គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
បរាជ័យច្រើនដង មុនទទួលបានជោគជ័យ
ឆ្នាំកំណើត: ១៩៥៣
ប្រទេសកំណើត: អូស្ត្រាលី
ប្រវត្តិ: ញៀនមើលរូបអាសអាភាស
អតីតកាលរបស់ខ្ញុំ:
នៅឆ្នាំ១៩៤៩ ឪពុករបស់ខ្ញុំបានរើពីប្រទេសអាល្លឺម៉ង់ទៅរស់នៅប្រទេសអូស្ត្រាលី។ គាត់បានរកការងារនៅកន្លែងជីករ៉ែ និងកន្លែងផលិតថាមពលអគ្គីសនី។ ដូច្នេះ គាត់រស់នៅជនបទក្នុងរដ្ឋវិចតូរីយ៉ា។ នៅទីនោះគាត់បានជួបជាមួយម្ដាយខ្ញុំ ហើយបានរៀបការជាមួយគ្នា។ ក្រោយមក ខ្ញុំបានកើតនៅឆ្នាំ១៩៥៣។
ប៉ុន្មានឆ្នាំក្រោយមក ម្ដាយខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ដូច្នេះ សេចក្ដីបង្រៀនក្នុងគម្ពីរបានដក់ជាប់ក្នុងចិត្តខ្ញុំតាំងពីតូច។ ប៉ុន្តែ ឪពុកខ្ញុំស្អប់សាសនាណាស់ ហើយគាត់ចាប់ផ្ដើមទៅជាមនុស្សកាចសាហាវ ហើយម្ដាយខ្ញុំខ្លាចគាត់ណាស់។ តែម្ដាយខ្ញុំបន្តសិក្សាគម្ពីរដោយលួចលាក់ គាត់ស្រឡាញ់សេចក្ដីបង្រៀនក្នុងគម្ពីរណាស់។ ពេលដែលឪពុកខ្ញុំមិននៅផ្ទះ ម្ដាយខ្ញុំបានបង្រៀនគម្ពីរដល់ខ្ញុំនិងប្អូនស្រីខ្ញុំ។ គាត់បានប្រាប់យើងថានៅថ្ងៃអនាគតផែនដីនឹងក្លាយទៅជាសួនឧទ្យាន ហើយគាត់ប្រាប់អំពីរបៀបដែលយើងអាចមានសុភមង្គលបាន បើយើងកាន់ខ្ជាប់ខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៣៧:១០, ២៩; អេសាយ ៤៨:១៧
ពេលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំបានសម្រេចចិត្តចាកចេញពីផ្ទះ ដោយសារតែឪពុកខ្ញុំប្រព្រឹត្តអំពើឃោរឃៅ។ ទោះជាខ្ញុំជឿអ្វីដែលម្ដាយខ្ញុំបង្រៀនខ្ញុំពីគម្ពីរក៏ដោយ ខ្ញុំមិនបានឲ្យតម្លៃចំពោះអ្វីទាំងនោះទេ។ ដូច្នេះ ខ្ញុំមិនបានរស់នៅស្របតាមគោលការណ៍គម្ពីរឡើយ។ ខ្ញុំចាប់ផ្ដើមធ្វើការជាជាងអគ្គិសនីនៅកន្លែងជីករ៉ែ។ ពេលខ្ញុំមានអាយុ២០ឆ្នាំ ខ្ញុំបានរៀបការ។ បីឆ្នាំក្រោយមក យើងក៏មានកូនស្រីមួយ ហើយខ្ញុំចាប់ផ្ដើមពិចារណាថា អ្វីសំខាន់បំផុតក្នុងជីវិតខ្ញុំ។ ខ្ញុំដឹងថាគម្ពីរអាចជួយគ្រួសាររបស់ខ្ញុំ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមសិក្សាគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ប៉ុន្តែ ប្រពន្ធខ្ញុំស្អប់សាក្សីព្រះយេហូវ៉ា។ ពេលខ្ញុំចាប់ផ្ដើមចូលរួមកិច្ចប្រជុំ ប្រពន្ធខ្ញុំ ឲ្យខ្ញុំជ្រើសរើសរវាងគ្រួសារនិងការសិក្សាគម្ពីរ។ ដោយសារខ្ញុំមិនដឹងធ្វើយ៉ាងណា ខ្ញុំក៏សម្រេចចិត្តជ្រើសរើសយកគ្រួសារ ហើយឈប់ទាក់ទងជាមួយនឹងសាក្សីព្រះយេហូវ៉ាទៀត។ ប៉ុន្តែ ក្រោយមកខ្ញុំបានស្ដាយក្រោយ ព្រោះខ្ញុំមិនបានធ្វើអ្វីដែលខ្ញុំដឹងថាត្រឹមត្រូវ។
