លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៦

តើយ៉ូបជាអ្នកណា?

តើយ៉ូបជាអ្នកណា?

នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា គាត់​ឈ្មោះ​យ៉ូប។ គាត់​ជា​អ្នក​មាន​ស្តុក​ស្តម្ភ ហើយ​មាន​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ។ គាត់​មាន​ចិត្ត​សប្បុរស តែង​តែ​ជួយ​មនុស្ស​ក្រី​ក្រ ជួយ​ស្ត្រី​ដែល​ប្ដី​ស្លាប់ និង​ក្មេង​កំព្រា។ ប៉ុន្តែ ដោយ​សារ​គាត់​មាន​ជីវិត​ចម្រុង​ចម្រើន តើ​គាត់​នឹង​ជួប​តែ​រឿង​ល្អ​ប៉ុណ្ណោះ​ឬ?

យ៉ូប​មិន​បាន​ដឹង​ថា មេ​កំណាច​សាថាន​កំពុង​មើល​គាត់​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​សាថាន​ថា​៖ ‹តើ​អ្នក​បាន​សង្កេត​មើល​យ៉ូប​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ឬ​ទេ? នៅ​ផែនដី​គ្មាន​មនុស្ស​ណា​ម្នាក់​ដូច​គាត់​ឡើយ។ គាត់​ស្ដាប់​បង្គាប់​ខ្ញុំ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ›។ សាថាន​តប​វិញ​ថា​៖ ‹គាត់​ស្ដាប់​បង្គាប់​លោក ដោយ​សារ​លោក​ការ​ពារ​និង​ឲ្យ​ពរ​ដល់​គាត់។ លោក​ឲ្យ​ដី​និង​ហ្វូង​សត្វ​ផ្សេង​ៗ​ដល់​គាត់។ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​គាត់​បាត់​បង់​អ្វី​ៗ​ទាំង​អស់ នោះ​គាត់​នឹង​ឈប់​គោរព​ប្រណិប័តន៍​លោក​ទៀត›។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​អាច​ល្បង​ល​គាត់​បាន។ ប៉ុន្តែ កុំ​សម្លាប់​គាត់​ឲ្យ​សោះ›។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​ល្បង​ល​យ៉ូប? ពីព្រោះ​លោក​ទុក​ចិត្ត​ថា យ៉ូប​អាច​យក​ឈ្នះ​ការ​ល្បង​ល​នេះ។

សាថាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មាន​អន្តរាយ​ជា​ច្រើន ដើម្បី​ល្បង​ល​យ៉ូប។ ដំបូង សាថាន​ធ្វើ​ឲ្យ​ពួក​សេបៀន​មក​ប្លន់​យក​ហ្វូង​គោ និង​ហ្វូង​លា​របស់​យ៉ូប។ រួច​មក ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆាប​ឆេះ​ចៀម​ទាំង​អស់​របស់​គាត់។ បន្ទាប់​មក ធ្វើ​ឲ្យ​ពួក​ខាល់ដេ​ចូល​មក​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​ពួក​អ្នក​បម្រើ​ដែល​មើល​ថែ​សត្វ​ទាំង​នោះ។ បន្ទាប់​មក​ទៀត មហន្តរាយ​ដែល​គួរ​ឲ្យ​តក់​ស្លុត​បំផុត​ក៏​កើត​ឡើង។ កូន​ៗ​ទាំង​អស់​របស់​យ៉ូប​ដែល​កំពុង​ជប់​លៀង ត្រូវ​ផ្ទះ​បាក់​សង្កត់​ស្លាប់​គ្មាន​សល់។ យ៉ូប​សោកសៅ​និង​ខ្លោច​ផ្សា​ណាស់ តែ​គាត់​មិន​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។

