លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ដំបូងរឹងចចេស តែទីបំផុតស្ដាប់បង្គាប់

ដំបូងរឹងចចេស តែទីបំផុតស្ដាប់បង្គាប់

ចូរ​បង្រៀន​កូន​របស់​អ្នក

ដំបូង​រឹង​ចចេស តែ​ទី​បំផុត​ស្ដាប់​បង្គាប់

តើ​អ្នក​ធ្លាប់​រឹង​ចចេស ហើយ​មិន​ចង់​ស្ដាប់​បង្គាប់​ឬ​ទេ?​ * ប្រហែល​អ្នក​បាន​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ឪពុក​ម្ដាយ​ប្រាប់​អ្នក​ថា​មិន​គួរ​មើល។ អ្នក​ប្រហែលជា​បាន​គិត​ឡើង​វិញ ហើយ​ស្ដាយ​ដែល​អ្នក​មិន​បាន​ស្ដាប់​តាម​ពួក​គាត់។ មាន​បុរស​ម្នាក់​ដែល​មុន​ដំបូង​គាត់​មិន​ចង់​ស្ដាប់​បង្គាប់​ដែរ គឺ​ណាម៉ាន។ សូម​ពិនិត្យ​មើល​ជា​មួយ​គ្នា​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​ឈប់​រឹង​ចចេស​ទៀត។

សូម​ស្រមៃ​គិត​ថា យើង​កំពុង​រស់​នៅ​ជាង​៣.០០០​ឆ្នាំ​មុន។ ណាម៉ាន​ជា​មេទ័ព​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេស​ស៊ីរី។ គាត់​ធ្លាប់​តែ​បង្គាប់​បញ្ជា​ពួក​ទាហាន ហើយ​ពួក​គេ​ស្ដាប់​តាម​គាត់។ ប៉ុន្តែ ណាម៉ាន​មាន​ជំងឺ​ដ៏​អាក្រក់​មួយ​ដែល​ហៅ​ថា ជំងឺ​ឃ្លង់។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ស្បែក​គាត់​អាក្រក់​មើល ហើយ​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ខ្លាំង​ទៀត​ផង។

ប្រពន្ធ​របស់​ណាម៉ាន​មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ថ្ងៃ​មួយ ក្មេង​ស្រី​នោះ​បាន​ប្រាប់​ចៅហ្វាយ​ស្រី​អំពី​បុរស​ម្នាក់​ឈ្មោះ​អេលីសេ​ដែល​រស់​នៅ​ប្រទេស​អ៊ីស្រាអែល។ នាង​និយាយ​ថា​អេលីសេ​អាច​ធ្វើ​ឲ្យ​ណាម៉ាន​ជា​សះ​ស្បើយ។ ពេល​ណាម៉ាន​ឮ​អំពី​រឿង​នេះ គាត់​ចង់​ទៅ​ជួប​អេលីសេ​ភ្លាម។ គាត់​បាន​យក​អំណោយ​យ៉ាង​ច្រើន ហើយ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ទាហាន​របស់​គាត់​ទៅ​ប្រទេស​អ៊ីស្រាអែល។ គាត់​បាន​ទៅ​ជួប​ស្តេច​នៃ​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ជម្រាប​អំពី​មូលហេតុ​ដែល​គាត់​បាន​មក​ដល់​ប្រទេស​នោះ។

អេលីសេ​បាន​ឮ​អំពី​រឿង​នេះ ហើយ​គាត់​បាន​ជម្រាប​ស្តេច​ឲ្យ​នាំ​ណាម៉ាន​មក​ជួប​គាត់។ ពេល​ណាម៉ាន​មក​ដល់​នោះ​អេលីសេ​ចាត់​អ្នក​នាំ​ពាក្យ​របស់​គាត់​ឲ្យ​ប្រាប់​ណាម៉ាន​ថា សូម​ទៅ​ងូត​ទឹក​ក្នុង​ទន្លេ​យ៉ូដាន់​៧​ដង ហើយ​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ណាម៉ាន​ជា​សះ​ស្បើយ។ តើ​អ្នក​គិត​ថា​ណាម៉ាន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

