លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការឈឺចាប់ដែលមកពីសេចក្ដីស្លាប់

ការឈឺចាប់ដែលមកពីសេចក្ដីស្លាប់

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​ឬ?

ការ​ឈឺ​ចាប់​ដែល​មក​ពី​សេចក្ដី​ស្លាប់

សេចក្ដី​ស្លាប់​ជា​រឿង​មួយ​ដែល​មិន​ស្រួល​និយាយ​ទេ។ មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​និយាយ​អំពី​រឿង​នោះ​ឡើយ។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ យើង​ទាំង​អស់​គ្នា​នឹង​ប្រឈម​មុខ​រឿង​នោះ ហើយ​ពេល​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង​ណាស់។

ការ​ពិត​មាន​អ្វី​កើត​ឡើង​ជា​ច្រើន​ដែល​យើង​អាច​ត្រៀម​ចិត្ត​ជា​មុន​បាន តែ​ការ​ស្លាប់​ឪពុក​ម្ដាយ គូ​អាពាហ៍ពិពាហ៍​ឬ​កូន នោះ​យើង​មិន​អាច​ត្រៀម​ចិត្ត​បាន​ទេ។ រឿង​ខ្លោច​ផ្សា​នេះ​អាច​កើត​ឡើង​ភ្លាម​ៗ​ដោយ​មិន​ដឹង​ទុក​ជា​មុន ឬ​រឿង​ខ្លោច​ផ្សា​នោះ​អាច​អាក្រក់​ទៅ​ៗ​អស់​រយៈ​ពេល​ជា​យូរ។ ដូច្នេះ មិន​ថា​ក្នុង​ករណី​ណា​ក៏​ដោយ ការ​ឈឺ​ចាប់​ដែល​មក​ពី​សេចក្ដី​ស្លាប់​គឺ​មិន​អាច​គេច​រួច​បាន​ទេ ហើយ​នៅ​ទី​បំផុត​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ខ្ទេច​ខ្ទាំ។

បុរស​ម្នាក់​ឈ្មោះ​អានតូនយូ មាន​ឪពុក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ គាត់​ពន្យល់​ថា​៖ ​«​នេះ​ប្រៀប​ដូច​ជា​អ្នក​ណា​ម្នាក់​បិទ​ទ្វារ​ចាក់​សោ​ផ្ទះ​របស់​អ្នក ហើយ​យក​សោ​ទៅ​បាត់។ អ្នក​មិន​អាច​ចូល​ផ្ទះ​បាន​ទេ សូម្បី​តែ​មួយ​ភ្លែត​ក៏​ដោយ។ ចំពោះ​អ្នក​គឺ​មាន​តែ​ការ​នឹក​ចាំ​ល្អ​ៗ​អំពី​ការ​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ប៉ុណ្ណោះ។ ប៉ុន្តែ នេះ​ជា​ជីវិត​ពិត​ប្រាកដ​របស់​អ្នក​ឥឡូវ​នេះ។ ដោយ​សារ​រឿង​នោះ​ហាក់​ដូច​ជា​មិន​យុត្ដិធម៌​សោះ អ្នក​មិន​ចង់​ទទួល​ស្គាល់​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​»។

ស្ត្រី​ម្នាក់​ឈ្មោះ​ដ័ររ៉ឺធី ក៏​បាន​ជួប​នឹង​រឿង​ស្រដៀង​នេះ​ដែរ។ គាត់​បាន​ក្លាយ​ជា​ស្ត្រី​មេ​ម៉ាយ​នៅ​អាយុ​៤៧​ឆ្នាំ។ គាត់​បាន​តាំង​ចិត្ត​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ទាក់​ទង​នឹង​សេចក្ដី​ស្លាប់។ ដោយ​សារ​គាត់​ជា​គ្រូ​បង្រៀន​នៅ​វិហារ គាត់​មិន​ដែល​គិត​ថា​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​នោះ​ទេ។ ប៉ុន្តែ​គាត់​មិន​ដឹង​ចម្លើយ​ច្បាស់​ទេ។ គាត់​បាន​សួរ​គ្រូ​គង្វាល​របស់​គាត់​ថា​៖ ​«​តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់?​»។ គ្រូ​គង្វាល​បាន​ឆ្លើយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ទេ។ យើង​គ្រាន់តែ​ចាំ​មើល​ប៉ុណ្ណោះ​»។

តើ​យើង​ត្រូវ​តែ​ទ្រាំ​«​ចាំ​មើល​»​ប៉ុណ្ណោះ​ឬ? តើ​មាន​វិធី​មួយ​ណា​ដែល​យើង​អាច​ដឹង​ប្រាកដ​ថា សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​មែន​ឬ​មិន​មែន?