លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូនៗវ័យក្មេង ចូរធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះយេហូវ៉ា!

ប្អូនៗវ័យក្មេង ចូរធ្វើឲ្យសេចក្ដីប្រាថ្នារបស់ប្អូនមានកាន់តែខ្លាំងឡើងដើម្បីបម្រើព្រះយេហូវ៉ា!

ប្អូន​ៗ​វ័យ​ក្មេង ចូរ​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា!

«ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»។—សាស្ដ. ១២:១

១. តើ​សេចក្ដី​អញ្ជើញ​អ្វី​ដែល​រួម​បញ្ចូល​ក្មេង​ៗ​ដែរ​នៅ​ប្រទេស​អ៊ីស្រាអែល?

ប្រហែល​៣.៥០០​ឆ្នាំ​មុន ម៉ូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា បាន​បង្គាប់​ពួក​សង្ឃ​និង​បុរស​ចាស់​ទុំ​នៃ​ប្រទេស​អ៊ីស្រាអែល​ថា៖ «ត្រូវ​ឲ្យ​ប្រមូល​បណ្ដា​ជន​ទាំង​ប្រុស​ទាំង​ស្រី​នឹង​កូន​ក្មេង . . . ដើម្បី​ឲ្យ​គេ​ស្ដាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ»។ (ចោ. ៣១:១២) សូម​កត់​សម្គាល់​ថា អ្នក​ដែល​បាន​ត្រូវ​បង្គាប់​ឲ្យ​មក​ជួប​ជុំ​ដើម្បី​គោរព​បូជា​ព្រះ គឺ​បុរស ស្ត្រី និង​ក្មេង​ៗ។ ត្រូវ​ហើយ ក្នុង​ចំណោម​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ប្រាប់​ឲ្យ​ស្ដាប់ រៀន និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា គឺ​មាន​ក្មេង​ៗ​ផង​ដែរ។

២. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​ពួក​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម?

នៅ​សតវត្សរ៍​ទី​១ ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។ ជា​ឧទាហរណ៍ លោក​បាន​ដឹក​នាំ​សាវ័ក​ប៉ូល​ឲ្យ​សរសេរ​អំពី​ការ​ណែនាំ​យ៉ាង​ជាក់​លាក់​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​សំបុត្រ​ខ្លះ​ដែល​គាត់​ផ្ញើ​ជូន​ក្រុម​ជំនុំ​នានា។ (សូម​អាន អេភេសូរ ៦:១; កូឡុស ៣:២០) ពួក​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​បាន​អនុវត្ត​តាម​ដំបូន្មាន​នោះ បាន​ដឹង​គុណ​កាន់​តែ​ច្រើន​ឡើង​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​ទទួល​ពរ​ពី​លោក។

៣. សព្វ​ថ្ងៃ​នេះ តើ​ប្អូន​ៗ​វ័យ​ក្មេង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​ចង់​បម្រើ​ព្រះ?

សព្វ​ថ្ងៃ​នេះ តើ​ប្អូន​ៗ​វ័យ​ក្មេង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​ជួប​ជុំ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឬ​ទេ? អញ្ជើញ​មែន! នេះ​ពិត​ជា​ធ្វើ​ឲ្យ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​មាន​អំណរ​ណាស់ ដោយ​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​បម្រើ​ព្រះ​នៅ​ទូទាំង​ពិភព​លោក ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ប៉ូល​ដែល​ថា៖ «ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ ប៉ុន្តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ដូច្នេះ​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់»។ (ហេ. ១០:២៤, ២៥) បន្ថែម​ទៅ​ទៀត ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​ចូល​រួម​ជា​មួយ​ឪពុក​ម្ដាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថ. ២៤:១៤) ម្យ៉ាង​ទៀត រាល់​ឆ្នាំ​ប្អូន​ៗ​វ័យ​ក្មេង​ច្រើន​ពាន់​នាក់​បង្ហាញ​សេចក្ដី​ស្រឡាញ់​អស់​ពី​ដួង​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ទទួល​ពរ​ដែល​បាន​មក​ពី​ការ​កាន់​តាម​គ្រិស្ត។—ម៉ាថ. ១៦:២៤; ម៉ាក. ១០:២៩, ៣០

សូម​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ នៅ​ពេល​ឥឡូវ​នេះ

៤. តើ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​មាន​អាយុ​ប៉ុន្មាន​មុន​អាច​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​ឲ្យ​បម្រើ​លោក?

