លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកឯទៀតឬទេ?

តើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកឯទៀតឬទេ?

ភាពយន្ដគ្មានសំឡេងដ៏ល្អមើលមួយ ដែលមានចំណងជើងថាការធ្វើដំណើរតាមផ្លូវម៉ាខិត ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំងដោយបង្ហាញអំពីរបៀបរស់នៅ នៅដើមសតវត្សរ៍ទី២០ នៅទីក្រុងសានហ្រ្វានស៊ីស្កូ សហរដ្ឋអាម៉េរិក។ អ្នកថតភាពយន្ដបានចងម៉ាស៊ីនថតដែលមានដៃម្ខាងដើម្បីបង្វិលវា នៅមុខរទេះភ្លើងមួយសម្រាប់ជិះកណ្ដាលក្រុង ហើយបានតម្រង់ម៉ាស៊ីនថតនោះឲ្យចំផ្លូវធំខាងមុខដែលមានមនុស្សច្រើន។ ក្នុងភាពយន្ដនេះ យើងឃើញមានរទេះសេះ ឡានដែលទើបតែចេញនៅសម័យនោះ អ្នកទៅផ្សារនិងអ្នកលក់កាសែតដែលកំពុងធ្វើកិច្ចការប្រចាំថ្ងៃ។

អ្វីដែលធ្វើឲ្យភាពយន្ដនេះកាន់តែខ្លោចផ្សា គឺដោយសារភាពយន្ដនេះទំនងជាបានថតនៅខែមេសា ឆ្នាំ១៩០៦ មុនការរញ្ជួយដីនិងអគ្គិភ័យនៅថ្ងៃទី១៨ ខែមេសាដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយស្ទើរតែបំផ្លាញផ្នែកនោះនៃទីក្រុង។ មនុស្សខ្លះក្នុងភាពយន្ដនេះ រស់បានតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះក្រោយពីថត។ កូនចៅម្នាក់របស់អ្នកថតភាពយន្ដនេះ ឈ្មោះស្កត ម៉ែលនិយាយថា«ពេលខ្ញុំឃើញមនុស្សនៅទីនោះដែលមិនដឹងអំពីអ្វីដែលហៀបនឹងកើតឡើងដល់ពួកគេ ខ្ញុំអាណិតពួកគេណាស់»។

ដោយមិនដឹងទុកជាមុន ការរញ្ជួយដីនិងអគ្គិភ័យដែលបណ្ដាល មកពីការរញ្ជួយដីនោះនៅឆ្នាំ១៩០៦ បានបំផ្លាញផ្នែកដ៏ធំមួយ នៅកណ្ដាលក្រុងសានហ្រ្វានស៊ីស្កូ

យើងអាចប្រៀបធៀបសម័យនោះនឹងសម័យរបស់យើងនេះ។ យើងក៏អាណិតអ្នកជិតខាងរបស់យើងផងដែរ។ ពួកគេធ្វើកិច្ចការប្រចាំថ្ងៃដោយមិនដឹងសោះអំពីមហន្ដរាយដែលជិតមកដល់នាពេលខាងមុខនេះ ពោលគឺការបំផ្លាញរបៀបរបបពិភពលោកនេះ និងរបៀបរស់នៅរបស់ពួកគេ។ ផ្ទុយពីការរញ្ជួយដីដែលមិនអាចដឹងទុកជាមុន យើងមានឱកាសយ៉ាងខ្លីដើម្បីព្រមានអ្នកជិតខាងរបស់យើង អំពីថ្ងៃវិនិច្ឆ័យទោសរបស់ព្រះយេហូវ៉ា។ អ្នកទំនងជាលៃទុកពេលខ្លះជារៀងរាល់សប្ដាហ៍ដើម្បីចូលរួមក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប៉ុន្ដែតើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកទៀតទេ?

លោកយេស៊ូត្រៀមខ្លួនជានិច្ចដើម្បីផ្សព្វផ្សាយ

គំរូរបស់លោកយេស៊ូគឺគួរឲ្យកត់សម្គាល់ ដោយសារលោកមិនដែលគិតថាលោកសម្រាកពីភារកិច្ចរបស់លោកទេ។ លោកបានផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលលោកបានជួប ដូចជាអ្នកយកពន្ធដែលលោកបានជួបតាមផ្លូវ ឬស្ដ្រីម្នាក់ដែលលោកបានជួបនៅអណ្ដូងទឹកក្នុងអំឡុងពេលលោកឈប់សម្រាកនាពេលថ្ងៃត្រង់។ (លូក. ១៩:១-៥; យ៉ូន. ៤:៥-១០, ២១-២៤) សូម្បីតែពេលដែលលោកបានលៃទុកពេលដើម្បីសម្រាកក្ដី លោកយេស៊ូសុខចិត្ដបោះបង់គម្រោងរបស់លោកដើម្បីបង្រៀនអ្នកទៀត។ ចិត្ដអាណិតអាសូររបស់លោកចំពោះអ្នកជិតខាង ជំរុញលោកឲ្យផ្សព្វផ្សាយច្រើន មិនគ្រាន់តែផ្សព្វផ្សាយបន្ដិចបន្ដួចប៉ុណ្ណោះទេ។ (ម៉ាក. ៦:៣០-៣៤) តើសព្វថ្ងៃនេះបងប្អូនខ្លះបានយកតម្រាប់លោកយេស៊ូក្នុងការផ្សព្វផ្សាយជាបន្ទាន់យ៉ាងដូចម្ដេច?

