លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

 ជីវប្រវត្ដិ

ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ

ការពឹងផ្អែកលើព្រះយេហូវ៉ានាំឲ្យទទួលពរ

ជីវិតអាចលំបាក មិនទៀង ហើយជួនកាលយើងមិនដឹងថាអ្វីនឹងកើតឡើងទេ។ ប៉ុន្ដែព្រះយេហូវ៉ាឲ្យពរដល់អ្នកដែលពឹងផ្អែកលើលោក មិនមែនលើយោបល់របស់ខ្លួនទេ។ នេះជាអ្វីដែលខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានពិសោធក្នុងជីវិតដ៏វែង ហើយដែលមានពរជាច្រើនរបស់យើង។ នេះជារឿងខ្លះក្នុងជីវិតយើង។

ឪពុកម្ដាយរបស់ខ្ញុំបានជួបគ្នានៅឆ្នាំ១៩១៩ នៅមហាសន្និបាតនៃនិស្សិតគម្ពីរអន្ដរជាតិ នៅក្រុងស៊ីដឺផូញ រដ្ឋអូហៃយ៉ូ សហរដ្ឋអាម៉េរិក។ ក្រោយមកនៅឆ្នាំនោះពួកគាត់បានរៀបការជាមួយគ្នា។ ខ្ញុំបានកើតនៅឆ្នាំ១៩២២ ហើយប្អូនប្រុសរបស់ខ្ញុំឈ្មោះប៉ូលបានកើតពីរឆ្នាំក្រោយមក។ ប្រពន្ធខ្ញុំឈ្មោះក្រេសបានកើតនៅឆ្នាំ១៩៣០។ ឪពុកម្ដាយរបស់នាងឈ្មោះរ៉យនិងរូថ ហោវអែលបានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារដែលជានិស្សិតគម្ពីរ ហើយជីដូនជីតារបស់នាងក៏ជានិស្សិតគម្ពីរដែរ និងជាមិត្ដភក្ដិរបស់បងឆាល ថេស រ៉ាសិល។

ខ្ញុំបានជួបក្រេសនៅឆ្នាំ១៩៤៧ ហើយយើងបានរៀបការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៩។ មុនយើងរៀបការ យើងបានពិភាក្សាយ៉ាងចំអំពីអនាគតរបស់យើង។ យើងបានសម្រេចចិត្ដផ្សព្វផ្សាយពេញពេលជាមួយគ្នា ហើយមិនយកកូន។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៥០ យើងបានចាប់ផ្ដើមត្រួសត្រាយជាមួយគ្នា។ ក្រោយមកនៅឆ្នាំ១៩៥២ យើងបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល។

ការធ្វើដំណើរត្រួតពិនិត្យនិងការអប់រំនៅសាលាគីលាត

យើងទាំងពីរនាក់បានមានអារម្មណ៍ថាយើងត្រូវការជំនួយយ៉ាងច្រើនដើម្បីសម្រេចភារកិច្ចថ្មីនេះ។ ពេលខ្ញុំរៀនពីបងប្រុសដែលមានបទពិសោធន៍ ខ្ញុំក៏ស្វែងរកបងប្អូនដើម្បីជួយក្រេសដែរ។ ខ្ញុំបានទៅជួបបងម៉ាវ៉ឺន ហូលៀនដែលជាមិត្ដភក្ដិម្នាក់របស់ក្រុមគ្រួសារខ្ញុំជាយូរយារមកហើយ គាត់មានបទពិសោធន៍ក្នុងការបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ហើយខ្ញុំបានសួរគាត់ថា«ក្រេសនៅក្មេងហើយមិនសូវមានបទពិសោធន៍ទេ។ តើបងអាចប្រាប់ខ្ញុំនូវបងស្រីណាម្នាក់ដែលអាចផ្សព្វផ្សាយជាមួយនាងអស់មួយរយៈពេល ដើម្បីបង្រៀននាងទេ?»។ គាត់បានឆ្លើយថា«បាន។ អេតណា វីញខិលគឺជាអ្នកត្រួសត្រាយម្នាក់ដែលមានបទពិសោធន៍ គាត់អាចជួយនាងបានច្រើន»។ ក្រោយមក ក្រេសបាននិយាយអំពីអេតណាថា«គាត់ជួយខ្ញុំឲ្យមានអារម្មណ៍ស្រួលពេលផ្សព្វផ្សាយ។ គាត់ដឹងអំពីរបៀបឆ្លើយពេលគេនិយាយជំទាស់ ហើយគាត់បានបង្រៀនខ្ញុំឲ្យចេះស្ដាប់អ្វីដែលម្ចាស់ផ្ទះនិយាយ ដើម្បីខ្ញុំដឹងថាខ្ញុំគួរឆ្លើយយ៉ាងណា។ គាត់បានផ្ដល់ជំនួយដែលខ្ញុំពិតជាត្រូវការ!»។

