លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាខ្លះយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?

តើតាមរបៀបណាខ្លះយើងអាចបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?

«យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន»។—យ៉ូហានទី១ ៤:១៩

ចម្រៀងលេខ: ៦, ១៣៨

១, ២. តើតាមរបៀបណាព្រះយេហូវ៉ាបានបង្រៀនយើងឲ្យស្រឡាញ់លោក?

របៀបល្អបំផុតដែលឪពុកម្នាក់អាចបង្រៀនកូនរបស់គាត់ គឺដោយគំរូរបស់គាត់ផ្ទាល់។ ពេលគាត់បង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនៗ គាត់បង្រៀនពួកគេអំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់។ គ្មានអ្នកណាស្រឡាញ់យើងខ្លាំងដូចព្រះយេហូវ៉ាដែលជាបិតារបស់យើងស្រឡាញ់យើងនោះទេ។ ដូច្នេះយើងរៀនអំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់ «ពីព្រោះព្រះបានស្រឡាញ់យើងជាមុន»។—យ៉ូហានទី១ ៤:១៩

តើតាមរបៀបណាព្រះយេហូវ៉ាបង្ហាញថាលោក«បានស្រឡាញ់យើងជាមុន»? គម្ពីរចែងថា«គ្រិស្ដស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៨) ព្រះយេហូវ៉ាដែលជាបិតាដែលស្រឡាញ់យើង បានឲ្យបុត្ររបស់លោកជាថ្លៃលោះដើម្បីសង្គ្រោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ថ្លៃលោះដែលជាអំណោយដ៏មានតម្លៃនេះបានបើកឱកាសឲ្យយើងមានមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ហើយបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក។ ដោយធ្វើការលះបង់ដ៏ធំនោះ ព្រះយេហូវ៉ាទុកគំរូសម្រាប់យើង។ លោកបានបង្រៀនយើងថាយើងគួរបង្ហាញសេចក្ដីស្រឡាញ់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននិងដោយមានចិត្ដទូលាយ។—យ៉ូហានទី១ ៤:១០

៣, ៤. តើយើងអាចបង្ហាញយ៉ាងណាថាយើងស្រឡាញ់ព្រះ?

សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏សំខាន់ចម្បងរបស់ព្រះយេហូវ៉ា។ ដូច្នេះ យើងអាចយល់អំពីមូលហេតុដែលលោកយេស៊ូបានមានប្រសាសន៍ថាបញ្ញត្ដិសំខាន់បំផុតគឺ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ដ អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។ (ម៉ាកុស ១២:៣០) ព្រះយេហូវ៉ាចង់ឲ្យយើងស្រឡាញ់លោក«អស់ពីដួងចិត្ដ»។ ព្រះយេហូវ៉ានឹងឈឺចិត្ដ បើយើងស្រឡាញ់បុគ្គលណាម្នាក់ ឬអ្វីមួយផ្សេងទៀតខ្លាំងជាងស្រឡាញ់លោក។ ប៉ុន្ដែ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះលោកមិនគួរជាអារម្មណ៍ប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាក៏តម្រូវឲ្យយើងស្រឡាញ់លោក«អស់ពីសមត្ថភាពរិះគិត»និង«អស់ពីកម្លាំងកាយ»ដែរ។ នេះមានន័យថាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ារួមបញ្ចូលរបៀបគិតគូររបស់យើងនិងអ្វីដែលយើងធ្វើ។—សូមអាន មីកា ៦:៨

ដូច្នេះ អ្វីទាំងអស់ដែលយើងគិត និយាយ និងធ្វើគួរបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា។ ដោយចាត់ទុកលោកថាសំខាន់បំផុតក្នុងជីវិតរបស់យើង យើងបង្ហាញលោកថាយើងពិតជាស្រឡាញ់លោក។ ក្នុងអត្ថបទមុន យើងបានពិចារណាអំពីរបៀបបួនយ៉ាងដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះកូនរបស់លោក។ ឥឡូវនេះ សូមយើងពិចារណាអំពីរបៀបដែលយើងអាចស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើង និងរបៀបដែលយើងអាចបង្ហាញថាយើងស្រឡាញ់លោក។

ចូរបង្ហាញព្រះយេហូវ៉ាថាអ្នកដឹងគុណលោក

. ពេលយើងគិតអំពីអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីយើង តើយើងចង់ធ្វើអ្វី?