សាស្ដា ១២:១​ចែង​ថា៖ «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»។ តើ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​មាន​អាយុ​ប៉ុន្មាន​ទើប​អាច​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​ដ៏​កក់​ក្ដៅ​ឲ្យ​គោរព​ប្រណិប័តន៍​និង​បម្រើ​ព្រះ​យេហូវ៉ា? គម្ពីរ​មិន​បាន​បញ្ជាក់​ពី​អាយុ​ទេ។ ដូច្នេះ កុំ​រា​រង់​ដោយ​គិត​ថា​ប្អូន​នៅ​ក្មេង​ពេក​ដើម្បី​ស្ដាប់​និង​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ទោះ​ជាប្អូន​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ ប្អូន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នេះ​ដោយ​មិន​បង្អង់​យូរ។

៥. តើ​ឪពុក​ម្ដាយ​អាច​ជួយ​កូន​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ជំនឿន​ក្នុង​សេចក្ដី​ពិត?

ប្អូន​ៗ​ជា​ច្រើន​នាក់​មាន​ជំនឿន​ក្នុង​សេចក្ដី​ពិត​ដោយ​សារ​ឪពុក​ឬ​ម្ដាយ ឬ​ក៏​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួយ​ប្អូន។ តាម​របៀប​នេះ ប្អូន​ៗ​គឺ​ដូច​ធីម៉ូថេ​នៅ​សម័យ​គម្ពីរ។ កាល​ដែល​គាត់​នៅ​ជា​ទារក​នៅ​ឡើយ អឺនីស​ជា​ម្ដាយ​និង​ឡូអ៊ីស​ជា​ជីដូន​គាត់​បាន​បង្រៀន​គាត់​នូវ​ឯកសារ​បរិសុទ្ធ​នានា។ (២ធី. ៣:១៤, ១៥) ឪពុក​ម្ដាយ​ប្អូន​ទំនង​ជា​បាន​អប់រំ​ប្អូន​តាម​របៀប​ស្រដៀង​នេះ​ដែរ ដោយ​សិក្សា​គម្ពីរ​ជា​មួយ​ប្អូន អធិដ្ឋាន​ជា​មួយ​ប្អូន នាំ​ប្អូន​ទៅ​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ និង​សន្និបាត​ផ្សេង​ៗ​របស់​រាស្ត្រ​ព្រះ ព្រម​ទាំង​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ជា​មួយ​ប្អូន។ ពិត​មែន ការ​បង្រៀន​ប្អូន​អំពី​ផ្លូវ​របស់​ព្រះ គឺ​ជា​ភារកិច្ច​ដ៏​សំខាន់​ចម្បង​ដែល​ឪពុក​ម្ដាយ​ប្អូន​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់។ តើ​ប្អូន​ដឹង​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គាត់​ឬ​ទេ?—សុភ. ២៣:២២

៦. (ក) យោង​ទៅ​តាម​ទំនុក​តម្កើង ១១០:៣ តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​បែប​ណា? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ឥឡូវ​នេះ?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ដែល​ប្អូន​ៗ​ធំ​ឡើង ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន«ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សម​រម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ» ដូច​ធីម៉ូថេ​បាន​ធ្វើ។ (រ៉ូម ១២:២) បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ចូល​រួម​ក្នុង​កិច្ច​ការ​របស់​ក្រុម​ជំនុំ មិន​មែន​ដោយ​សារ​ឪពុក​ម្ដាយ​ប្អូន​លើក​ទឹក​ចិត្ត​ឲ្យ​ប្អូន​ធ្វើ​ទេ តែ​ដោយ​សារ​ប្អូន​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ បើ​ប្អូន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត នោះ​នឹង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (ទំនុក. ១១០:៣) បើ​ដូច្នេះ តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​ចង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ស្ដាប់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក? យើង​នឹង​ពិចារណា​វិធី​សំខាន់​បី​យ៉ាង​ដែល​ប្អូន​អាច​ធ្វើ​ដូច្នេះ​បាន ពោល​គឺ​ការ​សិក្សា​គម្ពីរ ការ​អធិដ្ឋាន និង​ការ​ប្រព្រឹត្ត។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​វិធី​ទាំង​នេះ​ម្ដង​មួយ​ៗ។

ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់

៧. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ដូច​ម្ដេច​ជា​អ្នក​សិក្សា​គម្ពីរ? ហើយ​តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ធ្វើ​ដូច្នេះ?

វិធី​ដំបូង​ដែល​ប្អូន​បង្ហាញ​ថា​ប្អូន​ចង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ដោយ​អាន​គម្ពីរ​រាល់​ថ្ងៃ។ ប្អូន​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​នូវ​ការ​ណែនាំ​ពី​ព្រះ ហើយ​ទទួល​ចំណេះ​ដែល​មាន​តម្លៃ​អំពី​គម្ពីរ​ដោយ​អាន​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ (ម៉ាថ. ៥:៣) លោក​យេស៊ូ​បាន​ទុក​គំរូ​ស្តី​អំពី​រឿង​នេះ។ នៅ​ពេល​មួយ ពេល​លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ ឪពុក​ម្ដាយ​លោក​បាន​រក​ឃើញ​លោក​ក្នុង​វិហារ​នៅ«ក្នុង​ចំណោម​ពួក​គ្រូ កំពុង​អង្គុយ​ស្ដាប់​ពួក​គេ​ថែម​ទាំង​សួរ​ពួក​គេ​នូវ​សំណួរ​ផ្សេង​ៗ»។ (លូក. ២:៤៤​-​៤៦) តាំង​ពី​លោក​យេស៊ូ​នៅ​ក្មេង​ម្ល៉េះ លោក​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ប្រាថ្នា​ចង់​ដឹង​អំពី​គម្ពីរ ហើយ​លោក​ក៏​យល់​ដឹង​អំពី​បទ​គម្ពីរ​ផង​ដែរ។ តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ធ្វើ​ដូច្នេះ? ម៉ារៀ​ជា​ម្ដាយ និង​យ៉ូសែប​ជា​ឪពុក​ចិញ្ចឹម​របស់​លោក ពិត​ជា​មាន​តួ​នាទី​សំខាន់​ណាស់។ ពួក​គេ​ជា​អ្នក​បម្រើ​ព្រះ​ដែល​បាន​បង្រៀន​លោក​យេស៊ូ​អំពី​ព្រះ​តាំង​ពី​លោក​នៅ​ក្មេង​នៅ​ឡើយ។—ម៉ាថ. ១:១៨​-​២០; លូក. ២:៤១, ៥១

៨. (ក) តើ​ឪពុក​ម្ដាយ​គួរ​ចាប់​ផ្ដើម​បណ្ដុះ​ឲ្យ​កូន​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បណ្ដាំ​របស់​ព្រះ​នៅ​ពេល​ណា? (ខ) សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ដែល​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​អប់រំ​កូន​តាំង​ពី​ពួក​គេ​នៅ​ក្មេង​នៅ​ឡើយ។

