លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ

ចូរពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកតាមរយៈការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ

«ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។—សុភ. ២៥:១១

. តើតាមរបៀបណាការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អពង្រឹងចំណងអាពាហ៍ពិពាហ៍?

បងប្រុសម្នាក់នៅប្រទេសកាណាដានិយាយថា«ខ្ញុំចូលចិត្ដចំណាយពេលជាមួយប្រពន្ធខ្ញុំជាជាងជាមួយអ្នកទៀត»។ បងប្រុសនេះបានបន្ថែមថា ពេលខ្ញុំនៅជាមួយប្រពន្ធរបស់ខ្ញុំ នេះធ្វើឲ្យគ្រាដ៏សប្បាយក្នុងជីវិតកាន់តែសប្បាយ ហើយគ្រាលំបាកគឺងាយស៊ូទ្រាំជាង។ ប្ដីម្នាក់នៅប្រទេសអូស្ត្រាលីបានសរសេរថា«ក្នុងអំឡុងពេល១១ឆ្នាំដែលយើងរស់នៅជាមួយគ្នា គ្មានថ្ងៃមួយណាដែលខ្ញុំមិនបាននិយាយជាមួយប្រពន្ធរបស់ខ្ញុំឡើយ»។ គាត់និយាយថាការប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងល្អបានជួយពួកគាត់ឲ្យទុកចិត្ដគ្នាទាំងស្រុង ហើយឲ្យមានចំណងអាពាហ៍ពិពាហ៍រឹងមាំ។ បងស្រីម្នាក់នៅប្រទេសកូស្ដារីកា បាននិយាយថា«ការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អមិនគ្រាន់តែធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំប៉ុណ្ណោះទេ តែក៏ធ្វើឲ្យយើងចូលទៅកាន់តែជិតព្រះយេហូវ៉ា ការពារយើងពីការល្បួង ធ្វើឲ្យយើងជាប្ដីប្រពន្ធដែលមានសាមគ្គីភាព ហើយធ្វើឲ្យយើងស្រឡាញ់គ្នាកាន់តែខ្លាំងឡើង»។

. តើមានកត្ដាអ្វីខ្លះដែលអាចរារាំងការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ?

តើអ្នកនិងគូរបស់អ្នកមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ ឬតើអ្នកពិបាកសន្ទនាគ្នាតាមរបៀបដែលលើកទឹកចិត្ដ? យើងក៏យល់ដែរថា ស្ថានភាពពិបាកប្រហែលជាអាចកើតឡើង ពីព្រោះអាពាហ៍ពិពាហ៍គឺជាការផ្សំផ្គុំមនុស្សមិនល្អឥតខ្ចោះពីរនាក់ដែលមានបុគ្គលិកលក្ខណៈខុសគ្នា ហើយមានទំនៀមទម្លាប់និងរបៀបចិញ្ចឹមអប់រំខុសគ្នា។ (រ៉ូម ៣:២៣) ម្យ៉ាងទៀត ប្ដីប្រពន្ធមួយគូប្រហែលជាមានរបៀបប្រាស្រ័យទាក់ទងខុសពីគ្នា។ អ្នកស្រាវជ្រាវអំពីអាពាហ៍ពិពាហ៍ឈ្មោះចន ហ្គតម៉ិន និងណិន ស៊ីលវ័រ និយាយថា«ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យនៅស្ថិតស្ថេរ នោះតម្រូវឲ្យមានចិត្ដក្លាហាន ការតាំងចិត្ដ និងខំស៊ូទ្រាំ»។

. តើអ្វីបានជួយប្ដីប្រពន្ធឲ្យពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ?