ពីខាងឆ្វេង: ណេថិន ន័រ, ម៉ាលខឹម អាឡឹន, ហ្វ្រេដ រ៉ាស់, ឡែល រូស, អេនទ្រូ វ៉ាកណា

ក្រេសនិងខ្ញុំបម្រើនៅមណ្ឌលពីរ នៅរដ្ឋអាយអូវ៉ា ដែលរួមបញ្ចូលផ្នែកខ្លះនៃរដ្ឋមីណេសូតានិងរដ្ឋសៅដាកូតា។ បន្ទាប់មកយើងបានត្រូវប្ដូរទៅមណ្ឌលទីនៃក្រុងញូវយ៉ក ដែលរួមបញ្ចូលផ្នែកខ្លះនៃក្រុងនេះគឺក្រុងប៊្រុគ្លីននិងឃ្វីន។ យើងមិនដែលភ្លេចអំពីអារម្មណ៍របស់យើងនៅពេលនោះ ថា យើងមិនសូវមានបទពិសោធន៍អំពីភារកិច្ចនោះទេ។ មណ្ឌលនោះរួមបញ្ចូលក្រុមជំនុំប៊្រុគ្លីនហាយ ដែលប្រជុំគ្នានៅក្នុងសាលប្រជុំនៅបេតអែល ហើយមានសមាជិកជាច្រើននៃក្រុមគ្រួសារបេតអែលដែលមានបទពិសោធន៍។ ក្រោយពីខ្ញុំបានថ្លែងសុន្ទរកថាជាលើកទីសម្រាប់ក្រុមជំនុំនោះ បងណេថិន ន័របានមកជិតខ្ញុំ ហើយនិយាយថា«ម៉ាលខឹម ប្អូនបានផ្ដល់ឱវាទខ្លះដើម្បីឲ្យយើងរីកចម្រើន ហើយនេះជាអ្វីដែលសមរម្យ។ កុំភ្លេចថា ប្រសិនបើប្អូនមិនផ្ដល់ឱវាទដើម្បីជួយយើងដោយចិត្ដសប្បុរស ប្អូនមានប្រយោជន៍តិចណាស់ចំពោះអង្គការយើង។ ប្អូនកំពុងធ្វើល្អហើយ សូមបន្ដធ្វើដូច្នេះ»។ បន្ទាប់ពីកិច្ចប្រជុំនោះ ខ្ញុំបានប្រាប់រឿងនេះដល់ក្រេស។ ក្រោយមកយើងបានទៅបន្ទប់នៅបេតអែល នៅជាន់ខាងលើ។ ពួកយើងនឿយហត់ដោយសារតានតឹងចិត្ដ ហើយយើងបានយំ។

«ប្រសិនបើប្អូនមិនផ្ដល់ឱវាទដើម្បីជួយយើងដោយចិត្ដសប្បុរស ប្អូនមានប្រយោជន៍តិចណាស់ ចំពោះអង្គការយើង។ ប្អូនកំពុងធ្វើល្អហើយ សូមបន្ដធ្វើដូច្នេះ»

ប៉ុន្មានខែក្រោយមក យើងបានទទួលលិខិតអញ្ជើញឲ្យចូលរួមសាលាគីលាតជំនាន់ទី២៤ ដែលនឹងបញ្ចប់វគ្គនៅខែកុម្ភៈ ឆ្នាំ១៩៥៥។ មុនយើងទៅសាសានោះយើងទទួលដំណឹងថា ការបង្ហាត់បង្រៀនដែលយើងនឹងទទួលមិនតែងតែសម្រាប់ឲ្យយើងត្រៀមខ្លួនធ្វើជាសាសនទូតនោះទេ។ ប៉ុន្ដែ នេះគឺដើម្បីជួយយើងឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ។ ការចូលរួមសាលានោះគឺអស្ចារ្យណាស់ ប៉ុន្ដែសាលានោះក៏ជួយយើងឲ្យមានចិត្ដរាបទាបដែរ។

