លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺចិត្ដទូលាយនិងសមហេតុផល

ចូរយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺចិត្ដទូលាយនិងសមហេតុផល

«ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្ដោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។—ទំនុក. ១៤៥:៩

១, ២. តើមិត្ដសម្លាញ់របស់ព្រះយេហូវ៉ាមានឱកាសអ្វី?

បងស្រីម្នាក់ដែលជាគ្រិស្ដសាសនិកឈ្មោះម៉ានីកានិយាយថា«យើងបានរៀបការជិត៣៥ឆ្នាំហើយ។ ខ្ញុំនិងប្ដីខ្ញុំស្គាល់គ្នាច្បាស់ណាស់។ ទោះជាប៉ុន្មានឆ្នាំកន្លងផុតទៅហើយក៏ដោយ នៅតែមានចំណុចថ្មីជាច្រើនដែលធ្វើឲ្យយើងស្គាល់ចិត្ដគ្នាកាន់តែច្បាស់!»។ យើងជាច្រើននាក់អាចនិយាយដូចគ្នានេះអំពីប្ដី ប្រពន្ធ ឬមិត្ដភក្ដិរបស់យើង។

យើងសប្បាយនឹងស្គាល់មនុស្សដែលយើងស្រឡាញ់ឲ្យបានច្បាស់ជាង។ ប៉ុន្ដែក្នុងចំណោមមិត្ដភាពទាំងអស់ដែលយើងអាចមាន គ្មានមិត្ដភាពណាដែលសំខាន់ជាងមិត្ដភាពរវាងយើងនឹងព្រះយេហូវ៉ាឡើយ។ យើងមិនអាចដឹងអ្វីទាំងអស់អំពីលោកឡើយ។ (រ៉ូម ១១:៣៣) យើងនឹងមានឱកាសជារៀងរហូតដើម្បីរៀន ហើយយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។—សាស្ដ. ៣:១១

. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?

អត្ថបទមុនជួយយើងឲ្យកាន់តែយល់តម្លៃនៃគុណសម្បត្ដិរបស់ព្រះយេហូវ៉ា គឺការស្រួលទាក់ទងនិងការមិនរើសមុខ។ ឥឡូវនេះ សូមយើងពិចារណាគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ពីរទៀតរបស់ព្រះយេហូវ៉ា ពោលគឺចិត្ដទូលាយនិងសមហេតុផល។ ដោយធ្វើដូច្នេះ យើងនឹងស្គាល់កាន់តែច្បាស់ថា«ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្ដោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។—ទំនុក. ១៤៥:៩

ព្រះយេហូវ៉ាមានចិត្ដទូលាយ

. តើចិត្ដទូលាយពិតប្រាកដមានន័យយ៉ាងណា?

តើការមានចិត្ដទូលាយមានន័យយ៉ាងណា? យើងនឹងរកឃើញចម្លើយចំពោះសំណួរនេះក្នុងប្រសាសន៍របស់លោកយេស៊ូដែលបានកត់ទុកនៅសកម្មភាព ២០:៣៥ ដែលចែងថា«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ តាមរយៈពាក្យដ៏ស្រួលយល់នេះ លោកយេស៊ូបានបញ្ជាក់អត្ថន័យនៃចិត្ដទូលាយពិតប្រាកដ។ បុគ្គលដែលមានចិត្ដទូលាយចំណាយពេលវេលា កម្លាំង និងធនធានរបស់ខ្លួនដើម្បីជួយ អ្នកទៀតដោយឥតសំចៃ ហើយគាត់ធ្វើដូច្នេះដោយសប្បាយរីករាយ។ ចិត្ដទូលាយពិតប្រាកដមិនអាស្រ័យទៅលើការជូនអំណោយថ្លៃនោះទេ ប៉ុន្ដែអាស្រ័យទៅលើបំណងចិត្ដនៃអ្នកដែលជូនអំណោយនោះ។ (សូមអាន កូរិនថូសទី២ ៩:៧) គ្មាននរណាម្នាក់មានចិត្ដទូលាយជាងព្រះរបស់យើងគឺព្រះយេហូវ៉ា ជាព្រះដែល«មានសេចក្ដីសប្បាយ»ឡើយ។—១ធី. ១:១១

. តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោកមានចិត្ដទូលាយ?