តាមការពិត អាពាហ៍ពិពាហ៍ដែលបានជោគជ័យតម្រូវឲ្យមានការខំប្រឹងប្រែង។ ប៉ុន្ដែនេះនាំឲ្យមានសុភមង្គលដ៏ច្រើនលើសលប់។ ប្ដីប្រពន្ធដែលស្រឡាញ់គ្នាពិតជាអាចមានសុភមង្គលជាមួយគ្នា។ (សាស្ដ. ៩:៩) សូមពិចារណាអំពីចំណងអាពាហ៍ពិពាហ៍ដែលពោរពេញដោយសេចក្ដីស្រឡាញ់របស់អ៊ីសាកនិងរេបិកា។ (លោ. ២៤:៦៧)  គម្ពីរបង្ហាញថាពួកគេនៅតែស្រឡាញ់គ្នាយ៉ាងខ្លាំង ទោះជាពួកគេបានរៀបអាពាហ៍ពិពាហ៍អស់ជាច្រើនឆ្នាំហើយក៏ដោយ។ គូអាពាហ៍ពិពាហ៍ជាច្រើននៅសព្វថ្ងៃនេះក៏ដូច្នេះដែរ។ តើអ្វីបានជួយពួកគេ? ពួកគេបានរៀនប្រាប់អំពីគំនិតនិងអារម្មណ៍របស់ខ្លួនដល់គ្នាទៅវិញទៅមកដោយត្រង់ ប៉ុន្ដែដោយស្លូតបូត។ ពួកគេបង្ហាញគុណសម្បត្ដិដូចជាការចេះយល់អារម្មណ៍គូរបស់ពួកគេ សេចក្ដីស្រឡាញ់ ការគោរពនិងចិត្ដរាបទាប។ ឥឡូវយើងនឹងពិចារណាអំពីរបៀបដែលគុណសម្បត្ដិទាំងនេះអាចជួយប្ដីប្រពន្ធឲ្យមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។

ចូររំពឹងគិតដើម្បីយល់អារម្មណ៍គូរបស់អ្នក

៤, ៥. តើតាមរបៀបណាការយល់អំពីអារម្មណ៍គូរបស់ខ្លួនជួយប្ដីប្រពន្ធឲ្យកាន់តែយល់គ្នាទៅវិញទៅមក? សូមលើកឧទាហរណ៍។

សុភាសិត ១៦:២០ចែងថា«អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក»។ នេះអាចកើតឡើងពិតមែនក្នុងចំណងអាពាហ៍ពិពាហ៍និងក្នុងជីវិតគ្រួសារ។ (សូមអាន សុភាសិត ២៤:៣) បណ្ដាំរបស់ព្រះជាជំនួយដ៏ល្អបំផុតដែលជួយយើងឲ្យរំពឹងគិតដើម្បីយល់អារម្មណ៍គូរបស់យើងនិងឲ្យមានប្រាជ្ញា។ ជាឧទាហរណ៍ លោកុប្បត្ដិ ២:១៨ចែងថា ព្រះបានបង្កើតស្ដ្រីដើម្បីបង្គ្រប់អ្វីដែលបុរសមិនមាន។ នេះជាមូលហេតុដែលស្ដ្រីមានរបៀបប្រាស្រ័យទាក់ទងគ្នាខុសពីបុរស។ មនុស្សម្នាក់គឺខុសពីគ្នា ប៉ុន្ដែជាទូទៅស្ដ្រីចូលចិត្ដនិយាយអំពីអារម្មណ៍របស់ខ្លួន អំពីមនុស្ស និងអំពីទំនាក់ទំនងរបស់នាងជាមួយអ្នកទៀត។ ស្ដ្រីចង់ឲ្យប្ដីនិយាយជាមួយនាងដោយបង្ហាញភាពកក់ក្ដៅ និងភាពជិតស្និទ្ធ នេះនាំឲ្យនាងមានអារម្មណ៍ថាប្ដីស្រឡាញ់នាង។ ផ្ទុយទៅវិញ បុរសជាច្រើននាក់មិនសូវចូលចិត្ដនិយាយអំពីអារម្មណ៍របស់ពួកគេទេ ហើយចូលចិត្ដនិយាយអំពីសកម្មភាព បញ្ហានិងដំណោះស្រាយ ហើយគាត់ចង់ឲ្យប្រពន្ធគោរពគាត់។

