ​នៅ​អនាគត កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់។ តើ​យើង​អាច​ស៊ូ​ទ្រាំ ហើយ​មិន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​នេះ​ដោយ​ចិត្ត​ក្លាហាន?

ចូរ​រៀន​ពី​គំរូ​នៃ​ពួក​អ្នក​ដែល​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​ដោយ​ចិត្ត​ក្លាហាន

៣​. ដូច​រ៉ូម ១៥:៤​បាន​បង្ហាញ តើ​យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក?

ទោះ​ជា​ស្ថានភាព​ពិបាក​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​រង​ទុក្ខ​ក៏​ដោយ នេះ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​សម្រាប់​មនុស្ស​ជាតិ​នោះ​ទេ។ សូម​យើង​ពិចារណា​ថា​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​អ្នក​បម្រើ​មួយ​ចំនួន​របស់​ព្រះ​នៅ​សម័យ​បុរាណ ដែល​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​ដោយ​ចិត្ត​ក្លាហាន។—រ៉ូម ១៥:៤

៤​. តើ​ដាវីឌ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ ហើយ​តើ​អ្វី​បាន​ជួយ​គាត់?

សូម​ពិចារណា​អំពី​គំរូ​របស់​ដាវីឌ។ ក្នុង​ចំណោម​ទុក្ខ​លំបាក​ផ្សេងៗ ដាវីឌ​ត្រូវ​ទ្រាំ​នឹង​កំហឹង​របស់​ស្តេច​មួយ​អង្គ ការ​វាយ​ប្រហារ​របស់​សត្រូវ ការ​ចាប់​ប្រពន្ធ ការ​ក្បត់​ពី​សំណាក់​ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​កង​ទ័ព​របស់​គាត់ ព្រម​ទាំង​ការ​រង​ទុក្ខ​ខាង​ផ្លូវ​ចិត្ត។ (១សាំ. ១៨:៨, ៩; ៣០:១​-​៥; ២សាំ. ១៧:១​-​៣; ២៤:១៥, ១៧; ទំនុក. ៣៨:៤​-​៨) កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្តី​អំពី​ដំណើរ​ជីវិត​របស់​ដាវីឌ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ឈឺ​ចាប់​របស់​គាត់ ដែល​បណ្ដាល​មក​ពី​ទុក្ខ​លំបាក​ទាំង​នេះ។ ប៉ុន្តែ ទុក្ខ​លំបាក​ទាំង​នេះ​មិន​បាន​បំផ្លាញ​ចំណង​មិត្តភាព​រវាង​គាត់​និង​ព្រះ​ទេ។ គាត់​បាន​និយាយ​ដោយ​ជំនឿ​រឹង​មាំ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា?»។—ទំនុក. ២៧:១; សូម​អាន ទំនុកតម្កើង ២៧:៥, ១០

៥​. តើ​អ្វី​បាន​ជួយ​អាប្រាហាំ​និង​សារ៉ា​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជីវិត​ដ៏​ពិបាក?

អាប្រាហាំ​និង​សារ៉ា​បាន​រស់​នៅ​ក្នុង​ត្រ​សាល​ជា​ជន​បរទេស​ស្ទើរតែ​អស់​មួយ​ជីវិត​របស់​ពួក​គាត់ នៅ​ក្នុង​ស្រុក​ដែល​ពួក​គាត់​មិន​ធ្លាប់​ស្គាល់។ ជីវិត​របស់​ពួក​គាត់​មិន​តែង​តែ​ស្រួល​នោះ​ទេ។ ប៉ុន្តែ ពួក​គាត់​បាន​តាំង​ចិត្ត​ស៊ូ​ទ្រាំ​នឹង​អ្វី​ផ្សេងៗដូច​ជា​ការ​អត់​ឃ្លាន និង​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ប្រជាជាតិ​នានា​ដែល​នៅ​ជុំ​វិញ​ពួក​គាត់។ (លោ. ១២:១០; ១៤:១៤​-​១៦) តើ​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ថា​អាប្រាហាំ«រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត ជា​ក្រុង​ដែល​មាន​ព្រះ​ជា​អ្នក​សង់​និង​ជា​អ្នក​បង្កើត»។ (ហេ. ១១:៨​-​១០) អាប្រាហាំ​និង​សារ៉ា​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​មាន​នៅ​ខាង​មុខ ហើយ​មិន​ឲ្យ​មនុស្ស​នៅ​ជុំ​វិញ​ពួក​គាត់ ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត​ឡើយ។

៦​. តើ​យើង​អាច​យក​តម្រាប់​យ៉ូប​យ៉ាង​ដូច​ម្ដេច?