ពេលបុគ្គលណាម្នាក់ឲ្យអំណោយអ្នក អ្នកទំនងជាបង្ហាញចិត្ដដឹងគុណចំពោះបុគ្គលនោះ។ ម្យ៉ាងទៀត ដោយសារអ្នកឲ្យតម្លៃចំពោះអំណោយនោះ អ្នកក៏ប្រើវាដែរ។ យ៉ាកុបបានសរសេរថា«ព្រោះគ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពីស្ថានលើ ព្រោះរបស់ទាំងនោះមកពីបិតានៃពន្លឺនានានៅលើមេឃ ហើយលោកមិនប្រែប្រួលដូចស្រមោលឡើយ»។ (យ៉ាកុប ១:១៧) យើងដឹងគុណព្រះយេហូវ៉ាណាស់ដែលលោកផ្ដល់ឲ្យយើងនូវអ្វីទាំងអស់ដែលយើងត្រូវការដើម្បីរស់នៅនិងដើម្បីសប្បាយរីករាយ។ យើងទទួលស្គាល់ថាលោកស្រឡាញ់យើងយ៉ាងខ្លាំង ហើយយើងចង់បង្ហាញលោកថាយើងក៏ស្រឡាញ់លោកដែរ។ តើអ្នកមានអារម្មណ៍ដូច្នេះទេ?

. តើជនជាតិអ៊ីស្រាអែលត្រូវធ្វើអ្វីបើពួកគេចង់ឲ្យព្រះយេហូវ៉ាបន្ដឲ្យពរពួកគេ?

ជនជាតិអ៊ីស្រាអែលបានទទួលអ្វីដ៏ល្អជាច្រើនពីព្រះយេហូវ៉ា។ អស់រាប់រយឆ្នាំ លោកបានណែនាំពួកគេដោយច្បាប់របស់លោក ហើយបានផ្ដល់ឲ្យពួកគេនូវអ្វីទាំងអស់ដែលពួកគេត្រូវការដើម្បីរស់នៅ។ (ចោទិយកថា ៤:៧, ៨) ជនជាតិអ៊ីស្រាអែលអាចបង្ហាញចិត្ដដឹងគុណចំពោះព្រះយេហូវ៉ាដោយធ្វើតាមច្បាប់ទាំងនោះ។ ជាឧទាហរណ៍ ពេលពួកគេជូនគ្រឿងបូជាទៅព្រះយេហូវ៉ា ពួកគេត្រូវជូនលោកនូវ«ផលដំបូង»ដែលល្អបំផុតពីដីរបស់ពួកគេ។ (និក្ខមនំ ២៣:១៩) ជនជាតិអ៊ីស្រាអែលដឹងថាព្រះយេហូវ៉ានឹងបន្ដឲ្យពរពួកគេ បើពួកគេស្តាប់បង្គាប់លោកនិងជូនលោកនូវអ្វីដ៏ល្អបំផុត។—សូមអាន ចោទិយកថា ៨:៧-១១

. តើតាមរបៀបណាយើងអាចប្រើ«ទ្រព្យសម្បត្ដិ»របស់យើងដើម្បីបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក?

យើងក៏អាចបង្ហាញព្រះយេហូវ៉ាដែរថាយើងស្រឡាញ់លោក ដោយជូនលោកនូវ«ទ្រព្យសម្បត្ដិ»របស់យើង។ (សុភាសិត ៣:៩) យើងធ្វើដូច្នេះដោយប្រើអ្វីដែលយើងមានដើម្បីលើកកិត្ដិយសលោក។ ជាឧទាហរណ៍ យើងអាចជូនវិភាគទានដើម្បីគាំទ្រកិច្ចការរាជាណាចក្រនៅទូទាំងពិភពលោកនិងនៅក្នុងក្រុមជំនុំរបស់យើង។ ទោះជាយើងមានច្រើនតិចក្ដី យើងទាំងអស់គ្នាអាចប្រើអ្វីដែលយើងមានដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។ (កូរិនថូសទី២ ៨:១២) ប៉ុន្ដែ មានរបៀបផ្សេងទៀតដែលយើងអាចបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក។