បងស្រីម្នាក់នៅប្រទេសអង់គ្លេសបាននិយាយថា«ប្ដីរបស់ខ្ញុំចង់ដោះស្រាយបញ្ហាភ្លាមជាជាងស្ដាប់ខ្ញុំនិយាយ»។ នាងពន្យល់ថានេះអាចធ្វើឲ្យនាងធុញថប់ក្នុងចិត្ដដោយសារតាមពិត នាងចង់ឲ្យប្ដីនាងស្ដាប់អ្វីដែលនាងនិយាយ ហើយព្យាយាមយល់អារម្មណ៍របស់នាង។ ប្ដីម្នាក់បានសរសេរថា«ពេលខ្ញុំនិងប្រពន្ធខ្ញុំទើបនឹងរៀបការ ខ្ញុំចង់ដោះស្រាយបញ្ហាទាំងអស់ដែលប្រពន្ធខ្ញុំមានឲ្យបានឆាប់ៗ។ ប៉ុន្ដែមិនយូរប៉ុន្មាន ខ្ញុំបានដឹងថាតាមការពិតនាងចង់ឲ្យខ្ញុំស្ដាប់នាងនិយាយ»។ (សុភ. ១៨:១៣; យ៉ា. ១:១៩) ប្ដីដែលយល់អំពីអារម្មណ៍របស់ប្រពន្ធកត់សម្គាល់អារម្មណ៍របស់នាង ហើយព្យាយាមកែប្រែរបៀបដែលគាត់និយាយជាមួយប្រពន្ធគាត់ស្របតាមអារម្មណ៍របស់នាង។ ដំណាលគ្នានោះ គាត់ធ្វើឲ្យនាងជឿជាក់ថាគំនិតនិងអារម្មណ៍របស់នាងគឺសំខាន់ចំពោះគាត់។ (១ពេ. ៣:៧) ជាលទ្ធផល នាងព្យាយាមយល់អំពីទស្សនៈរបស់គាត់។ ពេលប្ដីប្រពន្ធយល់គ្នា ឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក ហើយធ្វើតាមតួនាទីរបស់ពួកគេស្របតាមបទគម្ពីរ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេគឺជាអ្វីដ៏ល្អ។ ម្យ៉ាងទៀត ពួកគេអាចសហការគ្នាដើម្បីធ្វើការសម្រេចចិត្ដដោយឈ្លាសវៃនិងដោយសមហេតុសមផល ហើយធ្វើតាមការសម្រេចចិត្ដនោះ។

៦, ៧. () តើតាមរបៀបណាគោលការណ៍នៅសាស្ដា ៣:៧អាចជួយគូអាពាហ៍ពិពាហ៍ឲ្យបង្ហាញការយល់អារម្មណ៍គ្នា? () តើតាមរបៀបណាប្រពន្ធបង្ហាញការចេះពិចារណា ហើយតើប្ដីគួរខំប្រឹងធ្វើអ្វី?

ប្ដីប្រពន្ធដែលចេះយល់អារម្មណ៍គ្នាក៏ដឹងដែរថា «មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ (សាស្ដ. ៣:១,) បងស្រីម្នាក់ដែលបានរៀបការអស់១០ឆ្នាំបាននិយាយថា«ឥឡូវខ្ញុំដឹងថា មានពេលខ្លះបើលើករឿងណាមួយមកនិយាយគឺមិនត្រឹមត្រូវទេ។ បើប្ដីរបស់ខ្ញុំកំពុងរវល់នឹងការងារ ឬមានភារកិច្ចច្រើន ខ្ញុំចាំបន្ដិចមុននឹងលើកបញ្ហាណាមួយមកនិយាយ។ ជាលទ្ធផលការសន្ទនារបស់យើងមានភាពរលូនជាង»។ ប្រពន្ធដែលចេះពិចារណាក៏និយាយដោយស្លូតបូត ហើយក៏ដឹងដែរថាពាក្យដែលល្អ«ដែលនិយាយចំពេល» មិនគ្រាន់តែពីរោះស្ដាប់ប៉ុណ្ណោះទេ តែក៏ធ្វើឲ្យប្ដីសប្បាយចិត្ដដែរ។—សូមអាន សុភាសិត ២៥:១១, យើងកែជាអក្សរទ្រេត