 ពួកគេស្វែងរកគ្រប់ឱកាស

មេលីការស់នៅក្នុងអាគារដែលមានសុវត្ថិភាពយ៉ាងខ្លាំង។ អ្នកជិតខាងជាច្រើនរបស់គាត់ជានិស្សិតពីប្រទេសផ្សេងដែលប្រើទូរស័ព្ទដៃដែលគ្មានលេខក្នុងបញ្ជីទូរស័ព្ទ ហើយគ្មានឈ្មោះក្នុងបញ្ជីនៅកន្លែងទទួលភ្ញៀវសម្រាប់អាគារនោះ។ មេលីកាឲ្យតម្លៃចំពោះឱកាសពិសេសដែលគាត់មានដើម្បីចាប់ផ្ដើមការសន្ទនាអំពីគម្ពីរនៅកន្លែងទទួលភ្ញៀវនិងក្នុងជណ្ដើរយោង ជាមួយនិងអ្នកដែលស្នាក់នៅអាគាររបស់គាត់។ គាត់បាននិយាយថា«ខ្ញុំចាត់ទុកកន្លែងនេះជាតំបន់ផ្សាយរបស់ខ្ញុំ»។ មេលីកាយកសៀវភៅផ្សេងជាច្រើនភាសាទៅជាមួយគាត់ ហើយមនុស្សជាច្រើនព្រមទទួលខិត្ដប័ណ្ណនិងទស្សនាវដ្ដី។ គាត់ក៏ប្រាប់ពួកគេដែរអំពីគេហទំព័ររបស់យើងគឺjw.org ហើយបានចាប់ផ្ដើមការសិក្សាគម្ពីរមួយចំនួន។

សុនយ៉ាស្វែងរកគ្រប់ឱកាសដើម្បីផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែលគាត់ជួប។ គាត់ធ្វើការនៅគ្លីនិកដែលមានគ្រូពេទ្យ ហើយគាត់មានគោលដៅផ្សព្វផ្សាយយ៉ាងសព្វគ្រប់ដល់បុគ្គលិកម្នាក់ដែលធ្វើការជាមួយគាត់។ មុនដំបូង គាត់បានចំណាយពេលដើម្បីដឹងអំពីចំណាប់អារម្មណ៍និងតម្រូវការរបស់បុគ្គលម្នាក់ៗ។ បន្ទាប់មកគាត់បានប្រើពេលញ៉ាំបាយថ្ងៃត្រង់ ដើម្បីជួបពួកគេម្នាក់ៗ ហើយពិភាក្សាអំពីគម្ពីរ។ ជាលទ្ធផលសុនយ៉ាបានចាប់ផ្ដើមការសិក្សាគម្ពីរពីរ។ គាត់ក៏មានគម្រោងប្រើពេលសម្រាកខ្លះនៅបន្ទប់ទទួលភ្ញៀវនៅគ្លីនិកនោះដើម្បីនិយាយជាមួយអស់អ្នកដែលកំពុងរង់ចាំជួបគ្រូពេទ្យ។

ចូរឆ្លៀតឱកាសរបស់អ្នក

បុគ្គលម្នាក់ដែលបានរួចជីវិតពីការរញ្ជួយដីនៅឆ្នាំ១៩០៦បានហៅព្រឹត្ដិការណ៍នោះថាជា«មហន្ដរាយដ៏គួរឲ្យខ្លាចជាងគេបំផុត ដែលពុំធ្លាប់មាននៅរដ្ឋក្រុងណាទៀត»។ ប៉ុន្ដែ មិនយូរទៀតមហន្ដរាយទាំងអស់ដែលធ្លាប់មាននឹងមើលទៅដូចជាមិនធ្ងន់ធ្ងរ កាលដែលប្រៀបធៀបនឹងថ្ងៃសងសឹកដែលនឹងមកដល់ចំពោះ«ពួកអ្នកដែលមិនស្គាល់ព្រះ»។ (២ថែ. ១:៨) ព្រះយេហូវ៉ាមានបំណងប្រាថ្នាយ៉ាងខ្លាំងឲ្យមនុស្សកែប្រែចិត្ដគំនិតរបស់ពួកគេ ហើយធ្វើតាមការព្រមានដែលសាក្សីរបស់លោកកំពុងផ្សាយ។—២ពេ. ៣:៩; បប. ១៤:៦, ៧

តើអ្នកអាចប្រើគ្រប់ឱកាស ដើម្បីផ្សព្វផ្សាយ នៅពេលអ្នកធ្វើកិច្ចការប្រចាំថ្ងៃទេ?

អ្នកមានឯកសិទ្ធិជួយមនុស្សឲ្យយល់អំពីគ្រាដ៏លំបាកនេះ ហើយជួយពួកគេឲ្យឈប់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដើម្បីឲ្យពួកគេអាចស្វែងរកព្រះយេហូវ៉ា។ (សេផ. ២:២, ៣) តើអ្នកអាចប្រើគ្រប់ឱកាសដើម្បីផ្សព្វផ្សាយដល់អ្នករួមការងារ អ្នកជិតខាង ហើយបុគ្គលផ្សេងដែលអ្នកជួបក្នុងជីវិតប្រចាំថ្ងៃទេ? តើអ្នកនឹងបង្កើនសកម្មភាពដើម្បីព្រមានអ្នកទៀតទេ?