៤ ព្រះអយុត្ដិធម៌ តើពិតឬទេ?
៤ ព្រះអយុត្ដិធម៌ តើពិតឬទេ?
អ្វីដែលលោកអ្នកប្រហែលជាធ្លាប់ឮ: «ព្រះជាអ្នកគ្រប់គ្រងពិភពលោកនេះ ហើយអ្វីៗដែលកើតឡើងគឺជាបំណងប្រាថ្នារបស់លោក។ ដោយសារពិភពលោកនេះពោរពេញទៅដោយការរើសអើង ភាពអយុត្ដិធម៌ និងការសង្កត់សង្កិន នោះព្រះត្រូវជាអ្នកទទួលខុសត្រូវ»។
អ្វីដែលគម្ពីរបង្រៀន: ព្រះមិនមែនជាអ្នកដែលបណ្ដាលឲ្យមានភាពអយុត្ដិធម៌ក្នុងពិភពលោកនេះទេ។ គម្ពីរបានពណ៌នាអំពីព្រះយេហូវ៉ាថា៖ «ការរបស់ទ្រង់សុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—ចោទិយកថា ៣២:៤
ព្រះសប្បុរសចំពោះយើងទាំងអស់គ្នា រួមទាំងពួកអ្នកដែលមិនសមទទួលផងដែរ។ ជាឧទាហរណ៍ «លោកធ្វើឲ្យថ្ងៃរះលើមនុស្សអាក្រក់និងមនុស្សល្អ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សទុច្ចរិត»។ (ម៉ាថាយ ៥:៤៥) លោកប្រព្រឹត្តដោយយុត្ដិធម៌ចំពោះមនុស្សដែលមកពីគ្រប់សាសន៍ និងគ្រប់វប្បធម៌ ដូចសកម្មភាព ១០:៣៤, ៣៥បានបង្ហាញថា៖ «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។
បើដូច្នេះ តើអ្នកណាជាអ្នកបណ្ដាលឲ្យមានអំពើអយុត្ដិធម៌? មនុស្សជាច្រើនសម្រេចចិត្តប្រព្រឹត្តអយុត្ដិធម៌ដោយខ្លួនឯង ពោលគឺមិនធ្វើតាមគំរូនៃយុត្ដិធម៌របស់ព្រះ។ (ចោទិយកថា ៣២:៥) បន្ថែមទៅទៀត គម្ពីរបង្ហាញថាព្រះអនុញ្ញាតឲ្យមេកំណាចដែលជាសត្រូវរបស់លោកគ្រប់គ្រងលើពិភពលោកនេះ។ * (យ៉ូហានទី១ ៥:១៩) ក៏ប៉ុន្តែ បន្ដិចទៀតព្រះមិនអនុញ្ញាតឲ្យការគ្រប់គ្រងរបស់វាដែលពោរពេញដោយភាពអយុត្ដិធម៌នេះមានទៀតទេ។ លោកបានចាត់វិធានការរួចទៅហើយដើម្បី«បំផ្លាញស្នាដៃរបស់មេកំណាច»។—យ៉ូហានទី១ ៣:៨
ការស្គាល់សេចក្ដីពិតជួយលោកអ្នក: លោកអ្នកប្រហែលជាពិបាកចិត្តដោយសារឮព័ត៌មានឥតឈប់ឈរអំពីអំពើពុករលួយ ការសង្កត់សង្កិន និងភាពអយុត្ដិធម៌។ ការដឹងអំពីដើមហេតុនៃបញ្ហាទាំងនេះជួយលោកអ្នកឲ្យយល់នូវមូលហេតុដែលស្ថានភាពកាន់តែអាក្រក់ទៅៗ និងមូលហេតុដែលការខំប្រឹងរបស់មនុស្សមិនបានជោគជ័យក្នុងការធ្វើឲ្យពិភពលោកប្រសើរឡើងឡើយ។ (ទំនុកតម្កើង ១៤៦:៣) ជាជាងប្រើពេលវេលានិងកម្លាំងដើម្បីកែប្រែអ្វីដែលមិនទៀងក្នុងពិភពលោកនេះ លោកអ្នកអាចមានសង្ឃឹមដ៏ល្អសម្រាប់ពេលអនាគតដោយផ្អែកលើសេចក្ដីសន្យារបស់ព្រះ។—ការបើកបង្ហាញ ២១:៣, ៤
ការយល់អំពីប្រភពដែលបណ្ដាលឲ្យមានភាពអយុត្ដិធម៌អាចជួយយើងយ៉ាងច្រើន ពេលមនុស្សជាទីស្រឡាញ់របស់យើងរងទុក្ខដោយសារបញ្ហានេះ។ ពេលដែលយើងជួបភាពអយុត្ដិធម៌ យើងប្រហែលជាមានអារម្មណ៍ដូចហាបាគុកពេលគាត់និយាយថា៖ «បញ្ញត្ដិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្ដិធម៌មិនលេចមកឲ្យឃើញឡើយ»។ (ហាបាគុក ១:៤) ព្រះមិនបានដាក់ទោសហាបាគុកដោយសារគាត់និយាយដូច្នេះទេ។ ផ្ទុយទៅវិញ ព្រះបានធានាដល់គាត់ថា លោកបានកំណត់ពេលដើម្បីដោះស្រាយបញ្ហាទាំងនោះ ហើយបានជួយគាត់ឲ្យមានអំណរពេលដែលគាត់ប្រឈមមុខនឹងបញ្ហា។ (ហាបាគុក ២:២-៤; ៣:១៧, ១៨) ស្រដៀងគ្នាដែរ ការទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះក្នុងការលុបបំបាត់ភាពអយុត្ដិធម៌អាចជួយលោកអ្នកឲ្យមានភាពស្ងប់សុខ និងសេចក្ដីសុខសាន្តក្នុងពិភពលោកដ៏អយុត្ដិធម៌នេះ។
[កំណត់សម្គាល់]
^ វគ្គ 5 ដើម្បីរៀនអំពីដើមកំណើតរបស់មេកំណាច សូមអានជំពូកទី៣នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
[ឃ្លាអក្សរធំនៅទំព័រ៧]
តើព្រះជាអ្នកដែល បណ្ដាលឲ្យមាន ទុក្ខវេទនានិង អយុត្ដិធម៌ឬទេ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៧]
© Sven Torfinn/Panos Pictures