ទង្វើតូចតាចអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គលច្រើនឡើង

ប្ដីដែលជាគ្រិស្ដសាសនិកមិនគ្រាន់តែស្ដាប់អ្វីដែលប្រពន្ធគាត់និយាយប៉ុណ្ណោះទេ ប៉ុន្ដែក៏ខំប្រឹងប្រាប់យ៉ាងច្បាស់អំពីអារម្មណ៍របស់ខ្លួនគាត់ដែរ។ អ្នកចាស់ទុំម្នាក់ដែលបានរៀបការ២៧ឆ្នាំហើយបាននិយាយថា«ខ្ញុំត្រូវព្យាយាមប្រាប់ប្រពន្ធរបស់ខ្ញុំអំពីអ្វីដែលនៅក្នុងជម្រៅចិត្ដរបស់ខ្ញុំ»។ បងប្រុសម្នាក់ដែលបានរៀបការអស់២៤ឆ្នាំបាននិយាយថា ធម្មតាគាត់មិនចូលចិត្ដនិយាយអំពីបញ្ហាទេ។ គាត់មានអារម្មណ៍ថាបើគាត់មិននិយាយអំពីបញ្ហានោះទេ វានឹងលែងមានទៀត។ ប៉ុន្ដែគាត់បានបន្ថែមថា«ខ្ញុំបានដឹងថាការប្រាប់អំពីអារម្មណ៍របស់ខ្ញុំមិនមែនជាសញ្ញាសម្គាល់នៃភាពទន់ខ្សោយទេ។ ពេលខ្ញុំពិបាកប្រាប់អំពីអារម្មណ៍របស់ខ្ញុំ ខ្ញុំអធិដ្ឋានដើម្បីនឹកឃើញពាក្យត្រឹមត្រូវនិងរបៀបត្រឹមត្រូវដើម្បីនិយាយពាក្យទាំងនោះ។ បន្ទាប់មកខ្ញុំដកដង្ហើមវែងៗ ហើយចាប់ផ្ដើមនិយាយ»។ គឺជាការល្អដែរបើប្ដីប្រពន្ធជ្រើស រើសពេលត្រឹមត្រូវដើម្បីនិយាយ ប្រហែលជាពេលដែលពួកគេនៅតែពីរនាក់ ហើយពិចារណាបទគម្ពីរប្រចាំថ្ងៃអានគម្ពីរជាមួយគ្នា។

. តើអ្វីអាចជួយប្ដីប្រពន្ធឲ្យចង់ប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរឡើង?

អ្វីដែលសំខាន់សម្រាប់ប្ដីនិងប្រពន្ធគឺការអធិដ្ឋាននិងការមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីចេះប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរជាង។ ប្រាកដហើយ ការកែប្រែរបៀបប្រាស្រ័យទាក់ទងគ្នាដែលពួកគេធ្លាប់មាន គឺជាការពិបាក។ ប៉ុន្ដែពេលប្ដីប្រពន្ធស្រឡាញ់ព្រះយេហូវ៉ា អធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយចាត់ទុកចំណងអាពាហ៍ពិពាហ៍របស់ពួកគេជាអ្វីដែលពិសិដ្ឋ ពួកគេមានអ្វីជាច្រើនដែលជំរុញចិត្ដពួកគេឲ្យចង់រក្សាចំណងអាពាហ៍ពិពាហ៍ដែលមនុស្សជាច្រើនមិនមាន។ ប្រពន្ធម្នាក់ដែលមានអាយុ២៦ឆ្នាំបានសរសេរថា«ប្ដីរបស់ខ្ញុំនិងខ្ញុំចាត់ទុកទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍ជាអ្វីដែលសំខាន់ ដូច្នេះយើងមិនដែលគិតថារស់នៅបែកគ្នាឡើយ។ នេះធ្វើឲ្យយើងខំប្រឹងថែមទៀតដើម្បីដោះស្រាយបញ្ហាផ្សេងដោយពិភាក្សាបញ្ហាទាំងនោះជាមួយគ្នា»។ ចិត្ដស្មោះភក្ដីបែបនេះចំពោះគ្នានិងភក្ដីភាពចំពោះព្រះ ធ្វើឲ្យព្រះពេញចិត្ដ ហើយជាលទ្ធផលពួកគេទទួលពរជាបរិបូរពីលោក។—ទំនុក. ១២៧:១

ចូរបង្កើនសេចក្ដីស្រឡាញ់

៩, ១០. តើប្ដីប្រពន្ធអាចធ្វើអ្វីដើម្បីឲ្យពួកគេស្រឡាញ់គ្នាកាន់តែខ្លាំងឡើង?

