ពួកគេបានរកឃើញអ្វីដែលល្អជាង
គ្រិស្តសាសនិករាប់លាននាក់សម្រេចចិត្តមិនធ្វើបុណ្យណូអែល។ តើពួកគេមានអារម្មណ៍យ៉ាងណាចំពោះការសម្រេចចិត្តនេះ? តើពួកគេមានអារម្មណ៍ថាពួកគេបាត់បង់ឱកាសសប្បាយឬទេ? តើកូនៗរបស់ពួកគេមានអារម្មណ៍តូចចិត្តដែរឬទេ? សូមពិចារណាអ្វីដែលសាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោកបាននិយាយអំពីរឿងនេះ។
ការចងចាំអំពីលោកយេស៊ូគ្រិស្ត: «មុនខ្ញុំក្លាយទៅជាសាក្សីព្រះយេហូវ៉ា ខ្ញុំកម្រទៅវិហារណាស់ តែបើខ្ញុំទៅ ខ្ញុំទៅនៅថ្ងៃបុណ្យណូអែលឬបុណ្យអ៊ីស្ទើរ៍តែប៉ុណ្ណោះ។ ទោះជាខ្ញុំទៅក្ដី ខ្ញុំមិនដែលគិតអំពីលោកយេស៊ូគ្រិស្តទាល់តែសោះ។ ខ្ញុំលែងចូលរួមបុណ្យណូអែលទៀតហើយ តែខ្ញុំចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកពីរដងក្នុងមួយសប្ដាហ៍ ហើយខ្ញុំក៏បង្រៀនអ្នកឯទៀតអំពីអ្វីដែលគម្ពីរចែងស្ដីអំពីលោកយេស៊ូផងដែរ!»។—អេវ៉ា ពីប្រទេសអូស្ត្រាលី
អំណរដែលមកពីការឲ្យ: «ខ្ញុំរំភើបពេលដែលអ្នកឯទៀតឲ្យអំណោយដល់ខ្ញុំនៅពេលខ្ញុំមិនបានរំពឹងទុក។ ខ្ញុំចូលចិត្តអារម្មណ៍ភ្ញាក់ផ្អើលណាស់! ខ្ញុំចូលចិត្តសរសេរសំបុត្រ ហើយគូររូបភាពសម្រាប់អ្នកឯទៀតដោយសារនេះធ្វើឲ្យពួកគេសប្បាយជាង ហើយនេះក៏ធ្វើឲ្យខ្ញុំសប្បាយដែរ»។—រូបេន ពីប្រទេសអៀរឡង់ខាងជើង
ការជួយអ្នកដែលត្រូវការជំនួយ: «យើងចូលចិត្តធ្វើម្ហូបសម្រាប់អ្នកដែលឈឺ។ ពេលខ្លះយើងឲ្យផ្កា នំឬអំណោយបន្តិចបន្តួចដើម្បីធ្វើឲ្យពួកគេសប្បាយចិត្ត។ យើងចូលចិត្តធ្វើដូច្នេះដោយសារយើងអាចសួរសុខទុក្ខពួកគេនៅពេលណាក៏បាន»។—អេមេលី ពីប្រទេសអូស្ត្រាលី
ការជួបជុំគ្នាជាក្រុមគ្រួសារ: «ពេលក្រុមគ្រួសារយើងជួបជុំគ្នា កូនៗអាចស្គាល់ពូ មីង យាយ តានិងបងប្អូនជីដូនមួយរបស់ពួកគេក្នុងបរិយាកាសដ៏ល្អ។ ដោយសារយើងមិនធ្វើដូច្នេះនៅថ្ងៃបុណ្យណាមួយ យើងមិនមានអារម្មណ៍តានតឹងចិត្ត ហើយក្រុមគ្រួសារយើងដឹងថាយើងទៅលេងពីព្រោះយើងស្រឡាញ់ពួកគេ។—វ៉េនឌី ពីកោះកៃម៉ង់
សន្តិភាព: «នៅរដូវបុណ្យណូអែល ដោយសារមានអ្វីជាច្រើនដែលយើងត្រូវធ្វើ មនុស្សមិនសូវគិតអំពីសន្តិភាពនោះទេ។ ខ្ញុំបានរៀនសេចក្ដីសន្យានៅក្នុងគម្ពីរសម្រាប់មនុស្សជាតិ ដូច្នេះខ្ញុំមានសេចក្ដីសុខសាន្ត។ ខ្ញុំយល់ថាកូនៗរបស់ខ្ញុំនឹងមានអនាគតដ៏ល្អ»។—សាន់ដ្រា ពីប្រទេសអេស្ប៉ាញ