តើព្រះយេហូវ៉ាបង្ហាញថា លោកមានចិត្ដទូលាយយ៉ាងដូចម្ដេច? លោកបានផ្គត់ផ្គង់នូវអ្វីដែលមនុស្សទាំងអស់ត្រូវការ រួមទាំងពួកអ្នកដែលមិនទាន់គោរពប្រណិប័តន៍លោកផងដែរ។ «ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់»។ លោក«ធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថ. ៥:៤៥) ហេតុនេះ ពេលដែលសាវ័កប៉ូលនិយាយទៅកាន់អ្នកមិនជឿ គាត់អាចនិយាយថា ព្រះយេហូវ៉ា«ធ្វើល្អចំពោះអ្នករាល់គ្នា ដោយធ្វើឲ្យទឹកភ្លៀងធ្លាក់ពីលើមេឃនិងធ្វើឲ្យមានរដូវដែលសម្បូរភោគផល ក៏ឲ្យអាហារជាបរិបូរនិងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាពោរពេញទៅដោយក្ដីរីករាយ»។ (សកម្ម. ១៤:១៧) ព្រះយេហូវ៉ាពិតជាបង្ហាញចិត្ដទូលាយដល់មនុស្សទាំងអស់មែន។—លូក. ៦:៣៥

៦, ៧. () តើព្រះយេហូវ៉ាសប្បាយជាងនេះទៅទៀត ក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកណា? () សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះផ្គត់ផ្គង់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។

ព្រះយេហូវ៉ាសប្បាយជាងនេះទៅទៀត ក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះត្រង់។ ស្ដេចដាវីឌបាននិយាយថា«យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) គ្រិស្ដសាសនិកស្មោះត្រង់ជាច្រើននាក់ធ្លាប់មានទីសំអាងបែបនេះស្ដីអំពីការថែទាំរបស់ព្រះយេហូវ៉ា។ សូមពិចារណាឧទាហរណ៍មួយ។

ប៉ុន្មានឆ្នាំមុន បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយពេញពេលឈ្មោះណាន់ស៊ីបានស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ។ គាត់នឹកចាំថា«ពេលនោះខ្ញុំត្រូវការលុយ៦៦ដុល្លារដើម្បីបង់ថ្លៃឈ្នួលផ្ទះ ហើយខ្ញុំត្រូវបង់លុយនេះនៅថ្ងៃស្អែក។ ខ្ញុំមិនដឹងថាខ្ញុំនឹងបានលុយនេះពីណាទេ។ ខ្ញុំបានអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីបញ្ហានេះ ហើយក្រោយមកខ្ញុំបានទៅធ្វើការរបស់ខ្ញុំជាអ្នករត់តុ។ ខ្ញុំមិនសង្ឃឹមថាខ្ញុំអាចទទួលលុយទឹកតែច្រើនទេនៅល្ងាចនោះ ដោយសារថ្ងៃនោះមិនមែនជាចុងសប្ដាហ៍ ដែលតាមធម្មតាមិនសូវមានភ្ញៀវឡើយ។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំងពេលឃើញភ្ញៀវមួយចំនួនមកភោជនីយដ្ឋាននៅយប់នោះ។ ពេលចប់ម៉ោងធ្វើការ ខ្ញុំបានរាប់លុយទឹកតែដែលខ្ញុំបានទទួល នោះខ្ញុំឃើញថាខ្ញុំមានលុយទាំងអស់៦៦ដុល្លារ»។ ណាន់ស៊ីបានជឿជាក់ថា ព្រះយេហូវ៉ាបានបង្ហាញចិត្ដទូលាយចំពោះគាត់ដោយផ្គត់ផ្គង់លុយគ្រប់ចំនួនដែលគាត់ត្រូវការ។—ម៉ាថ. ៦:៣៣

. តើអ្វីជាអំណោយដែលព្រះយេហូវ៉ាផ្ដល់ដោយចិត្ដទូលាយបំផុត?