សេចក្ដីស្រឡាញ់«ជាចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»គឺជាគុណសម្បត្ដិសំខាន់បំផុតក្នុងចំណងអាពាហ៍ពិពាហ៍។ (កូឡ. ៣:១៤) សេចក្ដីស្រឡាញ់ពិតកើនឡើង កាលដែលប្ដីប្រពន្ធរួមរស់ជាមួយគ្នាយ៉ាងស្មោះភក្ដីទាំងពេលមានអំណរទាំងពេលមានការពិបាក។ ពួកគេក្លាយជាមិត្ដជិតស្និទ្ធនឹងគ្នា ហើយឲ្យតម្លៃចំពោះការចំណាយពេលជាមួយគ្នា។ ចំណងអាពាហ៍ពិពាហ៍បែបនេះគឺបានត្រូវពង្រឹង មិនមែនតាមរយៈការធ្វើអ្វីដ៏អស្ចារ្យដូចក្នុងភាពយន្ដក្នុងទូរទស្សន៍នោះទេ ប៉ុន្ដែតាមរយៈទង្វើតូចតាចជាច្រើនវិញ ពោលគឺការឱប ពាក្យសម្ដីសប្បុរស ការប្រព្រឹត្ដដោយចេះគិតដល់គ្នា ការញញឹមដាក់គ្នាដោយកក់ក្ដៅ ឬការសួរថា«តើថ្ងៃនេះយ៉ាងម៉េចដែរ?»យ៉ាងស្មោះពីចិត្ដ។ ទង្វើតូចតាចបែបនេះអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គលច្រើនឡើង។ ប្ដីប្រពន្ធមួយគូដែលមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍អស់១៩ឆ្នាំ ទូរស័ព្ទរកគ្នាផ្ញើសារទៅវិញទៅមករាល់ថ្ងៃ។ ប្ដីនោះនិយាយថា«ខ្ញុំគ្រាន់តែចង់ដឹងថាតើថ្ងៃនេះប្រពន្ធខ្ញុំយ៉ាងម៉េចដែរ»។

១០ សេចក្ដីស្រឡាញ់ក៏ជំរុញប្ដីប្រពន្ធឲ្យបន្ដរៀនពីគ្នាទៅវិញទៅមក។ (ភី. ២:៤) ជាលទ្ធផល ចំណេះបែបនេះអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់ពួកគេកាន់តែកើនឡើង ទោះជាពួកគេមិនល្អឥតខ្ចោះក៏ដោយ។ ចំណងអាពាហ៍ពិពាហ៍ដែលមានសុភមង្គលគឺកាន់តែរឹងមាំកាលដែលពេលវេលាកន្លងទៅ។ ប្រសិនបើអ្នករៀបការហើយសូមសួរខ្លួនអ្នកថា៖ ‹តើខ្ញុំស្គាល់គូរបស់ខ្ញុំច្បាស់ដល់កម្រិតណា? តើខ្ញុំយល់អារម្មណ៍និងគំនិតរបស់គាត់ចំពោះបញ្ហាផ្សេងទេ? តើខ្ញុំច្រើនតែគិតអំពីគុណសម្បត្ដិរបស់គាត់ដែលបានទាក់ទាញខ្ញុំពីមុនដំបូងទេ?›។

 ចូរគោរពគ្នាទៅវិញទៅមក

១១. ហេតុអ្វីការគោរពគ្នាគឺសំខាន់ចាំបាច់ដើម្បីឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ? សូមលើកឧទាហរណ៍។

១១ ទោះជាគូអាពាហ៍ពិពាហ៍ដែលមានសុភមង្គលបំផុតក៏មិនមានចំណងអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះដែរ ហើយប្ដីប្រពន្ធដែលស្រឡាញ់គ្នាប្រហែលជាមិនតែងតែមានគំនិតស្របគ្នាជានិច្ចនោះទេ។ អាប្រាហាំនិងសារ៉ាមិនតែងតែយល់ស្របគ្នារហូតទេ។ (លោ. ២១:៩-១១) ប៉ុន្ដែទោះជាពួកគាត់មានទស្សនៈផ្សេងគ្នាក្ដី ពួកគាត់មិនស្អប់គ្នាឡើយ។ ហេតុអ្វី? ពួកគាត់ប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមកដោយសេចក្ដីថ្លៃថ្នូរនិងការគោរព។ ជាឧទាហរណ៍ អាប្រាហាំនិយាយទៅកាន់សារ៉ាថា«ចូរ»សូម។ (លោ. ១២:១១, ១៣) រីឯសារ៉ាវិញ គាត់បានស្ដាប់បង្គាប់អាប្រាហាំ ហើយបានចាត់ទុកអាប្រាហាំថាជា«លោកម្ចាស់»របស់គាត់។ (លោ. ១៨:១២) ពេលប្ដីប្រពន្ធមិនគោរពគ្នាទៅវិញទៅមក ធម្មតានេះបង្ហាញឲ្យឃើញច្បាស់តាមរយៈពាក្យសម្ដីទំហំសំឡេងរបស់ពួកគេ។ (សុភ. ១២:១៨) ប្រសិនបើពួកគេមិនដោះស្រាយបញ្ហារបស់ពួកគេទេ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេអាចឈានទៅដល់អន្ដរាយ។—សូមអាន យ៉ាកុប ៣:៧-១០, ១៧, ១៨