កាលដែលយើងកាន់តែទុកចិត្ដព្រះយេហូវ៉ា នោះយើងកាន់តែបង្ហាញលោកថាយើងស្រឡាញ់លោក

៨, ៩. តើតាមរបៀបណាផ្សេងទៀតដែលយើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក? តើបងម៉ៃក៍និងក្រុមគ្រួសាររបស់គាត់បានធ្វើអ្វី?

លោកយេស៊ូបានបង្រៀនយើងឲ្យស្វែងរករាជាណាចក្រព្រះជាមុន ហើយក៏បង្រៀនយើងមិនឲ្យខ្វល់អំពីអាហារនិងសម្លៀកបំពាក់ដែរ។ បិតារបស់យើងសន្យាថាលោកនឹងផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ។ (ម៉ាថាយ ៦:៣១-៣៣) យើងទុកចិត្ដព្រះយេហូវ៉ា ហើយដឹងថាលោកនឹងធ្វើតាមសេចក្ដីសន្យានោះ។ ពេលអ្នកពិតជាស្រឡាញ់បុគ្គលណាម្នាក់ អ្នកទុកចិត្ដបុគ្គលនោះ។ តាមពិត កាលដែលយើងកាន់តែទុកចិត្ដព្រះយេហូវ៉ា នោះយើងកាន់តែបង្ហាញលោកថាយើងស្រឡាញ់លោក។ (ទំនុកតម្កើង ១៤៣:៨) ដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តើគោលដៅរបស់ខ្ញុំនិងរបៀបដែលខ្ញុំប្រើពេលវេលានិងកម្លាំងបង្ហាញថាខ្ញុំពិតជាស្រឡាញ់ព្រះយេហូវ៉ាទេ? ជារៀងរាល់ថ្ងៃ តើខ្ញុំពឹងព្រះយេហូវ៉ាឲ្យបំពេញសេចក្ដីត្រូវការរបស់ខ្ញុំទេ?›។

បងប្រុសម៉ៃក៍និងក្រុមគ្រួសាររបស់គាត់បានទុកចិត្ដព្រះយេហូវ៉ា។ ពេលបងម៉ៃក៍នៅក្មេង គាត់តែងតែចង់ផ្សព្វផ្សាយនៅប្រទេសផ្សេង។ ទោះជាក្រោយពីគាត់បានរៀបការនិងមានកូនពីរនាក់ហើយក៏ដោយ គាត់នៅតែមានបំណងប្រាថ្នានោះ។ ពេលបងម៉ៃក៍និងក្រុមគ្រួសាររបស់គាត់បានអានអំពីបងប្អូនទៀតដែលបម្រើព្រះយេហូវ៉ានៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង ពួកគាត់បានសម្រេចចិត្ដធ្វើឲ្យជីវិតរបស់ពួកគាត់សាមញ្ញជាង។ ពួកគាត់បានលក់ផ្ទះរបស់ពួកគាត់ ហើយបានរើទៅនៅផ្ទះតូចជាង។ បងម៉ៃក៍ក៏បានកាត់បន្ថយចំនួនអតិថិជនដែលគាត់មានក្នុងការរកស៊ីរបស់គាត់ខាងសម្អាត ហើយបានរកវិធីចាត់ចែងការងារនោះពីប្រទេសទៀតដោយប្រើប្រព័ន្ធអ៊ីនធឺណិត។ ជាលទ្ធផល បងម៉ៃក៍និងក្រុមគ្រួសាររបស់គាត់អាចរើទៅប្រទេសទៀតបាន ហើយពួកគាត់សប្បាយនឹងកិច្ចបម្រើផ្សាយនៅទីនោះខ្លាំងណាស់។ បងម៉ៃក៍បាននិយាយថា«យើងបានឃើញថាពាក្យរបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ៦:៣៣ គឺជាការពិត»។

ចូររំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបង្រៀនអ្នក

១០. ដូចស្ដេចដាវីឌ ហេតុអ្វីជាការល្អដែលយើងរំពឹងគិតអំពីអ្វីដែលយើងរៀនអំពីព្រះយេហូវ៉ា?