ហ្វឺននិងចច ខោច ជាមួយក្រេសនិងខ្ញុំនៅសាលាគីលាតនៅឆ្នាំ១៩៥៤

ពេលយើងបញ្ចប់វគ្គសិក្សា យើងបានត្រូវចាត់ឲ្យបម្រើក្នុងកិច្ចការត្រួតពិនិត្យតំបន់។ តំបន់របស់យើងរួមបញ្ចូលរដ្ឋអ៊ិនដ្យ៉ាណា រដ្ឋមីស៊ីហ្គិន និងរដ្ឋអូហៃយ៉ូ។ ក្រោយមក អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលគឺ នៅខែធ្នូ ឆ្នាំ១៩៥៥ យើងបានទទួលសំបុត្រមួយពីបងន័រថា«សូមប្រាប់ខ្ញុំតាមត្រង់ ហើយកុំលាក់លៀម។ សូមប្រាប់ឲ្យខ្ញុំដឹង តើប្អូនចង់មកធ្វើការនៅបេតអែល ហើយបន្ដនៅទីនេះ . . . ឬចង់បម្រើនៅបរទេសក្រោយពីប្អូនបម្រើនៅបេតអែលអស់មួយរយៈ? ឬប្រសិនបើប្អូនចង់ធ្វើកិច្ចការត្រួតពិនិត្យតំបន់និងមណ្ឌល ខ្ញុំចង់ដឹងអំពីរឿងនេះ»។ យើងបានតបទៅគាត់វិញថា យើងសប្បាយនឹងធ្វើអ្វីទាំងអស់ដែលអង្គការចាត់ឲ្យយើងធ្វើ។ ភ្លាមនោះ យើងបានត្រូវចាត់ឲ្យទៅបម្រើនៅបេតអែល!

ឆ្នាំដ៏រំភើបចិត្ដនៅបេតអែល

ឆ្នាំដ៏រំភើបចិត្ដរបស់ខ្ញុំនៅបេតអែលរួមបញ្ចូលការថ្លែងសុន្ទរកថានៅក្រុមជំនុំ មហាសន្និបាតនិងសន្និបាតទូទាំងសហរដ្ឋអាម៉េរិក។ ខ្ញុំបានចូលរួមក្នុងការបង្ហាត់បង្រៀន និងជួយប្អូនដែលជាយុវជនជាច្រើននាក់ដែលនៅពេលក្រោយមកបានទទួលភារកិច្ចធំជាងក្នុងអង្គការរបស់ព្រះយេហូវ៉ា។ ទីបំផុត ខ្ញុំបានធ្វើការជាលេខាធិការម្នាក់របស់បងន័រ នៅការិយាល័យដែលរៀបចំកិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក។

ធ្វើការនៅការិយាល័យខាងកិច្ចបម្រើនៅឆ្នាំ១៩៥៦

សម្រាប់ខ្ញុំ ឆ្នាំដែលខ្ញុំធ្វើការនៅការិយាល័យខាងកិច្ចបម្រើគឺជាឆ្នាំដ៏សប្បាយរីករាយណាស់។ នៅទីនោះខ្ញុំអាចធ្វើការជាមួយបងថូម៉ាស់ ស៊ូលីវេន (ឈ្មោះហៅក្រៅថាប៊ឺដ)។ គាត់ធ្លាប់ធ្វើជាអ្នកត្រួតពិនិត្យនៅការិយាល័យនោះអស់ជាច្រើនឆ្នាំ។ ប៉ុន្ដែខ្ញុំបានរៀនច្រើនពីបងប្រុសទៀត។ បងប្រុសម្នាក់ក្នុងចំណោមបងប្រុសទាំងនេះគឺបងហ្វ្រេដ រ៉ាស់ ដែលបានត្រូវចាត់ឲ្យបង្ហាត់បង្រៀនខ្ញុំ។ ខ្ញុំចាំថាខ្ញុំបានសួរគាត់ថា ហេតុអ្វីគាត់កែច្រើនម៉្លេះក្នុងសំបុត្ររបស់ខ្ញុំ។ គាត់សើច ហើយនិយាយថា «ម៉ាលខឹម ពេលប្អូននិយាយអ្វីមួយ ពាក្យក្រោយមកនឹងប្រាប់ថាពាក្យនោះចង់មានន័យយ៉ាងណា ប៉ុន្ដែពេលប្អូនសរសេរអ្វីមួយ ជាពិសេសបើសំបុត្រនោះមកពីការិយាល័យនេះ សំបុត្រនោះត្រូវតែត្រឹមត្រូវ ហើយច្បាស់លាស់បំផុត»។ បន្ទាប់មកគាត់បាននិយាយដោយសប្បុរសថា«ចូរមានចិត្ដក្លាហានឡើង។ ប្អូនកំពុងធ្វើល្អហើយ។ មិនយូរទៀត ប្អូននឹងចេះ»។

