ចូរច្រៀងជូនព្រះយេហូវ៉ា!
ចូរច្រៀងជូនព្រះយេហូវ៉ា!
«ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំក្នុងកាលដែលនៅមានជីវិតតទៅ»។—ទំនុក. ១៤៦:២
១. តើអ្វីជំរុញចិត្តយុវជនដាវីឌឲ្យតែងទំនុកខ្លះៗ?
កាលនៅយុវវ័យ ដាវីឌបានចំណាយពេលច្រើនរាប់មិនអស់នៅឯវាលជិតក្រុងបេថ្លេហិមដើម្បីថែរក្សាហ្វូងចៀមរបស់ឪពុកគាត់។ ពេលដែលគាត់មើលថែចៀម ដាវីឌអាចឃើញស្នាដៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ពោលគឺដួងតារានៅលើមេឃ «សត្វព្រៃ» និង«សត្វហើរលើអាកាស»។ អ្វីៗដែលគាត់ឃើញមានឥទ្ធិពលខ្លាំងណាស់ទៅលើគាត់រហូតដល់ជំរុញចិត្តគាត់ឲ្យតែងចម្រៀងដ៏គួរឲ្យរំភើបចិត្ត ដើម្បីសរសើរអ្នកដែលបង្កើតអ្វីៗដ៏អស្ចារ្យទាំងនោះ។ ចម្រៀងនិងភ្លេងជាច្រើនដែលដាវីឌបានតែងមាននៅក្នុងសៀវភៅទំនុកតម្កើង។ *—សូមអាន ទំនុកតម្កើង ៨:៣, ៤, ៧-៩
២. (ក) តើភ្លេងអាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្ស? សូមលើកឧទាហរណ៍មួយ។ (ខ) ដូចបានបង្ហាញនៅទំនុកតម្កើង ៣៤:៧, ៨ និងទំនុកតម្កើង ១៣៩:២-៨ តើយើងអាចរៀនអ្វីអំពីទំនាក់ទំនងរវាងដាវីឌនិងព្រះយេហូវ៉ា?
២ ទំនងជាក្នុងអំឡុងគ្រានោះដែលដាវីឌបានធ្វើឲ្យជំនាញរបស់គាត់ខាងលេងភ្លេងកាន់តែប្រសើរឡើង។ តាមពិត គាត់ជំនាញខាងលេងភ្លេងដល់ម្ល៉េះបានជាគេអញ្ជើញគាត់ឲ្យទៅលេងពិណជូនស្តេចសូល។ (សុភ. ២២:២៩) ភ្លេងរបស់ដាវីឌបានបន្ធូរអារម្មណ៍របស់ស្តេចដែលខ្វល់ខ្វាយក្នុងចិត្ត។ សព្វថ្ងៃនេះ ភ្លេងល្អៗច្រើនតែមានឥទ្ធិពលបែបនេះទៅលើមនុស្សដែរ។ កាលណាដាវីឌលេងពិណរបស់គាត់ នោះ«សូលទ្រង់បានធូរ ហើយស្រួលឡើងវិញ»។ (១សាំ. ១៦:២៣) ចម្រៀងដែលដាវីឌជាអ្នកកោតខ្លាចព្រះ បានតែងនៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃនេះ។ សូមគិតអំពីចំណុចនេះ! សព្វថ្ងៃ ជាង៣០០០ឆ្នាំក្រោយកំណើតរបស់ដាវីឌ មនុស្សរាប់លាននាក់ដែលមកពីគ្រប់មជ្ឈដ្ឋាន ហើយដែលរស់នៅពាសពេញផែនដី តែងតែអានទំនុករបស់ដាវីឌដើម្បីទទួលការសម្រាលទុក្ខនិងសេចក្ដីសង្ឃឹម។—២រប. ៧:៦; សូមអាន ទំនុកតម្កើង ៣៤:៧, ៨; ១៣៩:២-៨; អេម. ៦:៥
សារៈសំខាន់នៃភ្លេងនិងចម្រៀងក្នុងការគោរពប្រណិប័តន៍ពិត
៣, ៤. នៅសម័យដាវីឌ តើមានការរៀបចំអ្វីដើម្បីលេងភ្លេងនិងច្រៀងចម្រៀងពិសិដ្ឋ?
