លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំពើអាក្រក់ប្រាកដជានឹងមកដល់ទីបញ្ចប់!

អំពើអាក្រក់ប្រាកដជានឹងមកដល់ទីបញ្ចប់!

អំពើ​អាក្រក់​ប្រាកដ​ជា​នឹង​មក​ដល់​ទី​បញ្ចប់!

ព្រះ​បាន​ផ្ដល់​បណ្ដាំ​របស់​លោក​ឲ្យ​យើង ហើយ​បណ្ដាំ​នោះ​ពន្យល់​អំពី​មូលហេតុ​ដែល​មនុស្ស​ធ្វើ​អំពើ​អាក្រក់។ លោក​ក៏​បាន​ផ្ដល់​ឲ្យ​យើង​ដែរ​នូវ​ចិត្ត​សេរី​និង​សមត្ថភាព​ទប់​ចិត្ត ដែល​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​មិន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់។ (ចោទិយកថា ៣០:១៥, ១៦, ១៩) ដោយ​មាន​ជំនួយ​ទាំង​នេះ យើង​អាច​ស្គាល់​ទំនោរ​ចិត្ត​មិន​ល្អ​ណា​ដែល​យើង​មាន ហើយ​ចាត់​វិធានការ​ដែល​ចាំ​បាច់​ដើម្បី​បំបាត់​ចោល​ទំនោរ​ចិត្ត​នោះ​ពី​ចិត្ត​របស់​យើង។ នៅ​ទី​បំផុត បើ​យើង​មិន​ធ្វើ​អំពើ​អាក្រក់ នេះ​នឹង​នាំ​ឲ្យ​យើង​និង​ពួក​អ្នក​នៅ​ជុំ​វិញ​យើង​មាន​សុភមង្គល។—ទំនុក​តម្កើង ១:១

ក៏​ប៉ុន្តែ ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​មិន​ធ្វើ​អំពើអាក្រក់ ពិភព​លោក​នេះ​នៅ​តែ​រង​ទុក្ខ​ដោយ​សារ​អំពើ​អាក្រក់​ជួជាតិ​ដែល​មនុស្ស​ប្រព្រឹត្ត។ គម្ពីរ​បរិសុទ្ធ​បាន​ព្រមាន​ថា៖ «ចូរ​ដឹង​ថា គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់»។ គម្ពីរ​បង្ហាញ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រា​នោះ«លំបាក​ណាស់»ដោយ​ចែង​ត​ទៅ​ទៀត​ថា៖ «មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មិន​ស្មោះ​ត្រង់ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ។ ចូរ​ជៀស​ចេញ​ពី​មនុស្ស​ទាំង​នោះ»។—ធីម៉ូថេ​ទី​២ ៣:១​-​៥

នៅ​ទំនាយ​ខាង​លើ​នេះ​ដែល​បាន​ដក​ស្រង់​ពី​គម្ពីរ លោក​អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃ្លា​ដែល​ថា«គ្រា​ចុង​ក្រោយ​បង្អស់»។ តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ឃ្លា​នោះ? ពាក្យ«គ្រា​ចុង​ក្រោយ​បង្អស់» បង្ហើប​ឲ្យ​ដឹង​ថា នឹង​មាន​អ្វី​មួយ​ដែល​នឹង​ជិត​ដល់​ទី​បញ្ចប់។ តើ​អ្វី​នឹង​ជិត​ដល់​ទី​បញ្ចប់? សូម​កត់​សម្គាល់​ពាក្យ​សន្យា​របស់​ព្រះ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។

មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល

«ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។ទំនុក​តម្កើង ៣៧:១០, ១១

«ព្រះ​យេហូវ៉ា​ទ្រង់​រមែង​ការ​ពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ»។ទំនុក​តម្កើង ១៤៥:២០