យ៉ូប​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង​បំផុត។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​គាត់​ពេល​ដែល​អ្វីៗទាំង​អស់​ក្នុង​ជីវិត​របស់​គាត់​ហាក់​ដូច​ជា​មាន​បញ្ហា។ (យ៉ូប ៣:៣, ១១) អាក្រក់​ជាង​នេះ​ទៅ​ទៀត គឺ​គាត់​មិន​យល់​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​ជួប​នឹង​បញ្ហា​ទាំង​នោះ​ទេ។ ប៉ុន្តែ គាត់​មិន​បាន​ឈប់​ស៊ូ​ទ្រាំ​ឡើយ។ គាត់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​និង​ជំនឿ​របស់​គាត់​លើ​ព្រះ។ (សូម​អាន យ៉ូប ២៧:៥) យ៉ូប​ពិត​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​មែន!

៧​. កាល​ដែល​ប៉ូល​បម្រើ​ព្រះ តើ​គាត់​បាន​ជួប​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ? ប៉ុន្តែ​តើ​ការ​ដឹង​អំពី​អ្វី បាន​ជួយ​ប៉ូល​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​បន្ត​បម្រើ​ព្រះ?

សូម​ពិចារណា​ផង​ដែរ​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​បាន​ជួប​នឹង‹គ្រោះ​ថ្នាក់​នៅ​ក្នុង​ក្រុង នៅ​តំបន់​ស្ងាត់​ជ្រងំ និង​នៅ​សមុទ្រ›។ គាត់​បាន​រៀប​រាប់​ថា​គាត់‹ស្រេក​ឃ្លាន រងា និង​គ្មាន​សម្លៀក​បំពាក់›។ ប៉ូល​ក៏​បាន​រៀប​រាប់​ដែរ​ថា គាត់​បាន‹នៅ​សមុទ្រ​ជ្រៅ​មួយ​យប់​មួយ​ថ្ងៃ› នេះ​ទំនង​ជា​ដោយ​សារ​ការ​លិច​សំពៅ​មួយ​ក្នុង​ចំណោម​ការ​លិច​សំពៅ​ដែល​គាត់​បាន​ជួប​ប្រទះ។ (២កូ. ១១:២៣​-​២៧) ទោះ​ជា​គាត់​បាន​ជួប​ប្រទះ​នឹង​អ្វីៗទាំង​នេះ​ក៏​ដោយ សូម​កត់​សម្គាល់​នូវ​ចិត្ត​គំនិត​របស់​គាត់ ក្រោយ​ពី​គាត់​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ ដោយ​សារ​គាត់​បម្រើ​ព្រះ។ គាត់​បាន​និយាយ​ថា៖ «ដើម្បី​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ​ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ជា​ជាង​ទុក​ចិត្ត​ខ្លួន​យើង។ ដូច្នេះ លោក​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពិត​មែន ក៏​នឹង​សង្គ្រោះ​យើង​ម្ដង​ទៀត»។ (២កូ. ១:៨​-​១០) មនុស្ស​តិច​ណាស់​ធ្លាប់​ជួប​នឹង​ព្រឹត្ដិការណ៍​អាក្រក់​ជា​ច្រើន​ដូច​ប៉ូល។ ប៉ុន្តែ យើង​ជា​ច្រើន​នាក់​អាច​មាន​អារម្មណ៍​ដូច​គាត់ ហើយ​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គំរូ​ស្តី​អំពី​ភាព​ក្លាហាន​របស់​គាត់។

សូម​កុំ​ឲ្យ​ទុក្ខ​លំបាក​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ឡើយ

៨​. តើ​បញ្ហា​សព្វ​ថ្ងៃ​នេះ​ប្រហែលជា​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? សូម​លើក​ឧទាហរណ៍។

នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មហន្តរាយ​ធម្មជាតិ ការ​ពិបាក ការ​បង្ខិត​បង្ខំ នោះ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត។ សូម្បី​តែ​គ្រិស្ត​សាសនិក​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ឡា​នី *ដែល​កំពុង​សប្បាយ​នឹង​កិច្ច​បម្រើ​ពេញ​ពេល​ជា​មួយ​នឹង​ប្ដី​នាង​នៅ​ប្រទេស​អូស្ដ្រាលី ប្រាប់​ថា​ពេល​ការ​វិនិច្ឆ័យ​រោគ​បាន​ឲ្យ​ដឹង​ថា​នាង​មាន​ជំងឺ​មហារីក​ដោះ នោះ​ជា​ដំណឹង​អាក្រក់​ណាស់ ហើយ​គួរ​ឲ្យ​តក់​ស្លុត។ នាង​និយាយ​ថា៖ «ការ​ព្យាបាល​ជំងឺ​នោះ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ»។ អ្វី​ដែល​ពិបាក​ថែម​ទៀត​នោះ គឺ​នាង​ត្រូវ​មើល​ថែ​ប្ដី​របស់​នាង​ដែល​បាន​វះ​កាត់​ឆ្អឹង​ខ្នង។ ប្រសិនបើ​យើង​ជួប​នឹង​ស្ថានភាព​អាក្រក់​បែប​នេះ តើ​យើង​អាច​ធ្វើ​អ្វី?

៩, ១០​. (ក) តើ​យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​អ្វី? (ខ) តើ​តាម​របៀប​ណា​យើង​អាច​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សកម្មភាព ១៤:២២?

ជា​ការ​ល្អ​ដែល​យើង​ចាំ​ថា សាថាន​ចង់​ប្រើ​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ។ ប៉ុន្តែ យើង​មិន​ត្រូវ​ឲ្យ​វា​ធ្វើ​ឲ្យ​យើង​លែង​មាន​អំណរ​តាម​របៀប​នេះ​ឡើយ។ សុភាសិត ២៤:១០​ចែង​ថា៖ «បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ»។ ការ​រំពឹង​គិត​អំពី​គំរូ​របស់​បុគ្គល​ខ្លះ​ក្នុង​គម្ពីរ​ដែល​យើង​បាន​ពិចារណា​ខាង​លើ នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក។

១០ ជា​ការ​ល្អ​ដែល​យើង​ចាំ​ជា​និច្ច​ថា យើង​មិន​អាច​បំបាត់​បញ្ហា​ទាំង​អស់​បាន​ឡើយ។ តាម​ការ​ពិត យើង​ដឹង​ថា​យើង​នឹង​ជួប​បញ្ហា។ (២ធី. ៣:១២) សកម្មភាព ១៤:២២​ប្រាប់​យើង​ថា៖ «យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​សេចក្ដី​វេទនា​ជា​ច្រើន»។ ជា​ជាង​ធ្លាក់​ទឹក​ចិត្ត ចូរ​ចាត់​ទុក​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ ជា​ឱកាស​ដើម្បី​បង្ហាញ​ចិត្ត​ក្លាហាន​ដែល​មាន​មូលដ្ឋាន​លើ​ជំនឿ​របស់​អ្នក​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​ដើម្បី​ជួយ​អ្នក។

១១​. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារទុក្ខ​លំបាក​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

