ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
កូនៗនិងបណ្ដាញសង្គម ភាគទី២: ចូរបង្រៀនកូនជំទង់របស់អ្នកអំពីរបៀបប្រើបណ្ដាញសង្គមដោយសុវត្ថិភាព
ឪពុកម្ដាយជាច្រើនមិនអនុញ្ញាតឲ្យកូនរបស់ពួកគេប្រើបណ្ដាញសង្គមទេ ដោយសារខ្លាចមានគ្រោះថ្នាក់។ ប៉ុន្តែ បើអ្នកអនុញ្ញាតឲ្យកូនជំទង់របស់អ្នកប្រើបណ្ដាញសង្គម តើអ្នកអាចជួយពួកគេយ៉ាងណាកុំឲ្យទទួលឥទ្ធិពលមិនល្អ ហើយជួយពួកគេឲ្យចេះប្រើដោយឈ្លាសវៃ?
ក្នុងអត្ថបទនេះយើងនឹងពិចារណា
តើអ្វីសំខាន់បំផុតសម្រាប់កូនជំទង់របស់អ្នក?
អ្វីដែលអ្នកគួរដឹង៖ ដោយសារការប្រើបណ្ដាញសង្គមអាចនាំឲ្យញៀន នោះកូនជំទង់របស់អ្នកប្រហែលជាត្រូវការឲ្យអ្នកជួយកំណត់ពេលវេលាក្នុងការប្រើប្រាស់។
គោលការណ៍គម្ពីរ៖ «[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។—ភីលីព ១:១០
សូមពិចារណា៖ តើការប្រើប្រាស់បណ្ដាញសង្គមប៉ះពាល់ដល់ការគេងរបស់កូន ការធ្វើលំហាត់ពីសាលា ឬការចំណាយពេលជាមួយក្រុមគ្រួសារឬទេ? ពួកអ្នកស្រាវជ្រាវនិយាយថា ក្មេងជំទង់ត្រូវការគេងមួយថ្ងៃ៩ម៉ោង តែកូនដែលចំណាយពេលបីបួនម៉ោងទៅលើបណ្ដាញសង្គម ទំនងជាគេងតិចជាង៧ម៉ោងក្នុងមួយថ្ងៃ។
អ្វីដែលអ្នកអាចធ្វើ៖ សូមនិយាយជាមួយកូនអំពីអ្វីដែលសំខាន់បំផុតសម្រាប់គាត់ រួចប្រាប់ថាការដាក់កម្រិតប្រើប្រាស់បណ្ដាញសង្គមគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ សូមដាក់វិន័យខ្លះដែលសមហេតុផល ដូចជាមិនអនុញ្ញាតឲ្យមានគ្រឿងអេឡិចត្រូនិកក្នុងបន្ទប់គេងនៅពេលយប់។ គោលដៅរបស់អ្នកគឺជួយកូនជំទង់ឲ្យចេះទប់ចិត្ត ព្រោះនេះជាគុណសម្បត្តិដែលនឹងជួយគាត់នៅពេលដែលគាត់ធំឡើង។—កូរិនថូសទី១ ៩:២៥
តើបណ្ដាញសង្គមមានឥទ្ធិពលយ៉ាងណាទៅលើសុខភាពផ្លូវចិត្តរបស់កូន?
អ្វីដែលអ្នកគួរដឹង៖ ពេលដែលយុវវ័យម្នាក់មើលរូបស្អាតៗដែលគេបានកែនិងរូបសប្បាយៗដែលគេនៅជាមួយមិត្តភក្តិ ធ្វើឲ្យគាត់មានអារម្មណ៍ឯកោ។
គោលការណ៍គម្ពីរ៖ «ចូរលះចោល . . . ចិត្តច្រណែន»។—ពេត្រុសទី១ ២:១
សូមពិចារណា៖ តើបណ្ដាញសង្គមធ្វើឲ្យកូនរបស់អ្នកមិនពេញចិត្តនឹងរូបសម្ផស្សរបស់ខ្លួនឬ? តើនេះធ្វើឲ្យពួកគេគិតថាជីវិតរបស់ពួកគេគួរឲ្យធុញទ្រាន់និងមិនសប្បាយដូចអ្នកឯទៀតឬ?
