លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីក៏មានទុក្ខវេទនាច្រើនដូច្នេះ?

ហេតុអ្វីក៏មានទុក្ខវេទនាច្រើនដូច្នេះ?

ហេតុ​អ្វី​ក៏​មាន​ទុក្ខវេទនា​ច្រើន​ដូច្នេះ?

ដើម្បី​យល់​នូវ​មូលហេតុ​ដែល​យើង​មាន​ទុក្ខវេទនា​ច្រើន​ដូច្នេះ​និង​មូលហេតុ​ដែល​មនុស្ស​ពុំ​អាច​បំបាត់​ទុក្ខវេទនា​បាន នោះ​យើង​ត្រូវ​ស្គាល់​ដើម​ហេតុ​ពិត​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា។ ទោះ​ជា​មាន​ដើម​ហេតុ​ផ្សេង​ៗ​និង​កត្ដា​ជា​ច្រើន​ក្ដី តែ​យើង​រីករាយ​ដែល​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​មូលហេតុ​ទាំង​នោះ​បាន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិនិត្យ​មើល​មូលហេតុ​ដ៏​សំខាន់​ប្រាំ​យ៉ាង​ដែល​នាំ​ឲ្យ​មាន​ទុក្ខវេទនា​ច្រើន​ដូច្នេះ។ យើង​សូម​អញ្ជើញ​លោក​អ្នក​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​អ្វី​ដែល​គម្ពីរ​ចែង ហើយ​មើល​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​ឲ្យ​យល់​ច្បាស់​អំពី​ដើម​ហេតុ​ពិត​នៃ​រឿង​ដ៏​សំខាន់​នេះ។—ធីម៉ូថេទី២ ៣:១៦

ដោយ​សារ​ការ​គ្រប់​គ្រង​មិន​ល្អ

គម្ពីរ​ចែង​ថា​៖ ​«​កាល​ណា​មនុស្ស​អាក្រក់​គ្រប់​គ្រង​វិញ នោះ​បណ្ដា​ជន​ស្រែក​ថ្ងូរ​ឡើង​»។—សុភាសិត ២៩:២

ក្នុង​ប្រវត្ដិសាស្ត្រ​ពោរ​ពេញ​ទៅ​ដោយ​អ្នក​គ្រប់​គ្រង​ផ្ដាច់​ការ ដែល​បាន​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​បណ្ដា​រាស្ត្រ នោះ​នាំ​ឲ្យ​មាន​ទុក្ខវេទនា​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ពណ៌នា​បាន។ ក៏​ប៉ុន្តែ មិន​មែន​អ្នក​គ្រប់​គ្រង​ទាំង​អស់​សុទ្ធតែ​ធ្វើ​ដូច​នោះ​ទេ។ អ្នក​គ្រប់​គ្រង​ខ្លះ​មាន​បំណង​ចិត្ត​ល្អ​បំផុត​ចំពោះ​អ្នក​ឯ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ពេល​ពួក​គេ​កាន់​អំណាច​ច្រើន​តែ​ឃើញ​ថា​ការ​ខំ​ព្យាយាម​របស់​ខ្លួន​មិន​បាន​សម្រេច ដោយ​សារ​តែ​ជំ​លោះ​ផ្ទៃ​ក្នុង​និង​ការ​ដណ្ដើម​អំណាច​គ្នា។ ណា​មួយ​ទៀត ពួក​គេ​ប្រហែល​ប្រើ​អំណាច​ក្នុង​ផ្លូវ​ខុស​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ​ហើយ​នាំ​ឲ្យ​បណ្ដា​រាស្ត្រ​មាន​ទុក្ខវេទនា។ អតីត​រដ្ឋ​លេខាធិការ​សហរដ្ឋអាម៉េរិក​ម្នាក់​ឈ្មោះ​ហេនរី ឃីសស៊ីងជើ បាន​ប្រាប់​ថា​៖ ​«​តាម​ទំព័រ​ប្រវត្ដិសាស្ត្រ​យើង​ឃើញ​ថា​ការ​ខំ​ព្យាយាម​របស់​អ្នក​គ្រប់​គ្រង​តែង​បរាជ័យ ហើយ​គោល​បំណង​របស់​ពួក​គេ​មិន​បាន​សម្រេច​ឡើយ​»។

គម្ពីរ​បាន​បញ្ជាក់​ថា​៖ ​«​ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តំរង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ​»។ (​យេរេមី[​យេរេមា] ១០:២៣, ខ.ស.​) មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ខ្វះ​ប្រាជ្ញា​និង​មិន​អាច​ឃើញ​ទុក​ជា​មុន​ដើម្បី​ចាត់​ចែង​កិច្ច​ការ​ទាំង​អស់​របស់​ខ្លួន​ដោយ​ជោគជ័យ​បាន​ឡើយ។ បើ​មនុស្ស​មិន​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន ចុះ​ទម្រាំ​ដល់​ប្រទេស​ជាតិ​មួយ​វិញ​នោះ តើ​ពួក​គេ​អាច​ធ្វើ​បាន​តាម​របៀប​ណា? ឥឡូវ​អ្នក​អាច​យល់​មូលហេតុ​ដែល​អ្នក​គ្រប់​គ្រង​ជា​មនុស្ស​គ្មាន​សមត្ថភាព​បំបាត់​ចោល​ទុក្ខវេទនា​បាន មែន​ទេ? ពិត​ណាស់ ការ​គ្រប់​គ្រង​មិន​ល្អ​ភាគ​ច្រើន​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​មែន!