៣ ដាវីឌមានការប៉ិនប្រសប់ ហើយគាត់បានប្រើការប៉ិនប្រសប់នោះតាមវិធីល្អបំផុត ពោលគឺដើម្បីសរសើរតម្កើងព្រះយេហូវ៉ា។ ក្រោយគាត់បានក្លាយទៅជាស្តេចនៃអ៊ីស្រាអែល ដាវីឌបានរៀបចំឲ្យមានភ្លេងនិងចម្រៀងពីរោះៗក្នុងពិធីផ្សេងៗនៅត្រសាល។ ជាងមួយភាគដប់នៃពួកលេវីទាំងអស់ដែលបម្រើនៅទីនោះ ពោលគឺជាង៤.០០០នាក់ បានទទួលភារកិច្ចជា«អ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា» ហើយអ្នក«ហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់» នោះមានចំនួន២៨៨នាក់។—១រប. ២៣:៣, ៥; ២៥:៧
៤ ដាវីឌផ្ទាល់បានតែងចម្រៀងជាច្រើនដែលពួកលេវីបានច្រៀងនិងលេងភ្លេង។ ជនជាតិអ៊ីស្រាអែលណាដែលមានឯកសិទ្ធិមានវត្តមានក្នុងឱកាសដែលពួកលេវីបានច្រៀងទំនុករបស់ដាវីឌ ប្រាកដជារំភើបចិត្តជាខ្លាំងពេលឮចម្រៀងនោះ។ ក្រោយមក ពេលហឹបនៃកិច្ចព្រមព្រៀងបានត្រូវជញ្ជូនមកក្រុងយេរូសាឡិម «ដាវីឌ . . . [បាន]ប្រាប់ឲ្យមេពួកលេវីដំរូវឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង នឹងឈិង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ»។—១រប. ១៥:១៦
៥, ៦. (ក) ហេតុអ្វីបានជាគេយកចិត្តទុកដាក់ខ្លាំងម្ល៉េះទៅលើភ្លេងនិងចម្រៀងនៅសម័យដាវីឌ? (ខ) នៅប្រទេសអ៊ីស្រាអែលនាសម័យបុរាណ តើយើងដឹងយ៉ាងដូចម្ដេចថាភ្លេងនិងចម្រៀងមានតួនាទីសំខាន់ក្នុងការគោរពប្រណិប័តន៍ពិត?
៥ ហេតុអ្វីបានជាគេយកចិត្តទុកដាក់ខ្លាំងម្ល៉េះទៅលើភ្លេងនិងចម្រៀងនៅសម័យដាវីឌ? តើដោយសារស្តេចគឺជាអ្នកលេងភ្លេងឬ? មិនមែនទេ មានមូលហេតុផ្សេងទៀត ដែលបានត្រូវបើកបង្ហាញរាប់រយឆ្នាំក្រោយមកពេលហេសេគាដែលជាស្តេចសុចរិតម្នាក់ បានធ្វើឲ្យមានកិច្ចបម្រើព្រះឡើងវិញនៅឯវិហារ។ របាក្សត្រទី២ ២៩:២៥ ចែងថា៖ «[ហេសេគា]ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈិង ពិណ នឹងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ នឹងកាឌ់ ជាអ្នកមើល ឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់»។
៦ ពិតមែន តាមរយៈពួកហោរាឬពួកអ្នកប្រកាសទំនាយរបស់លោក ព្រះយេហូវ៉ាបានបង្គាប់អ្នកគោរពប្រណិប័តន៍លោកឲ្យសរសើរលោកដោយចម្រៀង។ ពួកអ្នកចម្រៀងពីកុលសម្ព័ន្ធដែលជាសង្ឃក៏បានរួចពីភារកិច្ចដែលពួកលេវីឯទៀតត្រូវធ្វើ ដើម្បីពួកគេអាចមានពេលគ្រប់គ្រាន់តែងបទភ្លេង ហើយហាត់ច្រៀងដែរ។—១រប. ៩:៣៣
៧, ៨. ស្តីអំពីការច្រៀងចម្រៀងរាជាណាចក្ររបស់យើង តើអ្វីគឺសំខាន់ជាងការប៉ិនប្រសប់?