ថ្ងៃមួយ អ្នករួមការងារខ្ញុំបានបង្ហាញរូបអាសអាភាសឲ្យខ្ញុំមើល។ ដំបូងរូបទាំងនោះគួរឲ្យចង់មើល តែដំណាលគ្នានោះក៏គួរឲ្យស្អប់ខ្ពើមដែរ។ ក្រោយមើលរួច ខ្ញុំមានអារម្មណ៍បន្ទោសខ្លួន។ ខ្ញុំនៅចាំសេចក្ដីបង្រៀនពីគម្ពីរ ដូច្នេះ ខ្ញុំជឿជាក់ថាព្រះនឹងដាក់ទោសខ្ញុំជាមិនខាន។ ប៉ុន្តែ កាលដែលខ្ញុំមើលរូបអាសអាភាសយូរៗទៅ ចិត្តខ្ញុំទៅជាស្ពឹក។ ក្រោយមក ខ្ញុំបានទៅជាអ្នកញៀនមើលរូបអាសអាភាស។
ក្នុងអំឡុងពេល២០ឆ្នាំកន្លងមក ខ្ញុំបានរសាត់ចេញកាន់តែឆ្ងាយពីខ្នាតតម្រា ដែលម្ដាយខ្ញុំបានបង្រៀនខ្ញុំកាលនៅក្មេង។ អ្វីដែលខ្ញុំមើលដិតជាប់ក្នុងគំនិតខ្ញុំ ហើយមានឥទ្ធិពលទៅលើពាក្យសម្ដីនិងការប្រព្រឹត្តរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមប្រើពាក្យអសុរោះ ហើយចូលចិត្តនិយាយកំប្លែងចម្អេះចំអាស។ ខ្ញុំមានទស្សនៈស្មោកគ្រោកចំពោះការរួមភេទ។ ទោះជាខ្ញុំកំពុងរួមរស់ជាមួយប្រពន្ធខ្ញុំក៏ដោយ តែខ្ញុំមានស្រីឯទៀតដែរ។ ថ្ងៃមួយ ខ្ញុំបានឆ្លុះកញ្ចក់ហើយបានគិតក្នុងចិត្តថា‹ខ្ញុំស្អប់ឯងណាស់›។ ខ្ញុំលែងឲ្យតម្លៃចំពោះខ្លួនឯងទៀតហើយ។
ទីបំផុត ចំណងអាពាហ៍ពិពាហ៍ខ្ញុំបានប្រេះឆា ហើយជីវិតខ្ញុំក៏ពោរពេញទៅដោយបញ្ហាដែរ។ ពេលនោះ ខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។ ទោះជា២០ឆ្នាំបានកន្លងផុតហើយក៏ដោយ ខ្ញុំបានចាប់ផ្ដើមសិក្សាគម្ពីរម្ដងទៀត។ មកដល់ពេលនោះឪពុកខ្ញុំបានស្លាប់ ហើយម្ដាយខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ជីវិតខ្ញុំឃ្លាតឆ្ងាយពីខ្នាតតម្រាដ៏ខ្ពង់ខ្ពស់ក្នុងគម្ពីរ។ ប៉ុន្តែ ខ្ញុំតាំងចិត្តព្យាយាមឲ្យបានសេចក្ដីសុខសាន្តក្នុងចិត្តដូចដែលគម្ពីរសន្យា។ ខ្ញុំលែងប្រើពាក្យអសុរោះ ហើយទៅជាមនុស្សមានចិត្តធ្ងន់វិញ។ បន្ថែមទៅទៀត ខ្ញុំសម្រេចចិត្តឈប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឈប់លេងល្បែងស៊ីសង ឈប់ផឹកស្រាហួសប្រមាណ និងឈប់លួចពីចៅហ្វាយរបស់ខ្ញុំ។
អ្នករួមការងារខ្ញុំមិនយល់អំពីមូលហេតុដែលខ្ញុំចង់កែប្រែរបៀបរស់នៅរបស់ខ្ញុំទេ។ អស់រយៈពេលបីឆ្នាំ ពួកគេតែងតែព្យាយាមអូសទាញខ្ញុំឲ្យប្រព្រឹត្តដូចមុនវិញ។ ម្ដងម្កាល ខ្ញុំភ្លាត់ធ្វើឬនិយាយអ្វីមួយដែលដូចពីមុន ដូចជាបញ្ចេញកំហឹងឬប្រើពាក្យអសុរោះជាដើម។ ពេលនោះពួកគេត្រេកអរហើយស្រែកថា៖«មើលនែ! អាចូ មកវិញហើយ»។ ពាក្យទាំងនោះធ្វើឲ្យខ្ញុំឈឺចិត្តណាស់! ជាញឹកញយ ខ្ញុំមានអារម្មណ៍ថាខ្លួនបរាជ័យ។
