កុំប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត
អាថ៌កំបាំងទី២
កុំប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត
តើគម្ពីរបង្រៀនយ៉ាងណា? «ចូរឲ្យម្នាក់ៗពិសោធឲ្យដឹងថាការរបស់ខ្លួនគឺយ៉ាងណា រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីការរបស់ខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
តើមានការពិបាកអ្វីខ្លះ? យើងប្រហែលចូលចិត្តប្រៀបធៀបខ្លួនយើងទៅនឹងអ្នកឯទៀត ជួនកាលទៅនឹងពួកអ្នកដែលមានអ្វីៗតិចជាងយើង តែជាញឹកញយទៅនឹងពួកអ្នកដែលខ្លាំងជាង ស្តុកស្តម្ភជាង ឬប៉ិនប្រសប់ជាងយើង។ ទោះជាមានមូលហេតុអ្វីក៏ដោយ ការប្រៀបធៀបខ្លួនយើងទៅនឹងអ្នកឯទៀតមិននាំឲ្យមានលទ្ធផលល្អទេ។ យើងយល់ខុសថាតម្លៃរបស់បុគ្គលម្នាក់គឺផ្អែកទៅលើអ្វីដែលគាត់មានឬអ្វីដែលគាត់អាចធ្វើ។ យើងក៏ប្រហែលបង្កឲ្យមានចិត្តច្រណែន និងការប្រកួតប្រជែងគ្នាដែរ។—សាស្ដា ៤:៤
តើលោកអ្នកអាចធ្វើអ្វី? សូមព្យាយាមមានទស្សនៈចំពោះខ្លួនលោកអ្នកដូចទស្សនៈរបស់ព្រះចំពោះលោកអ្នក។ អនុញ្ញាតឲ្យទស្សនៈរបស់ព្រះមានឥទ្ធិពលទៅលើការឲ្យតម្លៃខ្លួនលោកអ្នក។ «មនុស្សលោកតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ា *ទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៧) ព្រះយេហូវ៉ាឲ្យតម្លៃលោកអ្នក មិនមែនដោយប្រៀបធៀបលោកអ្នកទៅនឹងមនុស្សឯទៀតទេ តែដោយពិនិត្យមើលចិត្ត គំនិត អារម្មណ៍ និងបំណងរបស់លោកអ្នកវិញ។ (ហេប្រឺ ៤:១២, ១៣) ព្រះយេហូវ៉ាដឹងថាសមត្ថភាពរបស់លោកអ្នកមានកម្រិត ហើយក៏ចង់ឲ្យលោកអ្នករស់នៅស្របតាមកម្រិតនៃសមត្ថភាពនោះដែរ។ ប្រសិនបើលោកអ្នកឲ្យតម្លៃខ្លួនដោយប្រៀបធៀបខ្លួនលោកអ្នកទៅនឹងអ្នកឯទៀត នោះនៅទីបំផុត លោកអ្នកនឹងមានចិត្តក្រអឺតក្រទមឬមិនស្កប់ស្កល់សោះ។ ដូច្នេះ ចូរមានចិត្តរាបទាប ហើយទទួលស្គាល់ថាលោកអ្នកមិនអាចពូកែគ្រប់ផ្នែកបានទេ។—សុភាសិត ១១:២
តើលោកអ្នកត្រូវធ្វើអ្វីទើបព្រះឲ្យតម្លៃលោកអ្នក? ព្រះបានដឹកនាំឲ្យអ្នកប្រកាសទំនាយម្នាក់ឈ្មោះមីកាសរសេរថា៖ «ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ។ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ?»។ (មីកា ៦:៨) បើលោកអ្នកធ្វើតាមការណែនាំនោះ ព្រះរមែងគិតអំពីលោកអ្នក។ (ពេត្រុសទី១ ៥:៦,៧) គ្មានមូលហេតុល្អជាងនេះដែលឲ្យលោកអ្នកស្កប់ចិត្តទេ មែនទេ?
[កំណត់សម្គាល់]
^ វគ្គ 5 ឈ្មោះរបស់ព្រះដែលមានក្នុងគម្ពីរ។
[រូបភាពនៅទំព័រ៥]
ព្រះយេហូវ៉ាឲ្យតម្លៃយើង អាស្រ័យទៅលើអ្វីដែលមានក្នុងចិត្តរបស់យើង