អស់ជាច្រើនឆ្នាំនៅបេតអែល ក្រេសបានទទួលភារកិច្ចផ្សេងៗ រួមបញ្ចូលការបម្រើជាអ្នកសម្អាតបន្ទប់ ហើយរក្សាឲ្យបន្ទប់ទាំងនោះនៅស្អាត។ នាងចូលចិត្ដកិច្ចការនោះ។ រហូតមកដល់សព្វថ្ងៃនេះ ជួនកាលពេលយើងជួបប្អូនប្រុសខ្លះដែលធ្លាប់បម្រើនៅបេតអែលពេលគាត់នៅក្មេងក្នុងអំឡុងឆ្នាំទាំងនោះ ពួកគាត់ប្រាប់ក្រេសដោយទឹកមុខញញឹមថា«បងបានបង្រៀនខ្ញុំយ៉ាងល្អមែន អំពីរបៀបរៀបគ្រែ ហើយខ្ញុំចង់ប្រាប់បងថា ម្ដាយខ្ញុំចូលចិត្ដអ្វីដែលបងបានបង្រៀនខ្ញុំ»។ ក្រេសក៏ចូលចិត្ដធ្វើការនៅការិយាល័យទស្សនាវដ្ដី ការិយាល័យសំបុត្រ និងការិយាល័យថតចម្លងខ្សែអាត់សំឡេងដែរ។ ការបម្រើនៅការិយាល័យជាច្រើននោះជួយនាងចាត់ទុកកិច្ចការទាំងអស់ដែលយើងធ្វើ ឬកន្លែងណាក៏ដោយដែលយើងបម្រើក្នុងអង្គការរបស់ព្រះយេហូវ៉ា ជាឯកសិទ្ធិនិងជាពរមួយ។ រហូតមកដល់សព្វថ្ងៃនេះ នាងនៅតែមានអារម្មណ៍ដូច្នេះ។

ការផ្លាស់ប្ដូរដែលយើងបានធ្វើ

នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ យើងចាប់ផ្ដើមដឹងថាម្ដាយខ្ញុំនិងឪពុកម្ដាយរបស់ក្រេសដែលមានវ័យចាស់ ត្រូវការការយកចិត្ដទុកដាក់។ នៅទីបំផុត យើងត្រូវធ្វើការសម្រេចចិត្ដដ៏ពិបាកមួយ។ យើងមិនចង់ចាកចេញពីបេតអែល និងពីបងប្អូនរួមជំនឿជាទីស្រឡាញ់របស់យើង ដែលជាអ្នកបម្រើព្រះយេហូវ៉ាទេ។ ប៉ុន្ដែ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានភារកិច្ចថែរក្សាឪពុកម្ដាយរបស់យើង។ ដូច្នេះ ក្រោយមកយើងបានចេញពីបេតអែល ប៉ុន្ដែយើងសង្ឃឹមថាពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ យើងប្រហែលជាអាចត្រឡប់មកវិញ។