១២. ហេតុអ្វីអ្នកដែលទើបនឹងរៀបការគួរខំប្រឹងខ្លាំងជាងធម្មតាដើម្បីអប់រំខ្លួនឲ្យចេះនិយាយដោយបង្ហាញការគោរព?

១២ ប្ដីប្រពន្ធដែលទើបតែរៀបការគួរខំប្រឹងខ្លាំងជាងធម្មតាដើម្បីនិយាយយ៉ាងសប្បុរសនិងគោរពគ្នាទៅវិញទៅមក។ ដូច្នេះពួកគេបង្កើតឲ្យមានបរិយាកាសល្អនិងមានការប្រាស្រ័យទាក់ទងគ្នាដោយឥតទើសទាល់និងដោយឥតលាក់លៀម។ ប្ដីម្នាក់បានពន្យល់ថាក្នុងឆ្នាំដំបូងនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេមិនយល់អំពីអារម្មណ៍ ទម្លាប់និងសេចក្ដីត្រូវការរបស់គ្នាទៅវិញទៅមកឡើយ។ ជួនកាលនេះធ្វើឲ្យពួកគេពិបាក។ ប៉ុន្ដែពួកគេអាចមានទំនាក់ទំនងល្អជាមួយគ្នា ដោយមានគំនិតសមហេតុផល និងចេះសើចសប្បាយជាមួយគ្នា។ គាត់និយាយថា គឺជាការសំខាន់ដែរបើយើងបង្ហាញចិត្ដរាបទាប និងចិត្ដអត់ធ្មត់ ហើយទុកចិត្ដព្រះយេហូវ៉ា។ នេះជាយោបល់ដ៏ល្អសម្រាប់យើងទាំងអស់គ្នា!

ចូរបង្ហាញចិត្ដរាបទាបពិតប្រាកដ

១៣. ហេតុអ្វីចិត្ដរាបទាបជាកត្ដាសំខាន់ចាំបាច់ដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល?

១៣ ការប្រាស្រ័យទាក់ទងគ្នាដ៏ល្អក្នុងចំណងអាពាហ៍ពិពាហ៍ប្រៀបដូចជាទឹកអូរដែលហូររឹមកាត់សួនច្បារមួយ។ ការមាន«ចិត្ដរាបទាប»មានតួនាទីសំខាន់ដើម្បីឲ្យមានការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ។ (១ពេ. ៣:៨) បងប្រុសម្នាក់ដែលបានរៀបការអស់១១ឆ្នាំបានកត់សម្គាល់ថា«ចិត្ដរាបទាបជួយដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងឆាប់រហ័ស ដោយសារចិត្ដរាបទាបជំរុញអ្នកឲ្យនិយាយថា ‹សូមអត់ទោស›»។ អ្នកចាស់ទុំម្នាក់ដែលបានរៀបការដោយមានសុភមង្គលអស់២០ឆ្នាំមានយោបល់ ថា«ជួនកាលពាក្យថា‹សូមអត់ទោស›គឺសំខាន់ជាងពាក្យថា‹បងស្រឡាញ់អូន›»។ គាត់បានពន្យល់ថា ការអធិដ្ឋានបានជួយគាត់និងប្រពន្ធគាត់ឲ្យបង្ហាញចិត្ដរាបទាប។ គាត់និយាយថា«ពេលខ្ញុំនិងប្រពន្ធខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាជាមួយគ្នា យើងនឹកចាំអំពីភាពមិនល្អឥតខ្ចោះរបស់យើង និងគុណដ៏វិសេសលើសលប់របស់ព្រះ»។ ការរំលឹកនេះជួយពួកគេឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯងនិងចំពោះបញ្ហាដែលពួកគេមាន។

ចូរបន្ដប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក

១៤. តើចិត្ដអំណួតមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍?