ដូច​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ ឪពុក​ម្ដាយ​ដែល​កោត​ខ្លាច​ព្រះ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ការ​បណ្ដុះ​ក្នុង​ចិត្ត​កូន​ឲ្យ​មាន​ចិត្ត​ប្រាថ្នា​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​តាំង​ពី​ពួក​គេ​នៅ​ក្មេង​នៅ​ឡើយ។ (ចោ. ៦:៦​-​៩) នេះ​ជា​អ្វី​ដែល​បង​ស្រី​ជា​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​រូប៊ី​បាន​ធ្វើ​តាំង​ពី​កូន​ប្រុស​ទី​១​របស់​គាត់​ឈ្មោះ​យ៉ូសែប​បាន​កើត​មក​ម្ល៉េះ។ រៀង​រាល់​ថ្ងៃ គាត់​អាន​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ឲ្យ​កូន​គាត់​ស្ដាប់។ ពេល​ដែល​កូន​ធំ​ឡើង​បន្ដិច គាត់​បាន​ជួយ​កូន​ឲ្យ​ចាំ​បទ​គម្ពីរ​ផ្សេង​ៗ។ តើ​យ៉ូសែប​បាន​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​បែប​នេះ​ឬ​ទេ? ពេល​យ៉ូសែប​ចេះ​និយាយ គាត់​អាច​រៀប​រាប់​រឿង​ជា​ច្រើន​ក្នុង​គម្ពីរ​ដោយ​ខ្លួន​គាត់​បាន។ ពេល​គាត់​មាន​អាយុ​ប្រាំ​ឆ្នាំ គាត់​ថ្លែង​សុន្ទរកថា​ទី​១​របស់​គាត់​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ។

៩. ហេតុ​អ្វី​សំខាន់​ឲ្យ​ប្អូន​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​ប្អូន​បាន​អាន?

ដើម្បី​មាន​ជំនឿន​ទៅ​មុខ​ក្នុង​សេចក្ដី​ពិត​ថែម​ទៀត ប្អូន​ៗ​វ័យ​ក្មេង​គួរ​មាន​ទម្លាប់​អាន​គម្ពីរ​រាល់​ថ្ងៃ ហើយ​ប្អូន​ត្រូវ​រក្សា​ទម្លាប់​នោះ​ក្នុង​ពេល​ដែល​ប្អូន​មាន​វ័យ​ជំទង់​រហូត​ដល់​ប្អូន​ពេញ​វ័យ។ (ទំនុក. ៧១:១៧) ហេតុ​អ្វី​ការ​អាន​គម្ពីរ​ជួយ​ប្អូន​ឲ្យ​ជឿន​ទៅ​មុខ? សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​ទៅ​បិតា​នៅ​ស្ថាន​សួគ៌​ថា៖ «ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់»។ (យ៉ូន. ១៧:៣) ពិត​មែន កាល​ដែល​ប្អូន​មាន​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​កាន់​តែច្រើន​ឡើង ប្អូន​នឹង​ស្គាល់​លោក​កាន់​តែ​ច្បាស់ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ប្អូន​ចំពោះ​លោក​នឹង​កាន់​តែ​ជ្រាល​ជ្រៅ។ (ហេ. ១១:២៧) ដូច្នេះ រាល់​ដង​ដែល​ប្អូន​អាន​គម្ពីរ សូម​យក​ឱកាស​នោះ​ដើម្បី​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។ សូម​សួរ​ខ្លួន​ប្អូន​ថា‹តើ​កំណត់​ហេតុ​នេះ​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​យ៉ាង​ដូច​ម្ដេច? តើ​បទ​គម្ពីរ​នេះ​បង្ហាញ​ថា​ព្រះ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​យ៉ាង​ណា?›។ ការ​ចំណាយ​ពេល​រំពឹង​គិត​អំពី​សំណួរ​ទាំង​នេះ​និង​ជួយ​ប្អូន​ឲ្យ​រៀន​ស្គាល់​ទស្សនៈ​និង​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​លោក​ចង់​ឲ្យ​ប្អូន​ធ្វើ។ (សូម​អាន សុភាសិត ២:១​-​៥) ដូច​ធីម៉ូថេ ដែល«បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់»លើ​អ្វី​ដែល​គាត់​បាន​រៀន​ពី​គម្ពីរ ប្អូន​ក៏​នឹង​ដូច្នេះ​ដែរ ហើយ​នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​ប្អូន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត។—២ធី. ៣:១៤

របៀប​ដែល​សេចក្ដី​អធិដ្ឋាន ធ្វើ​ឲ្យ​ប្អូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង

១០, ១១. តើ​ការ​អធិដ្ឋាន​ជួយ​ប្អូន​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០ វិធី​ទី​២​ដែល​ប្អូន​អាច​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​គឺ​តាម​រយៈ​ការ​អធិដ្ឋាន​របស់​ប្អូន។ នៅ​ទំនុក​តម្កើង ៦៥:២ យើង​អាន​ថា៖ «ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់»។ ក្នុង​អំឡុង​ពេល​ដែល​អ៊ីស្រាអែល​ជា​រាស្ត្រ​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ សូម្បី​តែ​ជន​ជាតិ​ដទៃ​ដែល​បាន​មក​វិហារ​ព្រះ​យេហូវ៉ា​ក៏​អាច​អធិដ្ឋាន​ទៅ​លោក​ដែរ។ (១ព. ៨:៤១, ៤២) ព្រះ​មិន​លម្អៀង​ទេ។ ពួក​អ្នក​ដែល​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ។ (សុភ. ១៥:៨) ច្បាស់​ណាស់ «អស់​ទាំង​មនុស្ស»គឺ​រួម​បញ្ចូល​ប្អូន​ៗ​វ័យ​ក្មេង​ដែរ។

១១ ប្អូន​ៗ​ដឹង​ថា​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ល្អ​ជា​មូលដ្ឋាន​នៃ​មិត្តភាព​ពិត​ប្រាកដ។ ប្អូន​ទំនង​ជា​សប្បាយ​នឹង​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ណា​ម្នាក់​អំពី​គំនិត អារម្មណ៍​របស់​ប្អូន​និង​អំពី​អ្វី​ដែល​ប្អូន​ចាត់​ទុក​ថា​សំខាន់។ ស្រដៀង​គ្នា​ដែរ ប្អូន​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ឧត្តម​ដោយ​អធិដ្ឋាន​អស់​ពី​ចិត្ត។ (ភី. ៤:៦, ៧) សូម​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​ដែល​គ្មាន​នរណា​ដឹង ដែល​នៅ​ជ្រៅ​ក្នុង​ចិត្ត​ប្អូន ហាក់​ដូច​ជា​ប្អូន​ប្រាប់​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​ប្អូន ឬ​មិត្ត​ជិត​ស្និទ្ធ​ណា​ម្នាក់។ ពិត​មែន របៀប​ដែល​ប្អូន​អធិដ្ឋាន និង​មនោសញ្ចេតនា​របស់​ប្អូន​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ ប្អូន​នឹង​កត់​សម្គាល់​ថា​កាល​ណា​ចំណង​មេត្រី​ភាព​របស់​ប្អូន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​កាន់​តែ​ខ្លាំង នោះ​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន​គឺ​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ​ជាង។

១២. (ក) ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​ដែល​មាន​ន័យ​ខ្លឹម​សារ​រួម​បញ្ចូល​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ពាក្យ​សម្ដី? (ខ) តើ​អ្វី​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​លោក​នៅ​ជិត​ប្អូន?

១២ ទោះ​ជា​យ៉ាង​ណា​ក្ដី ចូរ​ចាំ​ថា​សេចក្ដី​អធិដ្ឋាន​ដែល​មាន​ន័យ​ខ្លឹម​សារ​រួម​បញ្ចូល​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ពាក្យ​សម្ដី។ នេះ​រួម​បញ្ចូល​អារម្មណ៍​ដែល​គ្មាន​នរណា​ដឹង ដែល​កប់​ជ្រៅ​ក្នុង​ចិត្ត​ប្អូន។ ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន សូម​ជម្រាប​ព្រះ​យេហូវ៉ា​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ ការ​គោរព​ដ៏​ជ្រាល​ជ្រៅ និង​ទំនុក​ចិត្ត​ទាំង​ស្រុង​របស់​ប្អូន​ចំពោះ​លោក។ ពេល​ដែល​ប្អូន​ដឹង​ថា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ប្អូន​យ៉ាង​ណា នោះ​ប្អូន​នឹង​ទទួល​ស្គាល់​ដោយ​ផ្ទាល់​ជាង​ពេល​ណា​ទាំង​អស់​ថា «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់»។ (ទំនុក. ១៤៥:១៨) មែន​ហើយ ព្រះ​យេហូវ៉ា​នឹង​ចូល​មក​ជិត​ប្អូន​ៗ​ដោយ​ពង្រឹង​កម្លាំង​ប្អូន​ឲ្យ​ត​ស៊ូ​នឹង​មេ​កំណាច ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ជីវិត។—សូម​អាន យ៉ាកុប ៤:៧, ៨