ដោយ​សារ​សាសនា​មិន​ពិត

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៥

អ្នក​ដឹក​នាំ​សាសនា​គ្រប់​និកាយ​បង្រៀន​និង​ផ្សព្វ​ផ្សាយ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​គ្នា​និង​មាន​សាមគ្គី​ភាព។ តែ​ការ​ពិត​ពួក​គេ​មិន​បាន​ជួយ​សមាជិក​ខ្លួន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ខ្លាំង​ល្មម​ដើម្បី​ឲ្យ​ពួក​គេ​លែង​មាន​ការ​រើសអើង​នោះ​ទេ។ ជា​ជាង​ជួយ​សមាជិក​ឲ្យ​បណ្ដុះ​សេចក្ដី​ស្រឡាញ់ សាសនា​ច្រើន​តែ​នាំ​ឲ្យ​បាក់បែក​គ្នា មាន​ការ​លម្អៀង ហើយ​មាន​ជម្លោះ​ជា​មួយ​គ្នា​និង​ជា​មួយ​សាសន៍​ផ្សេង​ទៀត។ សាសនវិទូ​ម្នាក់​ឈ្មោះ​ហាន គុង បាន​សរសេរ​ថា​៖ ​«​ទំនាស់​នយោបាយ​ដែល​បង្ហាញ​នូវ​គំនិត​ជ្រុល​និយម​បំផុត​និង​ដែល​សាហាវ​ព្រៃផ្សៃ គឺ​សុទ្ធតែ​ពាក់​ព័ន្ធ អុជ​អាល និង​គាំទ្រ​ដោយ​សាសនា​»​ (​Christianity and the World Religions​)។

បន្ថែម​ទៀត ពួក​បព្វជិត​ក្នុង​សាសនា​ជា​ច្រើន​បាន​បង្ហាញ​ការ​យល់​ព្រម​ជា​ចំហ​ចំពោះ​ការ​រួម​ភេទ​មុន​រៀប​ការ ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍ និង​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា។ នេះ​នាំ​ឲ្យ​មាន​ជំងឺ​រាលដាល ការ​ពន្លូត​កូន ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន ការ​បាក់​បែកក្រុម​គ្រួសារ​និង​ចំណង​អាពាហ៍ពិពាហ៍។ ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​រង​ទុក្ខវេទនា​ដែល​មិន​អាច​រៀប​រាប់​បាន។

ដោយ​សារភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន

​«​មនុស្ស​ទាំង​អស់​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង​»។—យ៉ាកុប ១:១៤, ១៥

ដោយ​សារ​យើង​ទាំង​អស់​គ្នា​បាន​ឆ្លង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ពី​មនុស្ស​ពីរ​នាក់​ដំបូង យើង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​ធ្វើ​ខុស ហើយ​ត្រូវ​យក​ឈ្នះ​ចិត្ត​ដែល​ចង់​តែ​«​ធ្វើ​អ្វី​ៗ​តាម​បំណង​ប្រាថ្នា​របស់​រូប​កាយ​»។ (​អេភេសូរ ២:៣​) ជា​ពិសេស បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​យើង​មាន​ឱកាស​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ នេះ​គឺ​ពិបាក​ឲ្យ​យើង​យក​ឈ្នះ​ណាស់។ បើ​យើង​បណ្ដោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ នៅ​ទី​បំផុត​អាច​នាំ​ឲ្យ​មាន​ការ​ខ្លោច​ផ្សា។

អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​ភី​រូស ឌ ម៉េតតា បាន​សរសេរ​ថា​៖ ​«​ទុក្ខវេទនា​មួយ​ចំនួន​ធំ​គឺ​បណ្ដាល​មក​ពី​តណ្ហា​ដែល​ងប់​ងុល​នឹង​ការ​សប្បាយ ការ​បណ្ដោយ​ទៅ​តាម​ចំណង់​របស់​ខ្លួន ចិត្ត​លោភ​លន់ និង​មហិច្ឆតា​របស់​មនុស្ស​»។ ជា​ឧទាហរណ៍ មនុស្ស​ញៀន​អ្វី​គ្រប់​យ៉ាង​ដូច​ជា គ្រឿង​ស្រវឹង គ្រឿង​ញៀន ល្បែង​ស៊ីសង និង​ការ​រួម​ភេទ​ជា​ដើម។ អ្វី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​«​មនុស្ស​ត្រឹម​ត្រូវ​»​ទៅ​ជា​ទាប​ថោក និង​នាំ​ឲ្យ​ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​អ្នក​ឯ​ទៀត​រង​ទុក្ខវេទនា។ ដោយ​គិត​ដល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​មនុស្សជាតិ យើង​យល់​ស្រប​នឹង​អ្វី​ដែល​គម្ពីរ​ចែង​ថា​៖ ​«​យើង​ដឹង​ថា អ្វី​ៗ​ទាំង​ឡាយ​ដែល​ព្រះ​បាន​បង្កើត​ក៏​ថ្ងូរ​និង​ឈឺ​ចាប់​ជា​មួយ​គ្នា​ឥត​ឈប់ រហូត​ដល់​ឥឡូវ​នេះ​»។—រ៉ូម ៨:២២