៧ ប្រហែលជាអ្នកនិយាយថា៖ «បើគិតអំពីចម្រៀង ខ្ញុំប្រាកដជាមិនស្ថិតក្នុងចំណោមពួកអ្នកប្រសប់ដែលបានច្រៀងនៅត្រសាលទេ!»។ ប៉ុន្តែ មិនមែនពួកតន្ត្រីករលេវីទាំងអស់ជាអ្នកប្រសប់ឡើយ។ យោងទៅតាម របាក្សត្រទី១ ២៥:៨ ក៏មាន‹សិស្ស›ផងដែរ។ យើងក៏គួរចាំដែរថា ប្រហែលជាមានតន្ត្រីករនិងអ្នកច្រៀងពូកែៗក្នុងកុលសម្ព័ន្ធឯទៀតនៃអ៊ីស្រាអែល តែព្រះយេហូវ៉ាបានតែងតាំងតែពួកលេវីប៉ុណ្ណោះឲ្យច្រៀងនិងលេងភ្លេងនោះ។ យើងអាចប្រាកដថា ទោះជាពួកគេជាអ្នក‹ប្រសប់›ឬជា‹សិស្ស›ដែលកំពុងរៀនក៏ដោយ ពួកលេវីដ៏ស្មោះត្រង់ទាំងអស់នោះបានលេងភ្លេងនិងច្រៀងជូនព្រះដោយខំប្រឹងអស់ពីចិត្ត!
៨ ដាវីឌស្រឡាញ់បទភ្លេង ហើយគាត់ក៏ប្រសប់លេងភ្លេងដែរ។ ប៉ុន្តែ តើព្រះពេញចិត្តតែអ្នកដែលមានការប៉ិនប្រសប់ប៉ុណ្ណោះឬ? នៅកូឡុស ៣:២៣ ប៉ូលបានសរសេរថា៖ «ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា មិនមែនដើម្បីមនុស្សទេ»។ គឺច្បាស់ណាស់ អ្វីដែលព្រះយេហូវ៉ាពេញចិត្ត គឺឲ្យយើងច្រៀងសរសើរលោក«អស់ពីកម្លាំងកាយកម្លាំងចិត្ត»។
តួនាទីនៃចម្រៀងនិងភ្លេងក្រោយសម័យដាវីឌ
៩. បើអ្នកបានទៅពិធីសម្ពោធវិហារក្នុងអំឡុងរជ្ជកាលសាឡូម៉ូន សូមរៀបរាប់អ្វីដែលអ្នកប្រហែលជាឃើញ ហើយឮនៅទីនោះ។
៩ ក្នុងអំឡុងរជ្ជកាលសាឡូម៉ូន ភ្លេងមានតួនាទីសំខាន់ក្នុងការគោរពប្រណិប័តន៍បរិសុទ្ធ។ នៅពិធីសម្ពោធវិហារ មានក្រុមប្រគំតន្ត្រីដ៏អស្ចារ្យមួយ ហើយមានឧបករណ៍ភ្លេងធ្វើពីស្ពាន់ដែលមានអ្នកផ្លុំត្រែ១២០នាក់! (សូមអាន របាក្សត្រទី២ ៥:១២) គម្ពីរចែងថា៖ «ពួកផ្លុំត្រែនឹងពួកចំរៀង[ដែលទាំងអស់ជាពួកសង្ឃ] គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែ១ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា . . . ដោយពាក្យថា‹ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច›»។ ពេលចាប់ផ្ដើមលេងភ្លេងនិងច្រៀងចម្រៀង «ស្រាប់តែព្រះវិហារ . . . មានពេញដោយពពក»ដែលនេះបញ្ជាក់ថាព្រះយេហូវ៉ាពេញចិត្ត។ ពិតជាគួរឲ្យអស្ចារ្យនិងគួរឲ្យស្ញប់ស្ញែងមែន! ដោយឮសំឡេងត្រែទាំងអស់នោះនិងសំឡេងអ្នកច្រៀងរាប់ពាន់នាក់ស៊ីចង្វាក់គ្នា។—២រប. ៥:១៣
១០, ១១. តើអ្វីបង្ហាញថាពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ បានប្រើភ្លេងនិងចម្រៀងក្នុងការគោរពប្រណិប័តន៍?