១៣. (ក) តើ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​បាន​ជួយ​ប្អូន​ស្រី​ម្នាក់​យ៉ាង​ណា? (ខ) តើ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ជួយ​ប្អូន​ឲ្យ​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​របស់​មិត្ត​រួម​ថ្នាក់​យ៉ាង​ដូច​ម្ដេច?

១៣ សូម​ពិចារណា​ពី​របៀប​ដែល​ប្អូន​ស្រី​សេរី​ទទួល​បាន​កម្លាំង​ពី​ការ​មាន​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នៅ​វិទ្យាល័យ នាង​បាន​រង្វាន់​ពី​ព្រោះ​នាង​រៀន​ពូកែ​នៅ​សាលា ហើយ​ពូកែ​ខាង​កីឡា​ដែរ។ ពេល​ដែល​នាង​រៀន​ចប់​នៅ​វិទ្យាល័យ គេ​បាន​ស្នើ​ផ្ដល់​អាហារូបករណ៍​ដល់​នាង​ដើម្បី​នាង​អាច​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ត​ទៅ​ទៀត។ ប្អូន​ស្រី​សេរី​ពោល​ថា៖ «សំណើ​នេះ​ទាក់​ទាញ​ចិត្ត​មែន ហើយ​គ្រូ​បង្វឹក​និង​និស្សិត​រួម​ថ្នាក់​បាន​បង្ខិត​បង្ខំ​ខ្ញុំ​ខ្លាំង​ណាស់​ឲ្យ​ទទួល​យក»។ ក៏​ប៉ុន្តែ​នាង​បាន​ដឹង​ថា​ការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​តម្រូវ​ឲ្យ​នាង​ចំណាយ​ពេល​ភាគ​ច្រើន​ដើម្បី​សិក្សា ហើយ​ការ​រៀបចំ​ដើម្បី​ប្រកួត​កីឡា​ធ្វើ​ឲ្យ​នាង​មាន​តែ​ពេល​បន្ដិច​បន្តួច​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ តើ​នាង​សម្រេច​ចិត្ត​យ៉ាង​ណា? នាង​និយាយ​ថា៖ «បន្ទាប់​ពី​បាន​អធិដ្ឋាន​ដល់​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​បដិសេធ​មិន​ទទួល​យក​អាហារូបករណ៍ ហើយ​ចាប់​ផ្ដើម​បម្រើ​ជា​អ្នកត្រួស​ត្រាយ​ពេញ​ពេល»។ មក​ដល់​ពេល​នេះ នាង​ត្រួស​ត្រាយ​បាន​ប្រាំ​ឆ្នាំ​ហើយ។ នាង​មាន​វាចា​ថា៖ «ខ្ញុំ​គ្មាន​ការ​ស្ដាយ​ក្រោយ​សោះ។ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល។ ពិត​ណាស់ បើ​អ្នក​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត នោះ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក»។—ម៉ាថ. ៦:៣៣

ការ​ប្រព្រឹត្ត​ល្អ​ស​ឲ្យ​ឃើញ​ថា​ប្អូន​មាន«ចិត្ត​បរិសុទ្ធ»

១៤. ហេតុ​អ្វី​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​ប្អូន​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

១៤ របៀប​ទី​៣​ដែល​ប្អូន​អាច​បង្ហាញ​ថា​ប្អូន​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្ម័គ្រ​ស្មោះ​គឺ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ប្អូន។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​រក្សា​សីលធម៌​ស្អាត​ស្អំ។ (សូម​អាន ទំនុក​តម្កើង ២៤:៣​-​៥) យុវជន​សាំយូអែល​បាន​បដិសេធ​មិន​យក​តម្រាប់​តាម​ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​សីលធម៌​របស់​កូន​ប្រុស​ទាំង​ពីរ​របស់​សម្ដេច​សង្ឃ​អេលី។ ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​សាំយូអែល​បាន​ត្រូវ​កត់​សម្គាល់។ កំណត់​ហេតុ​គម្ពីរ​ចែង​ថា៖ «ឯ​សាំយូអែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង»។—១សាំ. ២:២៦

១៥. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ប្អូន​រក្សា​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​ប្អូន?