អ្វីដែលអ្នកអាចធ្វើ៖ សូមនិយាយជាមួយកូនជំទង់របស់អ្នកអំពីគ្រោះថ្នាក់ដែលមកពីការប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត។ តាមធម្មតា ក្មេងស្រីងាយទទួលឥទ្ធិពលជាងក្មេងប្រុស ដោយសារក្មេងស្រីច្រើនតែខ្វល់អំពីមិត្តភាពនិងរូបសម្ផស្ស។ ម្ល៉ោះហើយ អ្នកអាចលើកទឹកចិត្តកូនជំទង់របស់អ្នកឲ្យផ្អាកប្រើបណ្ដាញសង្គមមួយរយៈ។ ប្អូនប្រុសម្នាក់ឈ្មោះចេកុបបានរៀបរាប់ថា៖«ខ្ញុំលុបចោលកម្មវិធីបណ្ដាញសង្គមមួយរយៈ។ នេះបានជួយខ្ញុំឲ្យដឹងថាអ្វីសំខាន់ជាង ហើយក៏ជួយខ្ញុំឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯងនិងអ្នកឯទៀតដែរ»។
តើពួកគេធ្វើអ្វីខ្លះក្នុងបណ្ដាញសង្គម?
អ្វីដែលអ្នកគួរដឹង៖ ការប្រើបណ្ដាញសង្គមប្រៀបដូចជាយើងកំពុងស្ថិតនៅខាងមុខមនុស្សមួយក្រុម ហើយធម្មតាមនុស្សតែងតែយល់ច្រឡំនិងខ្វែងគំនិតគ្នា។
គោលការណ៍គម្ពីរ៖ «ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ . . . ប៉ុន្តែ ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក»។—អេភេសូរ ៤:៣១, ៣២
សូមពិចារណា៖ តើបណ្ដាញសង្គមធ្វើឲ្យកូនរបស់អ្នកចេះនិយាយដើមគេ មានបញ្ហាជាមួយអ្នកឯទៀត ឬនិយាយស្ដីមិនសប្បុរសទេ?
អ្វីដែលអ្នកអាចធ្វើ៖ សូមបង្រៀនកូនរបស់អ្នកឲ្យមានសុជីវធម៌ក្នុងការប្រើប្រាស់បណ្ដាញសង្គម។ សៀវភៅមួយរៀបរាប់ថា៖«ឪពុកម្ដាយមានភារកិច្ចបង្រៀនកូនច្បាស់ៗថាគឺមិនសមរម្យទេដែលនិយាយពាក្យអសុរោះ មិនថាដោយផ្ទាល់ឬតាមបណ្ដាញសង្គមក្ដី»(Digital Kids)។
សូមចាំថាការប្រើបណ្ដាញសង្គមគឺមិនមែនជាអ្វីដែលចាំបាច់ទេ ហើយមិនមែនឪពុកម្ដាយទាំងអស់សុទ្ធតែអនុញ្ញាតឲ្យកូនជំទង់របស់ពួកគេប្រើប្រាស់វាដែរ។ ប៉ុន្តែ បើអ្នកអនុញ្ញាតឲ្យកូនជំទង់របស់អ្នកប្រើបណ្ដាញសង្គម សូមប្រាកដថាកូនជំទង់របស់អ្នកមានភាពចាស់ទុំល្មមក្នុងការកំណត់ពេលវេលាប្រើប្រាស់ រក្សាមិត្តភាពល្អជាមួយមិត្តភក្ដិ និងជៀសវាងពីអ្វីដែលមិនសមរម្យ។