១០ ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ក៏បានប្រើភ្លេងនិងចម្រៀងក្នុងការគោរពប្រណិប័តន៍ដែរ។ ពួកគេប្រជុំគ្នានៅក្នុងផ្ទះមិនមែននៅត្រសាលឬនៅវិហារទេ។ ដោយសារមានការបៀតបៀននិងកត្ដាឯទៀត ពួកគេតែងតែជួបជុំគ្នាក្រោមស្ថានភាពពិបាក។ ទោះជាយ៉ាងនេះក្ដី គ្រិស្តសាសនិកទាំងនោះនៅតែច្រៀងសរសើរព្រះ។
១១ សាវ័កប៉ូលបានបំផុសទឹកចិត្តបងប្អូនរួមជំនឿនៅក្រុងកូឡុសថា៖ «ចូរបន្ត . . . ដាស់តឿនគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ពាក្យសរសើរព្រះ ចម្រៀងគោរពប្រណិប័តន៍ដ៏ពីរោះ»។ (កូឡ. ៣:១៦) ម្យ៉ាងទៀត ក្រោយពីប៉ូលនិងស៊ីឡាសបានជាប់គុក ពួក គាត់ចាប់ផ្ដើម«អធិដ្ឋាននិងច្រៀងសរសើរព្រះ» ទោះជាពួកគាត់គ្មានសៀវភៅចម្រៀងមើលក៏ដោយ។ (សកម្ម. ១៦:២៥) ប្រសិនបើអ្នកជាប់គុក តើអ្នកអាចចាំចម្រៀងរាជាណាចក្រប៉ុន្មានបទ?
១២. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងឲ្យតម្លៃដល់ចម្រៀងរាជាណាចក្ររបស់យើង?
១២ ដោយសារភ្លេងនិងចម្រៀងមានសារ:សំខាន់ក្នុងការគោរពប្រណិប័តន៍របស់យើង ជាការល្អឲ្យយើងដណ្ដឹងសួរខ្លួនយើងថា៖ ‹តើខ្ញុំឲ្យតម្លៃយ៉ាងត្រឹមត្រូវចំពោះភ្លេងនិងចម្រៀងឬទេ? តើខ្ញុំខំអស់ពីសមត្ថភាពមកកិច្ចប្រជុំ សន្និបាត និងមហាសន្និបាតឲ្យបានទាន់ពេលដើម្បីច្រៀងចម្រៀងដំបូងជាមួយបងប្អូនរួមជំនឿឬទេ? ពេលខ្ញុំច្រៀង តើខ្ញុំច្រៀងអស់ពីចិត្តឬ? ស្តីអំពីចម្រៀងរវាងសាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើ ឬចម្រៀងរវាងសុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម តើខ្ញុំលើកទឹកចិត្តកូនខ្ញុំមិនឲ្យគិតថានេះជាពេលផ្អាក ដែលកូនអាចចេញពីកៅអីដោយមិនចាំបាច់ឬទេ ប្រហែលគ្រាន់តែដើរចុះឡើងមួយស្របក់ប៉ុណ្ណោះ?› ការច្រៀងចម្រៀងជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ ត្រូវហើយ ទោះជាយើងជាអ្នក‹ប្រសប់›ឬ‹សិស្ស›ក្ដី យើងទាំងអស់គ្នាអាច ហើយគួរច្រៀងរួមគ្នាសរសើរព្រះយេហូវ៉ា។—សូមពិនិត្យបន្ថែម កូរិនថូសទី២ ៨:១២
សេចក្ដីត្រូវការរបស់យើងផ្លាស់ប្ដូរស្របតាមកាលៈទេសៈ
១៣, ១៤. តើការច្រៀងចម្រៀងអស់ពីចិត្តនៅកិច្ចប្រជុំរបស់ក្រុមជំនុំមានសារៈសំខាន់យ៉ាងណា? សូមលើកឧទាហរណ៍។