១១ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​គិត​ថា​ល្អ​ក្នុង​ជីវិត​របស់​យើង។ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ថា៖ «ចិត្ត​រីករាយ​តែង​តែ​បណ្ដាល​ឲ្យ​មាន​ទឹក​មុខ​ផូរផង់ តែ​វិញ្ញាណ​ត្រូវ​បាក់បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត»។ (សុភ. ១៥:១៣) អ្នក​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​បាន​ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ថា ការ​គិត​អំពី​អ្វី​ដែល​ល្អ​អាច​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ។ អ្នក​ជំងឺ​ជា​ច្រើន​នាក់​ដែល​គ្រូ​ពេទ្យ​បាន​ឲ្យ​គ្រាប់​ស្ករ​ជំនួស​គ្រាប់​ថ្នាំ បាន​ធូរ​ស្បើយ​ពី​ជំងឺ​ដោយ​សារ​ពួក​គេ​គិត​ថា​គ្រាប់​ស្ករ​នេះ​ជា​ថ្នាំ​ដែល​អាច​ជួយ​ពួក​គេ​បាន។ ផ្ទុយ​ទៅ​វិញ ពេល​គ្រូ​ពេទ្យ​គ្រាន់តែ​ប្រាប់​ថា​ថ្នាំ​ដែល​ពួក​គេ​ប្រើ​នាំ​ឲ្យ​ពួក​គេ​មាន​បញ្ហា​សុខភាព នោះ​សុខភាព​របស់​អ្នក​ជំងឺ​កាន់​តែ​ខ្សោយ​ទៅៗ។ ការ​គិត​ជាប់​ជា​និច្ច​អំពី​ស្ថានភាព​ដែល​យើង​មិន​អាច​កែប្រែ​បាន ប្រហែលជា​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​តែ​ប៉ុណ្ណោះ។ បើ​គិត​អំពី​អ្វី​ដែល​ល្អ​វិញ ព្រះ​យេហូវ៉ា​មិន​ឲ្យ​យើង​នូវ«គ្រាប់​ស្ករ»នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សូម្បី​តែ​នៅ​ពេល​មាន​មហន្តរាយ លោក​ផ្ដល់​ជំនួយ​ពិត​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ដែល​មក​ពី​បណ្ដាំ​របស់​លោក ពី​បង​ប្អូន​រួម​ជំនឿ និង​ពី​សកម្មពល​បរិសុទ្ធ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​យើង។ ការ​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ទាំង​នេះ​នឹង​លើក​ទឹក​ចិត្ត​យើង។ ជា​ជាង​គិត​ជា​និច្ច​អំពី​រឿង​មិន​ល្អ ចូរ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នីមួយៗ ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ល្អ​ក្នុង​ជីវិត​របស់​អ្នក។—សុភ. ១៧:២២

១២, ១៣​. (ក) តើ​អ្វី​បាន​ជួយ​អ្នក​បម្រើ​របស់​ព្រះ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​បណ្ដាល​មក​ពី​មហន្តរាយ​ធម្មជាតិ? សូម​លើក​ឧទាហរណ៍។ (ខ) តើ​តាម​របៀប​ណា​មហន្តរាយ​ធម្មជាតិ​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា​អ្វី​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត?

១២ នៅ​ពេល​ថ្មីៗនេះ ប្រទេស​ខ្លះ​ជួប​ប្រទះ​នឹង​មហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ។ បង​ប្អូន​យើង​ជា​ច្រើន​នាក់​នៅ​ប្រទេស​ទាំង​នេះ​បាន​បង្ហាញ​ការ​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​គួរ​ឲ្យ​កោត​សរសើរ។ នេះ​មិន​មាន​ន័យ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ងាយ​ស្រួល​នោះ​ទេ។ នៅ​ដើម​ឆ្នាំ​២០១០ ការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​និង​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ប្រទេស​ឈីលី បាន​បំផ្លាញ​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​និង​ទ្រព្យ​សម្បត្ដិ​របស់​បង​ប្អូន​យើង ហើយ​បង​ប្អូន​ខ្លះ​បាន​បាត់បង់​មុខ​របរ​របស់​ខ្លួន។ ទោះ​ជា​ជួប​នឹង​បញ្ហា​នេះ​ក៏​ដោយ បង​ប្អូន​យើង​នៅ​តែ​បន្ត​បម្រើ​ព្រះ។ បង​ប្រុស​សាំយូអែល​ដែល​ផ្ទះ​របស់​គាត់​បាន​ត្រូវ​បំផ្លាញ​ទាំង​ស្រុង បាន​និយាយ​ថា៖ «សូម្បី​តែ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត​ទាំង​នេះ​ក៏​ដោយ ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​មិន​ដែល​ឈប់​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ទម្លាប់​ល្អ​ទាំង​នេះ​បាន​ជួយ​យើង​មិន​ឲ្យ​អស់​សង្ឃឹម»។ ពួក​គាត់​និង​បង​ប្អូន​ឯ​ទៀត​ជា​ច្រើន​នាក់​មិន​ឲ្យ​មហន្តរាយ​ធម្មជាតិ​ធ្វើ​ឲ្យ​ពួក​គាត់​ធ្លាក់​ទឹក​ចិត្ត​ទេ ហើយ​ពួក​គាត់​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