ការ​សង្កត់​សង្កិន​នឹង​លែង​មាន​ទៀត

«ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រី​ក្រ​ឲ្យ​រួច​ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់​ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​លោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​សង្កត់​សង្កិន​នឹង​ការ​ច្រឡោត»។ទំនុក​តម្កើង ៧២:១២, ១៤

«អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​ក៏​នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ខូច​រលួយ ដើម្បី​មាន​សេរី​ភាព​រុង​រឿង​ជា​កូន​ព្រះ»។រ៉ូម ៨:២១

មនុស្ស​នឹង​មាន​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ក្នុង​ជីវភាព​រស់​នៅ

«គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ»។មីកា ៤:៤

«គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ»។អេសាយ ៦៥:២១, ២២

យុត្ដិធម៌​នឹង​មាន​គ្រប់​ទី​កន្លែង

«ព្រះ​ប្រាកដ​ជា​នឹង​រក​យុត្ដិធម៌​ឲ្យ​អ្នក​រើស​តាំង​របស់​លោក ដែល​ស្រែក​រក​លោក​ទាំង​យប់​ទាំង​ថ្ងៃ មែន​ទេ? . . . ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​នឹង​រក​យុត្ដិធម៌​ឲ្យ​ពួក​គេ​យ៉ាង​ឆាប់»។លូកា ១៨:៧, ៨

«ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌ ក៏​មិន​ដែល​បោះ​បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ ទ្រង់​ថែ​រក្សា​គេ​អស់​កល្ប​ជា​និច្ច»។ទំនុក​តម្កើង ៣៧:២៨

មនុស្ស​នឹង​លែង​គិត​តែ​ប្រយោជន៍​ខ្លួន​ទៀត តែ​នឹង​ប្រព្រឹត្ត​សុចរិត​វិញ

«ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត»។អេសាយ ២៦:៩

«យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​លោក ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប»។ពេត្រុស​ទី​២ ៣:១៣

មនុស្ស​កំពុង​កែ​ប្រែ​ជីវិត សូម្បី​តែ​នៅ​ពេល​ឥឡូវ​នេះ

សេចក្ដី​សន្យា​ទាំង​នោះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​យើង​រីករាយ​ក្រៃ​លែង។ ប៉ុន្តែ ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ថា​សេចក្ដី​សន្យា​ទាំង​នេះ​នឹង​សម្រេច? តាម​ពិត ឥឡូវ​នេះ យើង​មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​សម្រេច​មែន។ តើ​ទី​សំអាង​នោះ​គឺ​អ្វី? នេះ​គឺ​ការ​ពិត​ដែល​ថា សព្វ​ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​មាន​ជោគ​ជ័យ​ក្នុង​ការ​បំបាត់​ចោល​ការ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ឬ​អំពើ​ឃោរឃៅ ហើយ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព ទៀង​ត្រង់​និង​សប្បុរស។ សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​ចំនួន​ជាង​៧​លាន​នាក់ ជា​បង​ប្អូន​រួម​ជំនឿ​ទូទាំង​ពិភព​លោក​ដែល​ប្រៀប​ដូច​ជា​គ្រួសារ​មួយ ពួក​គេ​បាន​យក​ឈ្នះ​ការ​បែក​បាក់​ខាង​ពូជ​សាសន៍ ជាតិ​និយម នយោបាយ​និង​សេដ្ឋកិច្ច ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ស្អប់​គ្នា អំពើ​ឃោរឃៅ​និង​ការ​បង្ហូរ​ឈាម​គ្នា​ជា​ច្រើន​ក្នុង​ប្រវត្ដិសាស្ត្រ។ * ដូច្នេះ ការ​កែ​ប្រែ​ជីវិត​ដែល​ពួក​គេ​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ គឺ​ជា​ទី​សំអាង​ដ៏​រឹង​មាំ​ឲ្យ​យើង​ជឿ​ជាក់​ថា សេចក្ដី​សន្យា​របស់​ព្រះ​នឹង​សម្រេច​នៅ​ទូទាំង​ពិភព​លោក។