គាត់​បាន​ខឹង។ ដូច្នេះ​គាត់​ចាប់​ផ្ដើម​រឹង​ចចេស ហើយ​មិន​ព្រម​ស្ដាប់​តាម​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ទេ។ គាត់​ប្រាប់​ទៅ​កូន​ទាហាន​របស់​គាត់​ថា​៖ ‹ទន្លេ​នៅ​ប្រទេស​ខ្ញុំ​ស្អាត​ជាង›។ ណាម៉ាន​ចាប់​ផ្ដើម​ចាក​ចេញ​ទៅ។ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា តើ​កូន​ទាហាន​របស់​គាត់​និយាយ​អ្វី?— កូន​ទាហាន​នោះ​និយាយ​ថា​៖ ‹បើ​អ្នក​ប្រកាស​ទំនាយ​នោះ​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​ពិបាក​នោះ តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី? ដូច្នេះ បើ​គាត់​គ្រាន់តែ​ឲ្យ​ធ្វើ​អ្វី​ដែល​ស្រួល​ប៉ុណ្ណោះ លោក​គួរតែ​ធ្វើ​តាម មែន​ទេ?›។

ណាម៉ាន​បាន​ស្ដាប់​តាម ហើយ​ធ្វើ​តាម​អ្វី​ដែល​កូន​ទាហាន​របស់​គាត់​និយាយ។ គាត់​ចុះ​ទៅ​ងូត​ទឹក​ក្នុង​ទន្លេ​នោះ​៦​ដង ហើយ​ងើប​ឡើង​មក​វិញ។ នៅ​ពេល​ដែល​គាត់​ងើប​ឡើង​ពី​ទឹក​នៅ​លើក​ទី​៧ ណាម៉ាន​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង គឺ​ជំងឺ​របស់​គាត់​បាន​ជា​សះ​ស្បើយ! គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ! ភ្លាម​ៗ​នោះ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​អេលីសេ​ដែល​មាន​ចម្ងាយ​ជាង​៤៨​គីឡូម៉ែត្រ​ពី​ទន្លេ​នោះ​ដើម្បី​អរគុណ​គាត់។ គាត់​ចង់​ឲ្យ​អំណោយ​ដ៏​មាន​តម្លៃ​ដល់​អេលីសេ ប៉ុន្តែ​អ្នក​ប្រកាស​ទំនាយ​នេះ​មិន​ព្រម​ទទួល​ទេ។

ដូច្នេះ ណាម៉ាន​បាន​សុំ​អ្វី​មួយ​ពី​អេលីសេ។ តើ​អ្នក​ដឹង​ថា​ជា​អ្វី​ទេ?— គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​សុំ​ដី​ដែល​អាច​ដាក់​លើ​សត្វ​លា​ពីរ​ក្បាល​ដើម្បី​យក​ទៅ​ផ្ទះ​វិញ›។ អ្នក​ដឹង​ទេ​ថា ហេតុ​អ្វី​គាត់​ចង់​បាន​ដី​ដូច្នេះ?— ណាម៉ាន​បាន​និយាយ​ថា គាត់​ចង់​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​នៅ​លើ​ដី​ដែល​យក​មក​ពី​ប្រទេស​អ៊ីស្រាអែល។ បន្ទាប់​មក ណាម៉ាន​សន្យា​ថា គាត់​នឹង​មិន​គោរព​បូជា​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ​យេហូវ៉ា​ឡើយ! គាត់​មិន​រឹង​ចចេស​ទៀត​ទេ តែ​គាត់​ស្ម័គ្រ​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​ដ៏​ពិត​វិញ។

អ្នក​អាច​កត់​សម្គាល់​ឃើញ​ទេ​ថា តើ​អ្នក​អាច​ដូច​ណាម៉ាន​យ៉ាង​ដូច​ម្ដេច?— បើ​អ្នក​ធ្លាប់​រឹង​ចចេស​ដូច​គាត់ អ្នក​អាច​ផ្លាស់​ប្ដូរ​បាន។ អ្នក​អាច​ទទួល​ជំនួយ​ដើម្បី​ឈប់​រឹង​ចចេស​ទៀត។

សូម​អាន​ពី​គម្ពីរ​របស់​អ្នក​

ពង្សាវតារក្សត្រទី២ ៥:១​-​១៩

លូកា ៤:២៧

[​កំណត់​សម្គាល់​]

^ វគ្គ 3 បើ​អ្នក​អាន​ជា​មួយ​កូន​តូច ហើយ​ឃើញ​ថា​មាន​អូស​បន្ទាត់ នេះ​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆ្លើយ។