១៤ ប៉ុន្ដែចិត្ដអំណួតមិនអាចផ្សះផ្សាចំណងមិត្ដភាពសោះឡើយ។ ចិត្ដអំណួតរារាំងការប្រាស្រ័យទាក់ទងគ្នាដ៏ល្អ ពីព្រោះវាធ្វើឲ្យមនុស្សម្នាក់គ្មានចិត្ដក្លាហាននិងគ្មានចិត្ដចង់សុំការអភ័យទោសឡើយ។ ជាជាងនិយាយដោយចិត្ដរាបទាបថា«ខ្ញុំស្ដាយណាស់ សូមអភ័យទោសឲ្យខ្ញុំផង» បុគ្គលដែលមានចិត្ដអំណួតខំដោះសា។ ជាជាងទទួលស្គាល់ភាពទន់ខ្សោយរបស់ខ្លួនដោយចិត្ដក្លាហាន គាត់ទម្លាក់កំហុសទៅលើអ្នកទៀត។ ពេលមនុស្សដែលមានចិត្ដអំណួតអន់ចិត្ដ គាត់មិនព្យាយាមធ្វើឲ្យមានសេចក្ដីសុខសាន្ដវិញទេ។ គាត់និយាយពាក្យគំរោះគំរើយមិនព្រមនិយាយរកគ្នាទាល់តែសោះ។ (សាស្ដ. ៧:៩) ចិត្ដអំណួតអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍។ ជាការល្អដែលយើងចាំថា «ព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកផ្ដល់គុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្ដរាបទាប»។—យ៉ា. ៤:៦

១៥. តើអេភេសូរ ៤:២៦, ២៧អាចជួយប្ដីប្រពន្ធឲ្យដោះស្រាយបញ្ហារបស់ពួកគេយ៉ាងដូចម្ដេច?

១៥ ពេលប្ដីប្រពន្ធមានការខ្វែងគំនិតគ្នា ពួកគេគួរខំដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស ជាជាងមានចិត្ដអំណួត។ ប៉ូលបានប្រាប់បងប្អូនរួមជំនឿថា«កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ ហើយកុំឲ្យមេកំណាចមានឱកាស»។ (អេភ. ៤:២៦, ២៧) ការខកខានមិនធ្វើតាមបណ្ដាំរបស់ព្រះអាចនាំឲ្យមានការពិបាកដែលមិនចាំបាច់។ បងស្រីម្នាក់បានត្អូញត្អែរថា«ពេលខ្លះ ខ្ញុំនិងប្ដីរបស់ខ្ញុំមិនបានធ្វើតាមឱវាទនៅអេភេសូរ ៤:២៦, ២៧ទេ នេះនាំឲ្យខ្ញុំរសាប់រសល់ដេកមិនលក់សោះ!»។ បើប្ដីប្រពន្ធពិភាក្សាបញ្ហាជាមួយគ្នាដោយមានបំណងផ្សះផ្សាទំនាក់ទំនងឡើងវិញឲ្យបានឆាប់ នោះជាការប្រសើរជាង! ប្ដីប្រពន្ធប្រហែលជាត្រូវទុកពេលឲ្យគូរបស់ខ្លួនត្រជាក់ចិត្ដសិន។ គឺជាការសមរម្យដែរបើពួកគេអធិដ្ឋានសុំព្រះយេហូវ៉ាជួយពួកគេឲ្យមានចិត្ដគំនិតត្រឹមត្រូវ។ ពួកគេក៏គួរអធិដ្ឋានសុំព្រះយេហូវ៉ាជួយពួកគេឲ្យមានចិត្ដរាបទាបដែរ។ នេះនឹងជួយពួកគេម្នាក់មិនឲ្យគិតតែពីអារម្មណ៍ខ្លួនប៉ុណ្ណោះ ប៉ុន្ដែផ្ដោតអារម្មណ៍ទៅលើការដោះស្រាយបញ្ហាវិញ។—សូមអាន កូឡុស ៣:១២, ១៣

១៦. តើចិត្ដរាបទាបអាចជួយប្ដីប្រពន្ធឲ្យយល់តម្លៃនៃគុណសម្បត្ដិនិងសមត្ថភាពគូរបស់ខ្លួនយ៉ាងដូចម្ដេច?