១០ ស្ដេចដាវីឌបានសរសេរថា«ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្ដទ្រង់ធ្វើ»។ គាត់បានបន្ថែមថា«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា»។ ពេលដាវីឌបានរំពឹងគិតអំពីប្រាជ្ញានៅក្នុងច្បាប់របស់ព្រះយេហូវ៉ា និងអ្វីដ៏ស្អាតដែលលោកបានបង្កើត គាត់បានចូលកាន់តែជិតព្រះយេហូវ៉ា ហើយចង់បង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក។ ដាវីឌបាននិយាយថា«ព្រះយេហូវ៉ាជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំនឹងការរំពឹងគិតក្នុងចិត្ដរបស់ទូលបង្គំបានគួរគាប់នៅព្រះនេត្រទ្រង់»។—ទំនុកតម្កើង ១៩:១, ៧, ១៤

១១. តើតាមរបៀបណាយើងអាចប្រើចំណេះដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក? (សូមមើលរូបភាពនៅដើមអត្ថបទ)

១១ សព្វថ្ងៃនេះ ព្រះយេហូវ៉ាបង្រៀនយើងយ៉ាងច្រើនអំពីលោកផ្ទាល់ គោលបំណងរបស់លោក អ្វីដែលលោកបានបង្កើត និងបណ្ដាំរបស់លោក។ ពិភពលោកនេះលើកទឹកចិត្ដមនុស្សឲ្យរៀន ប៉ុន្ដែការសិក្សានៅសកលវិទ្យាល័យច្រើនតែធ្វើឲ្យពួកគេបាត់បង់សេចក្ដីស្រឡាញ់ចំពោះព្រះ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាមិនគ្រាន់តែចង់ឲ្យយើងមានចំណេះប៉ុណ្ណោះទេ តែលោកក៏ជួយយើងឲ្យមានប្រាជ្ញាដែរ។ លោកចង់ឲ្យយើងប្រើអ្វីដែលយើងរៀនដើម្បីជាប្រយោជន៍សម្រាប់ខ្លួនយើងនិងដើម្បីជួយអ្នកទៀត។ (សុភាសិត ៤:៥-) ជាឧទាហរណ៍ លោកចង់ឲ្យយើងប្រាប់អ្នកទៀតអំពី«ចំណេះត្រឹមត្រូវអំពីសេចក្ដីពិត» ហើយជួយពួកគេទទួលសេចក្ដីសង្គ្រោះ។ (ធីម៉ូថេទី១ ២:៤) យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះអ្នកទៀត ដោយបង្រៀនមនុស្សឲ្យបានច្រើនបំផុតអំពីរាជាណាចក្ររបស់ព្រះនិងអ្វីដែលរាជាណាចក្រនោះនឹងធ្វើសម្រាប់មនុស្សជាតិ។—សូមអាន ទំនុកតម្កើង ៦៦:១៦, ១៧

១២. តើបងស្រីម្នាក់បាននិយាយយ៉ាងណាអំពីអំណោយពីព្រះយេហូវ៉ាដែលគាត់បានទទួលពេលនៅក្មេង?