១៣ នៅ​ខែ​កញ្ញា ឆ្នាំ​២០០៩ ជាង​៨០​ភាគ​រយ​នៃ​ក្រុង​ម៉ានីល នា​ប្រទេស​ហ្វីលីពីន​បាន​ជន់​លិច​ដោយ​សារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។ អ្នក​មាន​ម្នាក់​ដែល​បាត់បង់​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​បាន​និយាយ​ថា ទឹក​ជំនន់​បាន​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប ហើយ​បាន​បណ្ដាល​ឲ្យ​ទាំង​អ្នក​មាន​និង​អ្នក​ក្រ មាន«ការ​ពិបាក​និង​ទុក្ខវេទនា»។ នេះ​រំលឹក​យើង​នូវ​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ថា៖ «ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​មិន​ស៊ី​បំផ្លាញ ហើយ​ចោរ​មិន​អាច​ចូល​លួច​ឡើយ»។ (ម៉ាថ. ៦:២០) ការ​ចាត់​ទុក​ទ្រព្យ​សម្បត្ដិ​ដែល​អាច​បាត់បង់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ថា​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត ច្រើន​តែ​នាំ​ឲ្យ​ខក​ចិត្ត។ ជា​ការ​ល្អ​ជាង​បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ​យេហូវ៉ា ដែល​អាច​នៅ​គង់វង្ស ទោះ​ជា​មាន​អ្វី​កើត​ឡើង​ជុំ​វិញ​យើង​ក៏​ដោយ!—សូម​អាន ហេប្រឺ ១៣:៥, ៦

មូលហេតុ​ដែល​យើង​មាន​ចិត្ត​ក្លាហាន

១៤​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​យើង​មាន​ចិត្ត​ក្លាហាន?

១៤ លោក​យេស៊ូ​បាន​ទទួល​ស្គាល់​ថា​នឹង​មាន​បញ្ហា​កើត​ឡើង​ក្នុងអំឡុង​វត្តមាន​របស់​លោក ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា៖ «កុំ​ភ័យ​ស្លុត​ឡើយ»។ (លូក. ២១:៩) ដោយ​មាន​លោក​ជា​ស្តេច​របស់​យើង ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​សកលលោក នោះ​យើង​មាន​មូលហេតុ​គ្រប់​គ្រាន់​ដើម្បី​មាន​ទំនុក​ចិត្ត។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ថា៖ «ព្រោះ​សកម្មពល​បរិសុទ្ធ​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង មិន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កំសាក​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​ខុស​ត្រូវ»។—២ធី. ១:៧

១៥​. សូម​លើក​ឧទាហរណ៍​អំពី​ទំនុក​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ ហើយ​ពន្យល់​ថា​យើង​អាច​មាន​ចិត្ត​ក្លាហាន​ស្រដៀង​គ្នា​យ៉ាង​ដូច​ម្ដេច។

១៥ សូម​កត់​សម្គាល់​នូវ​ពាក្យ​សម្ដី​ខ្លះ​ដែល​បញ្ជាក់​អំពី​ទំនុក​ចិត្ត​រឹង​មាំ​របស់​អ្នក​បម្រើ​ព្រះ។ ដាវីឌ​បាន​ពោល​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំ ចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយ ហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង»។ (ទំនុក. ២៨:៧) ប៉ូល​បាន​សម្ដែង​នូវ​ទំនុក​ចិត្ត​ឥត​រង្គោះរង្គើ​របស់​គាត់ ដោយ​ស្រដី​ថា៖ «យើង​កំពុង​ឈ្នះ​ក្នុង​ការ​ទាំង​អស់​នេះ ដោយ​សារ​លោក​ដែល​បាន​ស្រឡាញ់​យើង»។ (រ៉ូម ៨:៣៧) ស្រដៀង​គ្នា​ដែរ កាល​ដែល​លោក​យេស៊ូ​ជិត​រង​គ្រោះ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ ដោយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​ខ្ញុំ»។ (យ៉ូន. ១៦:៣២) តើ​ពាក្យ​ទាំង​នេះ​ស​ឲ្យ​ឃើញ​អ្វី? ពាក្យ​ទាំង​អស់​នេះ​ស​ឲ្យ​ឃើញ​នូវ​ទំនុក​ចិត្ត​ឥត​រង្គោះរង្គើ​ទៅ​លើ​ព្រះ​យេហូវ៉ា។ បើ​យើង​បណ្ដុះ​នូវ​ទំនុក​ចិត្ត​ស្រដៀង​គ្នា នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​នៅ​សព្វ​ថ្ងៃ​នេះ។—សូម​អាន ទំនុកតម្កើង ៤៦:១​-​៣

ចូរ​ទទួល​ប្រយោជន៍​ពី​របៀប​រៀបចំ​របស់​ព្រះ​ដើម្បី​រក្សា​ចិត្ត​ក្លាហាន

១៦​. ហេតុ​អ្វី​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​អ្វី​ដែល​សំខាន់​ចំពោះ​យើង?