១៣ ជាង១០០ឆ្នាំកន្លងទៅនេះ ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនជាភាសាអង់គ្លេសបានពន្យល់ពីមូលហេតុមួយក្នុងចំណោមមូលហេតុឯទៀតដែលចម្រៀងរាជាណាចក្ររបស់យើងគឺសំខាន់ម្ល៉េះ។ ទស្សនាវដ្ដីនោះចែងថា៖«ការច្រៀងអំពីសេចក្ដីពិតជាវិធីល្អមួយដើម្បីធ្វើឲ្យសេចក្ដីពិតនោះចូលទៅក្នុងចិត្តនិងគំនិតរបស់រាស្ត្រព្រះ»។ ទំនុកជាច្រើននៃចម្រៀងរបស់យើងមានមូលដ្ឋានលើបទគម្ពីរ។ ដូច្នេះ ការរៀនយ៉ាងហោចណាស់ទំនុកខ្លះនៃចម្រៀងគឺជាវិធីដ៏ប្រសើរមួយដើម្បីធ្វើឲ្យសេចក្ដីពិតចូលទៅក្នុងចិត្តយើង។ ជាញឹកញយ មនុស្សដែលមកកិច្ចប្រជុំយើងជាលើកទី១ មានចិត្តរំភើបជាខ្លាំងដោយសារក្រុមជំនុំច្រៀងចម្រៀងអស់ពីចិត្ត។
១៤ នៅល្ងាចមួយនាឆ្នាំ១៨៦៩ ពេលឆាល្សថេហ្សរ៉ាសិលកំពុងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ គាត់បានឮគេច្រៀងក្នុងសាលមួយនៃអគារជាន់ក្រោមបំផុត។ ក្នុងជីវិតគាត់ នៅរយៈពេលនោះ គាត់អស់សង្ឃឹមថានឹងរកឃើញសេចក្ដីពិតអំពីព្រះ។ ហេតុនេះគាត់បានសម្រេចចិត្តចំណាយពេលនិងកម្លាំងក្នុងការរកស៊ី ដោយគិតថាបើគាត់មានលុយខ្លះ យ៉ាងហោចណាស់គាត់អាចបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀតខាងសម្ភារៈ ទោះជាគាត់មិនអាចជួយពួកគេឲ្យដឹងសេចក្ដីពិតអំពីព្រះក៏ដោយ។ បងប្រុសរ៉ាសិលបានចូលទៅក្នុងសាលចាស់និងមិនស្អាតនោះ ហើយគាត់ឃើញគេប្រជុំខាងសាសនានៅទីនោះ។ គាត់អង្គុយចុះ ហើយស្ដាប់។ គាត់បានសរសេរក្រោយមកថា «ដោយសារមានជំនួយពីព្រះ» អ្វីដែលគាត់បានឮនៅយប់នោះគឺ«គ្រប់គ្រាន់ដើម្បីពង្រឹងជំនឿដែលចុះខ្សោយ[របស់គាត់]ទៅលើគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។ សូមកត់សម្គាល់ថាអ្វីដំបូងដែលទាក់ទាញចិត្តបងប្រុសរ៉ាសិលឲ្យទៅប្រជុំនោះ គឺការច្រៀងចម្រៀង។
១៥. ហេតុអ្វីយើងត្រូវមានសៀវភៅចម្រៀងថ្មី?
១៥ ខណៈដែលពេលវេលាកន្លងទៅ ការយល់ដឹងរបស់យើងអំពីបទគម្ពីរគឺកាន់តែច្បាស់ឡើងៗ។ សុភាសិត ៤:១៨ចែងថា៖«ផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង»។ ពន្លឺដែលកាន់តែភ្លឺឡើងបាននាំឲ្យមានការកែប្រែពាក្យខ្លះដែលយើងប្រើក្នុងចម្រៀងអំពីសេចក្ដីពិត។ អស់រយៈពេល២៥ឆ្នាំកន្លងទៅនេះ សាក្សីព្រះយេហូវ៉ានៅប្រទេសជាច្រើនបានរីករាយប្រើសៀវភៅចម្រៀងដែលមានចំណងជើងថាចូរច្រៀងសរសើរព្រះយេហូវ៉ា។ * ច្រើនឆ្នាំក្រោយមក តាំងពីសៀវភៅនោះបានត្រូវបោះពុម្ពផ្សាយ ពន្លឺបានភ្លឺកាន់តែច្បាស់ឡើងទៅលើប្រធានបទផ្សេងៗ ហើយពាក្យដែលមាននៅក្នុងសៀវភៅចម្រៀងនោះគឺហួសសម័យហើយ។ ច្បាស់ណាស់ បើគិតអំពីសេចក្ដីបង្រៀន យើងពិតជាត្រូវមានសៀវភៅចម្រៀងមួយដែលបញ្ជាក់ពីការយល់ដឹងថ្មីៗ។
១៦. តើសៀវភៅចម្រៀងថ្មីនឹងជួយយើងយ៉ាងណាឲ្យធ្វើតាមឱវាទរបស់ប៉ូលនៅអេភេសូរ ៥:១៩?