មនុស្សទាំងអស់អាចទទួលអំណោយពីព្រះយេហូវ៉ាដែលលោកផ្ដល់ដោយចិត្ដទូលាយបំផុត។ តើអំណោយនោះជាអ្វី? គឺជាគ្រឿងបូជាលោះរបស់បុត្រលោក។ លោកយេស៊ូបានមានប្រសាសន៍ថា«ព្រះស្រឡាញ់ពិភពលោកដល់ម៉្លេះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូន. ៣:១៦) ក្នុងបរិបទនេះ ពាក្យ«ពិភពលោក»សំដៅទៅលើមនុស្ស ជាតិ។ ព្រះយេហូវ៉ាផ្ដល់អំណោយនេះដោយចិត្ដទូលាយបំផុតដល់មនុស្សទាំងអស់ដែលសម្រេចចិត្ដទទួលយក។ ពួកអ្នកដែលបង្ហាញជំនឿលើលោកយេស៊ូនឹងទទួលជីវិតយូរអង្វែង ពោលគឺជីវិតដែលគ្មានទីបញ្ចប់! (យ៉ូន. ១០:១០) នេះជាទីសំអាងដ៏ប្រសើរបំផុតដែលបង្ហាញថាព្រះយេហូវ៉ាមានចិត្ដទូលាយ។

ចូរបង្ហាញចិត្ដទូលាយដូចព្រះយេហូវ៉ា

ជនជាតិអ៊ីស្រាអែលបានត្រូវលើកទឹកចិត្ដឲ្យបង្ហាញចិត្ដទូលាយដូចព្រះយេហូវ៉ា (សូមមើល វគ្គ)

. តើតាមរបៀបណាយើងអាចបង្ហាញចិត្ដទូលាយដូចព្រះយេហូវ៉ា?

 តើតាមរបៀបណាយើងអាចបង្ហាញចិត្ដទូលាយដូចព្រះយេហូវ៉ា? ព្រះយេហូវ៉ា«ផ្គត់ផ្គង់អ្វីទាំងអស់ដល់យើង ដើម្បីឲ្យយើងបានសប្បាយ»។ ហេតុនេះ យើងគួរ«ប្រុងប្រៀបចែករំលែកជានិច្ច»ដល់អ្នកទៀត។ ដោយធ្វើដូច្នេះ យើងធ្វើឲ្យពួកគេសប្បាយ។ (១ធី. ៦:១៧-១៩) យើងសប្បាយនឹងឲ្យអំណោយដល់មនុស្សជាទីស្រឡាញ់របស់យើង ហើយជួយពួកអ្នកដែលត្រូវការជំនួយ។ (សូមអាន ចោទិយកថា ១៥:៧) តើអ្វីជួយយើងឲ្យចាំថាយើងត្រូវបង្ហាញចិត្ដទូលាយ? គ្រិស្ដសាសនិកខ្លះបានធ្វើតាមរបៀបដែលមានប្រយោជន៍នេះ: ពេលពួកគាត់ទទួលអំណោយមួយ ពួកគាត់ខំរកឱកាសដើម្បីជូនអំណោយដល់អ្នកទៀត។ រាស្ដ្ររបស់ព្រះយេហូវ៉ាជាច្រើននាក់សព្វថ្ងៃនេះបានធ្វើជាគំរូដ៏ល្អក្នុងការបង្ហាញចិត្ដទូលាយ។

១០. តើអ្វីជារបៀបដ៏ល្អបំផុតដើម្បីបង្ហាញចិត្ដទូលាយ?

១០ របៀបដ៏ល្អបំផុតដើម្បីបង្ហាញចិត្ដទូលាយគឺតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយប្រើពេលវេលានិងកម្លាំងរបស់យើងដើម្បីជួយនិងដើម្បីលើកទឹកចិត្ដអ្នកទៀត។ (កាឡ. ៦:១០) ដើម្បីដឹងថាតាមរបៀបណាយើងអាចធ្វើដូច្នេះ យើងអាចសួរខ្លួនយើងថា៖ ‹តើអ្នកទៀតដឹងថាខ្ញុំសុខចិត្ដលះបង់ប្រយោជន៍ខ្លួន ហើយស្ដាប់ពេលពួកគេនិយាយអំពីកង្វល់របស់ពួកគេទេ? ប្រសិនបើអ្នកណាម្នាក់សុំខ្ញុំជួយគាត់ធ្វើអ្វីមួយ តើខ្ញុំសុខចិត្ដជួយគាត់ទេ? នៅពេលថ្មីនេះ តើខ្ញុំបានសរសើរសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារបងប្អូនរួមជំនឿណាម្នាក់ទេ?›។ ពេលយើង«ទម្លាប់ឲ្យគេ» យើងប្រាកដជាកាន់តែចូលទៅជិតព្រះយេហូវ៉ាផងនិងមិត្ដភក្ដិរបស់យើងផងដែរ។—លូក. ៦:៣៨; សុភ. ១៩:១៧

១១. តើយើងអាចបង្ហាញចិត្ដទូលាយចំពោះព្រះយេហូវ៉ាតាមវិធីណាខ្លះ?