១៦ ចិត្ដរាបទាបអាចជួយប្ដីប្រពន្ធឲ្យយល់តម្លៃនៃគុណសម្បត្ដិនិងសមត្ថភាពគូរបស់ខ្លួន។ ជាឧទាហរណ៍ ប្រពន្ធប្រហែលជាមានការប៉ិនប្រសប់ពិសេសណាមួយដែលនាងប្រើដើម្បីឲ្យក្រុមគ្រួសារទទួលប្រយោជន៍។ ប្ដីម្នាក់ដែលមានចិត្ដរាបទាបនឹងមិនគិតថា គាត់ត្រូវតែពូកែជាងប្រពន្ធរបស់គាត់ក្នុងគ្រប់ការទាំងអស់ទេ ប៉ុន្ដែគាត់នឹងលើកទឹកចិត្ដនាងឲ្យបន្ដប្រើសមត្ថភាពរបស់នាង។ ដោយធ្វើដូច្នេះ គាត់បង្ហាញថាគាត់ឲ្យតម្លៃនិងស្រឡាញ់នាង។ (សុភ. ៣១:១០, ២៨; អេភ. ៥:២៨, ២៩) ទន្ទឹមនឹងនោះ ប្រពន្ធដែលមានចិត្ដរាបទាបនឹងមិនអួតអំពីសមត្ថភាពរបស់នាងមិននិយាយមើលងាយប្ដីនាងឡើយ។ ដោយសារពួកគេជា«សាច់ឈាមតែមួយ» ការអួតខ្លួនរបៀបនេះធ្វើឲ្យពួកគេឈឺចាប់ទាំងពីរនាក់។—ម៉ាថ. ១៩:៤, ៥

១៧. តើអ្វីអាចជួយប្ដីប្រពន្ធឲ្យមានសុភមង្គល និងឲ្យព្រះទទួលកិត្ដិយស?

១៧ អ្នកច្បាស់ជាចង់មានចំណងអាពាហ៍ពិពាហ៍ដូចអាប្រាហាំនិងសារ៉ា ឬអ៊ីសាកនិងរេបិកា។ អ្នកចង់មានជីវិតអាពាហ៍ពិពាហ៍ដែលមានសុភមង្គល ដែលស្ថិតស្ថេរ ហើយលើកកិត្ដិយសព្រះយេហូវ៉ា។ បើដូច្នេះ សូមមានទស្សនៈដូចព្រះចំពោះចំណងអាពាហ៍ពិពាហ៍។ សូមស្វែងរកប្រាជ្ញានិងការយល់ធ្លុះក្នុងបណ្ដាំរបស់ព្រះ។ ចូរឲ្យតម្លៃចំពោះគុណសម្បត្ដិគូរបស់អ្នក ដើម្បីឲ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។ (បទ. ៨:៦) ចូរខំប្រឹងអប់រំខ្លួនឲ្យមានចិត្ដរាបទាប។ ចូរប្រព្រឹត្ដចំពោះគូរបស់អ្នកដោយគោរព។ បើអ្នកធ្វើដូច្នេះ អាពាហ៍ពិពាហ៍របស់អ្នកនឹងនាំឲ្យអ្នកនិងបិតារបស់អ្នកដែលនៅស្ថានសួគ៌មានអំណរ។ (សុភ. ២៧:១១) បងប្រុសម្នាក់ដែលបានរៀបការអស់២៧ឆ្នាំបាននិយាយថា«បើគ្មានប្រពន្ធខ្ញុំ ខ្ញុំនឹងមិនមានជីវិតដ៏សប្បាយរីករាយបែបនេះទេ។ ចំណងអាពាហ៍ពិពាហ៍របស់យើងកាន់តែរឹងមាំឡើងជារៀងរាល់ថ្ងៃ។ នេះគឺដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា ហើយយើងប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់»។