១៥ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង ក្រអឺត​ក្រទម មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ កាច​សាហាវ មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ។ នេះ​ជា​ចរិត​លក្ខណៈ​ខ្លះ​ៗ​ដែល​ប៉ូល​បាន​សរសេរ។ (២ធី. ៣:១​-​៥) ដូច្នេះ ពិត​ជា​ពិបាក​សម្រាប់​ប្អូន​ឲ្យ​រក្សា​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ​ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​អាក្រក់​នេះ​ដែល​នៅ​ជុំ​វិញ​ប្អូន។ ក៏​ប៉ុន្តែ រាល់​ដង​ដែល​ប្អូន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បដិសេធ​មិន​រួម​ចំណែក​ក្នុង​ការ​ប្រព្រឹត្ត​ខុស​ឆ្គង នោះ​ប្អូន​បញ្ជាក់​ថា​ប្អូន​នៅ​ខាង​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ដែល​ទាក់​ទង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​លើ​សកល​លោក​ទាំង​មូល។ (យ៉ូប ២:៣, ៤) ប្អូន​ក៏​គាប់​ចិត្ត​ដោយ​ដឹង​ថា​ប្អូន​កំពុង​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា​ថា៖ «កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ»។ (សុភ. ២៧:១១) ម្យ៉ាង​ទៀត ដោយ​ដឹង​ថា​ប្អូន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា នេះ​នឹង​ជួយ​ប្អូន​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ប្អូន​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​លោក។

១៦. តើ​បង​ស្រី​ម្នាក់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ​យ៉ាង​ដូច​ម្ដេច?

១៦ បង​ស្រី​ជា​គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​ខារ៉ូល​បាន​កាន់​ខ្ជាប់​នឹង​គោល​ការណ៍​គម្ពីរ​កាល​នាង​នៅ​រៀន​ឯ​សាលា​ពេល​នៅ​វ័យ​ជំទង់ ហើយ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​នាង​បាន​ត្រូវ​កត់​សម្គាល់។ តើ​មាន​អ្វី​កើត​ឡើង? បង​ស្រី​ខារ៉ូល​បាន​ប្រឈម​មុខ​នឹង​ការ​ចំអក​របស់​មិត្ត​រួម​ថ្នាក់​ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​ដែល​បាន​ត្រូវ​អប់រំ​ដោយ​គម្ពីរ មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​ពិធី​បុណ្យ​ផ្សេង​ៗ​និង​ពិធី​ដែល​ទាក់​ទង​នឹង​ជាតិ​និយម។ ជួន​កាល នៅ​ក្នុង​ពិធី​នោះ គាត់​មាន​ឱកាស​ពន្យល់​អំពី​ជំនឿ​របស់​គាត់​ដល់​អ្នក​ឯ​ទៀត។ ច្រើន​ឆ្នាំ​ក្រោយ​មក បង​ស្រី​ខារ៉ូល​បាន​ទទួល​សំបុត្រ​មួយ​ពី​អតីត​សិស្ស​រួម​ថ្នាក់​ម្នាក់​ដែល​បាន​សរសេរ​ថា៖ «ខ្ញុំ​បាន​សង្ឃឹម​ជា​និច្ច​ថា​អាច​ទាក់​ទង​នឹង​អ្នក ហើយ​ដើម្បី​អរគុណ​អ្នក។ ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​អ្នក និង​គំរូ​ជា​គ្រិស្ត​សាសនិក​វ័យ​ក្មេង ព្រម​ទាំង​ការ​កាន់​ជំហរ​ដ៏​អង់អាច​របស់​អ្នក​ស្តី​អំពី​ពិធី​បុណ្យ​ផ្សេង​ៗ​បាន​ត្រូវ​កត់​សម្គាល់។ អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទី​១​ដែល​ខ្ញុំ​ធ្លាប់​ជួប»។ គំរូ​របស់​បង​ស្រី​ខារ៉ូល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សិស្ស​រួម​ថ្នាក់​នេះ​ដែល​ក្រោយ​មក​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ នាង​បាន​សរសេរ​សំបុត្រ​ទៅ​បង​ស្រី​ខារ៉ូល​ថា​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជាសាក្សី​ម្នាក់​ជាង​៤០​ឆ្នាំ​មក​ហើយ! ដូច​បង​ស្រី​ខារ៉ូល ប្អូន​ៗ​ដែល​មាន​វ័យ​ក្មេង​សព្វ​ថ្ងៃ​នេះ​ដែល​កាន់​ខ្ជាប់​នឹង​គោល​ការណ៍​គម្ពីរ​យ៉ាង​ក្លាហាន ប្រហែល​ជំរុញ​ទឹក​ចិត្ត​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា។