  ១១ យើងក៏អាចបង្ហាញចិត្ដទូលាយចំពោះព្រះយេហូវ៉ាដែរ។ បទគម្ពីរដាស់តឿនថា«ចូរថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ»។ (សុភ. ៣:៩) «ទ្រព្យសម្បត្ដិ»អ្វីដែលមានតម្លៃទាំងនេះរួមបញ្ចូលពេលវេលា កម្លាំងនិងធនធានរបស់យើង ដែលយើងចំណាយដោយឥតសំចៃក្នុងកិច្ចបម្រើ។ សូម្បីតែប្អូនវ័យក្មេងក៏អាចរៀនបង្ហាញចិត្ដទូលាយចំពោះព្រះយេហូវ៉ាដែរ។ ឪពុកម្នាក់ឈ្មោះជេសុននិយាយថា«ពេលក្រុមគ្រួសាររបស់យើងធ្វើវិភាគទាននៅសាលប្រជុំ យើងឲ្យកូនរបស់យើងជាអ្នកដាក់លុយនោះក្នុងប្រអប់វិភាគទាន។ ពេលដែលពួកគេដាក់លុយ ពួកគេសប្បាយដោយសារពួកគេ‹ជូនអ្វីមួយដល់ព្រះយេហូវ៉ា›»។ ក្មេងដែលធ្លាប់សប្បាយនឹងឲ្យដល់ព្រះយេហូវ៉ាពេលដែលពួកគេនៅក្មេង ទំនងជាបន្ដឲ្យដោយចិត្ដទូលាយនៅពេលដែលពួកគេធំឡើង។—សុភ. ២២:៦

ព្រះយេហូវ៉ាប្រព្រឹត្ដដោយសមហេតុផល

១២. តើការសមហេតុផលមានន័យយ៉ាងណា?

១២ គុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ផ្សេងទៀតរបស់ព្រះយេហូវ៉ាគឺ ការសមហេតុផល។ តើការសមហេតុផលមានន័យយ៉ាងណា? (ទីត. ៣:១, ២) មនុស្សសមហេតុផលមិនទាមទារឲ្យគេធ្វើអ្វីដោយមិនចេះយោគយល់ ក៏មិនតឹងតែងហួសហេតុពេកដែរ។ ផ្ទុយទៅវិញ គាត់ខំប្រព្រឹត្ដចំពោះអ្នកទៀតដោយស្លូតបូត និងចេះយល់អំពីស្ថានភាពរបស់ពួកគេ។ គាត់សុខចិត្ដស្ដាប់អ្នកទៀត ហើយពេលដែលសមត្រឹមត្រូវ គាត់សុខចិត្ដធ្វើតាមសំណូមពររបស់ពួកគេ ហើយកែប្រែអ្វីដែលគាត់តម្រូវពីពួកគេ។

១៣, ១៤. () តើព្រះយេហូវ៉ាបង្ហាញថាលោកសមហេតុផលយ៉ាងដូចម្ដេច? () ដោយពិចារណាអំពីរបៀបដែលព្រះបានប្រព្រឹត្ដចំពោះឡុត តើយើងរៀនអ្វីស្ដីអំពីការសមហេតុផល?

១៣ តើព្រះយេហូវ៉ាបង្ហាញថាលោកសមហេតុផលយ៉ាងដូចម្ដេច? លោកបង្ហាញចិត្ដសប្បុរសដោយគិតអំពីអារម្មណ៍របស់អ្នកបម្រើលោក ហើយលោកច្រើនតែធ្វើតាមសំណូមពររបស់ពួកគេ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ដចំពោះឡុតដែលជាបុរសសុចរិត។ ពេលព្រះយេហូវ៉ាបានតាំងចិត្ដថាលោកនឹងបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា លោកបានឲ្យការណែនាំយ៉ាងច្បាស់ដល់ឡុត ដោយឲ្យគាត់រត់ទៅភ្នំ។ ប៉ុន្ដែ ដោយសារមូលហេតុណាមួយ ឡុតបានសុំការអនុញ្ញាតរត់ទៅកន្លែងផ្សេងវិញ។ សូមគិតទៅមើល ឡុតបានសុំឲ្យព្រះយេហូវ៉ាផ្លាស់ប្ដូរការណែនាំរបស់លោក!—សូមអាន លោកុប្បត្ដិ ១៩:១៧-២០

