១. សុំជំនួយពីអ្នកនិពន្ធគម្ពីរ
វិធីដែលលោកអ្នកអាចយល់គម្ពីរបរិសុទ្ធ
១. សុំជំនួយពីអ្នកនិពន្ធគម្ពីរ
ស្ត្រីម្នាក់ឈ្មោះនីនហ្វា ដែលរស់នៅប្រទេសអ៊ីតាលី បានរៀបរាប់ថា៖ «អស់មួយរយៈខ្ញុំធ្លាប់អានគម្ពីរមុនចូលគេង។ ខ្ញុំធ្វើដូច្នោះ ពីព្រោះខ្ញុំដឹងថាគម្ពីរជាបណ្ដាំរបស់ព្រះ ហើយទោះជាខ្ញុំមិនចូលចិត្តអានក៏ដោយ ក៏ខ្ញុំចង់ដឹងព័ត៌មានដែលព្រះបានកត់ទុកក្នុងគម្ពីរ។ ខ្ញុំមានបំណងអានគម្ពីរទាំងមូល។ នៅដើមដំបូង ស្រួលយល់សម្រាប់ខ្ញុំ តែពេលដល់កំណត់ហេតុដែលពិបាកយល់ ខ្ញុំក៏ឈប់អាន»។
តើលោកអ្នកធ្លាប់មានអារម្មណ៍ដូចនីនហ្វាទេ? មនុស្សជាច្រើនធ្លាប់។ ក៏ប៉ុន្តែ ដូចយើងបានឃើញក្នុងអត្ថបទមុន ព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរ ចង់ឲ្យលោកអ្នកយល់បណ្ដាំរបស់លោក។ ប៉ុន្តែ តើលោកអ្នកអាចយល់តាមវិធីណា? មុនដំបូង លោកអ្នកត្រូវសុំជំនួយពីអ្នកនិពន្ធគម្ពីរ។
ពួកសាវ័ករបស់លោកយេស៊ូត្រូវគេចាត់ទុកថាជាមនុស្សដែល«មិនបានរៀនសូត្រ» ពីព្រោះពួកគេមិនបានទទួលការអប់រំនៅឯសាលាពិសេសរបស់មេដឹកនាំសាសនាយូដា។ (សកម្មភាព ៤:១៣) យ៉ាងណាក្ដី លោកយេស៊ូបានធានាថា ពួកគេអាចយល់បណ្ដាំរបស់ព្រះបាន។ តើពួកគេអាចយល់តាមវិធីណា? លោកយេស៊ូបានពន្យល់ថា៖ «អ្នកជួយដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ ដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់»។ (យ៉ូហាន ១៤:២៦) ព្រះបានប្រើសកម្មពលបរិសុទ្ធនេះដើម្បីបង្កើតផែនដី ថែមទាំងអ្វីៗទាំងអស់នៅផែនដី។ (លោកុប្បត្តិ ១:២) លោកក៏បានប្រើសកម្មពលនេះដើម្បីដឹកនាំអ្នកសរសេរប្រហែលជា៤០នាក់ឲ្យកត់ទុកគំនិតរបស់លោកនៅក្នុងគម្ពីរ។ (ពេត្រុសទី២ ១:២០, ២១) សព្វថ្ងៃ ព្រះអាចប្រើសកម្មពលនេះ ដើម្បីជួយអស់អ្នកដែលស្វែងយល់គម្ពីរ។
តើលោកអ្នកអាចទទួលសកម្មពលបរិសុទ្ធរបស់ព្រះយ៉ាងដូចម្ដេច? លោកអ្នកត្រូវសុំដោយមានជំនឿ។ តាមការពិត លោកអ្នកប្រហែលជាត្រូវសុំម្ដងហើយម្ដងទៀតទើបបានទទួល ព្រោះលូកា ១១:៩, ១៣) ព្រះយេហូវ៉ានឹងឲ្យសកម្មពលបរិសុទ្ធរបស់លោកដោយចិត្តទូលាយដល់អ្នកដែលសុំយ៉ាងស្មោះ។ សកម្មពលនោះអាចជួយលោកអ្នកឲ្យយល់អត្ថន័យនៃពាក្យក្នុងគម្ពីរដែលបានត្រូវសរសេររាប់ពាន់ឆ្នាំមុន ក្រោមការដឹកនាំរបស់ព្រះ។ សកម្មពលរបស់ព្រះក៏អាចជួយលោកអ្នកឲ្យមានប្រាជ្ញាដើម្បីអនុវត្តតាមព័ត៌មានក្នុងគម្ពីរដែលមានឥទ្ធិពលខ្លាំង។—ហេប្រឺ ៤:១២; យ៉ាកុប ១:៥, ៦
លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរសុំឥតឈប់ នោះអ្នកនឹងទទួល»។ លោកក៏បន្ថែមថា៖ «អ្នករាល់គ្នា . . . ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។ (ដូច្នេះហើយ រាល់ដងដែលលោកអ្នកអានគម្ពីរ ចូរបួងសួងឬអធិដ្ឋានទៅព្រះ ហើយសុំសកម្មពលបរិសុទ្ធរបស់លោកឲ្យជួយលោកអ្នកយល់បណ្ដាំរបស់លោក។