ទំនាយទី១ ការរញ្ជួយដី
ទំនាយទី១ ការរញ្ជួយដី
«នឹងមានរញ្ជួយដីជាខ្លាំង»។—លូកា ២១:១១
● វីននីជាទារកអាយុ១៦ខែម្នាក់បានត្រូវសង្គ្រោះពីគំនរបាក់បែកក្នុងប្រទេសហៃទី។ ក្រុមការងារប៉ុស្តិ៍ទូរទស្សន៍ដែលមកយកព័ត៌មានពីមហន្តរាយនេះបានលឺសំឡេងដែលនាងយំខ្សាវៗ។ នាងបានរួចរស់ជីវិត ប៉ុន្តែឪពុកម្ដាយរបស់នាងបានស្លាប់បាត់ហើយ។
តើហេតុការណ៍ពិតបង្ហាញអំពីអ្វីខ្លះ? ពេលដែលមានរញ្ជួយដីទំហំ៧.០កើតឡើងនៅខែមករាឆ្នាំ២០១០ក្នុងប្រទេសហៃទី នោះមនុស្សជាង៣០០.០០០នាក់បានស្លាប់។ បន្ថែមទៅទៀត មនុស្ស១.៣០០.០០០នាក់បាត់បង់ទីលំនៅក្នុងមួយប៉ប្រិចភ្នែក។ ទោះជារញ្ជួយដីនៅប្រទេសហៃទីជារញ្ជួយដីដ៏ខ្លាំងក៏ដោយ ប៉ុន្តែនេះមិនមែនមានតែមួយនោះទេ ព្រោះនៅទូទាំងពិភពលោក មានរញ្ជួយដីធំៗយ៉ាងតិច១៨កន្លែង ចាប់តាំងពីខែមេសាឆ្នាំ២០០៩ដល់ខែមេសាឆ្នាំ២០១០។
តើគេចូលចិត្តប្រកែកយ៉ាងណា? មិនមានរញ្ជួយដីច្រើនជាងធម្មតាទេ នៅសម័យមុនក៏មានដូចតែគ្នាដែរ ប៉ុន្តែដោយសារសព្វថ្ងៃយើងមានឧបករណ៍ទំនើបៗដែលធ្វើឲ្យយើងដឹងអំពីរឿងនោះច្រើនជាងតែប៉ុណ្ណោះ។
តើការប្រកែកនេះសមហេតុសមផលឬទេ? សូមពិចារណាអំពីហេតុការណ៍ពិតដែលមានដូចតទៅនេះ: គម្ពីរមិនដៅបញ្ជាក់អំពីចំនួននៃការមានរញ្ជួយដីក្នុងអំឡុងថ្ងៃចុងក្រោយបង្អស់នេះទេ។ ប៉ុន្តែ អ្វីដែលគម្ពីរបានចែងគឺថា«រញ្ជួយដីជាខ្លាំង»នឹងមាន«ពីកន្លែងមួយទៅកន្លែងមួយ» ដែលធ្វើឲ្យការរញ្ជួយដីនេះក្លាយជាសញ្ញាសម្គាល់មួយក្នុងគ្រាចុងក្រោយបង្អស់។—ម៉ាកុស ១៣:៨; លូកា ២១:១១
តើលោកអ្នកគិតយ៉ាងណា? តើរញ្ជួយដីជាខ្លាំងពិតជាកំពុងកើតឡើងដូចគម្ពីរបានទាយទុកឬទេ?
ការរញ្ជួយដីតែប៉ុណ្ណោះ ប្រហែលមិនមែនជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាយើងកំពុងតែរស់នៅក្នុងគ្រាចុងក្រោយបង្អស់នោះទេ។ ប៉ុន្តែ នេះគ្រាន់តែជាទំនាយមួយប៉ុណ្ណោះដែលកំពុងសម្រេច។ សូមឲ្យយើងពិចារណាអំពីទំនាយទី២។
[រូបភាពនៅទំព័រ៤]
«យើង[អ្នកសិក្សាអំពីភូគព្ភសាស្ត្រ] ហៅវាថាជាការរញ្ជួយដីដ៏ខ្លាំង ប៉ុន្តែអ្នកឯទៀតហៅវាថាជាអ្វីដែលអាក្រក់ក្រៃលែង»។—ខឹន ហាត់ណាត់ ភូគព្ភសាស្ត្រនៅសហរដ្ឋអាម៉េរិក
[រូបភាពនៅទំព័រ៤]
© William Daniels/Panos Pictures