លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើកូនក្មេងគួររៀនអំពីព្រះឬទេ?

តើកូនក្មេងគួររៀនអំពីព្រះឬទេ?

តើ​កូន​ក្មេង​គួរ​រៀន​អំពី​ព្រះ​ឬ​ទេ?

​«​ចំណេះ​ដឹង​របស់​យើង​អំពី​សាសនា​គឺ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​យើង​ស្អប់​គ្នា​បាន ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​»។—អ្នក​និពន្ធ​ជន​ជាតិ​អង់គ្លេស យ៉ូណាថាន ស្វីត

លោក​យ៉ូណាថាន ស្វីត បាន​បញ្ចេញ​មតិ​ដែល​មាន​នៅ​ខាង​លើ​នេះ​ក្នុង​សតវត្សរ៍​ទី​១៨ គ.ស. ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​យល់​ស្រប​នឹង​មតិ​របស់​គាត់​ដែរ។ តាម​ពិត មនុស្ស​ខ្លះ​ជឿ​ថា​ឪពុក​ម្ដាយ​មិន​មាន​សិទ្ធិ​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​ព្រះ​នោះ​ទេ។ ពួក​គេ​មាន​អារម្មណ៍​ថា​កូន​ក្មេង​ដែល​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជំនឿ​ខាង​សាសនា ពិបាក​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ណាស់។

តើ​លោក​អ្នក​គិត​យ៉ាង​ណា​ដែរ? ក្នុង​ចំណោម​មតិ​ដែល​មាន​នៅ​ខាង​ក្រោម​នេះ តើ​មួយ​ណា​គឺ​សម​ហេតុ​សម​ផល​ជាង​គេ?

● ឪពុក​ម្ដាយ​មិន​ត្រូវ​បង្រៀន​កូន​អំពី​ព្រះ​ទេ។

● ឪពុក​ម្ដាយ​គួរ​រង់​ចាំ​រហូត​ដល់​កូន​ៗ​របស់​ពួក​គេ​ធំ​ឡើង​សិន សឹម​ពិគ្រោះ​អំពី​រឿង​សាសនា​ជា​មួយ​កូន។

● នៅ​ពេល​ដែល​កូន​ៗ​នៅ​ក្មេង​នៅ​ឡើយ ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​អំពី​ជំនឿ​របស់​ពួក​គេ។ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​ធំ​ឡើង ឪពុក​ម្ដាយ​គួរ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្តី​អំពី​រឿង​នេះ។

● កូន​ក្មេង​ត្រូវ​កាន់​សាសនា​ដូច​ឪពុក​ម្ដាយ​របស់​ពួក​គេ​ជា​ដាច់​ខាត។

តើ​សាសនា​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​កូន​ក្មេង​ឬ​ទេ?

ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន មិន​ចង់​ឲ្យ​កូន​ទទួល​ឥទ្ធិពល​អាក្រក់​ឡើយ។ ប៉ុន្តែ តើ​ហេតុ​ការណ៍​ពិត​គាំទ្រ​ការ​អះអាង​របស់​ពួក​អ្នក​ដែល​មិន​ចង់​ឲ្យ​កូន​ក្មេង​រៀន​អំពី​ព្រះ​ឬ​ទេ? ច្រើន​ឆ្នាំ​មក​ហើយ ពួក​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​ឥទ្ធិពល​ដែល​ជំនឿ​ខាង​សាសនា​របស់​ឪពុក​ម្ដាយ​មាន​ទៅ​លើ​កូន។ តើ​ពួក​គេ​បាន​សន្និដ្ឋាន​យ៉ាង​ណា?

ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជា​ជាង​ជះ​ឥទ្ធិពល​អាក្រក់ សាសនា​អាច​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ការ​រីក​ចម្រើន​របស់​កុមារ​វិញ។ នៅ​ឆ្នាំ​២០០៨ ទស្សនាវដ្ដី​អំពី​ការ​សិក្សា​សង្គម​បាន​ចុះ​ផ្សាយ​របាយ​ការណ៍​មួយ​ថា​៖ ​«​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​សាសនា​បាន​ពង្រឹង​ចំណង​មិត្តភាព​រវាង​ឪពុក​ម្ដាយ​និង​កូន​»។ (​Social Science Research​)​ * របាយការណ៍​នេះ​ក៏​បាន​ថ្លែង​ដែរ​ថា​៖ ​«​តាម​មើល​ទៅ សាសនា​និង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​កូន​ក្មេង​ជា​ច្រើន​នាក់ ហើយ​ក៏​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ក្នុង​ក្រុម​គ្រួសារ​ដែរ​»។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ពាក្យ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ពី​ភាព​ស្រដៀង​គ្នា​នេះ​ដែល​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣

ចុះ​យ៉ាង​ណា​ចំពោះ​មតិ​ដែល​ថា​កូន​ក្មេង​គួរ​ធំ​ឡើង​សិន សឹម​រៀន​អំពី​ព្រះ​និង​សាសនា? មតិ​នោះ​មិន​គិត​អំពី​ហេតុ​ការណ៍​ពិត​មួយ​នេះ​ទេ​ដែល​ថា ខួរ​ក្បាល​របស់​កូន​ក្មេង​គឺ​ប្រៀប​ដូច​ជា​ក្រដាស​ស​មួយ​ផ្ទាំង។ តាម​ការ​ពិត ការ​បង្រៀន​កូន​ប្រៀប​ដូច​ជា​ការ​ផាត់​ពណ៌​ទៅ​លើ​«​ក្រដាស​នោះ​»។ ដូច្នេះ ឪពុក​ម្ដាយ​ត្រូវ​តែ​ជ្រើស​រើស​ថា ពួក​គាត់​ចង់​បង្រៀន​កូន​ដោយ​ខ្លួន​ឯង​អំពី​គោលការណ៍​សីលធម៌ និង​ជំនឿ​ដែល​ពួក​គាត់​ចាត់​ទុក​ថា​សមរម្យ ឬ​ក៏​ឲ្យ​គំនិត​ជា​ច្រើន​ឥត​គណនា​របស់​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​និង​គំនិត​របស់​កូន​វិញ។

តើ​គន្លឹះ​គឺជា​អ្វី​ទៅ?

ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា​មនុស្ស​អាចយ​ក​គំនិត​ខាង​សាសនា​ធ្វើ​ជា​មូលហេតុ​ដើម្បី​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត​លម្អៀង​និង​ស្អប់​អ្នក​ឯ​ទៀត។ ដូច្នេះ តើ​ឪពុក​ម្ដាយ​អាច​ការពារ​មិន​ឲ្យ​មាន​លទ្ធផល​ដូច​អ្វី​ដែល​លោក​យ៉ូណាថាន ស្វីត​បាន​រៀប​រាប់​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គាត់​អាច​បង្រៀន​កូន​អំពី​ជំនឿ​ដែល​អាច​ជួយ​កូន​ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ឯ​ទៀត​តាម​របៀប​ណា?

គន្លឹះ​ដើម្បី​ធ្វើ​ដូច្នេះ គឺ​ឲ្យ​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​បី​ដូច​ត​ទៅ​នេះ: (​១​) តើ​កូន​ក្មេង​គួរ​រៀន​អំពី​អ្វី? (​២​) តើ​នរណា​គួរ​ជា​អ្នក​ដែល​បង្រៀន​ពួក​គេ? (​៣​) តើ​អ្វី​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​បង្រៀន​កូន?

[​កំណត់​សម្គាល់​]

^ វគ្គ 11 ការ​ស្រាវជ្រាវ​នេះ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ដែល​បាន​ប្រមូល​ពី​កូន​ក្មេង​ចំនួន​ជាង​២១.០០០​នាក់​ដែល​រស់​នៅ​សហរដ្ឋអាម៉េរិក ថែម​ទាំង​ពី​ឪពុក​ម្ដាយ និង​លោក​គ្រូ​អ្នក​គ្រូ​របស់​កូន​ក្មេង​ទាំង​នោះ​ដែរ។