នៅកន្លែងធ្វើការខ្ញុំ មានរូបអាសអាភាសគ្រប់កន្លែង។ ជាញឹកញយ អ្នករួមការងារខ្ញុំបានបង្ហោះរូបអាសអាភាសតាមកុំព្យូទ័រ ដូចខ្ញុំធ្លាប់ធ្វើពីមុនដែរ។ តែមើលទៅពួកគេព្យាយាមល្បួងខ្ញុំឲ្យបន្តមើលរូបអាសអាភាសម្ដងទៀត។ ដូច្នេះ ខ្ញុំសុំជំនួយនិងការលើកទឹកចិត្តពីអ្នកបង្រៀនគម្ពីរខ្ញុំ។ គាត់ស្ដាប់ខ្ញុំដោយចិត្តអត់ធ្មត់ពេលខ្ញុំនិយាយយ៉ាងអស់ពីចិត្ត។ គាត់បង្ហាញខ្ញុំនូវបទគម្ពីរចំៗ និងរបៀបដែលអាចផ្ដាច់ទម្លាប់អាក្រក់នោះ។ គាត់លើកទឹកចិត្តខ្ញុំឲ្យសុំជំនួយពីព្រះយេហូវ៉ាម្ដងហើយម្ដងទៀតតាមរយៈការអធិដ្ឋាន។—ចម្រៀងសរសើរព្រះ ១១៩:៣៧
ថ្ងៃមួយ ខ្ញុំបានហៅអ្នករួមការងារខ្ញុំឲ្យមកជុំគ្នា។ ពេលពួកគេមកដល់ ខ្ញុំប្រាប់ពួកគេឲ្យស្រាបៀរ ដល់អ្នករួមការងារពីរនាក់ដែលគេស្គាល់ថាជាអ្នកញៀនស្រា។ ពួកគេស្រែកថា៖«កុំឲ្យស្រាពួកគេ! ពួកគេកំពុងព្យាយាមផ្ដាច់ស្រា!»។ ខ្ញុំតបថា៖«ខ្ញុំដឹងហើយ ខ្ញុំក៏កំពុងព្យាយាមផ្ដាច់ទម្លាប់មើលរូបអាសអាភាសដែរ»។ ចាប់ពីថ្ងៃនោះមក ពួកគេដឹងថាខ្ញុំព្យាយាមខ្លាំងប៉ុនណាដើម្បីផ្ដាច់ទម្លាប់មើលរូបអាសអាភាស ហើយពួកគេលែងល្បួងខ្ញុំឲ្យមើលរូបអាសអាភាសទៀត។
ក្រោយមក ដោយសារខ្ញុំបានទទួលជំនួយជាច្រើនពីព្រះយេហូវ៉ា ខ្ញុំបានផ្ដាច់ទម្លាប់មើលរូបអាសអាភាស។ នៅឆ្នាំ១៩៩៩ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំមានចិត្តដឹងគុណចំពោះព្រះ ដោយសារខ្ញុំមានឱកាសម្ដងទៀតដើម្បីខ្ញុំមានជីវិតរស់នៅដ៏ស្អាតស្អំនិងប្រកបដោយសុភមង្គល។
ឥឡូវ ខ្ញុំយល់អំពីមូលដែលព្រះយេហូវ៉ាស្អប់អ្វីដែលខ្ញុំចូលចិត្តអស់រយៈពេលជាយូរមកហើយ។ ក្នុងនាមបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកចង់ការពារខ្ញុំពីបញ្ហាដែលបណ្ដាលមកពីការមើលរូបអាសអាភាស។ ពាក្យពេចន៍នៅសុភាសិត ៣:៥, ៦គឺជាការពិត! ខទាំងនោះចែងថា៖«ចូរទុកចិត្តព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ ទោះជាកូនធ្វើអ្វីក៏ដោយ ចូរគិតដល់លោក នោះលោកនឹងធ្វើឲ្យផ្លូវជីវិតរបស់កូនបានរលូន»។ ខ្ញុំឃើញថាខ្នាតតម្រាក្នុងគម្ពីរមិនគ្រាន់តែការពារខ្ញុំប៉ុណ្ណោះទេ តែជួយយើងឲ្យជោគជ័យក្នុងជីវិត។—ចម្រៀងសរសើរព្រះ ១:១-៣
ផលប្រយោជន៍ដែលខ្ញុំទទួល:
ពីមុនខ្ញុំស្អប់ខ្លួនឯង តែឥឡូវខ្ញុំឲ្យតម្លៃចំពោះខ្លួន ហើយមានសេចក្ដីសុខសាន្តក្នុងចិត្ត។ ខ្ញុំមានជីវិតស្អាតស្អំ ហើយទទួលការអភ័យទោសពីព្រះយេហូវ៉ានិងការពេញចិត្តពីលោក។ នៅឆ្នាំ២០០០ ខ្ញុំបានរៀបការជាមួយបងស្រីគ្រិស្តសាសនិកដ៏ស្រស់ស្អាតម្នាក់ឈ្មោះការ៉ូលីន។ គាត់ស្រឡាញ់ព្រះយេហូវ៉ាដូចខ្ញុំដែរ។ បរិយាកាសក្នុងផ្ទះយើងពោរពេញទៅដោយសេចក្ដីសុខសាន្ត។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានឯកសិទ្ធិណាស់ ដែលអាចរួមចំណែកក្នុងក្រុមគ្រួសារទូទាំងពិភពលោក ដែលជាមនុស្សស្អាតស្អំនិងស្រឡាញ់គ្នាទៅវិញទៅមក។