១៦ គ្រិស្ត​សាសនិក​មាន​ចិត្ត​ក្លាហាន​មិន​មែន​ដោយ​សារ​ពួក​គេ​ពឹង​ផ្អែក​លើ​សមត្ថភាព​ឬ​កម្លាំង​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​មាន​ចិត្ត​ក្លាហាន​គឺ​ដោយ​សារ​យើង​ស្គាល់​ព្រះ ហើយ​ពឹង​ផ្អែក​លើ​លោក។ យើង​អាច​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក។ បង​ស្រី​ម្នាក់​ដែល​បាន​ធ្លាក់​ទឹក​ចិត្ត ពន្យល់​អំពី​អ្វី​ដែល​ជួយ​គាត់​ដោយ​ស្រដី​ថា៖ «ខ្ញុំ​អាន​ជា​ពិសេស​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​ខ​គម្ពីរ​ដែល​សម្រាល​ទុក្ខ»។ តើ​យើង​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ឲ្យ​យើង​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​ឬ​ទេ? ការ​ធ្វើ​អ្វីៗទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​អ្នក​តែង​ទំនុកតម្កើង​ដែល​បាន​ពោល​ថា៖ «ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូល​បង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ»។—ទំនុក. ១១៩:៩៧

១៧​. (ក) តើ​របៀប​រៀបចំ​អ្វី​ខ្លះ ដែល​អាច​ជួយ​យើង​រក្សា​សេចក្ដី​សង្ឃឹម​ដោយ​មាន​ចិត្ត​ក្លាហាន? (ខ) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ជីវប្រវត្ដិ​ក្នុង​ទស្សនាវដ្ដី​របស់​យើង​បាន​ជួយ​អ្នក។

១៧ យើង​ក៏​មាន​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែរ ដែល​មាន​ព័ត៌មាន​ដែល​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឃើញ​ថា​ជីវប្រវត្ដិ​របស់​បង​ប្អូន​រួម​ជំនឿ​នៅ​ក្នុង​ទស្សនាវដ្ដី​របស់​យើង​ពិត​ជា​មាន​ប្រយោជន៍​មែន។ បង​ស្រី​ម្នាក់​របស់​យើង​នៅ​ទ្វីប​អាស៊ី​ដែល​មាន​ជំងឺ​ម្យ៉ាង​ខាង​ផ្លូវ​ចិត្ត (bipolar mood disorder) សប្បាយ​រីករាយ​ពេល​គាត់​អាន​ជីវប្រវត្ដិ​របស់​បង​ប្រុស​ម្នាក់​ជា​អតីត​សាសនទូត ដែល​បាន​ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ដោយ​ជោគជ័យ។ គាត់​បាន​សរសេរ​ថា៖ «ជីវប្រវត្ដិ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​បញ្ហា​របស់​ខ្ញុំ ហើយ​បាន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ដល់​ខ្ញុំ»។

១៨​. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន?

១៨ ការ​អធិដ្ឋាន​អាច​ជួយ​យើង​ក្នុង​គ្រប់​ស្ថានភាព​ទាំង​អស់។ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​ប្រយោជន៍​នៃ​របៀប​រៀបចំ​នេះ​ដោយ​និយាយ​ថា៖ «កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខសាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ»។ (ភី. ៤:៦, ៧) តើ​យើង​ឆ្លៀត​យក​ប្រយោជន៍​ឲ្យ​បាន​ពេញ​លេញ​ពី​របៀប​រៀបចំ​នេះ​ដើម្បី​ទទួល​កម្លាំង ពេល​មាន​ទុក្ខ​លំបាក​ឬ​ទេ? បង​ប្រុស​អាឡេច​នៅ​ប្រទេស​អង់គ្លេស​ដែល​បាន​ធ្លាក់​ទឹក​ចិត្ត​ជា​យូរ​មក​ហើយ បាន​ពោល​ថា៖ «ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ស្ដាប់​លោក​ដោយ​អាន​បណ្ដាំ​របស់​លោក​គឺជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​សម្រាប់​ខ្ញុំ»។

១៩​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង?

