តើការជឿឬមិនជឿ ពិតជាសំខាន់ទេ?
តើលោកអ្នកគិតថាមនុស្សមានជីវិតដើម្បីអ្វី? អ្នកដែលជឿការវិវត្តន៍ម្នាក់បាននិយាយថា៖ «អ្វីដែលយើងបានរៀនអំពីដំណើរវិវត្តន៍មានអត្ថន័យសំខាន់សម្រាប់យើង ហើយមានឥទ្ធិពលទៅលើទស្សនៈរបស់យើងចំពោះជីវិត»។ បើដូច្នេះ តើគាត់មានទស្សនៈយ៉ាងណាចំពោះជីវិត? គាត់និយាយថា៖ «ខ្ញុំមិនឃើញថាសកលលោកឬជីវិតមនុស្សមានន័យខ្លឹមសារអ្វីទេ»។32
សូមគិតអំពីអត្ថន័យនៃពាក្យនោះ។ ប្រសិនបើជីវិតគ្មានន័យខ្លឹមសារអ្វីសោះ នេះបានន័យថាលោកអ្នកកើតមក គ្មានមូលហេតុសំខាន់អ្វីក្រៅពីខំធ្វើអំពើល្អបន្ដិចបន្តួច ហើយបន្តពូជដើម្បីផ្ទេរលក្ខណៈនៃហ្សែនដល់តំណពូជក្រោយទៀត ព្រមទាំងមានន័យថា ពេលដែលលោកអ្នកស្លាប់ទៅ នោះនឹងសូន្យបាត់ជារៀងរហូត ហើយខួរក្បាលរបស់លោកអ្នកដែលមានទាំងសមត្ថភាពរំពឹងគិតនិងសមត្ថភាពវែកញែកអំពីន័យខ្លឹមសារនៃជីវិត គ្រាន់តែជាបាតុភូតចៃដន្យមួយនៃធម្មជាតិប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះទេ មនុស្សជាច្រើនដែលជឿការវិវត្តន៍អះអាងថា គ្មានព្រះឬថាព្រះនឹងមិនធ្វើអន្តរាគមន៍ជួយមនុស្សជាតិទេ។ ក្នុងករណីទាំងពីរនេះ មានន័យថាអនាគតរបស់យើងអាស្រ័យទៅលើអ្នកដឹកនាំនយោបាយ អ្នកដឹកនាំសាសនា និងអ្នកដែលមានចំណេះដឹងខ្ពស់។ បើពិចារណាអំពីអ្វីដែលអ្នកទាំងនោះបានសម្រេចនៅអតីតកាល នោះយើងដឹងថាភាពអនាធិបតេយ្យ ទំនាស់ ព្រមទាំងអំពើពុករលួយ ដែលធ្វើឲ្យល្អក់កករដល់សង្គមមនុស្ស នោះនឹងនៅតែបន្តមាន។ បើការវិវត្តន៍ជាហេតុការណ៍ពិត ប្រហែលជាមានហេតុត្រឹមត្រូវឲ្យយើងរស់នៅស្របតាមពាក្យស្លោកដែលបញ្ជាក់ពីគំនិតអស់សង្ឃឹមថា៖ «ចូរឲ្យយើងស៊ីផឹកទៅ ព្រោះស្អែកយើងត្រូវស្លាប់»។—កូរិនថូសទី១ ១៥:៣២
ផ្ទុយទៅវិញ គម្ពីរបង្រៀនថា៖ ‹ព្រះជាប្រភពនៃជីវិត›។ (ទំនុកតម្កើង ៣៦:១០, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ពាក្យនោះមានន័យជ្រាលជ្រៅ។
ប្រសិនបើអ្វីដែលគម្ពីរចែងគឺជាការពិត នោះជីវិតពិតជាមានន័យខ្លឹមសារមែន។ ព្រះដែលជាអ្នកបង្កើតមានគោលបំណងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ហើយអស់អ្នកដែលសម្រេចចិត្តរស់នៅស្របតាមបំណងប្រាថ្នារបស់លោកអាចទទួលប្រយោជន៍ពីគោលបំណងនោះ។ (សាស្ដា ១២:១៣) គោលបំណងនោះរួមបញ្ចូលសេចក្ដីសន្យាថាលោកនឹងឲ្យរស់នៅក្នុងពិភពលោកដែលគ្មានភាពអនាធិបតេយ្យ ទំនាស់ និងអំពើពុករលួយ សូម្បីតែសេចក្ដីស្លាប់ក៏នឹងលែងមានដែរ។—ទំនុកតម្កើង ៣៧:១០, ១១; អេសាយ ២៥:៦-៨
ដោយមានមូលហេតុត្រឹមត្រូវទាំងនោះ មនុស្សរាប់លាននាក់ទូទាំងពិភពលោកជឿថា ការរៀនអំពីព្រះនិងការស្ដាប់បង្គាប់លោក ធ្វើឲ្យជីវិតមានន័យខ្លឹមសារច្រើនបំផុត! (យ៉ូហាន ១៧:៣) ជំនឿនេះមិនមែនមានមូលដ្ឋានលើការស្រមើស្រមៃនោះទេ។ មានភ័ស្តុតាងច្បាស់លាស់ថា ជីវិតទាំងឡាយបានត្រូវបង្កើតមក។