លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើព្រះកំពុងដាក់ទណ្ឌកម្មយើងឬ?

តើព្រះកំពុងដាក់ទណ្ឌកម្មយើងឬ?

តើ​ព្រះ​កំពុង​ដាក់​ទណ្ឌកម្ម​យើង​ឬ?

ក្រោយ​ពី​មាន​ការ​រញ្ជួយ​ដី​កម្លាំង​៩.០​រិច្ឆទ័រ​និង​រលក​យក្ស​ស៊ូណាមី​ក្នុង​ខែ​មីនា ឆ្នាំ​២០១១ អ្នក​នយោបាយ​ដ៏​ល្បី​ម្នាក់​ក្នុង​ប្រទេស​ជប៉ុន​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​អាណិត​មនុស្ស​ដែល​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​ក្ដី ខ្ញុំ​គិត​ថា​[​វា​]​ជា​តេមបាត់ស៊ុ (​ឬ​ទណ្ឌកម្ម​មក​ពី​ព្រះ​)​»។

ពេល​មនុស្ស​ច្រើន​ជាង​២២០.០០០​នាក់​បាន​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី​ក្នុង​ខែ​មករា ឆ្នាំ​២០១០ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​តាម​ទូរទស្សន៍​ដ៏​ល្បី​ម្នាក់​បាន​ប្រកាស​ថា នេះ​គឺ​ដោយ​សារ​ពួក​គេ​«​បាន​ប្រគល់​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មេកំណាច​»​ដែល​ជា​ទេវតា​អាក្រក់​ដែល​ប្រឆាំង​ព្រះ ហើយ​ពួក​គេ​ត្រូវ​តែ​«​ត្រឡប់​មករ​ក​ព្រះ​វិញ​»។

​«​ព្រះ​ចង់​ឲ្យ​យើង​ភ្ញាក់​ខ្លួន​និង​ចេះ​ដឹង​ខុស​ត្រូវ​»​ នេះ​ជា​ពាក្យ​ប្រកាស​របស់​បូជាចារ្យ​នៃ​សាសនា​កាតូលិក ពេល​ដែល​មាន​មនុស្ស​៧៩​នាក់​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ភីលីពីន។ សារព័ត៌​មាន​មួយ​ក្នុង​ប្រទេស​នោះ​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ពេញ​វ័យ​ចំនួន​២១​ភាគ​រយ​ជឿ​ថា​ព្រះ​កំពុង​តែ​បញ្ចេញ​កំហឹង​របស់​លោក​ដោយ​បណ្ដាល​ឲ្យ​មាន​ការ​រអិល​បាក់​ដី ខ្យល់​ព្យុះកំបុតត្បូង និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឯ​ទៀត​»​ ដែល​ញាំញី​ប្រទេស​នោះ​ជា​ញឹក​ញាប់។

ការ​ជឿ​ថា​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​មនុស្ស​អាក្រក់ គឺ​មិន​មែន​ទើប​តែ​មាន​នោះ​ទេ។ ក្នុង​ឆ្នាំ​១៧៥៥ ក្រោយ​ពី​មនុស្ស​ប្រហែល​៦០.០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​រញ្ជួយ​ដី ភ្លើង​ឆេះ និង​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ទី​ក្រុង​លីស្បោន ប្រទេស​ព័រទុយហ្គាល់ នោះ​លោក​វ៉ុលទែរ ដែល​ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ​ម្នាក់​បាន​ចោទ​សួរ​ថា​៖ ​«​តើ​អំពើ​អបាយមុខ​ដែល​នៅ​ទី​ក្រុង​លីស្បោន​មាន​ច្រើន​ជាង​នៅ​ទី​ក្រុង​ប៉ា​រី​ស ជា​ទី​ក្រុង​ដែល​ពោរ​ពេញ​ដោយ​ការ​ភ្លើតភ្លើន​ឬ?​»។ ពិត​មែន​ហើយ មនុស្ស​រាប់​លាន​នាក់​បាន​ឆ្ងល់​ថា តើ​ព្រះ​កំពុង​ប្រើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​មនុស្ស​ជាតិ​ឬ? នៅ​ប្រទេស​ជា​ច្រើន មនុស្ស​ហៅ​គ្រោះ​មហន្តរាយ​ធម្មជាតិ​បែប​នេះ​ថា​ជា​ស្នា​ដៃ​របស់​ព្រះ។

អាស្រ័យ​ហេតុ​នេះ យើង​ត្រូវ​តែ​ឆ្ងល់​ថា តើ​ព្រះ​ពិត​ជា​បាន​ប្រើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​មនុស្ស​ជាតិ​មែន​ឬ? តើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​ផ្ទួន​ៗ​គ្នា​នៅ​ពេល​ថ្មី​ៗ​នេះ​ជា​ទណ្ឌកម្ម​ដែល​មក​ពី​ព្រះ​ឬ?

ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ ពួក​គេ​បាន​លើក​ឡើង​នូវ​កំណត់​ហេតុ​ខ្លះ​ក្នុង​គម្ពីរ​ដែល​បញ្ជាក់​ថា​ព្រះ​បាន​ប្រើ​អំណាច​ធម្មជាតិ​ដើម្បី​សម្លាប់​មនុស្ស។ (​លោកុប្បត្តិ ៧:១៧​-​២២; ១៨:២០; ១៩:២៤, ២៥; ជនគណនា ១៦:៣១​-​៣៥​) ក៏​ប៉ុន្តែ ពេល​ពិនិត្យ​មើល​កំណត់​ហេតុ​ទាំង​នេះ យើង​ឃើញ​ថា​ក្នុង​ករណី​នីមួយ​ៗ ព្រឹត្ដិការណ៍​ក្នុង​គម្ពីរ​និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​គឺ​ខុស​គ្នា។ មាន​មូលហេតុ​សំខាន់​បី​យ៉ាង: ទី​១ មុន​ព្រះ​ប្រើ​អំណាច​ធម្មជាតិ​ព្រះ​បាន​ព្រមាន​ទុក​ជា​មុន។ ទី​២ គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​សព្វ​ថ្ងៃ​នេះ សម្លាប់​ទាំង​មនុស្ស​ល្អ​ទាំង​មនុស្ស​អាក្រក់ ប៉ុន្តែ ពេល​ព្រះ​បំផ្លាញ​មនុស្ស លោក​បំផ្លាញ​តែ​មនុស្ស​អាក្រក់​ដែល​កែ​លែង​ឡើង​ឬ​ពួក​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ការ​ព្រមាន​ប៉ុណ្ណោះ។ ទី​៣ ព្រះ​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ស្លូត​ត្រង់។—លោកុប្បត្តិ ៧:១, ២៣; ១៩:​១៥​-​១៧; ជនគណនា ១៦:២៣​-​២៧

គ្មាន​ទី​សំ​អាង​ណា​ដែល​ថា​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាង​ច្រើន​រាប់​មិន​អស់​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​វេទនា​នោះ​ទេ។ បើ​ដូច្នេះ តើ​អ្វី​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​ឡើង​កាន់​តែ​ច្រើន? ហើយ​តើ​នឹង​មាន​ពេល​មួយ​ដែល​លែង​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៀត​ឬ​ទេ? លោក​អ្នក​នឹង​ឃើញ​ចម្លើយ​នៅ​ក្នុង​អត្ថបទ​បន្ទាប់។