១២ បងប្អូនវ័យក្មេងក៏អាចរំពឹងគិតអំពីអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានឲ្យពួកគេនិងបង្រៀនពួកគេដែរ។ បងស្រីហ្សាណុននៅតែនឹកចាំអំពីអារម្មណ៍របស់គាត់នៅមហាសន្និបាតមួយដែលគាត់បានចូលរួម ពេលគាត់មានអាយុ១១ឆ្នាំ ហើយប្អូនស្រីរបស់គាត់មានអាយុ១០ឆ្នាំ។ ក្នុងអំឡុងកម្មវិធីមហាសន្និបាតប្រចាំតំបន់ដែលមានប្រធានថា«ភក្ដីភាពចំពោះព្រះ» បងប្អូនវ័យក្មេងទាំងអស់ រួមទាំងបងហ្សាណុននិងប្អូនស្រីរបស់គាត់បានត្រូវសុំឲ្យអង្គុយនៅជួរពិសេស។ ដំបូងឡើយ គាត់ភ័យ ប៉ុន្ដែក្រោយមកគាត់បានភ្ញាក់ផ្អើល ពេលបងប្អូនវ័យក្មេងម្នាក់បានទទួលសៀវភៅដែលមានចំណងជើងថា សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព (Questions Young People Ask—Answers That Work)។ តើអំណោយដ៏ពិសេសនេះបានធ្វើឲ្យគាត់មានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា? គាត់និយាយថា«គឺនៅពេលនោះហើយដែលខ្ញុំទទួលស្គាល់ថាព្រះយេហូវ៉ាគឺជាបុគ្គលពិតប្រាកដ ហើយថាលោកស្រឡាញ់ខ្ញុំខ្លាំងណាស់។ យើងសប្បាយចិត្ដយ៉ាងខ្លាំងដែលព្រះយេហូវ៉ាដែលជាព្រះដ៏អស្ចារ្យរបស់យើង ផ្ដល់ឲ្យយើងដោយចិត្ដទូលាយនូវអំណោយល្អឥតខ្ចោះដ៏ពិសេសបែបនេះ!»។

ចូរទទួលយកការប្រដៅពីព្រះយេហូវ៉ា

១៣, ១៤. តើយើងគួរប្រព្រឹត្ដយ៉ាងណាពេលព្រះយេហូវ៉ាប្រដៅយើង ហើយហេតុអ្វី?

១៣ គម្ពីររំលឹកយើងថា«អ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្ដីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគាប់ចិត្ដដល់ខ្លួនដែរ»។ (សុភាសិត ៣:១២) ពេលយើងទទួលយកការប្រដៅពីព្រះយេហូវ៉ា ហើយព្រមឲ្យលោកបង្ហាត់បង្រៀនយើង យើងរៀនធ្វើអ្វីដែលត្រឹមត្រូវ ហើយយើងមានសេចក្ដីសុខសាន្ដ។ ពិតមែន «គ្មានការប្រដៅណាដែលធ្វើឲ្យមានអំណរ ខណៈដែលទទួលការប្រដៅនោះ តែធ្វើឲ្យកើតទុក្ខវិញ»។ (ហេប្រឺ ១២:១១) ទោះជាយ៉ាងនេះក៏ដោយ តើយើងគួរប្រព្រឹត្ដយ៉ាងណាពេលព្រះយេហូវ៉ាប្រដៅយើង? យើងមិនគួរមើលស្រាលឱវាទពីព្រះយេហូវ៉ា ឬបន្ដអន់ចិត្ដបើយើងមិនចូលចិត្ដអ្វីដែលយើងទេ។ យើងស្រឡាញ់ព្រះយេហូវ៉ា ដូច្នេះយើងស្តាប់លោកហើយធ្វើការកែប្រែដែលលោកចង់ឲ្យយើងធ្វើ។

ពេលយើងសុខចិត្ដធ្វើការកែប្រែដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ដ យើងបង្ហាញថាយើងពិតជាស្រឡាញ់លោក