១៤ ពេលអ្នកអានកំណត់ហេតុនេះ អ្នកប្រហែលជាគិតថាឡុតគ្មានជំនឿរឹងមាំ ឬថាគាត់មិនស្ដាប់បង្គាប់ព្រះទេ។ យ៉ាងណាមិញ ព្រះយេហូវ៉ាច្បាស់ជាអាចជួយជីវិតគាត់នៅកន្លែងណាក៏ដោយដែលគាត់ទៅ ដូច្នេះគឺមិនសមហេតុផលទេដែលឡុតភ័យខ្លាច។ ប៉ុន្ដែឡុតនៅតែភ័យខ្លាច។ ដោយសារឡុតមានអារម្មណ៍ដូច្នេះ ព្រះយេហូវ៉ាបានសុខចិត្ដធ្វើតាមគាត់។ លោកបានអនុញ្ញាតឲ្យគាត់រត់ទៅក្រុងមួយដែលលោកចង់បំផ្លាញចោល។ (សូមអាន លោកុប្បត្ដិ ១៩:២១, ២២) ព្រះយេហូវ៉ាច្បាស់ជាមិនតឹងរឹងឡើយ។ លោកសុខចិត្ដធ្វើតាម ពេលដែលសមនឹងធ្វើ ហើយលោកសមហេតុផល។

១៥, ១៦. តើតាមរបៀបណាច្បាប់ម៉ូសេបង្ហាញថា ព្រះយេហូវ៉ាសមហេតុផល? (សូមមើលរូបភាពនៅដើមអត្ថបទ)។

១៥ ច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែលក៏បង្ហាញដែរថាលោកសមហេតុផល។ ប្រសិនបើជនជាតិអ៊ីស្រាអែលម្នាក់ក្រីក្រពេករហូតដល់មិនអាចជូនចៀមមួយ ឬពពែមួយជាគ្រឿងបូជា គាត់អាចជូនលលកពីរ ឬព្រាបជំទើរពីរជំនួសវិញ។ ចុះយ៉ាងណាបើជនជាតិអ៊ីស្រាអែលនោះក្រីក្រពេករហូតមិនអាចជូនព្រាបពីរបាន? ក្នុងករណីនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលដែលក្រីក្រជូនម្សៅបន្ដិចបន្ដួចជាគ្រឿងបូជា។ ប៉ុន្ដែ សូមកត់សម្គាល់នូវចំណុចសំខាន់នេះគឺ ពួកគេត្រូវជូន«ម្សៅយ៉ាងម៉ដ្ដ»ដែលគេប្រើសម្រាប់ភ្ញៀវកិត្ដិយស មិនមែនម្សៅបែបណាក៏ដោយទេ។ (លោ. ១៨:៦) តើតាមរបៀបណាឧទាហរណ៍នេះបង្ហាញថាព្រះយេហូវ៉ាគឺសមហេតុផល?—សូមអាន លេវីវិន័យ ៥:៧, ១១

១៦ សូមស្រមៃគិតថាអ្នកជាជនជាតិអ៊ីស្រាអែល ហើយអ្នកក្រីក្រយ៉ាងខ្លាំង។ ពេលដែលអ្នកមកដល់ត្រសាលដោយមានម្សៅបន្ដិចបន្ដួចដើម្បីធ្វើជាគ្រឿងបូជា អ្នកឃើញថា ជនជាតិអ៊ីស្រាអែលដែលជាអ្នកមាន នាំសត្វរបស់ពួកគេមក។ អ្នកប្រហែលជាខ្មាសដោយសារអ្នកជូនគ្រឿងបូជាដែលជាម្សៅ ដែលមើលទៅមិនសូវសំខាន់ឡើយ។ បន្ទាប់មកអ្នកនឹកចាំថា ចំពោះព្រះយេហូវ៉ា គ្រឿងបូជារបស់អ្នកគឺសំខាន់។ ហេតុអ្វី? មូលហេតុមួយគឺ ព្រះយេហូវ៉ាបានតម្រូវឲ្យជូនម្សៅដែលមានគុណភាពខ្ពស់។ គឺហាក់ដូចជាព្រះយេហូវ៉ាមាន ប្រសាសន៍ទៅជនជាតិអ៊ីស្រាអែលដែលក្រីក្រថា៖ ‹ខ្ញុំដឹងថាអ្នកមិនអាចជូនច្រើនដូចអ្នកទៀតទេ ប៉ុន្ដែខ្ញុំក៏ដឹងដែរថា អ្នកបានឲ្យខ្ញុំនូវអ្វីដ៏ល្អបំផុតដែលអ្នកមាន›។ ព្រះយេហូវ៉ាពិតជាបង្ហាញថាលោកសមហេតុផល ដោយដឹងកម្រិតសមត្ថភាពនិងស្ថានភាពរបស់អ្នកបម្រើលោក។—ទំនុក. ១០៣:១៤

