លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើសង្គ្រាម?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើសង្គ្រាម?

 មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​សង្គ្រាម មាន​ដូច​ត​ទៅ​៖

  1.  ១. ស្ដាប់​បង្គាប់​ព្រះ។ គម្ពីរ​ចែង​ថា​អ្នក​បម្រើ​ព្រះ​គួរ​«​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល​»​ ហើយ​មិន​«​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ​»។—អេសាយ ២:៤

  2.  ២. ស្ដាប់​បង្គាប់​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​ប្រាប់​សាវ័ក​ពេត្រុស​ថា​៖​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ​ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។ (​ម៉ាថាយ ២៦:៥២​) លោក​យេស៊ូ​បាន​បង្ហាញ​ថា អ្នក​កាន់​តាម​លោក​មិន​ត្រូវ​កាន់​អាវុធ​ធ្វើ​សង្គ្រាម​ទេ។

     អ្នក​កាន់​តាម​លោក​យេស៊ូ​ស្ដាប់​បង្គាប់​លោក ដោយ​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ពោល​គឺ​រក្សា​អព្យាក្រឹត​ដាច់​ខាត​ក្នុង​រឿង​នយោបាយ។ (​យ៉ូហាន ១៧:១៦​) ពួក​គាត់​មិន​ជំទាស់​តវ៉ា​នឹង​សកម្មភាព​សង្គ្រាម ឬ​បង្អាក់​ដល់​អស់​អ្នក​ដែល​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​ឡើយ។

  3.  ៣. ស្រឡាញ់​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​យ៉ូហាន ១៣:៣៤, ៣៥​) ហេតុ​នេះ​ហើយ ពួក​គាត់​ជា​បង​ប្អូន​រួម​ជំនឿ​នៅ​ទូទាំង​ពិភព​លោក ហើយ​មិន​ព្រម​ធ្វើ​សង្គ្រាម​ទាស់​នឹង​បង​ប្អូន​របស់​ខ្លួន​ទេ។—យ៉ូហាន​ទី​១ ៣:១០​-​១២

  4.  ៤. គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម។ សព្វវចនាធិប្បាយ​មួយ​ស្ដី​អំពី​សាសនា​និង​សង្គ្រាម បាន​ចែង​ថា​៖​«​អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ​មិន​ចូល​រួម​ធ្វើ​សង្គ្រាម និង​មិន​ព្រម​បំពេញ​កាតព្វកិច្ច​យោធា​ទេ​»​ ហើយ​ពួក​គាត់​ទទួល​ស្គាល់​ការ​ប្រព្រឹត្ត​ទាំង​នោះ​គឺ​«​មិន​ស្រប​គ្នា​នឹង​គោល​ការណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ និង​បង្គាប់​របស់​លោក​ដែល​ឲ្យ​ស្រឡាញ់​សត្រូវ​របស់​ខ្លួន​ឡើយ​»​ (​Encyclopedia of Religion and War​)។ ហេតុ​នេះ​ហើយ សាសនវិទូ​ជន​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​ភីធើ មេនហូល​បាន​និយាយ​អំពី​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​ថា​៖​«​ពួក​គេ​មិន​អាច​ធ្វើ​ជា​គ្រិស្ត​សាសនិក​ផង ហើយ​ធ្វើ​ជា​ទាហាន​ផង​បាន​ឡើយ​»។

ជួយ​សហគមន៍

 សាក្សី​ព្រះ​យេហូវ៉ា​ជា​សមាជិក​ដែល​ផ្ដល់​ប្រយោជន៍​ដល់​សង្គម ហើយ​មិន​គំរាម​កំហែង​ដល់​សុវត្ថិភាព​នៃ​ប្រទេស​ដែល​ពួក​គាត់​រស់​នៅ​ឡើយ។ យើង​គោរព​រដ្ឋ​អំណាច​ស្រប​ទៅ​តាម​សេចក្ដី​បង្គាប់​ទាំង​នេះ​ដែល​មាន​ក្នុង​គម្ពីរ​៖

  •   ​«​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»។—រ៉ូម ១៣:១

  •   ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—ម៉ាថាយ ២២:២១

 ដូច្នេះ យើង​គោរព​ច្បាប់ បង់​ពន្ធដារ ហើយ​សហការ​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​សង្គម​មនុស្ស​មាន​ស្ថានភាព​ល្អ​ជាង។