១៤ នៅសម័យម៉ាឡាគី ជនជាតិយូដាជាច្រើននាក់មិនបានស្តាប់ព្រះយេហូវ៉ាទេ។ ពួកគេមិនខ្វល់ថាគ្រឿងបូជាដែលពួកគេបានជូនធ្វើឲ្យលោកមិនពេញចិត្ដឡើយ។ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យឱវាទយ៉ាងម៉ឺងម៉ាត់អំពីរឿងនេះដល់ពួកគេ។ (សូមអាន ម៉ាឡាគី ១:១២, ១៣) តាមពិត ព្រះយេហូវ៉ាបានឲ្យឱវាទដល់ពួកគេជាច្រើនដង ប៉ុន្ដែពួកគេមិនព្រមស្តាប់ឡើយ។ ហេតុនេះ លោកបានប្រាប់ពួកគេថា«អញនឹងចាត់សេចក្ដីបណ្ដាសាឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្ដាសាដល់ពររបស់ឯង»។ (ម៉ាឡាគី ២:១, ២) យើងឃើញច្បាស់ថាបើយើងតែងតែមិនព្រមស្តាប់ឱវាទពីព្រះយេហូវ៉ា ឬមានអារម្មណ៍ថាឱវាទនោះមិនសំខាន់ យើងនឹងបាត់បង់ចំណងមិត្ដភាពជាមួយនឹងព្រះ។

ចូរគិតអំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ដ ជាជាងគិតអំពីអ្វីដែលពេញនិយមក្នុងពិភពលោកនេះ (សូមមើលវគ្គ១៥)

១៥. តើយើងគួរជៀសវាងរបៀបគិតគូរបែបណា?

១៥ ពិភពលោករបស់សាថានលើកទឹកចិត្ដមនុស្សឲ្យមានអំណួតនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សជាច្រើនមិនចូលចិត្ដឲ្យគេកែតម្រង់ ឬឲ្យគេប្រាប់អំពីអ្វីដែលត្រូវធ្វើឡើយ។ អ្នកខ្លះស្តាប់ឱវាទដោយសារតែពួកគេត្រូវធ្វើដូច្នេះប៉ុណ្ណោះ។ យើងមិនគួរធ្វើដូច្នោះទេ។ គម្ពីរប្រាប់យើងឲ្យ«ឈប់យកតម្រាប់តាមរបៀបរបបពិភពលោកនេះ»។ ផ្ទុយទៅវិញ យើងត្រូវយល់អំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង ហើយធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ដ។ (រ៉ូម ១២:២) លោកប្រើអង្គការរបស់លោកដើម្បីផ្ដល់ឱវាទឲ្យយើងនៅពេលដែលត្រឹមត្រូវ។ ជាឧទាហរណ៍ អង្គការរបស់លោករំលឹកយើងអំពីរបៀបប្រព្រឹត្ដជាមួយនឹងបុគ្គលដែលមានភេទផ្ទុយ របៀបជ្រើសរើសមិត្ដភក្ដិ និងរបៀបសម្រេចចិត្ដអំពីអ្វីដែលយើងធ្វើពេលសម្រាកលម្ហែកាយ។ ពេលយើងសុខចិត្ដទទួលយកការប្រដៅពីព្រះយេហូវ៉ា ហើយធ្វើការកែប្រែដើម្បីឲ្យលោកពេញចិត្ដ យើងបង្ហាញថាយើងដឹងគុណលោកចំពោះការណែនាំរបស់លោក ហើយថាយើងពិតជាស្រឡាញ់លោក។—យ៉ូហាន ១៤:៣១; រ៉ូម ៦:១៧

ចូរពឹងព្រះយេហូវ៉ាឲ្យជួយនិងឲ្យការពារអ្នក

១៦, ១៧. () ហេតុអ្វីយើងគួរស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាមុនយើងធ្វើការសម្រេចចិត្ដ? () ជាជាងទុកចិត្ដលើព្រះយេហូវ៉ា តើជនជាតិអ៊ីស្រាអែលបានធ្វើអ្វី?