១៦ ដោយផ្អែកលើមូលហេតុនោះនិងមូលហេតុឯទៀត គណៈអភិបាលបានអនុម័តឲ្យមានសៀវភៅចម្រៀងថ្មីដែលមានចំណងជើងថាចូរច្រៀងជូនព្រះយេហូវ៉ា។ ឥឡូវ សៀវភៅចម្រៀងថ្មីរបស់យើងមានតែ៥៥បទប៉ុណ្ណោះ។ ដោយសារមានចម្រៀងតិចជាងមុន យើងអាចទន្ទេញចាំយ៉ាងហោចណាស់នូវទំនុកនៃចម្រៀងថ្មីខ្លះ។ នេះគឺស្របនឹងឱវាទរបស់ប៉ូលនៅអេភេសូរ ៥:១៩។—សូមអាន
ចូរឲ្យតម្លៃចំពោះចម្រៀងរាជាណាចក្រ
១៧. ស្តីអំពីការច្រៀងចម្រៀងនៅកិច្ចប្រជុំ តើការគិតបែបណាដែលអាចជួយយើងឲ្យយកឈ្នះការអៀនខ្មាស?
១៧ តើយើងគួរឲ្យការអៀនខ្មាសរារាំងយើងមិនឲ្យច្រៀងឮៗនៅឯកិច្ចប្រជុំរបស់គ្រិស្តសាសនិកឬទេ? សូមគិតដូចតទៅនេះ៖ «យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»ដោយសារពាក្យសម្ដីរបស់យើង មែនទេ? (យ៉ា. ៣:២) ប៉ុន្តែ ទោះជាយើងមានពាក្យសម្ដីមិនល្អឥតខ្ចោះក៏ដោយ យើងមិនអនុញ្ញាតឲ្យនេះបញ្ឈប់យើងពីការសរសើរព្រះយេហូវ៉ាពីផ្ទះមួយទៅផ្ទះមួយឡើយ។ បើដូច្នេះ ទោះជាយើងច្រៀងមិនបានល្អឥតខ្ចោះក៏ដោយ នេះមិនគួររារាំងយើងមិនឲ្យច្រៀងសរសើរព្រះទេ មែនទេ? ព្រះយេហូវ៉ាដែលបាន«បង្កើតមាត់មនុស្ស» ពេញចិត្តស្ដាប់កាលដែលយើងច្រៀងសរសើរលោក។—និក្ខ. ៤:១១
១៨. តើអ្វីបានជួយបងប្អូនរួមជំនឿឲ្យចេះច្រៀងចម្រៀងថ្មី?
១៨ ស៊ីឌីដែលមានភ្លេងសុទ្ធសម្រាប់សៀវភៅចម្រៀងថ្មីរបស់យើង បានជួយបងប្អូនរួមជំនឿជាច្រើននាក់ឲ្យចេះច្រៀងចម្រៀងថ្មី។ (Sing to Jehovah—Piano Accompaniment) ការស្ដាប់បទភ្លេងនាំឲ្យយើងរីករាយមែន។ បើអ្នកស្ដាប់បទភ្លេងជាញឹកញយនៅផ្ទះ ហើយយកសៀវភៅចម្រៀងមកច្រៀងតាម នេះនឹងជួយអ្នកឲ្យចាំទំនុក និងធ្វើឲ្យអ្នកមានទំនុកចិត្តពេលច្រៀងនៅឯសាលប្រជុំ។
១៩. តើមានការរៀបចំអ្វីខ្លះមុនថតចម្រៀងរាជាណាចក្រយើង?