១៧. តើកិច្ចបម្រើបែបណាដែលព្រះយេហូវ៉ាទទួលយក?

 ១៧ យើងអាចទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាគឺសមហេតុផល ហើយលោកព្រមទទួលកិច្ចបម្រើរបស់យើង ដែលយើងធ្វើដោយអស់ពីចិត្ដ។ (កូឡ. ៣:២៣) បងស្រីវ័យចាស់ជនជាតិអ៊ីតាលីម្នាក់ឈ្មោះកនស្ទិនបាននិយាយថា«ការនិយាយប្រាប់អ្នកទៀតអំពីព្រះដែលជាអ្នកបង្កើតគឺជាអ្វីដែលខ្ញុំចូលចិត្ដធ្វើបំផុត។ នេះជាមូលហេតុដែលខ្ញុំបន្ដផ្សព្វផ្សាយ ហើយដឹកនាំការសិក្សាគម្ពីរ។ ជួនកាលខ្ញុំស្ដាយថាខ្ញុំមិនអាចធ្វើថែមទៀតដោយសារខ្ញុំមានបញ្ហាសុខភាព។ ប៉ុន្ដែខ្ញុំដឹងថាព្រះយេហូវ៉ាដឹងអំពីកម្រិតសមត្ថភាពរបស់ខ្ញុំ ហើយថាលោកស្រឡាញ់និងឲ្យតម្លៃចំពោះអ្វីដែលខ្ញុំអាចធ្វើបាន»។

ចូរប្រព្រឹត្ដដោយសមហេតុផលដូចព្រះយេហូវ៉ា

១៨. តើតាមរបៀបមួយណាដែលឪពុកម្ដាយអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ា?

១៨ តើយើងប្រព្រឹត្ដដោយសមហេតុផលដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សូមគិតម្ដងទៀតអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្ដចំពោះឡុត។ ព្រះយេហូវ៉ាជាបុគ្គលដែលមានអំណាច ប៉ុន្ដែលោកបង្ហាញចិត្ដសប្បុរស ដោយស្ដាប់ឡុតពេលគាត់ប្រាប់អំពីអារម្មណ៍របស់គាត់ ហើយលោកបានធ្វើតាមសំណូមពររបស់គាត់។ ប្រសិនបើអ្នកជាឪពុកម្ដាយ តើអ្នកអាចធ្វើតាមគំរូរបស់ព្រះយេហូវ៉ាទេ? តើអ្នកអាចស្ដាប់អ្វីដែលកូនរបស់អ្នកសូម ហើយប្រសិនបើសំណូមពររបស់ពួកគេគឺសមត្រឹមត្រូវ តើអ្នកធ្វើតាមទេ? ស្ដីអំពីរឿងនេះ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៧បានរៀបរាប់ថា ជួនកាលឪពុកម្ដាយចង់ដឹងគំនិតរបស់កូនដែរ ពេលពួកគាត់រៀបចំច្បាប់សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។ ជាឧទាហរណ៍ ឪពុកម្ដាយប្រាកដជាមានសិទ្ធិកំណត់ម៉ោងជាក់លាក់ដែលកូនត្រូវវិលមកផ្ទះវិញពេលយប់។ ទោះជាយ៉ាងនោះក្ដី ឪពុកម្ដាយដែលជាគ្រិស្ដសាសនិកប្រហែលជាស្ដាប់កូនរបស់ពួកគាត់ប្រាប់អំពីយោបល់របស់ខ្លួនស្ដីអំពីម៉ោងដែលឪពុកម្ដាយបានកំណត់នោះ។ ក្នុងករណីខ្លះ ឪពុកម្ដាយប្រហែលជាសម្រេចចិត្ដប្ដូរម៉ោងដែលពួកគាត់បានកំណត់ទុក ប្រសិនបើនេះមិនប៉ះពាល់ដល់គោលការណ៍គម្ពីរ។ ឪពុកម្ដាយប្រហែលជាឃើញថា កាលណាពួកគាត់គិតអំពីយោបល់របស់កូនស្ដីអំពីច្បាប់សម្រាប់ក្រុមគ្រួសារ កូននឹងយល់ច្បាប់ទាំងនោះ ហើយចង់ធ្វើតាម។