១៩ ការ​សេពគប់​នៅ​កិច្ច​ប្រជុំ​របស់​យើង​គឺជា​របៀប​រៀបចំ​ផ្សេង​ទៀត ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ជួយ​យើង។ អ្នក​តែង​ទំនុកតម្កើង​បាន​សរសេរ​ថា៖ «ព្រលឹង​ទូល​បង្គំ​រឭក អើ ក៏​កន្លេង​ចិត្ត​ដោយ​នឹក​ដល់​ទី​លាន​នៃ​ព្រះ​យេហូវ៉ា»។ (ទំនុក. ៨៤:២) តើ​យើង​មាន​អារម្មណ៍​ដូច្នេះ​ឬ​ទេ? បង​ស្រី​ឡា​នី ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ ពន្យល់​អំពី​ទស្សនៈ​របស់​គាត់​ស្តី​អំពី​ការ​សេពគប់​របស់​គ្រិស្ត​សាសនិក​ថា៖ «ការ​ចូល​រួម​ប្រជុំ​គឺ​សំខាន់​ណាស់។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ទៅ​ប្រជុំ បើ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ»។

២០​. តើ​ការ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

២០ យើង​ក៏​អាច​មាន​ចិត្ត​ក្លាហាន​ដែរ ដោយ​ជាប់​រវល់​ជា​និច្ច​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ (១ធី. ៤:១៦) បង​ស្រី​ម្នាក់​នៅ​ប្រទេស​អូស្ដ្រាលី​ដែល​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន និយាយ​ថា៖ «ខ្ញុំ​មិន​ចង់​ផ្សព្វ​ផ្សាយ​ទេ ប៉ុន្តែ​អ្នក​ចាស់​ទុំ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់។ ដូច្នេះ ខ្ញុំ​បាន​ទៅ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ជួយ​ខ្ញុំ​មែន។ រាល់​លើក​ដែល​ខ្ញុំ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​ណាស់»។ (សុភ. ១៦:២០) បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឃើញ​ថា ដោយ​សារ​ពួក​គាត់​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ពង្រឹង​ជំនឿ​លើ​ព្រះ​យេហូវ៉ា នោះ​ពួក​គាត់​ក៏​ពង្រឹង​ជំនឿ​របស់​ពួក​គាត់​ដែរ។ ដោយ​ធ្វើ​ដូច្នោះ ពួក​គាត់​ឈប់​គិត​អំពី​បញ្ហា​របស់​ខ្លួន​គាត់ ហើយ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ដែល​សំខាន់​ជាង។—ភី. ១:១០, ១១

២១​. តើ​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក?

២១ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដើម្បី​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​នេះ​ដោយ​ចិត្ត​ក្លាហាន។ ដោយ​ទទួល​ប្រយោជន៍​ពី​របៀប​រៀបចំ​ទាំង​នេះ ដោយ​រំពឹង​គិត​អំពី​គំរូ​ដ៏​ល្អ​របស់​អ្នក​បម្រើ​ដ៏​ក្លាហាន​របស់​ព្រះ និង​ដោយ​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់ យើង​មាន​ទំនុក​ចិត្ត​ថា យើង​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដោយ​ជោគជ័យ​បាន។ កាល​ដែល​របៀប​របប​នេះ​ជិត​ដល់​ទី​បញ្ចប់ ទោះ​ជា​រឿង​អាក្រក់​ជា​ច្រើន​ប្រហែលជា​នៅ​តែ​កើត​ឡើង​ក៏​ដោយ យើង​អាច​មាន​អារម្មណ៍​ដូច​ប៉ូល ដែល​មាន​វាចា​ថា៖ «យើង​ត្រូវ​គេ​ផ្ដួល​ដល់​ដី តែ​យើង​មិន​ត្រូវ​គេ​បំផ្លាញ​ទេ។ . . . យើង​មិន​ឈប់​តស៊ូ​ឡើយ»។ (២កូ. ៤:៩, ១៦) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​សព្វ​ថ្ងៃ​នេះ​ដោយ​ចិត្ត​ក្លាហាន។—សូម​អាន កូរិនថូសទី២ ៤:១៧, ១៨

[កំណត់​សម្គាល់]

^ វគ្គ 8 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

[សំណួរ​សម្រាប់​វគ្គ​នីមួយៗ]

[រូបភាព​នៅ​ទំព័រ​១០, ១១]

ពេល​អ្នក​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក សូម​ទទួល​ប្រយោជន៍​ពី​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