សាថាន​ចង់​ឲ្យ​យ៉ូប​រង​ទុក្ខ​វេទនា​ថែម​ទៀត ដូច្នេះ​សាថាន​បាន​ធ្វើ​ឲ្យ​យ៉ូប​កើត​ដំបៅ​រលួយ​ពេញ​ខ្លួន។ យ៉ូប​មាន​ការ​ឈឺ​ចាប់​យ៉ា​ង​ខ្លាំង។ គាត់​មិន​ដឹង​ថា​ហេតុ​អ្វី​រឿង​ទាំង​អស់​នេះ​បាន​កើត​ឡើង​ចំពោះ​គាត់​ទេ។ ទោះ​ជា​យ៉ា​ង​នោះ​ក្ដី គាត់​នៅ​តែ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ព្រះ​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់​នេះ ហើយ​លោក​ពេញ​ចិត្ត​ចំពោះ​យ៉ូប​ខ្លាំង​ណាស់។

រួច​មក សាថាន​បាន​បញ្ជូន​បុរស​បី​នាក់​ឲ្យ​ទៅ​ល្បង​ល​យ៉ូប។ ពួក​គេ​និយាយ​ទៅ​គាត់​ថា​៖ ‹អ្នក​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​ព្យាយាម​លាក់​បាំង​រឿង​នោះ។ ព្រះ​កំពុង​ដាក់​ទោស​អ្នក›។ យ៉ូប​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​ទាល់​តែ​សោះ›។ ប៉ុន្តែ គាត់​ចាប់​ផ្ដើម​គិត​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​បង្ក​ឲ្យ​មាន​រឿង​ទាំង​អស់​នេះ ហើយ​ថា​ព្រះ​មិន​យុត្តិធម៌​ចំពោះ​គាត់​ទេ។

យុវជន​ម្នាក់​ឈ្មោះ​អេលីហ៊ូ កំពុង​ស្ដាប់​ការ​សន្ទនា​នេះ​ដោយ​ស្ងៀម​ស្ងាត់។ រួច​មក គាត់​ពោល​ឡើង​ថា​៖ ‹អ្វី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ត្រឹម​ត្រូវ​ទេ។ ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​ហួស​ពី​អ្វី​ដែល​យើង​អាច​យល់​បាន។ លោក​មិន​ដែល​ធ្វើ​អាក្រក់​ឡើយ។ លោក​ឃើញ​អ្វី​ៗ​ទាំង​អស់ ហើយ​តែង​ជួយ​មនុស្ស​ដែល​មាន​បញ្ហា›។

បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូប។ លោក​សួរ​គាត់​ថា​៖ ‹តើ​អ្នក​នៅ​ឯ​ណា​ពេល​ដែល​ខ្ញុំ​បង្កើត​មេឃ​និង​ផែនដី? ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​ខ្ញុំ​មិន​យុត្តិធម៌? អ្នក​និយាយ​ដោយ​មិន​ដឹង​មូលហេតុ​អំពី​រឿង​ទាំង​អស់​នេះ​ទេ›។ យ៉ូប​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ឮ​អំពី​លោក តែ​ពេល​នេះ​ខ្ញុំ​ស្គាល់​លោក​ច្បាស់​ហើយ។ គ្មាន​អ្វី​ដែល​លោក​មិន​អាច​ធ្វើ​បាន​ឡើយ។ ខ្ញុំ​សុំ​ទោស​ដែល​និយាយ​ដូច្នេះ›។

ក្រោយ​ពី​ចប់​ការ​ល្បង​ល ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​សុខភាព​ល្អ​ឡើង​វិញ ហើយ​បាន​ឲ្យ​គាត់​មាន​អ្វី​ៗ​ច្រើន​ជាង​មុន​ទៅ​ទៀត។ យ៉ូប​មាន​អាយុ​វែង និង​រស់​នៅ​ដោយ​សប្បាយ​រីករាយ។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​យ៉ូប ដោយ​សារ​គាត់​ស្ដាប់​បង្គាប់​លោក សូម្បី​តែ​គាត់​ជួប​រឿង​ដ៏​អាក្រក់។ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ តើ​អ្នក​នឹង​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដូច​យ៉ូប​ឬ​ទេ?

​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​យ៉ូប ក៏​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​គាត់​»។—យ៉ាកុប ៥:១១