១៩. តើតាមរបៀបណាអ្នកចាស់ទុំខំប្រឹងប្រព្រឹត្ដដោយសមហេតុផលដូចព្រះយេហូវ៉ា?

១៩ អ្នកចាស់ទុំខំប្រឹងប្រព្រឹត្ដដោយសមហេតុផលដូចព្រះយេហូវ៉ា ដោយគិតអំពីស្ថានភាពរបស់បងប្អូនរួមជំនឿ។ សូមចាំថា ព្រះយេហូវ៉ាចាត់ទុកគ្រឿងបូជារបស់ជនជាតិអ៊ីស្រាអែលក្រីក្រ ថាមានតម្លៃ។ ស្រដៀងគ្នាដែរ បងប្អូនប្រុសស្រីខ្លះអាចចំណាយពេលតែបន្ដិចបន្ដួចប៉ុណ្ណោះក្នុងកិច្ចបម្រើផ្សាយ ប្រហែលជាដោយសារពួកគាត់មានបញ្ហាសុខភាព ឬដោយសារពួកគាត់មានវ័យចាស់។ ចុះយ៉ាងណាបើពួកគាត់ធ្លាក់ទឹកចិត្ដដោយសារពួកគាត់មិនអាចផ្សព្វផ្សាយច្រើនដូចពួកគាត់ចង់ធ្វើ? អ្នកចាស់ទុំអាចពង្រឹងទំនុកចិត្ដពួកគាត់ថា ព្រះយេហូវ៉ាស្រឡាញ់ពួកគាត់ដោយសារពួកគាត់ឲ្យអ្វីដែលល្អបំផុត។—ម៉ាក. ១២:៤១-៤៤

២០. តើការប្រព្រឹត្ដដោយសមហេតុផលក្នុងកិច្ចបម្រើព្រះមានន័យយ៉ាងណា? សូមពន្យល់។

២០ ការប្រព្រឹត្ដដោយសមហេតុផលមិនមានន័យថា យើងអាណិតខ្លួន ដែលនាំឲ្យយើងមិនអាចបម្រើព្រះអស់ពីចិត្ដនោះទេ។ (ម៉ាថ. ១៦:២២) យើងមិនចង់បម្រើព្រះតែបន្ដិចបន្ដួច ពេលដែលយើងអាចបម្រើលោកច្រើនជាងឡើយ។ ផ្ទុយទៅវិញ យើងទាំងអស់គ្នាត្រូវ«ខំប្រឹងឲ្យខ្លាំង»ដើម្បីគាំទ្រកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ (លូក. ១៣:២៤) យើងពិតជាព្យាយាមមានតុល្យភាពរវាងគោលការណ៍ពីរយ៉ាង។ ម្យ៉ាង យើងខំប្រឹងបម្រើព្រះយ៉ាងអស់ពីចិត្ដ។ ម្យ៉ាងទៀត យើងចាំថាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើលើសពីសមត្ថភាពរបស់យើងឡើយ។ ពេលដែលយើងឲ្យអ្វីដែលល្អបំផុត យើងអាចប្រាកដថាលោកពេញចិត្ដ។ យើងពិតជាសប្បាយនឹងបម្រើព្រះដែលឲ្យតម្លៃយើង ហើយសមហេតុផល។ អត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីគុណសម្បត្ដិដែលគួរឲ្យស្រឡាញ់ពីរយ៉ាងទៀតរបស់ព្រះយេហូវ៉ា។—ទំនុក. ៧៣:២៨

«ចូរថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ»។—សុភ. ៣:៩ (សូមមើល វគ្គ១១)

«ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ដ»។—កូឡ. ៣:២៣ (សូមមើល វគ្គ១៧)