ដើម្បីចិញ្ចឹមជីវិតរបស់យើង ខ្ញុំបានចាប់ផ្ដើមលក់ប័ណ្ណធានារ៉ាប់រង។ ខ្ញុំតែងតែចាំអំពីអ្វីដែលនាយកម្នាក់ប្រាប់ខ្ញុំ ពេលខ្ញុំទទួលការបង្ហាត់បង្រៀនថា«ការមានជោគជ័យក្នុងកិច្ចការនេះ អាស្រ័យលើការទៅផ្ទះគេនៅពេលល្ងាច។ នេះជាពេលដែលអ្នកអាចជួបមនុស្ស។ គ្មានអ្វីសំខាន់ជាងការទៅជួបគេនៅផ្ទះរាល់ពេលល្ងាចនោះទេ»។ ខ្ញុំបានតបទៅវិញថា«ខ្ញុំដឹងច្បាស់ថាបងប្រាប់ខ្ញុំពីបទពិសោធន៍របស់បង ហើយខ្ញុំឲ្យតម្លៃអំពីអ្វីដែលបងនិយាយ។ ប៉ុន្ដែខ្ញុំក៏មានភារកិច្ចខាងកិច្ចបម្រើព្រះដែលខ្ញុំមិនដែលខានបំពេញឡើយ ហើយខ្ញុំនឹងមិនចាប់ផ្ដើមលះបង់ភារកិច្ចនេះពីឥឡូវនេះទេ។ ខ្ញុំនឹងទៅជួបគេនៅពេលល្ងាច ប៉ុន្ដែនៅល្ងាចថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ ខ្ញុំត្រូវចូលរួមកិច្ចប្រជុំដ៏សំខាន់ចាំបាច់របស់ខ្ញុំ»។ ព្រះយេហូវ៉ាពិតជាបានឲ្យពរដល់ខ្ញុំ ដោយសារខ្ញុំមិនបានខកខានទៅប្រជុំដោយសារជាប់ធ្វើការទេ។

យើងបាននៅក្បែរគ្រែរបស់ម្ដាយខ្ញុំ ពេលគាត់ស្លាប់នៅមណ្ឌលថែទាំសុខភាពមួយ នៅខែកក្កដា ឆ្នាំ១៩៨៧។ ប្រធានគិលានុបដ្ឋាយិកាបានមកជួបក្រេស ហើយនិយាយថា«អ្នកស្រីអាឡឹន សូមទៅផ្ទះ ហើយសម្រាកចុះ។ យើងទាំងអស់គ្នាដឹងថាអ្នកស្រីតែងតែនៅទីនេះដើម្បីជួយម្ដាយក្មេកអ្នកស្រី។ សូមមានសេចក្ដីសុខសាន្ដក្នុងចិត្ដ ហើយមានមោទនភាពចំពោះអ្វីដែលអ្នកស្រីបានធ្វើ»។

នៅខែធ្នូ ឆ្នាំ១៩៨៧ យើងបានបំពេញលិខិតស្នើសុំទៅបម្រើនៅបេតអែលជាកន្លែងដែលយើងចូលចិត្ដ ម្ដងទៀត។ ប៉ុន្ដែ គ្រាន់តែ ប៉ុន្មានថ្ងៃក្រោយមក គ្រូពេទ្យបានវិភាគឃើញថាក្រេសមានជំងឺមហារីកពោះវៀនធំ។ ក្រោយពីបានទទួលការវះកាត់ ហើយបានជាសះស្បើយ គ្រូពេទ្យបានប្រាប់ថានាងគ្មានជំងឺមហារីកទៀតទេ។ ប៉ុន្ដែក្នុងអំឡុងពេលនោះ យើងបានទទួលសំបុត្រមួយពីបេតអែលថា យើងគួរបន្ដក្នុងកិច្ចបម្រើនៅក្រុមជំនុំរបស់យើង។ យើងបានតាំងចិត្ដជឿនទៅមុខក្នុងសកម្មភាពខាងកិច្ចបម្រើរបស់យើង។

ក្រោយមក ខ្ញុំមានឱកាសទៅធ្វើការនៅរដ្ឋតិចសាស់។ យើងបានគិតថាអាកាសធាតុក្ដៅជាងនឹងល្អសម្រាប់យើង ហើយគឺដូច្នេះមែន។ នៅទីនេះ យើងមានបងប្អូនប្រុសស្រីជាទីស្រឡាញ់ដែលយកចិត្ដទុកដាក់នឹងយើង ហើយយើងជិតស្និទ្ធនឹងគ្នាអស់រយៈពេលប្រហែលជា២៥ឆ្នាំហើយ។