ប្អូន​ៗ​វ័យ​ក្មេង​កំពុង​សរសើរ​ព្រះ​យេហូវ៉ា

១៧, ១៨. (ក) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ប្អូន​ៗ​វ័យ​ក្មេង​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក? (ខ) តើ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​កោត​ខ្លាច​ព្រះ​នឹង​មាន​អនាគត​យ៉ាង​ណា?

១៧ យើង​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ទូទាំង​ពិភព​លោក​មាន​ចិត្ត​រំភើប​ឃើញ​ប្អូន​ៗ​វ័យ​ក្មេង​រាប់​ពាន់​នាក់​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត! ប្អូន​ៗ​វ័យ​ក្មេង​ទាំង​នោះ​ធ្វើ​ឲ្យ​សេចក្ដី​ប្រាថ្នា​របស់​ពួក​គេ​មាន​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​អាន​គម្ពីរ​រាល់​ថ្ងៃ អធិដ្ឋាន និង​ដោយ​ប្រព្រឹត្ត​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ប្អូន​ៗ​វ័យ​ក្មេង​ដែល​ជា​គំរូ​ល្អ​បែប​នេះ​ជា​ប្រភព​នៃ​កម្លាំង​ចិត្ត​សម្រាប់​ឪពុក​ម្ដាយ​និង​រាស្ត្រ​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា។—សុភ. ២៣:២៤, ២៥

១៨ នៅ​អនាគត ប្អូន​ៗ​វ័យ​ក្មេង​ដ៏​ស្មោះ​ត្រង់​នឹង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​រួច​ជីវិត​ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា។ (បប. ៧:៩, ១៤) នៅ​ទី​នោះ ពួក​គេ​នឹង​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន កាល​ដែល​ពួក​គេ​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ច្រើន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​នឹង​អាច​សរសើរ​លោក​ជា​រៀង​រហូត។—ទំនុក. ១៤៨:១២, ១៣

តើ​អ្នក​អាច​ពន្យល់​ឬ​ទេ?

• តើ​ប្អូន​ៗ​វ័យ​ក្មេង​សព្វ​ថ្ងៃ​នេះ​អាច​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​យ៉ាង​ដូច​ម្ដេច?

• ដើម្បី​ទទួល​ប្រយោជន៍​ពី​ការ​អាន​គម្ពីរ ហេតុ​អ្វី​ជា​ការ​សំខាន់​ចាំ​បាច់​ឲ្យ​ប្អូន​រំពឹង​គិត?

• តើ​ការ​អធិដ្ឋាន​ជួយ​ប្អូន​យ៉ាង​ដូច​ម្ដេច​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

• តើ​ការ​ប្រព្រឹត្ត​ល្អ​របស់​គ្រិស្ត​សាសនិក​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

[សំណួរ​សម្រាប់​វគ្គ​នី​មួយ​ៗ]

[រូប​ភាព​នៅ​ទំព័រ​១៧]

តើ​ប្អូន​មាន​ទម្លាប់​អាន​គម្ពីរ​រាល់​ថ្ងៃ​ឬ​ទេ?