ដោយ​សារ​ឥទ្ធិពល​ពី​ពួក​វិញ្ញាណ​អាក្រក់

គម្ពីរ​លាត​ត្រដាង​ឲ្យ​យើង​ដឹង​ថា​សាថាន​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ ហើយ​ថា​វា​មាន​ការ​គាំទ្រ​ពី​ពួក​វិញ្ញាណ​កំណាច​ដែល​មាន​អំណាច​ខ្លាំង​ក្លា។—កូរិនថូសទី២ ៤:៤; ការ​បើក​បង្ហាញ ១២:៩

ដូច​សាថាន​ដែរ ពួក​វិញ្ញាណ​កំណាច​កំពុង​កាន់​កាប់​ទៅ​លើ​មនុស្ស​ហើយ​បំភាន់​ពួក​គេ។ សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​រឿង​នេះ ពេល​គាត់​និយាយ​ថា​៖ ​«​យើង​មាន​ការ​ប្រយុទ្ធ មិន​មែន​ប្រយុទ្ធ​នឹង​សាច់​ឈាម​ទេ តែ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ ពួក​អាជ្ញាធរ ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។—អេភេសូរ ៦:១២

ពួក​វិញ្ញាណ​កំណាច​ចូល​ចិត្ត​បៀតបៀន​មនុស្ស តែ​គោល​ដៅ​ចម្បង​របស់​ពួក​វា គឺ​ចង់​ទាញ​នាំ​មនុស្ស​ចេញ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ (​ទំនុកតម្កើង ៨៣:១៨​) ពួក​វា​ប្រើ​ការ​ប្រព្រឹត្ត​ដូច​ជា​ការ​មើល​ក្បួន​តារាសាស្ត្រ វេទមន្ត និង​ការ​ទស្សន៍​ទាយ។ នេះ​ជា​វិធី​ខ្លះ​ៗ​ដែល​ពួក​វិញ្ញាណ​កំណាច​ប្រើ​ដើម្បី​បញ្ឆោត​និង​កាន់​កាប់​ទៅ​លើ​មនុស្ស។ ហេតុ​នេះ​ហើយ ព្រះ​យេហូវ៉ា​បាន​ព្រមាន​យើង​អំពី​គ្រោះ​ថ្នាក់​ទាំង​នោះ ហើយ​ផ្ដល់​ការ​ការពារ​ដល់​អស់​អ្នក​ដែល​ចង់​តស៊ូ​នឹង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។—យ៉ាកុប ៤:៧

ដោយ​សារ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​

ប្រមាណ​ពីរ​ពាន់​ឆ្នាំ​មុន គម្ពីរ​បាន​ទាយ​ថា​៖ ​«​ចូរ​ដឹង​ថា គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ណាស់​»។

ខ​នេះ​បញ្ជាក់​បន្ត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​គ្រា​នេះ​ទៅ​ជា​ពិបាក ដោយ​ចែង​ថា​៖ ​«​ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម . . . គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ​»។ ពិត​ណាស់ មូលហេតុ​សំខាន់​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​សព្វ​បែប​យ៉ាង​ដូច​ដែល​យើង​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។—ធីម៉ូថេទី២ ៣:១​-​៤

ដោយ​ពិចារណា​មូលហេតុ​ទាំង​នេះ យើង​ឃើញ​ច្បាស់​ថា ទោះ​ជា​មនុស្សជាតិ​មាន​បំណង​ល្អ​ក៏​ដោយ តែ​ពួក​គេ​គ្មាន​សមត្ថភាព​បំបាត់​ទុក្ខវេទនា​បាន​ឡើយ មែន​ទេ? ដូច្នេះ តើ​យើង​អាច​រក​ជំនួយ​ពី​ណា​បាន? យើង​ត្រូវ​រក​ជំនួយ​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត ដែល​បាន​សន្យា​ថា​លោក​នឹង​«​បំផ្លាញ​ស្នា​ដៃ​របស់​មេកំណាច​»​និង​ពួក​អ្នក​កាន់​តាម​វា។ (​យ៉ូហានទី១ ៣:៨​) អត្ថបទ​បន្ទាប់​នឹង​រៀប​រាប់​អំពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​ដើម្បី​បំផ្លាញ​ចោល​ដើម​ហេតុ​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​មាន​ទុក្ខវេទនា។

[រូបភាព​នៅ​ទំព័រ​៤]