មេរៀនដែលយើងបានរៀន

ក្រេសមានជំងឺមហារីកពោះវៀនធំ និងមហារីកក្រពេញមួយនៅបំពង់ក អស់មួយរយៈពេល ហើយនៅពេលថ្មីនេះនាងមានជំងឺមហារីកដោះ។ ប៉ុន្ដែនាងមិនដែលរអ៊ូរទាំអំពីជីវិតរបស់នាង ឬប្រឆាំងនឹងគោលការណ៍គម្ពីរស្ដីអំពីប្រមុខភាពទេ នាងតែងតែសហការជាមួយខ្ញុំ ដោយគាំទ្រការសម្រេចចិត្ដរបស់ខ្ញុំ។ មនុស្សច្រើនតែសួរនាងថា«តើអ្វីបានជួយបងឲ្យមានជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ ហើយមានសុភមង្គល?»។ នាងបានប្រាប់នូវមូលហេតុបួនយ៉ាងថា«យើងជាមិត្ដល្អបំផុតនឹងគ្នា។ យើងនិយាយគ្នាជាទៀងទាត់ជារៀងរាល់ថ្ងៃ។ យើងចំណាយពេលជាមួយគ្នារាល់ថ្ងៃ ហើយពេលយើងខឹងគ្នា យើងមិនដែលចូលគេងមុនពេលយើងដោះស្រាយបញ្ហារបស់យើងទេ»។ ម្ដងម្កាលយើងអាក់អន់ចិត្ដនឹងគ្នា ប៉ុន្ដែយើងអភ័យទោសឲ្យគ្នានិងបំភ្លេចរឿងនោះ ហើយការធ្វើដូច្នេះពិតជាមានប្រសិទ្ធភាព។

«ពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ច ហើយព្រមទទួលអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង»

ក្នុងអំឡុងពេលទាំងអស់ដែលយើងមានទុក្ខលំបាក យើងបានទាញមេរៀនល្អខ្លះគឺ

  1. ពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ច ហើយព្រមទទួលអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង។ កុំពឹងផ្អែកលើយោបល់របស់ខ្លួនយើងឡើយ។—សុភ. ៣:៥, ៦; យេ. ១៧:៧

  2. ពឹងផ្អែកលើបណ្ដាំរបស់ព្រះយេហូវ៉ាដើម្បីណែនាំយើង ទោះជាមានអ្វីកើតឡើងក៏ដោយ។ ការស្ដាប់បង្គាប់ព្រះយេហូវ៉ានិងច្បាប់របស់លោកគឺជាការសំខាន់ចាំបាច់។ យើងត្រូវជ្រើសរើសថាយើងស្ដាប់បង្គាប់ព្រះមិនស្ដាប់ យើងមិនអាចជ្រើសរើសទាំងពីរទេ។—រ៉ូម ៦:១៦; ហេ. ៤:១២

  3. មានតែអ្វីមួយប៉ុណ្ណោះដែលសំខាន់បំផុតក្នុងជីវិត គឺការមានកេរ្ដិ៍ឈ្មោះល្អចំពោះព្រះយេហូវ៉ា។ យើងត្រូវស្វែងរកអ្វីដែលព្រះពេញចិត្ដជាមុន មិនមែនទ្រព្យសម្បត្ដិនោះទេ។—សុភ. ២៨:២០; សាស្ដ. ៧:១; ម៉ាថ. ៦:៣៣, ៣៤

  4. យើងត្រូវអធិដ្ឋានសុំព្រះជួយយើងឲ្យខំព្យាយាម ហើយទទួលជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចធ្វើបាន មិនមែនលើអ្វីដែលយើងមិនអាចធ្វើបាននោះទេ។—ម៉ាថ. ២២:៣៧; ២ធី. ៤:២

  5. យើងត្រូវដឹងថា គ្មានអង្គការណាទៀតដែលទទួលពរនិងការពេញចិត្ដពីព្រះឡើយ។—យ៉ូន. ៦:៦៨

យើងម្នាក់បានបម្រើព្រះយេហូវ៉ាអស់ជាង៧៥ឆ្នាំហើយ ហើយជាមួយគ្នាជាប្ដីប្រពន្ធ យើងបានបម្រើព្រះអស់ជិត៦៥ឆ្នាំ។ យើងពិតជាសប្បាយរីករាយក្នុងការបម្រើព្រះយេហូវ៉ាជាមួយគ្នាអស់ជាច្រើនទសវត្សរ៍នេះ។ យើងសង្ឃឹមហើយអធិដ្ឋានឲ្យបងប្អូនប្រុសស្រីទាំងអស់ពិសោធថា អ្នកនឹងទទួលពរជាច្រើនក្នុងជីវិត ពេលអ្នកពឹងផ្អែកលើព្រះយេហូវ៉ា ដូចយើងដែរ។