១៩ គឺងាយឲ្យយើងគិតថាបទភ្លេងដែលមាននៅសន្និបាតពិសេស សន្និបាតប្រចាំមណ្ឌលនិងមហាសន្និបាត មិនមែនជាអ្វីដ៏អស្ចារ្យទេ។ មានកិច្ចការច្រើនណាស់ដែលបងប្អូនបានធ្វើដើម្បីរៀបចំបទភ្លេងទាំងនោះ។ បន្ទាប់ពីបានជ្រើសរើសបទភ្លេង គេត្រូវតែងភ្លេងយ៉ាងហ្មត់ចត់សម្រាប់សមាជិកទាំង៦៤នាក់នៃវង់ភ្លេងប៉មយាម។ បន្ទាប់មក ពួកអ្នកលេងភ្លេងចំណាយពេលរាប់មិនអស់ពិនិត្យបទភ្លេងនោះដែលពួកគាត់នឹងហាត់ ហើយនៅទីបំផុតថតនៅស្ទូឌីយ៉ូនៅក្រុងផាតឺសិន រដ្ឋញូវយ៉ក។ បងប្អូន១០នាក់ក្នុងចំណោមបងប្អូនប្រុសស្រីទាំងនោះមិនរស់នៅសហរដ្ឋអាម៉េរិកទេ។ ពួកគាត់ទាំងអស់គ្នាចាត់ទុកការរួមចំណែករៀបចំបទភ្លេងពីរោះៗសម្រាប់ការប្រជុំនានាជាឯកសិទ្ធិមួយ។ យើងអាចបង្ហាញការដឹងគុណចំពោះការព្យាយាមដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ពួកគាត់។ នៅសន្និបាតនិងមហាសន្និបាតរបស់យើង កាលណាអ្នកបើកកម្មវិធីអញ្ជើញយើង ចូរយើងប្រញាប់អង្គុយ ហើយស្ដាប់យ៉ាងស្ងៀមស្ងាត់នូវបទភ្លេងដែលបានត្រូវរៀបចំឡើងដោយសេចក្ដីស្រឡាញ់។
២០. តើអ្នកតាំងចិត្តធ្វើអ្វី?
២០ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះចម្រៀងដែលយើងច្រៀងសរសើរលោក។ ចម្រៀងទាំងនោះគឺសំខាន់ណាស់ចំពោះលោក។ យើងអាចធ្វើឲ្យចិត្តលោករីករាយដោយច្រៀងអស់ពីចិត្តកាលណាយើងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍លោក។ ប្រាកដហើយ ទោះជាយើងជាអ្នកប្រសប់ច្រៀងឬជាអ្នករៀនច្រៀងក្ដី ចូរយើង‹ច្រៀងជូនព្រះយេហូវ៉ា›!—ទំនុក. ១០៤:៣៣
[កំណត់សម្គាល់]
^ វគ្គ 1 គួរឲ្យចាប់អារម្មណ៍ណាស់ ១០សតវត្សរ៍ក្រោយដាវីឌស្លាប់ បណ្ដាទេវតាជាច្រើនបានប្រកាសពីកំណើតនៃមេស្ស៊ីដល់ពួកគង្វាលចៀម ដែលបានមើលថែចៀមនៅឯវាលជិតក្រុងបេថ្លេហិម។—លូក. ២:៤, ៨, ១៣, ១៤
^ វគ្គ 15 សៀវភៅនេះមានចម្រៀង២២៥បទ មានជាង១០០ភាសា។ ក៏ប៉ុន្តែសៀវភៅចម្រៀងភាសាខ្មែរមានតែ១០០បទ។
តើអ្នកគិតយ៉ាងណា?
• តើគំរូរបស់អ្នកណាខ្លះនៅសម័យគម្ពីរដែលបង្ហាញថាភ្លេងនិងចម្រៀងមានតួនាទីសំខាន់ក្នុងការគោរពប្រណិប័តន៍ព្រះ?
• តើការធ្វើតាមបញ្ញត្ដិលោកយេស៊ូនៅម៉ាថាយ ២២:៣៧និងការចូលរួមច្រៀងអស់ពីចិត្តនូវចម្រៀងរាជាណាចក្រទាក់ទងគ្នាយ៉ាងណា?
• តើតាមរបៀបណាខ្លះដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃយ៉ាងត្រឹមត្រូវដល់ចម្រៀងរាជាណាចក្ររបស់យើង?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៧]
ក្នុងអំឡុងពេលច្រៀងចម្រៀង តើអ្នកមិនអនុញ្ញាតឲ្យកូនអ្នកចេញពីកៅអីបើមិនចាំបាច់ឬទេ?
[រូបភាពនៅទំព័រ២៩]
តើអ្នកកំពុងរៀន ទំនុកនៃចម្រៀងថ្មីរបស់យើងនៅផ្ទះឬទេ?