១៦ កូនតូចពឹងឪពុកម្ដាយឲ្យជួយនិងការពារពួកគេ។ សូម្បីតែមនុស្សពេញវ័យក៏ប្រហែលជាសុំជំនួយពីឪពុកម្ដាយរបស់ពួកគេដែរ។ ពួកគេទទួលស្គាល់ថា ទោះបីជាពួកគេអាចធ្វើការសម្រេចចិត្ដដោយខ្លួនឯងក៏ដោយ ឪពុកម្ដាយអាចឲ្យយោបល់ដ៏ល្អដល់ពួកគេ។ ព្រះយេហូវ៉ាដែលជាបិតារបស់យើងអនុញ្ញាតឲ្យយើងធ្វើការសម្រេចចិត្ដដោយខ្លួនឯង។ ប៉ុន្ដែ ដោយសារយើងពិតជាទុកចិត្ដលើលោក ហើយស្រឡាញ់លោក យើងតែងតែសុំឲ្យលោកជួយយើង ហើយធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីស្វែងយល់អំពីទស្សនៈរបស់លោកមុនយើងធ្វើការសម្រេចចិត្ដណាមួយ។ បើយើងពឹងព្រះយេហូវ៉ា លោកនឹងផ្ដល់ឲ្យយើងនូវសកម្មពលបរិសុទ្ធរបស់លោកដើម្បីជួយយើងធ្វើអ្វីដែលត្រឹមត្រូវ។—ភីលីព ២:១៣

១៧ នៅសម័យសាំយូអែល ជនជាតិអ៊ីស្រាអែលបានច្បាំងចាញ់ពួកភីលីស្ទីន។ ជាជាងសួរព្រះយេហូវ៉ាអំពីអ្វីដែលពួកគេគួរធ្វើបន្ទាប់ពីនោះ ពួកគេបាននិយាយថា«ចូរយើងនាំយកហឹបនៃសញ្ញារបស់ព្រះយេហូវ៉ាពីស៊ីឡូរមកយើងដើម្បីឲ្យនៅកណ្ដាលពួកយើង ហើយជួយសង្គ្រោះយើងពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ»។ តើការសម្រេចចិត្ដនោះនាំឲ្យមានលទ្ធផលបែបណា? «មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនម៉ឺននាក់។ ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ»។ (សាំយូអែលទី១ ៤:២-៤, ១០, ១១) ជនជាតិអ៊ីស្រាអែលបានគិតថា ដោយគ្រាន់តែយកហឹបនោះមកជាមួយនឹងពួកគេ ព្រះយេហូវ៉ានឹងជួយហើយការពារពួកគេ។ ប៉ុន្ដែ ពួកគេមិនបានសុំជំនួយពីព្រះយេហូវ៉ា ឬព្យាយាមស្វែងយល់អំពីទស្សនៈរបស់លោកទេ។ ផ្ទុយទៅវិញ ពួកគេបានធ្វើអ្វីដែលពួកគេគិតថាត្រឹមត្រូវ ហើយជាលទ្ធផលពួកគេរងការឈឺចាប់យ៉ាងខ្លាំង។—សូមអាន សុភាសិត ១៤:១២

១៨. តើគម្ពីរបង្រៀនអ្នកយ៉ាងណាអំពីការទុកចិត្ដលើព្រះយេហូវ៉ា?

១៨ អ្នកតែងទំនុកតម្កើងម្នាក់ដែលពឹងផ្អែកព្រះយេហូវ៉ា ហើយស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ បានសរសេរថា«ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោននៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់»។ (ទំនុកតម្កើង ៤២:៥, ៦) តើអ្នកមានអារម្មណ៍បែបនេះចំពោះព្រះយេហូវ៉ាទេ? តើអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងលោក ហើយទុកចិត្ដលើលោកទេ? អ្នកប្រហែលជាអាចរៀនឲ្យកាន់តែទុកចិត្ដលើលោកថែមទៀត។ គម្ពីរប្រាប់យើងថា«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភាសិត ៣:៥, ៦

១៩. តើតាមរបៀបណាអ្នកនឹងបង្ហាញព្រះយេហូវ៉ាថាអ្នកស្រឡាញ់លោក?

១៩ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើងជាមុន លោកបានបង្រៀនយើងអំពីរបៀបដែលយើងអាចស្រឡាញ់លោក។ សូមឲ្យយើងគិតជានិច្ចអំពីអ្វីជាច្រើនដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង និងអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលលោកមានចំពោះយើង។ ម្យ៉ាងទៀត សូមឲ្យយើងបង្ហាញលោកថាយើងស្រឡាញ់លោកអស់ពីដួងចិត្ដ អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយរបស់យើង។—ម៉ាកុស ១២:៣០