ប៉ុន្តែ តើ​អ្វី​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បែប​នេះ? ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​មាន​ក្នុង​សេចក្ដី​សន្យា​មួយ​ទៀត​ក្នុង​គម្ពីរ ដែល​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​មីកា​បាន​កត់​ទុក។ គាត់​បាន​សរសេរ​ថា៖

«នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម។ ឯ​ខ្លា​រខិន​នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ។ ឯ​កូន​គោ​នឹង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូច​ៗ​ជា​អ្នក​គង្វាល​វា . . . ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ​ពាស​ក្នុង​សមុទ្រ​ដែរ»។—អេសាយ ១១:៦​-​៩

តើ​បទ​គម្ពីរ​នេះ​គ្រាន់​តែ​ទាយ​អំពី​គ្រា​ដែល​មនុស្ស​និង​សត្វ​នឹង​រស់​នៅ​ដោយ​សុខដុម​ប៉ុណ្ណោះ​ឬ? ទេ បទ​គម្ពីរ​បាន​ទាយ​ច្រើន​ជាងនេះ​ទៅ​ទៀត។ សូម​កត់​សម្គាល់​ឃ្លា​ចុង​ក្រោយ​នៃ​បទ​គម្ពីរ​នេះ​ដែល​បញ្ជាក់​ពី​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បែប​នេះ ដែល​ថា៖ «គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​នៅ​ពេញ​ពាស​លើ​ផែនដី»។ តើ​ការ​ស្គាល់​ព្រះ​ឬ​មាន​ចំណេះ​អំពី​ព្រះ​ធ្វើ​ឲ្យ​សត្វ​កែ​ប្រែ​ចរិត​របស់​វា​ឬ? មិន​មែន​ទេ។ ប៉ុន្តែ ចំណេះ​អំពី​ព្រះ អាច​និង​កំពុង​ធ្វើ​ឲ្យ​មនុស្ស​កែ​ប្រែ​មែន! ទំនាយ​នេះ​បាន​ទាយ​ថា ពួក​អ្នក​ដែល​ប្រហែល​ជា​មាន​ចរិត​ដូច​សត្វ នឹង​បោះ​បង់​ចោល​ចរិត​ទាំង​នោះ ហើយ​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​គ្រិស្ត ពី​ព្រោះ​ពួក​គេ​បាន​រៀន​ពី​គម្ពីរ ថែម​ទាំង​បាន​ប្រព្រឹត្ត​ស្រប​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន។

ជា​ឧទាហរណ៍ សូម​គិត​អំពី​ភេដ្រូ។ * គាត់​បាន​ជឿ​ថា ពេល​គាត់​ចូល​រួម​អង្គការ​ភេរវជន នោះ​គាត់​បាន​ត​យុទ្ធ​ដើម្បី​យុត្ដិធម៌។ ក្រោយ​គាត់​បាន​ទទួល​ការ​ហ្វឹកហ្វឺន អង្គការ​នោះ​បាន​បញ្ជា​គាត់​ឲ្យ​បំផ្ទុះ​គ្រាប់​បែក​បំផ្លាញ​អគារ​របស់​ពួក​នគរ​បាល។ កាល​ដែល​គាត់​កំពុង​រៀបចំ​ធ្វើ​ដូច្នេះ នគរ​បាល​បាន​ចាប់​គាត់។ ភេដ្រូ​បាន​ជាប់​គុក​១៨​ខែ ហើយ​នៅ​ទី​នោះ គាត់​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បំផ្លិច​បំផ្លាញ​នោះ។ រវាង​ពេល​នោះ ប្រពន្ធ​របស់​ភេដ្រូ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ លុះ​ដល់​ភេដ្រូ​បាន​ចេញ​ពី​គុក គាត់​ក៏​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ ហើយ​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​បាន​ជំរុញ​គាត់​ឲ្យ​កែ​ប្រែ​ទាំង​ស្រុង​នូវ​ចិត្ត​គំនិត​និង​ទស្សនៈ​របស់​គាត់​អំពី​ជីវិត។ ភេដ្រូ​បាន​ស្រដី​ថា៖ «ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​ខ្ញុំ​មិន​បាន​សម្លាប់​មនុស្ស​ម្នាក់​សោះ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ជា​ភេរវជន។ ឥឡូវ​ខ្ញុំ​ប្រើ​គម្ពីរ​ដែល​ជា​ដាវ​នៃ​សកម្មពល ដើម្បី​ប្រាប់​មនុស្ស​នូវ​ដំណឹង​ល្អ​អំពី​សន្ដិភាព​និង​យុត្ដិធម៌​ពិត​ប្រាកដ ពោល​គឺ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ»។ ភេដ្រូ​ថែម​ទាំង​បាន​ទៅ​លេង​អគារ​ដែលគាត់​គ្រោង​បំផ្លាញ​ចោល​ទៀត​ផង ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​សន្ដិភាព និង​អំពី​ពិភព​លោក​ដែល​គ្មាន​អំពើ​ឃោរឃៅ។

ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ដែល​បណ្ដាំ​របស់​ព្រះ​មាន​ទៅ​លើ​មនុស្ស ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​កាន់​តែ​ច្រើន​ដើម្បី​មាន​ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា អំពើ​អាក្រក់​ទាំង​អស់​ប្រាកដ​ជា​នឹង​មក​ដល់​ទី​បញ្ចប់។ ត្រូវ​ហើយ មនុស្ស​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​រៀង​រហូត តែ​ពួក​គេ​នឹង​កែ​ប្រែ​ទៅ​ជា​មនុស្ស​ល្អ​វិញ។ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​ដក​ចេញ​មេ​កំណាច​សាថាន​ដែល​ជា​ប្រភព​នៃ​អំពើ​អាក្រក់។ វា​ប្រើ​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​កាន់​កាប់​ទៅ​លើ​ព្រឹត្ដិការណ៍​ពិភព​លោក​ដោយ​គ្មាន​នរណា​ដឹង​ឡើយ។ គម្ពីរ​ចែង​ថា៖ «ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច»។ (យ៉ូហាន​ទី​១ ៥:១៩) ប៉ុន្តែ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ វា​នឹង​លែង​មាន​ទៀត ហើយ​ពួក​អ្នក​ដែល​មិន​ព្រម​ឈប់​ធ្វើ​អំពើ​អាក្រក់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ នោះ​ជា​គ្រា​ដ៏​សប្បាយ​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ!

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​យើង​អាច​មាន​អនាគត​បែប​នោះ? សូម​ចាំ​ថា សព្វ​ថ្ងៃ​នេះ គឺ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​ឬ​ការ«ស្គាល់​ព្រះ​យេហូវ៉ា»ដែល​នាំ​ឲ្យ​មនុស្ស​កែ​ប្រែ​ជីវិត ហើយ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ទូទាំង​ពិភព​លោក​នា​អនាគត​កាល។ ដោយ​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​គម្ពីរ ថែម​ទាំង​ធ្វើ​តាម​ចំណេះ​នោះ ដូច​ភេដ្រូ​បាន​ធ្វើ នោះ​លោក​អ្នក​អាច​ទន្ទឹង​រង់​ចាំ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល«សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប»។ (ពេត្រុស​ទី​២ ៣:១៣) ហេតុ​នេះ យើង​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ឆ្លៀត​យក​ឱកាស​ដែល​នៅ​មាន ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​និង​លោក​យេស៊ូ​គ្រិស្ត ព្រោះ​ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​លោក​អ្នក​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូហាន ១៧:៣

[កំណត់​សម្គាល់]

^ វគ្គ 21 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​ស្តើង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 25 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩]

លោក​អ្នក​អាច​ទន្ទឹង​រង់​ចាំ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល«សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប»។—ពេត្រុស​ទី​២ ៣:១៣